រថយន្ត​អគ្គិសនី​ទំនើប និង​​ថ្មី​បំផុត ផលិត​ដោយ​ក្រុមហ៊ុន​វៀតណាម បង្ហាញខ្លួន​ជា​សាធារណៈ​លើកដំបូង​នៅក្នុង​ស្រុក

ប្រធានាធិបតី​វៀតណាម លោក ង្វៀន សួន​ហ្វុ​ក នា​ព្រឹក​នេះ បានធ្វើ​ទស្សនកិច្ច​រោងចក្រ VinFast ដែលជា​អ្នក​អភិវឌ្ឍ និង​ផលិត​រថយន្ត​អគ្គិសនី​ទំនើប​របស់​ក្រុមហ៊ុន Vingroup ដែលមាន​មហាសេដ្ឋី​វៀតណាម លោក ហ្វា​ម ញ៉ឹ​ត​វឿ​ង ជា​ស្ថាបនិក។

នៅ​ទីលាន​របស់​រោងចក្រ ប្រធានាធិបតី​វៀតណាម បាន​សាកល្បង​ជិះ​កៅអី​ខាងក្រោយ​នៃ​រថយន្ត​អគ្គិសនី VinFast VF៨ ខណៈដែល​មហាសេដ្ឋី ញ៉ឹ​ត​វឿ​ង ជា​អ្នក​កាន់ចង្កូត​បើកបរ​ដោយផ្ទាល់។ ក្រុមមន្ត្រី និង​បុគ្គលិក​ក្រុម​ហុន នាំគ្នា​អបអរសាទរ និង​បង្ហាញ​ពី​មោទកភាព​ចំពោះ​រថយន្ត​អគ្គិសនី​របស់​ពួកគេ។

នេះ​ជា​លើកដំបូង​ហើយ​ដែល VinFast VF៨ បានបង្ហាញ​ខ្លួន​ជា​សាធារណៈ​នៅ វៀតណាម។ ម៉ូ​ដែល​រថយន្ត​នេះ​ត្រូវបាន​តាំង​បង្ហាញ​លើកដំបូង​នៅក្នុង​ពិព័រណ៍ Los Angeles Auto Show ឆ្នាំ ២០២១ និង​ត្រូវបាន​ប្រកាស​តម្លៃ​លក់​ដំបូង​គឺ ១,០៥៧ លាន​ដុង ស្មើនឹង ៤៦,៦00 ដុល្លារ​អាម៉េរិក សម្រាប់​កំណែ Eco និង​ជាង ១,២៣៧ លាន​ដុង ស្មើនឹង ៥៤,៦០០ ដុល្លារ​អាម៉េរិក សម្រាប់​កំណែ VF៨ Plus នៅក្នុង​ទីផ្សារ វៀតណាម។

VinFast VF៨ គឺជា​រថយន្ត​រត់​ដោយ​ថាមពល​អគ្គិសនី ប្រភេទ SUV ៥ កៅអី ខ្នាត​មធ្យម ប្រហាក់ប្រហែល​នឹង​រថយន្ត​ Mercedes-Benz GLC ឬ BMW X។ រថយន្ត​នេះ​បំពាក់​បច្ចេកវិទ្យា​ជំនួយការ​បើកបរ​ឆ្លាត​វៃ ម៉ូ​ទ័​រ​អគ្គិសនី កម្លាំង ៤០២ សេះ។ កំណែ​ធម្មតា និង Plus ប្រើប្រាស់​ថ្ម​ខុសគ្នា ក្នុងនោះ កំណែ​មួយ​អាច​រត់​បាន​ចម្ងាយ ៤៦០ គីឡូម៉ែត្រ និង​កំណែ​មួយទៀត​រត់​បាន ៥១០ គីឡូម៉ែត្រ ក្រោយពី​បញ្ចូល​ថាមពល​ពេញ។

តាម​ផែនការ រោងចក្រ VinFast នឹង​ប្រគល់​រថយន្ត​ដល់ដៃ​អតិថិជន ចាប់ពី​ចុងឆ្នាំ ២០២២ នេះ។ រថយន្ត​អគ្គិសនី​ទាំងនេះ ត្រូវបាន​ផលិត​នៅ ប្រទេស​វៀតណាម៕

Advertisement