ប្រាក់​ឌីជីថល! ហេតុអ្វី​បានជា «ម្ដាយបង្កើត» របស់ Bitcoin មិន​បង្ហាញខ្លួន​ឱ្យគេ​ដឹង​ជា​សាធារណៈ?

អ្នកបង្កើត​រូបិយវត្ថុ​ឌីជីថល Bitcoin ត្រូវបាន​គេ​ជឿថា នឹងមិន​បង្ហាញខ្លួន​ឡើយ ព្រោះថា អាច​នឹងត្រូវ​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់ និង​ប៉ះពាល់​ដល់​តម្លៃ​របស់​ប្រាក់​និម្មិត​មួយ​នេះ។

Bitcoin ត្រូវបាន​បង្ហាញ​វត្តមាន​លើកដំបូង​កាលពី​ឆ្នាំ ២០០៨ ដោយ​បុគ្គល​មួយរូប​ដែលមាន​រហ័ស​នាម​ថា Satoshi Nakamotor។ រហូតដល់​ឆ្នាំ ២០១១ បុគ្គល​រូបនេះ​ក៏បាន​បាត់​ខ្លួន​ទាំងស្រុង ក្រោយពី​បាន​ផ្ទេរ កូដ​ប្រភព​របស់ Bitcoin ឱ្យទៅ Gavin Andresen ដែលជា​អ្នកឯកទេស​ខាង​អភិវឌ្ឍ​កូដ។ ១០ ឆ្នាំ​កន្លងទៅ ពិភពលោក​នៅតែ​មិនទាន់​ដឹង​ច្បាស់​ថា Nakamoto គឺជា​បុគ្គល ឬ​ជា​ស្ថាប័ន។

មនុស្ស​មួយចំនួន​ត្រូវបាន​គេ​ជឿថា គឺជា​អ្នកបង្កើត Bitcoin ប៉ុន្តែ ក្រុម​អ្នកជំនាញ​អះអាងថា «ម្ដាយបង្កើត» ពិតប្រាកដ​របស់​រូបិយវត្ថុ​ឌីជីថល​នេះ អាច​នឹង​គ្មាន​ថ្ងៃ​បង្ហាញខ្លួន ដោយសារតែ​មូលហេតុ​មួយចំនួន​ដូចតទៅ៖

អ្នកបង្កើត Bitcoin អាច​ត្រូវ​សមត្ថកិច្ច​ស៊ើបអង្កេត

ឆ្នាំ ១៩៩៨ Bernard von NotHaus ដែល​ជា​អ្នកស្រុក Hawaii បាន​ផលិត​ប្រាក់​ផ្ទាល់ខ្លួន និង​ដាក់ឈ្មោះថា Liberty Dollar។ បុរស​នេះ​ផលិត​ប្រា​ក់ដោយ​ប្រើប្រាស់​លោហធាតុ​កម្រ ក្រោយមក​ដាក់ឱ្យ​ចរាចរ​នៅ សហរដ្ឋ​អាម៉េរិក អស់​រយៈពេល​ច្រើន​ឆ្នាំ។ មកដល់​ឆ្នាំ ២០០៧ គាត់​ត្រូវបាន FBI ចាប់ខ្លួន ដោយសារតែ​សកម្មភាព​ផលិត​រូបិយវត្ថុ​ខុសច្បាប់។ អាជ្ញាធរ​បាន​ចោទប្រកាន់​គាត់​ពីបទ «ផលិត​រូបិយវត្ថុ​ឯកជន​ដើម្បី​ប្រកួតប្រជែង​ជាមួយ​រូបិយវត្ថុ​រដ្ឋ» នៅ​ឆ្នាំ ២០០៩ និង​ត្រូវបាន​ពិន័យ​ឱ្យ​ស្ថិតក្រោម​ការតាមដាន​ពី​ប៉ូលិស។

នៅ​ឆ្នាំ ២០០៧ ដដែល ម្ចាស់​កម្មសិទ្ធិ E-Gold ដែលជា​ប្រាក់​ឌីជីថល​ដំបូង​គេ​មួយ​ក្នុង​ពិភពលោក ត្រូវបាន​ចោទប្រកាន់​ពីបទ​ជំរុញ​ព័ត៌មាន​មិន​ស្របច្បាប់ ហើយក៏​ត្រូវ​ជាប់ឃុំ​ក្នុងផ្ទះ ចំណែក​សកម្មភាព​ដែល​ទាក់ទង​ក៏ត្រូវ​បិទទ្វារ។

កាលពី​ខែមករា រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​របស់ សហរដ្ឋ​អាម៉េរិក Janet Yellen បាន​ព្រមាន​ដល់​ក្រុម​អ្នកវិនិយោគ​អំពី​​ការ​ជួញ​ដូរ Bitcoin។ លោកស្រី​ព្រួយបារម្ភ​ថា ប្រាក់​ឌីជីថល​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការជួញដូរ​ខុសច្បាប់ និង​ត្រូវ​ការឱ្យ​មានការ​រឹតត្បិត។

យោងតាម Business Insider ការដែល​ត្រូវ​អាជ្ញាធរ «សម្លាក់​សម្លឹង» ច្រើនពេក ធ្វើឱ្យ​អ្នក​ដែល​នៅ​ពីក្រោយ Bitcoin មិន​ហ៊ាន​បង្ហាញខ្លួន។ ប្រការនេះ​ក៏​ជួយ​ឱ្យ​ស្ថាបនិក​របស់ Bitcoin និង​រូបិយវត្ថុ​នេះ មិន​ត្រូវបាន​ត្រួតត្រា​ដោយ​ស្ថាប័ន ឬ​បុគ្គល​ណាមួយ ក៏ដូចជា​ចៀសបាន​នូវ​លទ្ធផល​អាក្រក់​ដែល​កើតឡើង​ដោយសារ​ច្បាប់ ដូចជា ត្រូវ​រដ្ឋាភិបាល​ស៊ើបអង្កេត និង​ហាម​ជួញដូរ​ជាដើម។

តម្លៃនឹង​ធ្លាក់​ដាំ​ក្បាល​ចុះភ្លាមៗ បើសិនជា​អ្នកបង្កើត Bitcoin បង្ហាញខ្លួន

Nakamoto កំពុង​កាន់កាប់ Bitcoin ចំនួន ១ លាន ក្នុងចំណោម Bitcoin សរុប​ចំនួន ២១ លាន ដែល​ស្មើនឹង ៦០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

ដើមឆ្នាំ​នេះ Brian Armstrong ដែលជា CEO របស់​ផ្សារ​រូបិយវត្ថុ Coinbase បាន​អះអាងថា ការដែល «ម្ដាយបង្កើត» របស់ Bitcoin បង្ហាញខ្លួន អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ និង​បង្ក​អស្ថិរភាព​ដល់ទី​ផ្សារ​ប្រាក់​ឌីជីថល​ទាំងមូល។ «បើសិនជា Bitcoin ជាង ១ លាន ត្រូវបាន​គេ​បញ្ចេញ នោះ​តម្លៃ​របស់ Bitcoin ប្រាកដជា​ត្រូវ​ធ្លាក់ចុះ» លោក Arstrong ថ្លែង​ដូច្នេះ៕

Advertisement