ភាគហ៊ុន​ឡើងថ្លៃ ប្រធាន​ក្រុមហ៊ុន Oracle រកប្រាក់​បាន​ជាង ១៥ ពាន់​លាន​ដុល្លារ​បន្ថែមទៀត ដោយ​ប្រើ​​ពេល​តែ ១ ថ្ងៃ

ក្រោយ​ការប្រកាស​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​បង្ហាញថា «ល្អ​ខ្លាំង» ភាគហ៊ុន​របស់​ក្រុមហ៊ុន Oracle ក៏បាន​ឡើងថ្លៃ ជួយ​ឱ្យ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី Larry Ellison កើនឡើង​ដល់​ជិត ១៤០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

យោងតាម​បញ្ជី​មហាសេដ្ឋី​របស់​ទស្សន​វ​ដ្ដី Forbes ប្រធាន​ក្រុមហ៊ុន Oracle លោក Larry Ellison បច្ចុប្បន្ន​មានទ្រព្យ​សរុប ១៣៥.៧ ពាន់​លាន​ដុល្លារ និង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី ៥ ក្នុង​ពិភពលោក។ ទ្រព្យ​របស់លោក​បាន​កើន ១៥.១ ពាន់​លាន​ដុល្លារ បន្ទាប់ពី​ការជួញដូរ​កាលពី​ថ្ងៃទី ១០ ធ្នូ ដោយសារ​ភាគហ៊ុន Oracle កើន​ជិត ១៥% ក្រោយ​ប្រកាស​របាយការណ៍​ហិរញ្ញវត្ថុ ដែល​ល្អ​លើសពី​ការរំពឹងទុក។

លោក Ellison បច្ចុប្បន្ន​គឺជា​ភាគ​ហ៊ុ​និក​ធំជាងគេ​បង្អស់​របស់​ក្រុមហ៊ុន​នេះ ដោយ​កាន់កាប់ ១.១៤ ពាន់​លាន​ហ៊ុន។ យោងតាម​ស្ថិតិ​របស់ Forbes លោក Ellison បាន «លោតរំលង» Larry Page និង Sergey Brin ដែលជា​សហ​ស្ថាបនិក​របស់ Google ហើយ​ក្លាយជា​អ្នកមាន​ជាងគេ​លំដាប់​ទី ៥ ក្នុង​ពិភពលោក។ បច្ចុប្បន្ន ទ្រព្យ​របស់ Ellison តិចជាង​ទ្រព្យ​របស់ Bill Gates ត្រឹមតែ​ជិត ៤ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

មហាសេដ្ឋី​ Larry Ellison

លោក Ellison ឆ្នាំនេះ​មាន​អាយុ ៧៧ ឆ្នាំ។ លោក​គឺជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Oracle កាលពី​ឆ្នាំ ១៩៧។ ទ្រព្យ​ភាគច្រើន​របស់លោក បានមកពី​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​នេះ។ ភាគហ៊ុន Oracle បាន​កើន​ជិត ៦០% នៅក្នុង​ឆ្នាំ ២០២១ ជួយ​ឱ្យ Ellison រកបាន ៤៤ ពាន់​លាន​ដុល្លារ​បន្ថែមទៀត​នៅក្នុង​ឆ្នាំនេះ។

លោក Ellison ក៏មាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla របស់​មហាសេដ្ឋី Elon Musk ផងដែរ។ ចុងឆ្នាំ ២០១៨ លោក Ellison បាន​បង្ហើប​ឱ្យដឹង បាន​ទិញ​ភាគហ៊ុន Tesla ចំនួន ១ ពាន់​លាន​ដុល្លារ។ ៣ ឆ្នាំ​មកនេះ មូលធន​ទីផ្សារ​របស់ Tesla បាន​កើន​សរុប​ជិត ១,៣០០%។ បច្ចុប្បន្ន តម្លៃ​ភាគហ៊ុន​របស់ Ellison នៅក្នុង​ក្រុមហ៊ុន Tesla គឺ ១៦ ពាន់​លាន​ដុល្លារ​អាម៉េរិក៕

Advertisement