មហាសេដ្ឋី Elon Musk នឹង​បំពាក់​ឈី​ប​កុំព្យូទ័រ​ទៅក្នុង​ខួរក្បាល​មនុស្ស នៅ​ឆ្នាំក្រោយ

(សហរដ្ឋ​អាម៉េរិក)-មហាសេដ្ឋី Elon Musk សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អភិវឌ្ឍ​ផ្ទាំង​បង្ហាញ​ស្ដីពី​ខួរក្បាល-កុំព្យូទ័រ ដែលមាន​ឈ្មោះថា Neuralink បានឱ្យដឹងថា ការវះកាត់​បំពាក់​ឈី​បរ​បស់​កុំព្យូទ័រ​ទៅក្នុង​ខួរក្បាល​របស់​អ្នកជំងឺ​ពិការ​អវយវៈ​នឹង​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ឆ្នាំ ២០២។

ការពិសោធ​ឈី​ប​របស់​ក្រុមហ៊ុន Neuralink នឹង​ចាប់ផ្ដើម​ធ្វើឡើង​នៅលើ​អ្នកជំងឺ​ដែល​រងរបួស​នៅលើ​ខួរឆ្អឹងខ្នង។ កាលបរិច្ឆេទ​នេះ​យឺត​ជាង ២ ឆ្នាំ ធៀប​នឹង​ការគ្រោងទុក។ ឧបករណ៍​របស់​ក្រុមហ៊ុន​នឹង​អនុញ្ញាតឱ្យ​អ្នកជំងឺ​ដែល​បាត់បង់​លទ្ធភាព អាច​បញ្ជា​អវយវៈ​របស់ខ្លួន​ឡើងវិញ​បាន ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប។ ដូច្នេះ អ្នក​ដែល​ពិការ​ដៃ ជើង អាច​បញ្ជា​ទិញ​ទំនិញ ធ្វើការ​ទាក់ទង​ជាមួយ​មិត្តភក្ដិ ចូល​មើល​ព័ត៌មាន​លើ​គេហទំព័រ​ដោយផ្ទាល់ ដោយ​ការប្រើប្រាស់​រលកសញ្ញារ​បស់​ខួរក្បាល។

កន្លងមក ក្រុមហ៊ុន Neuralink ក៏​ធ្លាប់បាន​ពិសោធ​លើស​ត្វ ដោយ​អនុញ្ញាតឱ្យ​ស្វា​លេង​ហ្គេម​ដោយ​ប្រើ​រលកសញ្ញា​ខួរក្បាល កាលពីដើមឆ្នាំ ប៉ុន្តែ លោក Musk សង្កត់ធ្ងន់ថា ការបំពាក់​បច្ចេកវិទ្យា​នេះ​នៅលើ​ខួរក្បាល​មនុស្ស នៅតែមាន​ឧបសគ្គ​ច្រើន។

«Neuralink ដំណើរការ​រលូន​នៅលើ​សត្វ​ស្វា។ យើង​បានធ្វើ​ការពិសោធ​ជាច្រើនលើក និង​បាន​ឃើញថា បច្ចេកវិទ្យា​នេះ​ពិត​ជាមាន​សុវត្ថិភាព និង​គួរឱ្យ​ទុកចិត្ត។ ឧបករណ៍ Neuralink អាច​ត្រូវបាន​យក​ចេញពី​ខួរក្បាល» លោក Musk ថ្លែង​ដូច្នេះ។

លោក​បន្តថា៖ «យើង​សង្ឃឹមថា អាច​ភ្ជាប់​ឧបករណ៍​នេះ​សម្រាប់​អ្នកជំងឺ​ដែល​រងរបួស​ធ្ងន់ធ្ងរ​នៅលើ​ខួរឆ្អឹងខ្នង ដូចជា​អ្នក​ត្រូវ​ពិការ​ដៃជើង​ជាដើម បន្ទាប់ពី​អាជ្ញាធរ​គ្រប់គ្រង​អាហារ និង​ឱសថ (សហរដ្ឋ​អាម៉េរិក) បានទទួល​ស្គាល់»។

Neuralink មិនមែនជា​ក្រុមហ៊ុន​តែមួយគត់​ដែល​អភិវឌ្ឍ​ឧបករណ៍​សម្រាប់​បច្ចេក​វិទ្យា​បែបនេះ​នោះទេ។ កាលពី​ខែមេសា ឆ្នាំ ២០២០ ឧបករណ៍​មួយ​ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន BrainGate ក៏មាន​សមត្ថភាព​ជួយ​ដល់​អ្នក​ពិការ​អវយវៈ អាច​បញ្ជា​លើ​កុំព្យូទ័រ​ដោយ​ប្រើ​រលកសញ្ញា​ខួរក្បាល ហើយ​ទទួលបាន​លទ្ធផល​យ៉ាង​ប្រសើរ។ ទាំង BrainGate ទាំង Neuralink សុទ្ធតែ​ប្រើប្រាស់​បច្ចេកវិទ្យា​គ្មាន​ខ្សែ​ដើម្បី​ជួយ​ឱ្យ​ឧបករណ៍​របស់​ពួកគេ​កាន់​តែមាន​ប្រសិទ្ធភាព​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ៕

Advertisement