ខែល​ខ្នាត​យក្ស ជួយ​ការពារ​ពិភព​អង្គារ​ពី​ឥទ្ធិពល​របស់​ព្រះអាទិត្យ! អនាគត ភព​ក្រហម​នេះ​អាច​ក្លាយជា​ផែនដី​ទី​ពីរ​របស់​មនុស្ស

អ្នកវិទ្យាសាស្ត្រ​របស់​ទីភ្នាក់ងារ​អវក​ស​អាម៉េរិក (NASA) បានស្នើ​ឱ្យមាន​ការសាងសង់​ខែល​ម៉ាញេទិក (ខែលមេដែក) ការពារ​ពិភព​ព្រះ​អង្គារ​ពី​ថាមពល​កម្រិត​ខ្ពស់​ដែល​ជះ​ចេញពី​ព្រះអាទិត្យ ដើម្បី​ជួយ​កែប្រែ​ភព​នេះ​ឱ្យក្លាយ​ទៅជា​ទីឋាន​ដែល​អាច​ទ្រទ្រង់​ជីវិត។

អ្នកវិទ្យាសាស្ត្រ​របស់ NASA លោក Jim Green បាន​ចូលនិវត្តន៍​ចាប់ពី​ថ្ងៃទី ១ មករា ប៉ុន្តែ មុន​នោះ លោក​បាន​លើកសំណើ​ស្ដីពី​គម្រោង​កែប្រែ​ភព​ព្រះ​អង្គារ ដើម្បី​អាចឱ្យ​មនុស្ស​អាច​រស់នៅ​ទីនោះ​បាន។

គម្រោង​របស់លោក​គឺ​ការសាងសង់​ខែល​បញ្ចេញ​ដែន​ម៉ាញេទិក​ខ្នាត​យក្ស ស្ថិតនៅ​ចន្លោះ​ភព​អង្គារ និង​ព្រះអាទិត្យ ដើម្បី​ការពារ​ភព​អង្គារ​ពី​ថាមពល​កម្រិត​ខ្ពស់​ពី​ព្រះ​ទិនករ ដែលជា​កត្តា​បាន​បំផ្លាញ​ទឹក និង​បរិយាកាស​របស់​ភព​ក្រហម​ក្នុងអំឡុង​រាប់លាន​ឆ្នាំ​កន្លង។

នៅពេល​ភព​អង្គារ​ត្រូវបាន​ការពារ​ពី​ថាមពលព្រះអាទិត្យ សីតុណ្ហភាព​ចុងក្រោយ​នឹង​កើន​ដល់​កម្រិត​មួយ​ដែល​ធ្វើឱ្យ CO2 នៅ​តំបន់​ប៉ូល​ត្រូវ​ភាយ​ឡើង​ទៅលើ​អាកាស និង​ចល័ត​ត្រលប់​មកកាន់​បរិយាកាស​ជុំវិញ​ភព​អង្គារ ហើយ​ជំរុញឱ្យមាន​បាតុភូត​ផ្ទះ​កញ្ចក់។

លោក Green និយាយថា៖ «នៅពេលដែល​មិនត្រូវ​បាន​បំផ្លាញ សម្ពាធ​នឹង​កើនឡើង។ ភព​អង្គារ​នឹង​ត្រូវបាន​កែប្រែ​ដោយ​ខ្លួន​វា​ផ្ទាល់។ នោះ​គឺជា​អ្វីដែល​យើង​គ្រប់គ្នា​ចង់បាន។ នៅពេល​សម្ពាធ​កើនឡើង សីតុណ្ហភាព​ក៏​កើនឡើង»។

លោក​បន្តថា សីតុណ្ហភាព និង​សម្ពាធ​កើនឡើង​ខ្ពស់ជាង​បច្ចុប្បន្ន ជួយ​ឱ្យ​វា​ចាប់ផ្ដើម​ដំណើរការ​នូវ​លក្ខខណ្ឌ​ដែល​អនុញ្ញាតឱ្យ​មនុស្ស​ដាំ​ដំណាំ​នៅលើ​ភព​អង្គារ ហើយ​ក្នុង​អនាគត មនុស្ស​អាចធ្វើ​ដំណើរ​ទៅមក​លើ​ភព​នេះ​តាមចិត្ត​ចង់ ដោយ​មិនចាំបាច់​ប្រើប្រាស់​ឈុត​សម្លៀកបំពាក់​អវកាស៕

Advertisement