បណ្ដាញ​សង្គម​របស់​​លោក​ Donald Trump ឈរ​លំដាប់​លើ​គេ​ក្នុង App Store

Truth Social បាន​ក្លាយជា​កម្មវិធី​ទូរស័ព្ទ​ដែល​ត្រូវបាន​ទាញយក​ច្រើនជាងគេបង្អស់​នៅក្នុង​មួយថ្ងៃ នៅលើ App Store ប៉ុន្តែ អ្នកប្រើប្រាស់​មួយចំនួន​យល់ថា នៅមាន​ចំណុចខ្សោយ​ច្រើន។

បន្ទាប់ពី​បានបង្ហាញ​វត្តមាន​នៅលើ​ផ្សារ​កម្មវិធី​សម្រាប់​ឧបករណ៍ iPhone និង iPad កាលពី​ថ្ងៃទី ២១ កុម្ភៈ បណ្ដាញ​សង្គម Truth Social ក៏បាន​លោត​ឡើង​ឈរលើ​កំពូល​តារាង​ក្នុង​បញ្ជី​កម្មវិធី​ទូរស័ព្ទ​មិន​គិតថ្លៃ​នៅ សហរដ្ឋ​អាម៉េរិក ដែលជា​ទីផ្សារ​ដំបូង​របស់​បណ្ដាញ​សង្គម​នេះ។ Truth Social បានធ្វើ​បច្ចុប្បន្នភាព​ដល់​កំណែ ១.០.។

ក៏ប៉ុន្តែ អ្នកប្រើប្រាស់ដំបូងៗ របស់ Truth Social ភាគច្រើន​មាន​អារម្មណ៍​ថា មិនទាន់​ពេញចិត្ត។ «ខ្ញុំ​បានទទួល​សារ​ប្រាប់ថា​មាន​កំហុសឆ្គង​ច្រើន​នៅពេល​ព្យាយាម​បញ្ចូល​ព័ត៌មាន​លម្អិត និង​បញ្ជាក់​អាសយដ្ឋាន​អ៊ី​មេ​ល នៅពេល​ចូលរួម​ក្នុង Truthsayers នៅលើ Truth Social» និពន្ធ​នាយិកា​របស់ Business Insider បញ្ចេញមតិ។ «ខ្ញុំ​ត្រូវធ្វើ​រហូតដល់ ៥ ដង ទើប​អាចបង្កើត​បាន​គណនី​មួយ»។

យ៉ាងនេះ​ក្ដី អ្នកស្រី​ត្រូវ​ចូលទៅ​កាន់​បញ្ជី​រង់ចាំ ជា​កន្លែង​ដែលមាន​ជិត ១.៦ សែន​គណនី​ផ្សេងទៀត កំពុង​រង់ចាំ។ ក្រោយ​រយៈពេល​ជាង ២ ម៉ោង អ្នកស្រី​នៅតែ​មិនទាន់​អាច​ចូលទៅក្នុង​កម្មវិធី​នេះ​បាន​ទៀត។

សារព័ត៌មាន Techcrunch ក៏បាន​ជួប និង​រាយការណ៍​អំពី​បញ្ហា​ដូចខាងលើ​នេះដែរ។ អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន​រកឃើញថា នៅពេល​ប្រើប្រាស់​កម្មវិធី​រុករក ដូចជា Chrome ឬ Safari ជាដើម គេហទំព័រ Truth Social តម្រូវ​ឱ្យប្រើ http ជំនួស​ឱ្យ https។

Truth Social ត្រូវបាន​បង្កើតឡើង​ដោយយោង​ទៅតាម Twitter។ លោក Trump ត្រូវបាន​ហាម​ចូល​ប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​កាលពីដើមឆ្នាំ ២០២១ ដោយ​លោក​ត្រូវ​រង​ការចោទប្រកាន់ថា បាន​ញុះញង់​ឱ្យមាន​អំពើហិង្សា បន្ទាប់ពី​កើតមាន​ហេតុការណ៍​វឹកវរ​នៅ Capitol Hill។ មុនពេល​ត្រូវ Twitter បិទ​ខ្ទប់​គណនី លោក Donald Trump ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​ដើម្បី​បញ្ចេញមតិ ឬ​រិះគន់​គូប្រជែង។ គណនី Twitter កាលណោះ​របស់លោក Trump មាន​អ្នកតាមដាន​ជាង ៨៩ លាន​នាក់។

បណ្ដាញ​សង្គម Truth Social របស់លោក Trump ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Trump Media&Technology Group (TMTG) និង​ត្រូវបាន​ប្រកាស​កាលពី​ចុងឆ្នាំ ២០២១៕

Advertisement