(វីដេអូ)-របក​គំហើញ​ថ្មី​! ត្រី​សិប្បនិម្មិត​ដែល​អភិវឌ្ឍ​ពី​កោសិកា​បេះដូង​មនុស្ស គឺជា​ចំណុច​ចាប់​ផ្ដើម​ដើម្បី​បង្កើត​បេះដូង​កូនកាត់

(សហរដ្ឋ​អាម៉េរិក)-ក្រុម​អ្នកវិទ្យាសាស្ត្រ​អភិវឌ្ឍ​កោសិកា​ចំនួន ៧៣,០០០ គ្រាប់​ដែល​យក​ពី​កោសិកា​ដើម​របស់​បេះដូង​មនុស្ស ឱ្យទៅជា​រូបរាង​ត្រី អាច​ហែល​បាន​ដោយ​ពឹង​លើ​ការ​កន្ទុយ​ដែល​បក់​ទៅតាម​ចង្វា​ក់លោត។

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Harvard កំពុង​រក​វិធី​បង្កើត​បេះដូង​សិប្បនិម្មិត​អភិវឌ្ឍ​ពី​កោសិកា​ដើម​របស់​បេះដូង សម្រាប់​ករណី​ចាំបាច់ ព្រោះតែ​កង្វះ​នៃ​ការបរិច្ចាគ​បេះដូង។ បើទោះជា​ត្រូវ​ចំណាយពេល​យូរអង្វែង​ទៀត​ទើប​អាច​សម្រេចបាន ប៉ុន្តែ បច្ចុប្បន្ន ពួកគេ​អាច​អភិវឌ្ឍ​បណ្ដា​កោសិកា​ឱ្យទៅជា​ឧបករណ៍​កូនកាត់​ជីវសាស្ត្រ​ដែលមាន​រូបរាង​ដូច​ត្រី។

នេះ​គឺជា​ឧបករណ៍​កូនកាត់​ជីវសាស្ត្រ​ស្វ័យប្រវត្ត​ដំបូង​ដែល​ធ្វើ​អំពី​កោសិកា​បេះដូង​ដែល​បាន​អភិវឌ្ឍ​ពី​បណ្ដា​កោសិកា​ដើម​របស់​មនុស្ស។ លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ ត្រូវបាន​ប្រកាស​នៅលើ​ទស្សនាវដ្ដី Science កាលពី​ថ្ងៃទី ១០ កុម្ភៈ។

ឧបករណ៍​នេះ​ត្រូវបាន​គេ​ហៅថា ប្រភេទ​កូនកាត់​ជីវសាស្ត្រ ព្រោះតែ​វា​ជាការ​រួមផ្សំ​រវាង​បណ្ដា​កោសិកា​របស់​មនុស្ស និង​វត្ថុ​ធាតុ​មិនមែនជា​ជីវសាស្ត្រ ដោយ​ដងខ្លួន​របស់​វា​ធ្វើ​អំពី​ក្រដាស ចំណែក «អាវ​ពោង» របស់​វា ធ្វើ​អំពី​ជ័រ។ ឧបករណ៍​ថ្មី​នេះ មិនមាន​អ្វីមួយ​ដែល​ត្រូវបាន​យក​មកពី​ត្រីពិត​នោះទេ។

ចំណុច​ពិសេស​របស់​បេះដូង​គឺ​ចង្វា​ក់លោត ហើយ​បណ្ដា​កោសិកា​របស់​វា​ក៏​ដំណើរការ​គ្នា​នេះដែរ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​បានប្រែក្លាយ​កោសិកា​ដើម​ចំនួន ៧៣,០០០ កោសិកា ឱ្យទៅជា​កោសិកា​បេះដូង រួច​ដាក់​ពួកវា​ទៅក្នុង​រចនាសម្ព័ន្ធ​មួយ​ដែលមាន​រាង​ដូច​ត្រី ដោយមាន​កោសិកា​សាច់ដុំ​ចំនួន ២ ស្រទាប់​នៅត្រង់​សងខាង​កន្ទុយ។ កោសិកា​សាច់ដុំ​ទាំងនេះ ផ្ទុក​ប្រូតេអ៊ីន​រី​ទីណា (retinal protein) ដែលមាន​ភាព​រសើប ឬ​រំញោច​ខ្លាំង​ជាមួយនឹង​ពណ៌​របស់​ពន្លឺផ្សេងៗគ្នា។

ដោយ​ការផ្លាស់ប្ដូរ​ពណ៌​របស់​ពន្លឺ ក្រុម​អ្នកវិទ្យាសាស្ត្រ​បានធ្វើឱ្យ​កោសិកា​សាច់ដុំ​ទាំងសងខាង​កន្ទុយ លោត​មិន​ស្របគ្នា ដោយ​ម្ខាង​រួញ​ចូល ខណៈ​ម្ខាង​ទៀត​លា​ចេញ បណ្ដាលឱ្យ​កន្ទុយ​របស់​ត្រី​សិប្បនិម្មិត​នេះ ម្ដង​បក់​ទៅខាង​ស្ដាំ និង​ម្ដង​បក់​ទៅខាង​ឆ្វេង។ ចលនា​នេះ​រុញច្រាន​ត្រី​ឱ្យទៅ​មុខ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ក៏បាន​បញ្ជាក់ថា កោសិកា​នានា​អាច​រក្សា​ចលនា​នេះ​រយៈពេល ១០៨ ថ្ងៃ នៅពេល​ហែល​ក្នុង​ធាតុ​រាវ​អំបិល​ដែល​សម្បូរ​គ្លុយកូស។

Advertisement