Samsung រំពឹងថា ការលក់ Galaxy Note 8 នឹង​ខ្លាំង​ជាង Note 5

ក្រុមហ៊ុន Samsung រំពឹងថា ការលក់​ស្មា​ត​ហ្វូ​ន Galaxy Note 8 ថ្មី​របស់ខ្លួន​នឹង​កើនឡើង​បាន​ច្រើនជាង 11លាន​គ្រឿង​ក្រោយពេល​ចេញលក់​លើ​ទីផ្សារ​ភ្លាម។ នេះ​បើតាម​ការ​បង្ហើប​ឱ្យដឹងពី​លោក DJ Koh ប្រធាន​ផ្នែក​ទូរស័ព្ទ​ចល័ត​របស់​កូរ៉េខាងត្បូង។

ប្រធាន​ផ្នែក​ទូរស័ព្ទ​ខាងលើ​បានឱ្យដឹងថា ទូរស័ព្ទ Galaxy Note 5 ជា​ម៉ូ​ដែល​ទូរស័ព្ទ​ចុងក្រោយបង្អស់​របស់​ក្រុមហ៊ុន​Samsung ធ្លាប់​លក់​ចេញ​បាន​ចំនួន 11 លាន​គ្រឿង​ហើយ  ហើយ​លោក​រំពឹងថា Note 8 នឹង​លក់បាន​ច្រើនជាង​ចំនួន​នេះ​ទៅទៀត។លោក​បាន​បន្ថែមថា ការដឹកជញ្ជូន Note 8 អាច​នឹងមាន​ការប្រែប្រួល​ខ្លះ ព្រោះ​ក្រុមហ៊ុន​ក៏​ចង់​បន្ដ​លក់​ទូរស័ព្ទ ​Galaxy S 8 ឱ្យបាន​ច្រើន​បន្ថែមទៀត​ផងដែរ។ ជា​គោលដៅ​របស់ Samsung សម្រាប់​ការលក់ Galaxy S 8 គឺ 48 លាន​គ្រឿង ហើយ​បច្ចុប្បន្ន​ស្មា​ត​ហ្វូ​ន​នេះ​លក់បាន​ច្រើនជាង​កាលពី​លក់ Galaxy S 7 ប្រមាណ​ជា 15% ហើយ។

ចំពោះ​ទូរស័ព្ទ Galaxy Note 8 នេះ​ប្រើ​នូវ​អេក្រង់ Super AMOLED កម្រិត QHD+ និង​គាំទ្រ Mobile HDR Premium ហើយ​មាន​មុខងារ Always on Display និង Screen off memos ។ កាមេរ៉ា​ក្រោយ​របស់​វា​មាន 2 គ្រាប់​ទំហំ 12MP ដូចគ្នា មួយ​ជា​កម្រិត f/1.7 សម្រាប់ Lens ធម្មតា និង​មួយទៀត​កម្រិត f/2.4 សម្រាប់ Telephoto lensហើយ​ក៏មាន​បំពាក់​នូវ​បច្ចេកវិទ្យា Optical Stabilization ដូចគ្នា។ ស្មា​ត​ហ្វូ​ន​នេះ មាន RAM ទំហំ 6GB ដំណើរការ​ដោយ​ប្រព័ន្ធ Android 7.0 Nougat និង​មាន​ថាមពល​ថ្ម 3300mAh។

យ៉ាងណាមិញ ចំពោះ​ទីផ្សារ​កម្ពុជា ទូរស័ព្ទ Galaxy Note 8 អាច​នឹងមាន​វត្តមាន​នៅ​ចុងខែ​កញ្ញា ឆ្នាំ2017 នេះ ជាមួយនឹង​តម្លៃ​ប្រមាណ 900 ដុល្លារ​ស្ដើង៕

Advertisement