ព្រលានយន្តហោះ​ដែល​ដំណើរការ​ដោយ​មិនមាន​ប្រព័ន្ធ​រ៉ា​ដារ​គ្រប់គ្រង​ការហោះហើរ

ព្រលានយន្តហោះអន្តរជាតិ Robert Gabriel Mugabe

ស៊ីម​បា​វ៉េ ចុះ​កិច្ចព្រមព្រៀង​កែលម្អ​ព្រលានយន្តហោះ​ជាមួយនឹង​ក្រុមហ៊ុន​របស់ ចិន ប៉ុន្តែ ជួប​បញ្ហា​ហិរញ្ញវត្ថុ ធ្វើឱ្យ​ព្រលានយន្តហោះ​សំខាន់​ជាងគេ​របស់​ប្រទេស​នេះ ដំណើរការ​ដោយ​ពុំមាន​ប្រព័ន្ធ​រ៉ា​ដារ​សម្រាប់​គ្រប់គ្រង​ការហោះហើរ។

«យើង​មិនអាច​បន្ត​ដឹកនាំ​ការហោះហើរ​ដោយ​មិនមាន​ប្រព័ន្ធ​រ៉ា​ដារ​សមស្រប។ នឹងមាន​គ្រោះថ្នាក់​ជាទីបំផុត​ចំពោះ​សុវត្ថិភាព» Oscar Gorerino ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ថវិកាជាតិ​របស់ សភា​ស៊ីម​បា​រ៉េ ថ្លែង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី ២ ធ្នូ។ លោក Gorerino ឱ្យដឹងថា យន្តហោះ​ទាំងឡាយ​ដែល​កំពុង​ចុះចត​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ Robert Gabriel Mugabe ក្នុង​រដ្ឋធានី​ហា​រ៉ា​រ៉េ (Harare) ត្រូវបាន​ធ្វើឡើង​ដោយ​មិនមាន​ការណែនាំ​ពី​ក្រុមមន្ត្រី​គ្រប់គ្រង​ការហោះហើរ ព្រោះតែ​មិនមាន​រ៉ា​ដារ។

អាជ្ញាធរ​គ្រប់គ្រង​អាកាសចរណ៍​ស៊ីវិល​របស់ ស៊ីម​បា​វ៉េ (CAAZ) បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​របស់ ចិន CHEC ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​រ៉ា​ដា​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ Robert Gabriel Mugabe។ ធនាគារ​ឯកទេស​ផ្នែក​អាហរ័ណ-នីហរ័ណ​ចិន បាន​យល់ព្រម​ផ្ដល់ប្រាក់​កម្ចី ១៥៣ លាន​ដុល្លារ ដល់ ប្រទេស​ស៊ីម​បា​រ៉េ ដើម្បី​កែលម្អ​ព្រលានយន្តហោះ ក្នុងនោះ​មាន​ទាំង​ប្រព័ន្ធ​រ៉ា​ដា​ផងដែរ។

ប៉ុន្តែ CAAZ ឱ្យដឹងថា ថវិកា​របស់​ពួកគេ​មានតែ​ប្រហែល ១.៥ លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈដែល​ប្រព័ន្ធ​រ៉ា​ដារ​ថ្មី មានតម្លៃ ៣.៤ លាន​ដុល្លារ។ គណៈកម្មការ​គ្រប់គ្រង​ថវិកាជាតិ​នៃ​សភា​ស៊ីម​បា​វ៉េ មិនបាន​បញ្ជាក់​ច្បាស់​នូវ​បញ្ហា​ដែល​បាន​កើត​ឡើង​​ជា​មួយ​នឹង​​ខ្ទង់​ប្រាក់កម្ចី​ដែល​នៅសល់ ឬ​ប្រព័ន្ធ​រ៉ា​ដារ​ចាស់​របស់​ព្រលានយន្តហោះ​បាន​ខូច​ពេលណា​នោះដែរ។

Gorerino បាន​ស្នើឱ្យ​រដ្ឋមន្ត្រីក្រសួង​ចរាចរណ៍​និង​ដឹកជញ្ជូន Theodius Chiyanga បើក​កិច្ចប្រជុំ​រវាង​ក្រុមតំណាងរាស្ត្រ​ស៊ីម​បា​វ៉េ ជាមួយនឹង​ក្រុមហ៊ុន​ចិន CHEC ដែលជា​ភាគី​ឈ្នះ​ការដេញថ្លៃ​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​រ៉ា​ដារ​គ្រប់គ្រង​ការហោះហើរ ដើម្បី​បានដឹង​ច្បាស់​អំពី​បញ្ហា​ដែលនាំឱ្យ​មានការ​យឺតយ៉ាវ។

រដ្ឋមន្ត្រី Chiyanga បកស្រាយ​ថា ក្រសួង​ហិរញ្ញវត្ថុ មិនទាន់​ផ្ដល់​ថវិកាបដិភាគ ៣.៤ លាន​ដុល្លារ​ដែល CAAZ ត្រូវការ​ដើម្បី​ទិញ និង​ដំឡើង​ប្រព័ន្ធ​រ៉ា​ដារ​ថ្មី។

ភាគី​ក្រុមហ៊ុន CHEC និង​ភាគី​ពាក់ព័ន្ធ​របស់ ចិន មិនទាន់មាន​ការអធិប្បាយ​អ្វី​ទាក់ទិន​នឹង​ព័ត៌មាន​ខាងលើ​នៅឡើយ។

គម្រោង​ស្ដារ និង​ពង្រីក​ព្រលានយន្តហោះ​អន្តរជាតិ Robert Gabriel Mugabe ត្រូវបាន​ចាប់ផ្ដើម​កាល​ពី​ខែកក្កដា ២០១៨ ដោយ​ត្រូវ​ចំណាយ​ថវិកា ១៥៣ លាន​ដុល្លារ។ តាម​ផែនការ គម្រោង​កែលម្អ​នេះ​​នឹង​ស៊ីពេល​សរុប ៣ ឆ្នាំ ហើយ​វា​នឹង​ក្លាយជា​​ព្រលាន​យន្ត​ហោះ​​ធំ​មួយ​ក្នុង​តំបន់ ដែល​អាច​បម្រើ​ដល់​អ្នកដំណើរ ៦ លាន​នាក់/ឆ្នាំ ច្រើនជាង ២.៤ ដង ធៀប​នឹង​តួលេខ​អ្នកដំណើរ​មុន​នោះ៕

Advertisement