មេខ្លោង​នៃ​បណ្ដាញ​ផលិត​ប្រេងសាំង​ក្លែងក្លាយ​នៅ វៀតណាម ត្រៀមខ្លួន​ឡើង​តុលាការ

អាជ្ញាធរខេត្ត ដាក់ ណុង (Dak Nong) នៃ ប្រទេស​វៀតណាម ត្រៀម​នាំខ្លួន​ឈ្មោះ ទ្រិ​ញ សឿង (Trinh Suong) ស្នាក់នៅ​ក្នុង​ខេត្ត​ឃ្លាំង (Soc Trang) ដែល​ជាប់​ទាក់ទិន​នឹង​រឿងក្ដី​ផលិត​ប្រេងសាំង​ក្លែងក្លាយ ឡើង​សវនាការ កាត់ក្ដី​ជាថ្មី។

យោងតាម​តុលាការខេត្ត ដាក់ ណុង រឿងក្ដី​ដែល​នឹងត្រូវ​បាន​បើកសវនាការ​នៅ​ថ្ងៃទី ២០ ធ្នូ ២០២១ ខាងមុខនេះ ក្រៅពី​ជនជាប់ចោទ​ចំនួន ៣៩ នាក់ ក៏មាន​តំណាង​ធនាគារ​នានា​ផងដែរ ដែល​ត្រូវបាន​កោះហៅ​ក្នុងនាម​ជា​អ្នកមាន​ផលប្រយោជន៍ និង​មាន​ភារកិច្ច​ទាក់ទង​នឹង​រឿងក្ដី។

មុន​នោះ កាលពី​ខែមេសា តុលាការ​ខាងលើ​បាន​បើកសវនាការ​កាត់ក្ដី​រឿង​ផលិត និង​ចែកចាយ​ប្រេងសាំង​ក្លែងក្លាយ​ទាក់ទិន​នឹង​ឈ្មោះ ទ្រិ​ញ សឿង និង​ជនជាប់ចោទ ៣៨ នាក់​ផ្សេងទៀត។ ក៏ប៉ុន្តែ ក្រោយមក តុលារ​តម្រូវឱ្យ​មានកា​រ​ស៊ើបអង្កេត​បន្ថែមទៀត ដោយសារ​តែមាន​ភាពមិន​ច្បាស់លាស់​ទាក់ទង​នឹង​បរិមាណ​ប្រេងសាំង​ក្លែងក្លាយ និង​ខ្ទង់​ប្រាក់​ដែល​ក្រុម​ជនជាប់ចោទ​រកបាន​ដោយ​ខុសច្បាប់។

លទ្ធផល​នៃ​ការស៊ើបអង្កេត​ថ្មី​បំផុត​បង្ហាញថា ឈ្មោះ ទ្រិ​ញ សឿង រកបាន​ប្រាក់ចំណេញ​ខុសច្បាប់​ជាង ១៥៥.៨ ពាន់​លាន​ដុង (៦,៨២0,០០០ ដុល្លារ​អាម៉េរិក)។

មុនពេល​ត្រូវបាន​ចាប់ខ្លួន ក្រុម​ជនជាប់ចោទ​ខាងលើ ធ្លាប់បាន​រកស៊ី​លក់​ប្រេងសាំង​អស់​មួយរយៈ​ពេល ហើយ​ក្ដាប់បាន​វិធី​លាយ​សាំង​ក្លែងក្លាយ។ ពួកគេ​ប្រើប្រាស់​គីមី​ជាច្រើន​មុខ ដូចជា Naphtha, Solmix, orgasol, BMSol White, BMSol Petro, Toluel, MTBE, Xylene, Ethanol និង Azo លាយ​ជាមួយ​សាំង​សុទ្ធ A95, A92 និង E5 ron 92 បង្កើត​បាន​ជា​​ប្រេង​សាំង A95, A92 និង E5 ron 92។

ការផលិត និង​ជួញដូរ​ប្រេងសាំង​ក្លែងក្លាយ​នេះ បាន​ជួយ​ឱ្យ​ក្រុម​ជនជាប់ចោទ​រកបាន​ប្រាក់ចំណេញ​ច្រើនជាង​ការលក់​ប្រេងសាំង​សុទ្ធ៕

Advertisement