FIFA បញ្ជា​ឲ្យ​អាហ្វ្រិក​ខាងត្បូង និង​សេ​ណេ​ហ្គា​ល់ ប្រកួត​ជម្រុះ World Cup ម្តងទៀត

សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​ហៅ​កាត់​ថា FIFA កាលពី​ថ្ងៃ​ពុធ បាន​បញ្ជា​ឲ្យ​រៀបចំ​ការប្រកួត​ជម្រុះ World Cup រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាហ្វ្រិក​ខាងត្បូង និង​ក្រុម​សេ​ណេ​ហ្គា​ល់ ជាថ្មី​ម្តងទៀត ក្រោយពី​លោក​អាជ្ញាកណ្តាល​បាន​រង​ពិន័យ​ព្យួរការងារ​អស់​មួយជីវិត​ពីបទ​កំណត់​លទ្ធផល​នៃ​ការប្រកួត​ទុកជាមុន។

ការប្រកួត​រវាង​ក្រុម​ទាំងពីរ​កាលពី​ខែវិច្ឆិកា ឆ្នាំ2016 បានបញ្ចប់​ដោយ​ក្រុម​អាហ្វ្រិក​ខាងត្បូង យកឈ្នះ​ក្នុង​លទ្ធផល 2-1 ក្រោយពី​លោក​អាជ្ញាកណ្តាល​សញ្ជាតិ​ហ្គា​ណា Joseph Lamptey បានផ្តល់​ការពិន័យ​បាល់​ប៉េ​ណា​ល់​ទី​ដ៏​ចម្រូងចម្រាស​មួយ។ លោក Lamptey ដំបូង​ឡើយ​បាន​រង​នូវ​ការព្យួរ​ការងារ​រយៈពេល៣ខែ ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ប្រចាំ​ទ្វីបអាហ្វ្រិក​ហៅ​កាត់​ថា CAF សម្រាប់​ការផ្តល់​បាល់​ប៉េ​ណា​ល់​ទី1គ្រាប់ ដែល​មិនមែនជា​កំហុស​ធ្វើ​ឲ្យ​បាល់​ប៉ះ​ដៃ ខណៈដែល FIFA បានផ្តល់​ការពិន័យ​ព្យួរការងារ​អស់​មួយជីវិត​កាលពី​ខែមីនា។

ព័ត៌មាន​នៃ​ការធ្វើ​ការប្រកួត​ឡើងវិញ​នេះ នឹង​ផ្តល់នូវ​ការជឿជាក់​មួយ​ដល់​ក្រុម​ជម្រើសជាតិ​សេ​ណេ​ហ្គា​ល់ ដែល​កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ3 ពោលគឺ​ដេញតាម​ពីក្រោយ​ក្រុម​ជម្រើសជាតិ​កាប់​វែ​រ និង​បួ​គី​ណា​ហ្វា​សូ ចំនួន1ពិន្ទុ ក្នុងការ​ប្រកួត​ជម្រុះ​តំបន់​អាហ្វ្រិក​ក្នុង​ពូ​ល D ខណៈដែល​នៅសល់​ការប្រកួត​ត្រឹមតែ2លើក​ទៀត​ប៉ុណ្ណោះ។ មានតែ​ក្រុម​ឈរ​លេខ1ក្នុង​ពូ​ល​មួយ​ប៉ុណ្ណោះ​ដែល​អាច​ឈ្នះ​កៅអី​ទៅលេង​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ2018 នៅ​រុស្ស៊ី។

FIFA បានធ្វើការ​ពន្យល់ថា ការសម្រេចចិត្ត​ក្នុងការ​បញ្ជា​ឲ្យ​មានការ​រៀបចំ​ការប្រកួត​ឡើងវិញ​នេះ កើតឡើង​ក្រោយពី​តុលាការ​អាជ្ញាកណ្តាល​កីឡា​បានប្រកាស​គាំទ្រ​ការដាក់ពិន័យ​ព្យួរការងារ​អស់​មួយជីវិត​ដល់​លោក​អាជ្ញាកណ្តាល Joseph Lamptey ពីបទ​កំណត់​លទ្ធផល​នៃ​ការប្រកួត ក្រោយពី​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាវិន័យ​របស់ FIFA។

FIFA បាន​បញ្ជាក់ថា ការប្រកួត​នោះ​នឹងត្រូវ​លេង​នៅ​ខែវិច្ឆិកា ឆ្នាំ2017 អំឡុងពេល​ការបើក​យុទ្ធនា​ការប្រកួត​អន្តរជាតិ ខណៈដែល​កាលបរិច្ឆេទ​ជាក់លាក់​នឹងត្រូវ​ប្រកាស​ជា​ក្រោយ៕

ប្រភពពី៖ Sky Sports

Advertisement