នាយកដ្ឋាន​ព័​ត៌មាន​វិទ្យា៖ ជន​ខិល​ខូច​ កំពុង​​ប្រើ​ល្បិច «ស្ទង់​មតិ និង​​ចែក​ចាយ​ Link​ តាម Facebook Messenger និង WhatsApp ដើម្បី​ឈ្នះ​រង្វាន់ 2សែន​រៀល»

(ភ្នំពេញ)៖ «កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា “និ​ធិ​សុខុមាលភាព​កូ​កា-កូ​ឡា” ដែល​ស្នើឱ្យ​បុគ្គល​គោលដៅ ឆ្លើយ​នឹង​សំណួរ​ស្ទង់​មតិ និង​ចែករំលែក​តំណ​ភ្ជាប់ ទៅកាន់​មិត្តភក្តិ ដើម្បី​ឈ្នះ​រង្វាន់​ជា​ទឹកប្រាក់ 2សែន​រៀល គឺជា ល្បិច​បោកប្រាស់​របស់​ជនខិលខូច» នេះ​បើតាម នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ។

នាយកដ្ឋាន​ព័ត៌មានវិទ្យា បាន​បញ្ជាក់ថា កម្មវិធី​ឆ្លើយ​សំណួរ និង​ចែកចាយ​តំណ​ភ្ជាប់ ដើម្បី​ឈ្នះ​រង្វាន់​ប្រាក់ 2សែន​រៀល ពី​ក្រុមហ៊ុន កូកាកូឡា ខាងលើនេះ ត្រូវបាន​ធ្វើឡើង​តាមរយៈ​កម្មវិធី​បណ្ដាញ​សង្គម Facebook Messenger និង​កម្មវិធី WhatsApp។

ក្រុមការងារ​បច្ចេកទេស នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា បានប្រកាសថា កម្មវិធី​ខាងលើ គឺជា​ល្បិច​បោកប្រាស់ របស់​ជនខិលខូច ក្នុង​បំណង​ខាងក្រោម៖

* ធ្វើការ​អូសទាញ​ជនរ​ង​គ្រោះ​ចូលទៅ​កាន់​តំណ​ភ្ជាប់ (Link) ដែលជា​គេហទំព័រ​ក្លែងបន្លំ

* ធ្វើការ​បញ្ឆោត​ជនរងគ្រោះ​ឆ្លើយ​សំណួរ ដើម្បី​ទទួលបាន​រង្វាន់

* ធ្វើការ​បញ្ឆោត​ជនរងគ្រោះ​ចែករំលែក​តំណ​ភ្ជាប់​ទៅកាន់​មិត្តភក្តិ ដោយ​ផ្តល់​សិទ្ធិ​ឱ្យ​គេហទំព័រ​របស់​ជន​ខិលខូច​នោះ ដំណើរការ​កម្មវិធី​ផ្ញើ​សារ របស់​ជនរងគ្រោះ តួយ៉ាង កម្មវិធី Facebook Messenger ឬ​កម្មវិធី WhatsApp និង​ធ្វើការ​ចែករំលែក​តំណ​ភ្ជាប់​ខាងលើ ដោយ​ស្វ័យប្រវត្ត ទៅកាន់​មិត្តភក្តិ​ទាំងអស់ (Contact List) របស់​ជនរងគ្រោះ។

ក្រៅពី​ចំណុច​ដែល​បាន​រៀបរាប់​នេះ ជនខិលខូច ក៏​អាច​ប្រើប្រាស់​យុទ្ធនាការ​នេះ ក្នុង​គោលបំណង ផ្សេងៗ ដូចជា ប្រើប្រាស់​គេហទំព័រ​ក្លែងបន្លំ ដើម្បី​ឆបោក លួច​យក​ព័ត៌មាន​គណនី​របស់​ជ​ន​រងគ្រោះ (ឧទាហរណ៍៖ គណនី​អ៊ីនធឺណិត ឬ​គណនី​ធនាគារ) និង​ប្រើប្រាស់ គេហទំព័រ​ក្លែងបន្លំ ធ្វើការ​ចម្លង​មេរោគ​ជាដើម។

ដូច្នេះ នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ អំពាវនាវ​ឱ្យ​អ្នកលេង​បណ្ដាញ​សង្គម បញ្ឈប់​ការចែករំលែក និង​ការ​ចុច​លើ​តំណ​ភ្ជាប់ ដើម្បី​ចៀសវាង​បញ្ហា​ដូច​បាន​រៀបរាប់​ខាងលើ៕

ប្រភព​៖ Press OCM
ដកស្រង់​៖ បុត្រា

Advertisement