ក្លិប​អង់គ្លេស​ចំណាយ​អស់1.4ពាន់​លាន​ផោន​លើ​ការទិញចូល​កីឡាករ​ថ្មី

ក្លិប​កីឡាបាល់ទាត់​របស់​អង់គ្លេស​បាន​ជះ​ប្រាក់​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការបើក​ទីផ្សារ​ដោះដូរ​កីឡាករ​រហូតដល់​ទៅ210លាន​ផោន (ស្មើនឹង272លាន​ដុល្លារ​អាមេរិក) និង​បានធ្វើ​ឲ្យ​ការចំណាយ​សរុប​កើន​រហូតដល់​ទៅ1.4ពាន់​លាន​ផោន ខណៈដែល​ក្របខ័ណ្ឌ Premier League បាន​បញ្ចេញ​សាច់ដុំ​ផ្នែក​ហិរញ្ញវត្ថុ​របស់ខ្លួន​ម្តងទៀត។

តួលេខ​ពី​ក្រុមហ៊ុន Sports Business Group របស់​អង្គភាព Deloitte បាន​បង្ហាញថា ការចំណាយ​សរុប​កើន​ច្រើន​រហូតដល់​ទៅ23ភាគរយ បើ​ធៀប​ទៅនឹង​កំណត់ត្រា​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​រដូវ​កាល​ក្តៅ​មុន។ ការចំណាយ​នោះ​នឹងមាន​ចំនួន​កាន់តែ​ខ្ពស់​ជាងនេះទៅទៀត ប្រសិនបើ​ការផ្ទេរ​ជាច្រើន​ផ្សេងទៀត​បានទទួល​ជោគជ័យ​ដូច​ការរំពឹងទុក កាលពី​ថ្ងៃ​ព្រហស្បតិ៍។ បើទោះបី​បាន​ចំណាយ​ប្រាក់​ជាច្រើន​ក៏ដោយ ប៉ុន្តែ ក្លិប​ស្ថិតក្នុង​ក្របខ័ណ្ឌ Premier League មិនមាន​ការខាតបង់​អ្វី​ឡើយ ក្រោយពី​ទទួលបាន​ប្រាក់ចំណូល​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ពី​ការលក់​សិទ្ធិ​ផ្សាយ​ការប្រកួត។

លោក Dan Jones ដែលជា​ដៃគូ​ក្នុង​ក្រុមហ៊ុន Sports Business Group របស់ Deloitte បាន​ឲ្យ​ដឹងថា៖ «នៅពេលដែល​យើង​បានធ្វើ​ការវិភាគ​ទៅលើ​ប្រាក់ចំណូល​ដែល​ប្រមូលបាន​ពី​ការលក់​សិទ្ធិ​ផ្សាយ​ការប្រកួត ពាណិជ្ជកម្មផ្សេងៗ និង​ចំណូល​ពី​ការលក់​សំបុត្រ ក្លិប​របស់​ក្របខ័ណ្ឌ Premier League កំពុងតែ​ចំណាយ​ប្រាក់​ក្នុង​កម្រិត​យ៉ាង​ល្អ​មួយ»។

លោក Jones បាន​បន្ថែមទៀតថា៖ «សម្រាប់​រយៈពេល15ឆ្នាំ​ចុង​ក្រោយនេះ ការចំណាយ​សរុប​ប្រចាំឆ្នាំ នៅតែ​ស្ថិតក្នុង​កម្រិត​ចន្លោះ​ពី1/5 និង1/3 នៃ​ប្រាក់ចំណូល​សរុប​របស់​ពួកគេ»។ បើ​ផ្អែកទៅលើ​ការប៉ាន់ប្រមាណ​ទៅលើ​ប្រាក់ចំណូល​សម្រាប់​ក្លិប​ទាំង20របស់​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ ការចំណាយ​ប្រាក់1.4ពាន់​លាន​ផោន ទៅលើ​ការទិញចូល​កីឡាករ​ថ្មី បង្ហាញ​ពី​ចំនួន​មធ្យម​នៃ​ការកើនឡើង​ប្រាក់ចំណូល​ចំនួន31ភាគរយ ក្នុង​មួយ​ក្លិប៕

ប្រភពពី៖ Eurosport

Advertisement