រ៉ូបូតមួយគ្រឿងដែលអាចជំនួសមុខឱ្យមន្ទីរពេទ្យពហុព្យាបាលលំដាប់មធ្យម នឹងក្លាយជាឧបករណ៍បច្ចេកវិទ្យាចាំបាច់បំផុតសម្រាប់ដំណើរហោះហើរទៅកាន់ពិភពព្រះអង្គារ ឬពិភពដទៃ។
គិតមកដល់បច្ចុប្បន្ន មានបច្ចេកវិទ្យាជាច្រើនដែលត្រូវបានបង្កើតឡើងដើម្បីបម្រើដល់បេសកកម្មអវកាស ត្រូវបានពិភពលោកនិយមប្រើប្រាស់នៅលើពិភពផែនដី ក្នុងនោះមានដូចជា កាសអត់ខ្សែ, លេបថប, ភ្លើង LED, កូនកណ្ដុរកុំព្យូទ័រ, កាមេរ៉ាទូរស័ព្ទ រហូតដល់បច្ចេកវិទ្យាចម្រាញ់ទឹក, បន្សុទ្ធខ្យល់, ផ្ទាំងសូឡា, ដៃជើងសិប្បនិម្មិត។ល។
បច្ចុប្បន្ន សហគមន៍អ្នកវិទ្យាសាស្ត្រព្យាករថា បច្ចេកវិទ្យាទំនើបបំផុតមួយប្រភេទទៀត ជិតចាប់កំណើតក្នុងបំណងប្រើប្រាស់ក្នុងបេសកកម្មទៅកាន់ទីអវកាស នោះគឺ រ៉ូបូតវះកាត់ស្វ័យប្រវត្តទាំងស្រុង។
យុគសម័យនេះ មនុស្សមានរ៉ូបូតដែលអាចធ្វើការវះកាត់ផ្នែកវេជ្ជសាស្ត្រមួយចំនួន រួមមានដូចជា វះកាត់ត្រង់ឆ្អឹងអាងត្រគាក, វះកាត់ឆ្អឹងខ្នង, វះកាត់ភ្នែក, ចាក់ថ្នាំក្នុងស្រោមខួរ ជាដើម ដែលទាំងនេះសុទ្ធតែត្រូវការកម្រិតសុក្រឹតខ្ពស់បំផុត។
ក៏ប៉ុន្តែ ប្រភេទរ៉ូបូតវះកាត់បច្ចុប្បន្ន គ្រាន់តែជាប្រភេទពាក់កណ្ដាលស្វ័យប្រវត្តប៉ុណ្ណោះ ពោលគឺ ពួកវាត្រូវបានរចនាឡើងដូចទៅនឹងម៉ាស៊ីន ដែលទទួលការបញ្ជាពីអ្នកបច្ចេកទេស និងក្រុមវេជ្ជបណ្ឌិត។
ប្រភេទរ៉ូបូតស្វ័យប្រវត្ត ឬម្ចាស់ការ ១០០% ដែលដូចទៅនឹងរថយន្តបើកបរស្វ័យប្រវត្តទាំងស្រុង ពេលនេះនៅជាក្ដីស្រមៃនៅឡើយ។ STAR ដែលជារ៉ូបូតមួយប្រភេទត្រូវបានបំពាក់កម្មវិធីឆ្លាតវៃ ធ្លាប់បានដេរភ្ជាប់ពោះវៀនបានដោយជោគជ័យ ប៉ុន្តែមិនត្រូវបានចាត់ទុកថាជា រ៉ូបូតវះកាត់ស្វ័យប្រវត្ត ម្ចាស់ការ ១០០% នោះឡើយ ព្រោះពោះវៀនដែលវាដេរភ្ជាប់គឺជាពោះវៀនសត្វជ្រូក។
តើពេលណាទើបមនុស្សអាចសម្រេចបានគោលដៅផលិតរ៉ូបូតវះកាត់ស្វ័យប្រវត្ត ម្ចាស់ការ ១០០%? បណ្ឌិត Tamir Wolf នាយកប្រតិបត្តិរបស់ Theator ដែលជាក្រុមហ៊ុនកំពុងអភិវឌ្ឍកម្មវិធីវះកាត់ស្វ័យប្រវត្តិដោយប្រើបញ្ញាសិប្បនិម្មិត បានឱ្យដឹងថា «ខ្ញុំគិតថា នឹងចំណាយពេលរាប់សតវត្សរ៍ទៀតឯណោះ»។
ប្រព័ន្ធបច្ចេកវិទ្យារបស់ Elon Musk ពិតណាស់ កំពុងតែជួយគ្នាទៅវិញ ទៅមក យ៉ាងស៊ីចង្វាក់។ ពួកគេកំពុងអភិវឌ្ឍរ៉ូបូតវះកាត់ស្វ័យប្រវត្ត និងកំពុងមានផែនការនាំមនុស្សទៅកាន់ពិភពអង្គារ។
បច្ចុប្បន្ន យើងកំពុងត្រូវបើកបររថយន្ត ដូចទៅនឹងក្រុមវេជ្ជបណ្ឌិតត្រូវបញ្ជាដៃរ៉ូបូត។ ប៉ុន្តែ វិស័យទាំងនេះសុទ្ធតែកំពុងឆ្ពោះទៅដល់ចំណុចពាក់កណ្ដាលស្វ័យប្រវត្ត ដូចទៅនឹងរថយន្ត Tesla ដែលបើកបរស្វ័យប្រវត្តក្នុងផ្នែកណាមួយ។
«ហើយក្រោយមក នឹងដល់វេនស្វ័យប្រវត្តទាំងស្រុងទៅតាមលក្ខខណ្ឌ នៅពេលរថយន្តចាប់ផ្ដើមយល់អំពីបរិស្ថានរបស់វា។ បន្ទាប់មកទៀត គឺស្វ័យប្រវត្តកម្រិតខ្ពស់ ដែលរថយន្តចូលរួមធ្វើការសម្រេចចិត្ត ហើយចុងក្រោយគឺស្វ័យប្រវត្តទាំងស្រុង» លោកបណ្ឌិត Wolf បកស្រាយអំពីដំណាក់កាលនៃបច្ចេកវិទ្យាស្វ័យប្រវត្តិនៅលើរថយន្ត។
ចំពោះ រ៉ូបូតវះកាត់ផ្នែកវេជ្ជសាស្ត្រវិញ លោកបណ្ឌិត យល់ថា យើងបាន និងកំពុងឆ្ពោះទៅដល់ដំណាក់កាលស្វ័យប្រវត្តមួយផ្នែក។ រ៉ូបូតវះកាត់ដូចជា STAR របស់សាកលវិទ្យាល័យ Johns Hopkins គឺជាឧទាហរណ៍ស្រាប់៕