(សហរដ្ឋអាម៉េរិក)-ជាងពាក់កណ្ដាលនៃមនុស្សដែលបានចូលរួមក្នុងការស្ទង់មតិ បានឱ្យដឹងថា នឹងពិចារណាចំពោះការបំពាក់ ឈីប (chip) កុំព្យូទ័រ ទៅក្នុងខួរក្បាល បើសិនជាពួកគេអាចបញ្ជាលើវាបាន។
Pew Research បានធ្វើការស្ទង់មតិលើមនុស្សពេញវ័យចំនួន ១០,២៦០ នាក់ នៅ សហរដ្ឋអាម៉េរិក។ សំណួរភាគច្រើនគឺទាក់ទងនឹងការយល់ឃើញចំពោះបច្ចេកវិទ្យាទំនើបនានា ដូចជា កុំព្យូទ័រខួរក្បាល (brain computing), បញ្ញាសិប្បនិម្មិត (Artificial intelligence-AI) និងរថយន្តបើកបរស្វ័យប្រវត្ត។
៧៨% នៃអ្នកដែលត្រូវបានសួរ បានបដិសេធការប្រើ ឈីបកុំព្យូទ័រ ដើម្បីកែលម្អសមត្ថភាពខួរក្បាលរបស់ពួកគេ។ ប៉ុន្តែ ៥៩% និយាយថា នឹងទទួលយកបច្ចេកវិទ្យានេះ បើសិនមានសិទ្ធិម្ចាស់ការ ពោលគឺអាចបើក-បិទ ឈីបបញ្ជាដែលស្ថិតនៅក្នុងខួរក្បាលតាមចិត្តចង់ នេះបើតាម Alec Tyson ប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន Pew Research។
សារព័ត៌មាន Fortune ផ្សាយថា ក្នុងវិស័យ brain computing ក្នុងនោះក៏មានការបំពាក់ ឈីបកុំព្យូទ័រ ទៅក្នុងខួរក្បាលជាដើម កំពុងទទួលបានចំណាប់អារម្មណ៍ច្រើនពីសាធារណជន បន្ទាប់ពីក្រុមហ៊ុន Neuralink របស់មហាសេដ្ឋីអាម៉េរិក Elon Musk បានទទួលជោគជ័យមួយចំនួននៅក្នុងបន្ទប់ពិសោធន៍។
លោក Musk ធ្លាប់បានអះអាងថា បច្ចេកវិទ្យារបស់ Neuralink ក្នុងអនាគតអាចប្រើប្រាស់ដើម្បីបង្កើនសមត្ថភាពរបស់មនុស្ស។ ក៏ប៉ុន្តែ អ្នកជំនាញវាយតម្លៃថា មហិច្ឆតានេះនឹងស៊ីពេលយ៉ាងយូរទៀត ទើបអាចក្លាយជាការពិត៕