កូនស្រី អេ ភូ​ថង ត្រៀម​បង្ហាញ​សមត្ថភាព​នៅ​ស៊ា​ង​ហៃ ថ្ងៃ​សៅរ៍​នេះ

កីឡាការិនី អេ យ៉ា​នុត ដែលជា​កូនស្រី​ច្បង​របស់​អតីត​កីឡាប្រដាល់​ដ៏​ឆ្នើម​របស់​កម្ពុជា អេ ភូ​ថង កំពុងតែ​សម្លឹង​រក​ការធ្វើ​ឲ្យ​បានល្អ និង​ដណ្តើម​ឲ្យ​បាន​ជ័យជម្នះ​ក្នុងពេល​ប្រកួត​យុទ្ធ​គុន​ចម្រុះ (MMA) ជាមួយនឹង​កីឡាការិនី​ចិន Xu Chun Yan ក្នុង​ទម្ងន់52.2គីឡូក្រាម ក្នុង​ព្រឹត្តិការណ៍ ONE Championship: Shanghai នៅ​សង្វៀន Shanghai Oriental Sports Center នៅ​ថ្ងៃ​សៅរ៍ ស្អែក​នេះ។

កីឡាការិនី​វ័យ19ឆ្នាំ​រូបនេះ​នឹងធ្វើ​ការបង្ហាញ​ខ្លួន​ក្នុងការ​ប្រកួត MMA អាជីព​ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ស្ថាប័ន ONE Championship ជា​លើក​ទី2 របស់​នាង ក្រោយពី​បាន​ចូល​ប្រកួត​លើក​ទី1កាលពី​ឆ្នាំ2015។ ក្នុងការ​ប្រកួត​នោះ អេ យ៉ា​នុត បាន​រង​បរាជ័យ​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​នៅពេល​ជួប​ជាមួយនឹង​កីឡាការិនី វី ស្រី​ខួច នា​ព្រឹត្តិការណ៍ ONE: Kingdom of Khmer ដែល​ត្រូវបាន​រៀបចំឡើង​នៅ​រោង​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។ ប៉ុន្តែ បច្ចុប្បន្ន កីឡាការិនី​វ័យក្មេង​រូបនេះ កំពុងតែ​ប្រឈមមុខ​នឹង​ការប្រកួត​ដ៏​ធំ​មួយ​ជាមួយនឹង​កីឡាការិនី​ចិន Chun Yan វ័យ27ឆ្នាំ ដែល​ក៏​ជា​ជើង​ថ្មី​ក្នុង MMA ម្នាក់​ដែរ ប៉ុន្តែ​ជា​ជើង​ខ្លាំង​ក្នុង​ការប្រកួត​ប្រដាល់សកល​អាជីព និង​ជា​អតីត​ម្ចាស់​ខ្សែក្រវាត់ WBCទៀតផង។ មុននឹង​ចេញដំណើរ​ទៅ​ប្រកួត​កាលពី​ថ្ងៃ​ពុធ អេ យ៉ា​នុត បាន​ប្រាប់ថា៖ «ខ្ញុំ​ពិតជា​រំភើប​ណាស់​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​បែបនេះ ហើយ​ខ្ញុំ​នឹង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​របស់​ខ្ញុំ​ដើម្បី​ធ្វើ​ឲ្យ​បានល្អ។ ខ្ញុំ​ត្រៀមលក្ខណៈ​រួចរាល់​ហើយ»។ អេ យ៉ា​នុត បាន​ត្រៀម​សម្រាប់​ការប្រកួត​នេះ តាមរយៈ​ការហ្វឹកហាត់​នៅឯ​ក្លិប Cambodia Top Team ក្រោម​ការ​បង្វឹក​ពី​លោក​ហ៊ុន ចាន់​រាជ។

ក្នុងការ​ប្រកួត​ដែលមាន​រហូតដល់​ទៅ១០គូ​នេះ ក៏មាន​ជើង​ខ្លាំង​ផ្នែក​ចំបាប់ Ben Askren នឹងត្រូវ​ការពារ​ខ្សែក្រវាត់​ពិភពលោក​ក្នុង​ទម្ងន់77.1គីឡូក្រាម​របស់គេ​ជាមួយនឹង​កីឡាករ Zebaztian Kadestam របស់​ស៊ុយអែត ក្នុងការ​ប្រកួត​កម្រិត​គូ​ឯក​ផងដែរ៕

Advertisement