រោងចក្រមួយរបស់ Foxconn ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងកុំព្យូទ័រ ធំជាងគេក្នុងពិភពលោក របស់អ្នកជំនួញ តៃវ៉ាន់ នៅប្រទេសចិន រងគ្រោះអគ្គិភ័យនៅថ្ងៃទី2 ខែមិថុនានេះ។
រោងចក្រដែលរងគ្រោះអគ្គិភ័យនេះ ស្ថិតនៅក្នុងទីក្រុង Shenzhen ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ កម្លាំងពន្លត់អគ្គិភ័យ បានទៅដល់កន្លែងកើតហេតុ និងបានគ្រប់គ្រងស្ថានការណ៍ទាន់ពេល។
ហេតុការណ៍នេះ មិនបានបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិត ឬប៉ះពាល់ដល់ផ្នែកផលិតកម្មនោះដែរ។ នេះបើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Foxconn។ ក្រុមមន្ត្រីមានសមត្ថកិច្ច កំពុងស៊ើបអង្កេតរកមូលហេតុនៃករណីនេះ។
Foxconn បច្ចុប្បន្ន គឺជាអ្នកផលិតឧបករណ៍អេឡិចត្រូនិកទៅតាមការបញ្ជាទិញ ធំបំផុតក្នុងពិភពលោក។ ក្រុមហ៊ុននេះ មានទីស្នាក់ការកណ្ដាលនៅកោះតៃវ៉ាន់។
គួររំលឹកថា កាលពីថ្ងៃទី1 ខែមិថុនា កន្លងទៅ មហាសេដ្ឋីតៃវ៉ាន់ លោក Terry Gou ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Foxconn បានដាក់ពាក្យសុំច្បាប់នាំចូលកោះតៃវ៉ាន់ នូវវ៉ាក់សាំងបង្ការ Covid-19 BioNTech របស់ អាល្លឺម៉ង់ ចំនួន 5លានដូស ដើម្បីចាក់ជូនពលរដ្ឋកោះ។ អាជ្ញាធរកោះតៃវ៉ាន់ កំពុងពិនិត្យសំណើរនេះ៕
ប្រភព៖ Global Times, Reuters
ប្រែសម្រួល៖ បុត្រា