កម្ពុជា​ ​ត្រៀម​គោលនយោបាយ​គាំទ្រ​ដល់​រថយន្ត​​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន បាន​ថ្លែងថា រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ដើរតួនាទី​យ៉ាងសំខាន់ រួមចំណែក​ក្នុងការ​ការពារ​បរិស្ថាន។

ប្រសាសន៍​ខាងលើនេះ​ត្រូវបាន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន លើកឡើង​នៅក្នុង​ឱកាស​អញ្ជើញ​ធ្វើដំណើរ​តាម​រថយន្ដ​អគ្គិសនី ជាមួយ​លោកស្រី Tina Redshaw ឯកអគ្គរាជទូត​អង់គ្លេស ប្រចាំ កម្ពុជា ដើម្បី​ធ្វើតេស្ត​ប្រសិទ្ធភាព​របស់​រថយន្ត​អគ្គិសនី ក្នុង​ដំណើរ​ឆ្ពោះទៅ​ចូលរួម​កិច្ចពិភាក្សា នៅ​សណ្ឋាគារ Raffles le Royal Hotel ក្រោម​ប្រធានបទ៖ “អគ្គិសនី​ភាវូបនីយកម្ម​នៃ​យានយន្ត ដើម្បី​អនាគត​បៃតង​សម្រាប់​កម្ពុជា” កាលពី ថ្ងៃ 4 ខែវិច្ឆិកា កន្លងទៅ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន

ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា ការធ្វើដំណើរ​តាម​រថយន្ត​ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី ក៏មាន​លក្ខណៈ​ដូច​ទៅនឹង​ការធ្វើដំណើរ​តាម​រថយន្ត​ម៉ាស៊ីន​សាំង​ធម្មតា​ដែរ ហើយ​ថែមទាំង​ស្ងាត់​ទៀតផង។

ជាង​នេះ រដ្ឋមន្ត្រីក្រសួង សាធារណការ ក៏មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រសួង​កំពុង​រៀបចំ​គោលនយោបាយ​ដើម្បី​ជាការ​គាំទ្រ​សម្រាប់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ដែល​មាននៅ កម្ពុជា ផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម​ទាំងមូល​សម្រាប់​រថយន្ត​ប្រភេទ​នេះ​នៅ កម្ពុជា នឹង​រួមមាន ស្ថានីយ​បញ្ចូល​ថាមពល​អាគុយ, ទីតាំង​ផ្តល់​សេវា, គ្រឿងបន្លាស់, បុគ្គលិក​ទទួល​ការបណ្តុះបណ្តាល, កន្លែង​បោះចោល​អាគុយ។ គម្រោង​របស់​ក្រសួង​ក៏​នឹងត្រូវ​ធានា​ឱ្យបាន​ប្រាកដថា រថយន្ត​អគ្គស​នី​​ទាំង​ឡាយ​​ដែល​នាំ​ចូលមក កម្ពុជា សុទ្ធតែ​មានគុណ​ភាពល្អ៕

Advertisement