(សំខាន់!)-ចិន សាងសង់​ព្រះ​ចន្ទ​សិប្បនិម្មិត​នៅលើ​ផែនដី ដែល​អណ្ដែត​ដូច​ព្រះ​ចន្ទ​ពិត​នៅលើ​មេឃ

ប្រទេស​ចិន បាន​សាងសង់​មូលដ្ឋាន​ស្រាវជ្រាវ​មួយ​ដែល​ធ្វើ​ត្រាប់​តាម​ស្ថានភាព​ទំនាញ​ទាប​នៅលើ​ឋាន​ព្រះ​ចន្ទ ដោយយោង​ទៅតាម​ការពិសោធ «កង្កែប​ហោះ» ដោយសារ​មេដែក​របស់​អ្នកវិទ្យាសាស្ត្រ​ជនជាតិ​រុស្ស៊ី។

យោងតាម​អ្នកវិទ្យាសាស្ត្រ​ដែល​បាន​ចូលរួម​អនុវត្ត​គម្រោង​នេះ មូលដ្ឋាន​ព្រះ​ចន្ទ​សិប្បនិម្មិត​របស់ ចិន នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ការស្រាវជ្រាវ​ឋាន​ព្រះ​ចន្ទ​ពិត។ ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ទីក្រុង Xuzhou ក្នុង​ខេត្ត Jiangsu ប្រព័ន្ធ​ធ្វើ​ត្រាប់​តាម​ព្រះ​ចន្ទ​នេះ គ្រោង​នឹង​បង្ហាញខ្លួន​នៅ​ប៉ុន្មាន​ខែ​ខាងមុខ។

អ្នកវិទ្យាសាស្ត្រ Li Ruilin មកពី​សាកលវិទ្យាល័យ​អណ្ដូងរ៉ែ និង​បច្ចេកវិទ្យា​ចិន បានឱ្យដឹងថា ប្រព័ន្ធ​ត្រាប់​តាម​ព្រះ​ចន្ទ​របស់​ពួកគេ​គឺជា​ផលិតផល​ដំបូង​ក្នុង​ពិភពលោក ហើយ​ថា នឹង​អភិវឌ្ឍ​បច្ចេកវិទ្យា​នេះ​ថែម​មួយកម្រិត​ទៀត។

ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន SCMP កាលពី​ថ្ងៃទី ១១ មករា លោក Li Ruilin បាន​ថ្លែងថា ប្រព័ន្ធ​ត្រាប់​តាម​ព្រះ​ចន្ទ​នេះ​អាចធ្វើឱ្យ​ទំនាញ​បាត់បង់។ ស្ថានភាព​ទម្ងន់​អាច​ឈានដល់​កម្រិត​ទាប នៅពេល​យន្តហោះ​កំពុង​ធ្លាក់ ប៉ុន្តែ វា​កើតឡើង​ក្នុង​រយៈពេល​ខ្លី។ ដោយឡែក ចំពោះ​ប្រព័ន្ធ​ត្រាប់​តាម​ថ្មី​របស់ ចិន នេះ​វិញ បាតុភូត​នេះ​អាច​ត្រូវបាន​អូសបន្លាយ​ពេល​តា​ម​ចិត្ត​ចង់។

នៅក្នុង​ស្នូល​កណ្ដាល​របស់​ប្រព័ន្ធ​ថ្មី​របស់ ចិន គឺជា​លំហ​មួយ​ដែល​ផ្ទុក «ព្រះ​ចន្ទ» តូច​មួយ មាន​អង្កត់ផ្ចិត ៦០ សម។ ស្រទាប់​របស់​ព្រះ​ចន្ទ​សិប្បនិម្មិត​នេះ ត្រូវបានធ្វើ​អំពី​ថ្ម និង​ធូលី​ស្រាល ដូច​ទៅនឹង​ព្រះ​ចន្ទ​ពិត។ ទំនាញ​នៅលើ​ឋាន​ព្រះ​ចន្ទ ស្មើនឹង ១/៦ នៃ​ទំនាញ​លើ​ផែនដី មួយផ្នែក​គឺ​ដោយសារ​ដែន​ម៉ាញេទិក។

នៅពេល​ដែន​ម៉ាញេទិក​ខ្លាំង​គ្រប់គ្រាន់ វា​នឹង​រុញច្រាន​គ្រប់យ៉ាង (ចាប់ពី​កង្កែប​រស់ រហូតដល់​គ្រាប់​ធញ្ញជាតិ) ឱ្យ​ប្រឆាំងនឹង​ដែន​ទំនាញ។ លោក Li ឱ្យដឹងថា គំនិត​នេះ​យកតម្រាប់​តាម​ការពិសោធ​នានា​រប​ស់​អ្នកវិទ្យាសាស្ត្រ​ជនជាតិ​រុស្ស៊ី Andre Geim ដែល​បានធ្វើឱ្យ​កង្កែប «អណ្ដែត» ដោយ​ប្រើប្រាស់​មេដែក។ ការពិសោធ​ខាងលើ​បាន​ជួយ​ឱ្យ​លោក Geim ទទួលបាន​ពានរង្វាន់ Nobel កាលពី​ឆ្នាំ ២០០០។

 

លោក Li ឱ្យដឹងថា មូលដ្ឋាន​នៃ​ប្រព័ន្ធ​ត្រាប់​តាម​ព្រះ​ចន្ទ​របស់ ប្រទេស​ចិន នឹង​បើកទ្វារ​ទទួល​អ្នកវិទ្យាសាស្ត្រ​មកពី​គ្រប់ទិសទី​ក្នុង​ពិភពលោក នាពេល​ដ៏​ខ្លី​ខាងមុខ៕

Advertisement