(សហរដ្ឋអាម៉េរិក)-ចោរម្នាក់ដែលប្រើប្រាស់កាំភ្លើង AR-១៥ បានលួចចូលក្នុងផ្ទះមួយខ្នងនៅក្នុងរដ្ឋ New Mexico ប៉ុន្តែត្រូវគេតាមទាន់ ភ្លាមនោះជននេះក៏បានជូនប្រាក់ដល់ម្ចាស់ផ្ទះចំនួន ២០០ ដុល្លារ។
អធិការប៉ូលិសស្រុក Santa Fe ដែលស្ថិតក្នុងរដ្ឋ New Mexico សហរដ្ឋអាម៉េរិក ថ្ងៃនេះ បានឱ្យដឹងថា បុរសម្នាក់ដែលកាន់កាំភ្លើង AR-១៥ ១ ដើម បានលួចចូលទៅក្នុងផ្ទះមួយខ្នងនៅក្នុងតំបន់ និងដេកស៊ីចុកនៅទីនេះ។
បន្ទាប់ពីត្រូវម្ចាស់ផ្ទះតាមទាន់ ជនជាចោរនេះមិនបានគំរាម ឬយករបស់របរអ្វីពីក្នុងផ្ទះនេះដែរ។ ជំនួសមកវិញ ជននេះបានជូនប្រាក់ ២០០ ដុល្លារ ដល់ម្ចាស់ផ្ទះដើម្បីសងថ្លៃបង្អួចដែលខ្លួនបានធ្វើឱ្យបែកបាក់។ នេះបើតាមការឱ្យដឹងពីសមត្ថកិច្ចក្នុងតំបន់។
ជនជាប់សង្ស័យដែលមានអាយុជាង ២០ ឆ្នាំ និងកម្ពស់ប្រហែល ១.៨ ម៉ែត្រ ក៏ថែមទាំងបាននិយាយរៀបរាប់រឿងរ៉ាវរបស់ខ្លួនប្រាប់ម្ចាស់ផ្ទះទៀតផង។ ជននេះប្រាប់ថា ខ្លួនកំពុងរត់គេចពីការតាមសម្លាប់ ខណៈដែលសមាជិកគ្រួសាររបស់គាត់ត្រូវគេបាញ់ប្រហារនៅតំបន់ខាងកើតនៃរដ្ឋ Texas ហើយរថយន្តរបស់គាត់ក៏ត្រូវខូច។
«ចោរនេះពិតជាមានការខ្មាសអៀន និងដឹងកំហុសចំពោះហេតុការណ៍នេះ» អាជ្ញាធរក្នុងតំបន់ដកស្រង់សម្ដីម្ចាស់ផ្ទះឱ្យដឹងដូច្នេះ។
ក្រោយពីបានសុំទោសម្ចាស់ផ្ទះ ចោរនេះក៏បានចាកចេញទៅជាមួយនឹងកាបូបចាស់ និងកាំភ្លើងមួយដើម។ ជននេះត្រូវបានម្ចាស់ផ្ទះជឿថា បានប្រើប្រាស់របស់របរនៅក្នុងផ្ទះរបស់គាត់ប្រហែល ១៥ ដុល្លារ។ ប៉ូលិសបាននាំគ្នាតាមរកជនសង្ស័យ ប៉ុន្តែមិនទាន់រកឃើញនៅឡើយ៕