(វីដេអូ)-ស្ងាត់ៗ ប្រទេស​​ចិន សាក​ល្បង​​បច្ចេក​វិទ្យា​ «ចាប់​យក»​ ផ្កាយ​រណប​​នៅ​​ទី​​អវកាស

ក្រុមហ៊ុន ExoAnalytic Solutions បាន​រកឃើញថា ប្រទេស​ចិន សម្ងំ​សាកល្បង​ប្រើប្រាស់​ឧបករណ៍​ចាប់​ផ្កាយរណប​នៅពេល​ថ្ងៃ ជា​អំឡុង​ពេលដែល​គេ​ពិបាក​ពិនិត្យ​ដោយ​កែវយឹត​ពី​ផែនដី។

កាលពី​សប្ដាហ៍​កន្លង សារព័ត៌មាន DW បាន​រាយការណ៍​ថា ក្រុមហ៊ុន ExoAnalytic Solutions បាន​រកឃើញថា ប្រទេស​ចិន កំពុង​សម្ងំ​សាកល្បង​ប្រើប្រាស់​ឧបករណ៍​ចាប់​ផ្កាយរណប​នៅលើ​គន្លង​គោចរ​ផែនដី។ ExoAnalytic Solutions គឺជា​ក្រុមហ៊ុន​ឯកជន​របស់ សហរដ្ឋ​អាម៉េរិក ដែលមាន​ឯកទេស​ខាង​តាមដាន​ផ្កាយរណប ដោយ​ប្រើប្រាស់​បណ្ដាញ​នៃ​កែវយឹត​អុ​ប​ទិ​កធំៗនៅ​ជុំវិញ​ពិភពលោក។

ថ្មីៗនេះ ក្រុមហ៊ុន​ខាងលើ​បានផ្ដល់​ភ័ស្ដុតាង​បង្ហាញថា ផ្កាយរណប SJ-២១ របស់ ចិន បាន​បាត់​ខ្លួន​ចេញពី​ទីតាំង​ដើម​កាលពី​ថ្ងៃទី ២២ មករា ២០២២។ ប្រការនេះ​បានកើត​ឡើង​នៅពេល​ថ្ងៃ ជា​អំឡុង​ពេលដែល​គេ​ពិបាក​ពិនិត្យមើល​ដោយ​ប្រើ​កែវយឹត​អុ​ប​ទិ​ក។ ក្រោយមក SJ-២១ ក៏​ត្រូវបាន​រកឃើញថា ស្ថិត​នៅក្បែរ​ផ្កាយរណប​មួយគ្រឿង​ផ្សេងទៀត​របស់ ប្រទេស​ចិន នោះ​គឺជា​ផ្កាយរណប​ដែល​បាន​ឈប់​ដំណើរការ និង​ស្ថិតក្នុង​ប្រព័ន្ធ​កំណត់​ទិស Beidou។

SJ-២១ បាន​ចាប់យក​ផ្កាយរណប​ដែល​បាន​ងាប់​ម៉ាស៊ីន​ហើយ​នោះ និង​បាន​អូស​វា​ទៅ​ទិស​ខាងលិច​ក្នុង​រយៈពេល​ច្រើន​ថ្ងៃ​បន្ទាប់។ មកដល់​ថ្ងៃទី ២៦ មករា SJ-២១ ក៏បាន​ដោះលែង​ផ្កាយរណប​របស់ BeiDou និង​រុញ​វា​ចូលទៅក្នុង «គន្លង​គោចរ​មរណៈ» ជាទី​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា វាល​ព្រលែង​ខ្មោច​ក្នុង​អវកាស ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​គន្លង​គោចរ​សកម្ម​ធម្មតា​រប​ស់​ផ្កាយរណប។

បើទោះជា​បណ្ដា​ផ្កាយរណប​ដូច SJ-២១ អាច​ត្រូវបាន​ប្រើប្រាស់​ក្នុង​គោលដៅ​ល្អ ដូចជា​បេសកកម្ម​សម្អាត​សំរាម​ក្នុង​អវកាស ប៉ុន្តែ វា​ក៏​មិនមែនជា​ដំណឹង​ល្អ​ដែល​គួរ​ត្រេកអរ​សម្រាប់​ក្រុមមន្ត្រី​រៀបចំ​ផែនការ​នយោបាយ​របស់ មន្ទីរ​បញ្ច​កោណ នោះដែរ ព្រោះថា ប្រការនេះ​មានន័យថា ប្រទេស​ចិន ក៏​អាច​ប្រើប្រាស់​ឧបករណ៍​ដូចគ្នានេះ​ដើម្បី​ចាប់យក​ផ្កាយរណប​របស់ សហរដ្ឋ​អាម៉េរិក រួចហើយ​កម្ទេចចោល ដោយ​រុញ​វា​ចូលក្នុង​បរិយាកាស​ផែនដី៕

Advertisement