ស្ត្រី​មានទ្រព្យ​ច្រើនជាងគេ​លំដាប់​ទីមួយ​ប្រចាំ ប្រទេស​ចិន សម្រាប់​ឆ្នាំ 2021 រកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ

ទស្សនាវដ្ដី Forbes របស់ សហរដ្ឋ​អាម៉េរិក ទើបតែ​បានប្រកាស​បង្ហាញ​តារាង​ចំណាត់ថ្នាក់​អ្នកមាន​ជាងគេ​ចំនួន 100 នាក់ នៅ​ប្រទេស​ចិន សម្រាប់​ឆ្នាំ 2021 ក្នុងនោះ Yang Huiyan ដែល​កាន់កាប់​ភាគហ៊ុន 57% និង​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​អចលនទ្រព្យ Country Garden គឺជា​អ្នក​នាំមុខគេ។

Yang Huiyan ចាប់កំណើត​នៅ​ឆ្នាំ 1981 និង​ធំ​ឡើង​នៅ​ខេត្ត​ក្វាង​ទុង ប្រទេស​ចិន។ កាលណោះ ឪពុក​របស់​នាង ឈ្មោះ Yang Guoqiang រកស៊ី​ក្នុង​វិស័យ​សំណង់​បាន​ជាង​មួយឆ្នាំ ដែល​នេះ​គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការឈាន​ចូល​វិស័យ​អចលនទ្រព្យ​ពេញលេញ។

លោក Yang Gouqiang

តាំងពី​នៅ​តូច Yang Huiyan ត្រូវបាន​ឪពុក​សង្ឃឹម​ជឿជាក់ និង​បណ្ដុះបណ្ដាល​ដើម្បី​បន្តវេន​ក្នុងការ​គ្រប់គ្រង​ក្រុមហ៊ុន។ ពេល Yang Huiyan នៅ​រៀន​មធ្យមសិក្សា ឪពុក​របស់​នាង​បាន​បង្កើត​ក្រុមហ៊ុន Country Garden។ ក្រោយពី​បញ្ចប់​មធ្យមសិក្សា​នៅ ប្រទេស​អង់គ្លេស Yang Huiyan ក៏បាន​ទៅកាន់​សហរដ្ឋ​អាម៉េរិក ដើម្បី​សិក្សា​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​នៅ​សាកលវិទ្យាល័យ Ohio។ ឆ្នាំ 2003 Yang Huiyan បានបញ្ចប់​ការសិក្សា និង​បាន​ត្រលប់មក​ប្រទេស​វិញ ដើម្បី​ជួយ​ការងារ​ជំនួញ​របស់​គ្រួសារ។

លោក Yang Gouqiang តែង​ស្នើឱ្យ​កូនស្រី​របស់ខ្លួន ចូលរួម​កិច្ចប្រជុំ​នានា​របស់​ក្រុមហ៊ុន និង​ទទួលខុសត្រូវ​លើ​ការងារ​មួយចំនួន។ ក្រោយ​រយៈពេល 2 ឆ្នាំ តម្លៃ​មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន Country Garden បាន​ឡើងដល់​ជិត 120 លាន​លាន​ដុល្លារ​ហុងកុង និង​ក្លាយជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំជាងគេ​លំដាប់​ទីមួយ​នៅ ប្រទេស​ចិន។

Yang Huiyan កាល​ពី​វ័យ​នៅក្មេង

វ័យ 25 ឆ្នាំ Yang Huiyan បាន​ក្លាយជា​អ្នកមាន​ជាងគេ​នៅ ប្រទេស​ចិន ក្រោយពី​ឡើងកាន់តំណែង​ជា​នាយិកា​ប្រតិបត្តិ​របស់ Country Garden បាន 1 ឆ្នាំ។ ជោគជ័យ​របស់ Yang Huiyan ត្រូវបាន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នេះ សរសើរ​ថា មិន​ត្រឹមតែ​មានចំណេះដឹង​ខ្ពស់​ខ្ពស់ និង​ឆ្លាត​វៃ​នោះទេ តែ​នាង​ក៏មាន​ការយល់ដឹង​ច្រើន​អំពី​និន្នាការ ចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​សម្រាប់​អនាគត​របស់​ក្រុមហ៊ុន​ផងដែរ។ Yang Huiyan មាន​បុគ្គលិកលក្ខណៈ​ដូច​ទៅនឹង​ឪពុក​របស់​នាង។

Yang Huiyan កាល​ពី​អាយុ​ខ្ទង់​ជាង​ម្ភៃ

នៅ​ចុងឆ្នាំ 2021 នេះ Yang Huiyan ត្រូវបាន​ទស្សនាវដ្ដី Forbes របស់ សហរដ្ឋ​អាម៉េរិក ចាត់​ចំណាត់ថ្នាក់​ជា​អ្នកមាន​ជាងគេ​បង្អស់ ក្នុងចំណោម​ស្ត្រី​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​ចំនួន 100 នាក់ នៅ​ប្រទេស​ចិន។ មហា​សេដ្ឋិនី Yang Huiyan កំពុង​កាន់កាប់​ភាគហ៊ុន 57% និង​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​អចលនទ្រព្យ Country Garden។ បច្ចុប្បន្ន Yang Huiyan មាន​អាយុ 40 ឆ្នាំ និង​មានទ្រព្យ​សម្បត្តិ 27.8 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

Advertisement