មហាសេដ្ឋី Ray Dalio ៖ «វិធី​លឿន​បំផុត​ដើម្បី​ជោគជ័យ​គឺ​ការដឹង​ចំណុចខ្សោយ​របស់ខ្លួន»

មហាសេដ្ឋី​ដែលជា​កំពូល​អ្នកវិនិយោគ​មួយរូប ធ្លាប់បាន​ក្ស័យធន ធ្លាប់​ត្រូវ​បង្ខំចិត្ត​បញ្ឈប់​បុគ្គលិក​ទាំងអស់ និង​ធ្លាប់​ត្រូវ​ខ្ចីប្រាក់ ៤,០០០ ដុល្លារ​ពី​ឪពុក ក៏​ព្រោះតែ​ភាពជឿជាក់​លើ​ខ្លួនឯង​ខ្លាំងពេក។

រ៉េ ដាលីយូ (Ray Dalio) គឺជា​ស្ថាបនិក​របស់​មូលនិធិ​វិនិយោគ​ចូល​ហ៊ុន​ឯកជន (Venture capital fund) ធំជាងគេ​ក្នុង​ពិភពលោក មាន​ឈ្មោះថា Bridgewater Associates។ មូលនិធិ​ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ទ្រព្យ​ប្រមាណ ១៦០ ពាន់​លាន​ដុល្លារ​អាម៉េរិក នេះ ត្រូវបាន​គាត់​បង្កើតឡើង​កាលពី​ឆ្នាំ ១៩៧៥ នៅ​ទីក្រុង នី​វ​យ៉​ក។ បច្ចុប្បន្ន លោក រ៉េ ដាលីយូ មានទ្រព្យ​សរុប ១៥.៦ ពាន់​លាន​ដុល្លារ នេះ​បើតាម Bloomberg Billionaires Index។

ក្នុង​អត្ថបទ​មួយ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាលពី​ខែកក្កដា លោក រ៉េ ដាលីយូ បាន​ចែករំលែក​នូវ​អនុសាសន៍​មួយចំនួន​ដែល​បាន​និយាយ​ក្នុង​សៀវភៅ​ឆ្នាំ 2018 របស់លោក ដែលមាន​ចំណងជើង​ថា «គោលការណ៍​ជីវភាព និង​ការងារ» និយាយ​អំពី​វិធី​ដើម្បី​រកបាន​ជោគជ័យ។ ក្នុងនោះ ក៏មាន​បញ្ជាក់​អំពី​វិធី​ដែល​គ្រប់គ្នា​អាច​រៀនសូត្រ​បាន​ពី​កំហុសឆ្គង​របស់ខ្លួន។

«អ្នកណា​ក៏មាន​ចំនុចខ្សោយ ហើយ​វា​តែងតែ​ស្ដែង​ឱ្យឃើញ​នៅពេល​អ្នកមាន​កំហុស» មហាសេដ្ឋី រ៉េ ដាលីយូ សរសេរ​នៅលើ​បណ្ដាញ​សង្គម​ដូច្នេះ។ «វិធី​ឆាប់​រហ​ស័​យ​បំផុត​ដើម្បី​ជោគជ័យ​គឺ​ការចាប់ផ្ដើម​ដឹង​អំពី​ចំនុចខ្សោយ​របស់ខ្លួន​ថា​ជា​អ្វី និង​តែងតែ​សម្លឹងមើល​វា។ ចូរ​សរសេរ​ចេញ​នូវ​ចំណុចខ្សោយ​របស់​អ្នក រួច​ភ្ជាប់​វា​ជាមួយគ្នា»។

ក្រោយមក អ្នក​គ្រាន់តែ​ផ្ដោតទៅលើ​ចំណុចខ្សោយសំខាន់ៗចំនួន ៣ ដើម្បី​អាច​កែតម្រូវ​ឱ្យបាន​ល្អ​បំផុត​ដោយ​មិនត្រូវ​ប្រឹង​ខ្លាំងពេក។

លោក រ៉េ ដាលីយូ ក៏បាន​បង្ហើប​អំពី​កំហុសឆ្គង​ផ្ទាល់ខ្លួន ក្នុងនោះ​ក៏មាន​កាលៈទេសៈ​មួយ​ដែល​លោក​ហៅថា «កំហុសឆ្គង​ធំ»។ ឆ្នាំ ១៩៨២ លោក​បាន «ភ្នាល់​គ្រប់យ៉ាង​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដែល​មិនអាច​កើតឡើង» ហើយ​លោក​ក៏បាន​បាត់បង់​ប្រាក់​ទាំងអស់​នៅពេល​ទីផ្សារ​មូល​ប​ត្រ​រីកចម្រើន។ លោក​ត្រូវ​បង្ខំចិត្ត​បញ្ឈប់​បុគ្គលិក​ទាំងអស់​របស់ Bridgewater នៅពេលនោះ។

«ខ្ញុំ​ក្ស័យធន និង​ត្រូវ​ខ្ចីប្រាក់​ពី​ឪពុក ៤.០០០ ដុល្លារ ដើម្បី​ទូទាត់​ការចំណាយ​ក្នុង​គ្រួសារ»។ ប៉ុន្តែ លោក រ៉េ ដាលីយូ និយាយថា «កំហុស​នេះ​គឺជា​ប្រការ​មួយ​ល្អ​បំផុត​ដែល​ធ្លាប់បាន​កើតឡើង​ចំពោះ​ខ្ញុំ» ព្រោះ​វា​បាន​បង្ខំ​ឱ្យ​លោក​ត្រូវ​ប្រឈម​នឹង​ចំណុចខ្សោយ​របស់ខ្លួន ជា​ប្រការ​ដែល​បាន​បណ្ដាលឱ្យ​លោក​មាន​កំហុសឆ្គង​ធំ​ដល់​ថ្នាក់​នោះ។

«វា​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ត្រូវការ​ធ្វើឱ្យមាន​តុល្យភាព​នៃ​ចំណេះដឹង​ផ្ទាល់ខ្លួន។ ជំនួស​ឱ្យ​ការដែល​ចេះតែ​គិតថា «ខ្លួនឯង​ត្រូវ» ខ្ញុំ​ត្រូវ​ងាក​មក​សួរ​ខ្លួនឯង​ថា «ធ្វើយ៉ាងណា​ទើប​ដឹងថា ខ្លួនឯង​ត្រូវ?»» មហាសេដ្ឋី រ៉េ ដាលីយូ​ បង្ហើប​ឱ្យដឹង​ដូច្នេះ។

មិនមែន​លោក រ៉េ ដាលីយូ តែ​ម្នាក់​ទេ​ដែល​បាន​ណែនាំ​ឱ្យ​គ្រប់គ្នា​ស្វែងយល់​អំពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់ខ្លួន។ មហាសេដ្ឋី​បច្ចេកវិទ្យា ម៉ាក ឃ្យូបាន (Mark Cuban) ក៏​ធ្លាប់បាន​និយាយ​បែបនេះ​កាលពី​ឆ្នាំ ២០១៨ សម្រាប់​អ្នក​ដែល​ចង់​កែប្រែ​ស្ថានការណ៍​របស់​ក្រុមហ៊ុន ឬ​អាជីវកម្ម។

លោក ម៉ាក ឃ្យូបាន និយាយថា៖ «ជា​អ្នកជំនួញ​គឺ​ត្រូវតែ​រកឱ្យឃើញ​នូវ​បញ្ហា​ដែល​អាច​ផ្ដួលរំលំ​អ្នក មុនពេល​អ្នកផ្សេង​ធ្វើ​រឿងនេះ»៕

Advertisement