Premier League នឹង​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​មុន​ចាប់ផ្តើម​រដូវ​កាល​ថ្មី

ក្លិប​ស្ថិតក្នុង​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានធ្វើការ​បោះឆ្នោត​ដើម្បី​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​បន្ទាប់ពី​បញ្ចប់​រដូវ​កាល​ក្នុង​ឆ្នាំ2017 នៅ​មុនពេល​ចាប់ផ្តើម​យុទ្ធនាការ​ឆ្នាំ2018-2019។

ក្រោយពី​មានការ​តវ៉ា​ពី​សំណាក់​អ្នកចាត់ការ​ទូទៅ​ជាច្រើន​ថា សកម្មភាព​នៃ​ការដោះដូរ​កីឡាករ​រំខាន​ដល់​ការត្រៀម​លក្ខណៈ​របស់​ពួកគេ​នោះ ក្លិប​ទាំងអស់នោះ​នឹងមិន​អាច​ទិញ​ចូល​កីឡាករ​ថ្មី​បានឡើយ បន្ទាប់ពី​ឆ្លង​ផុត​ថ្ងៃ​ព្រហស្បតិ៍ មុនពេល​រដូវ​កាល​ថ្មី​ចាប់ផ្តើម។

ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុង​ក្របខ័ណ្ឌកំពូលៗជាច្រើន​នៅ​អឺរ៉ុប បន្ត​រហូតដល់​ថ្ងៃទី31 ខែសីហា ដែល​មានន័យថា ក្លិប​ទាំងអស់​នៅក្រៅ​ប្រទេស​អង់គ្លេស នៅតែ​អាច​ទិញ​កីឡា​ករពី​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​បាន បន្ទាប់​ពីថ្ងៃ​បិទ​ផ្សារ​ដោះដូរ​កីឡាករ​នៅ​ក្របខ័ណ្ឌ Premier League។ ក្របខ័ណ្ឌ Premier League បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «នៅថ្ងៃនេះ ក្លិប​ស្ថិតក្នុង​ក្របខ័ណ្ឌ Premier League បាន​យល់ព្រម​ទៅលើ​ការកែទម្រង់​ច្បាប់​មួយ​ដែល​នឹងធ្វើ​ឲ្យ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​រដូវក្តៅ​ចាប់ពីពេលនេះ​ទៅនឹង​បញ្ចប់​នៅ​ម៉ោង5 (ម៉ោង​ក្នុងស្រុក) ល្ងាច នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅ​មុនពេល​ចាប់ផ្តើម​រដូវ​កាល​ថ្មី។

សេចក្តីសម្រេច​នេះ​សម្រាប់តែ​ក្លិប​ស្ថិតក្នុង​ក្របខ័ណ្ឌ Premier League ប៉ុណ្ណោះ និង​មិនមាន​ឥទ្ធិពល​ដល់​លី​ក ឬ​យុទ្ធនាការ​ផ្សេង​ឡើយ»។ ក្របខ័ណ្ឌ​លី​កធំៗផ្សេងទៀត​នៅ​អឺរ៉ុប ដូចជា La Liga របស់​អេ​ស្ប៉ា​ញ Serie A របស់​អ៊ីតាលី Bundesliga របស់​អាល្លឺម៉ង់ និង Ligue 1 របស់​បារាំង បច្ចុប្បន្នកំពុង​ប្រឈមមុខ​នឹង​ការ​សម្រេចចិត្តថា តើ​ត្រូវ​ដើរ​តាម​អង់គ្លេស ឬ​យ៉ាងណា?៕

ប្រភពព័ត៌មាន៖ BBC

Advertisement