រ៉ូ​បូត​ដ៏​ល្អិត អាច​ហែល​នៅ​​ក្នុង​សរសៃ​ឈាម នាំ​ថ្នាំ​ទៅ​សម្អាត​ចំណុច​ដែលមាន​កំណក​ឈាម

(ហុងកុង)-ក្រុម​អ្នកវិទ្យាសាស្ត្រ​អភិវឌ្ឍ​រ៉ូ​បូត​គំរូ ដែលមាន​រូបរាង​ដ៏​ល្អិត អាច​នាំយក​ថ្នាំ​ទៅកាន់​ទីតាំង​ដែល​បានកំណត់​នៅក្នុង​សរសៃឈាម ដើម្បី​សម្អាត​កំណក​ឈាម ដោយមាន​ការបញ្ជា​ពី​ខាងក្រៅ។

ក្នុង​អនាគត កំណក​ឈាម​អាច​ត្រូវបាន​សម្អាត ដោយ​ការប្រើប្រាស់​រ៉ូ​បូត​តូច​ល្អិត ដែលមាន​សមត្ថភាព​នាំ​ថ្នាំ​ចូលទៅក្នុង​សរសៃឈាម នេះ​បើតាម​សារព័ត៌មាន Mail។ ការស្រាវជ្រាវ​ថ្មី​នេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី ACS Nano។

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ហុងកុង នៃ​ប្រទេស​ចិន អភិវឌ្ឍ​រ៉ូ​បូត​នេះ​ដោយយោង​ទៅតាម​កន្ទុយរ​បស់​បាក់តេរី E. coli។ រ៉ូ​បូត​នេះ​មាន​រូបរាង​ដូច វិ​សដែក។ វា​ត្រូវបាន​បញ្ជា​ដោយ​ឥទ្ធិពល​មេដែក​ពី​ខាងក្រៅ និង​អាច​ចល័ត​បណ្ដោយ ឬ​បញ្ច្រាស​ចរន្តឈាម។

ការពិសោធ​នៅលើ​សរសៃឈាម​ក្លែងក្លាយ​ដែល​ផ្ទុក​ឈាមជ្រូក បង្ហាញថា រ៉ូ​បូត​នេះ​ធ្វើឱ្យ​សារធាតុ​ដែល​ប្រើប្រាស់​សម្រាប់​រំលាយ​កំណក​ឈាម មាន​ប្រសិទ្ធភាព​ជាង​ធម្មតា​រហូតដល់ ៥ ដង​ឯង​ណោះ។

ការពិសោធ​ដំណាក់កាល​ដំបូង ទទួលបាន​ជោគជ័យ ហើយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​រក​វិធី​ធ្វើ​ការពិសោធ​បន្ទាប់​ដោយ​ប្រើប្រាស់​រ៉ូ​បូត​នេះ​នៅក្នុង​បរិស្ថាន​ដែល​ដូច​ទៅនឹង​ការពិត​ជាង​មុន៕

Advertisement