Gibbs និង Krychowiak ចេញពី​ក្លិប Arsenal និង PSGទៅ​ចូល West Brom រៀងៗខ្លួន

ក្លិប West Brom បាន​បំពេញ​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែការពារ​ស្លាប​ឆ្វេង Kieran Gibbs ពី​ក្លិប Arsenal ក្នុងតម្លៃ​ខ្លួន​ប្រមាណ​ជា7លាន​ផោន (ស្មើនឹង9លាន​ដុល្លារ​អាមេរិក) និង​ខ្សែបម្រើ Grzegorz Krychowiak ពី​ក្លិប Paris St-Germain ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។

កីឡាករ Grzegorz Krychowiak

ខ្សែការពារ​អន្តរជាតិ​អង់គ្លេស Gibbs វ័យ27ឆ្នាំ បាន​យល់ព្រម​លើ​កិច្ចសន្យា​រយៈពេល4ឆ្នាំ។ ដោយឡែក ខ្សែបម្រើ​អន្តរជាតិ​ប៉ូឡូញ Krychowiak បាន​ចូល​លេង​ត្រឹមតែ10ប្រកួត​ប៉ុណ្ណោះ​សម្រាប់​ក្លិប​បារាំង ចាប់តាំងពី​ផ្ទេរ​មកពី​ក្លិប Sevilla ក្នុងតម្លៃ​ខ្លួន28លាន​ផោន កាលពី​ឆ្នាំមុន។ Krychowiak បានឈ្នះ​ពាន​ក្របខ័ណ្ឌ Europa League ពីរលើក​ជាមួយនឹង​ក្លិប Sevilla និង​បានឈ្នះ​ពាន Trophee des Champions, Coupe de la Ligue និង Coupe de France នៅឯ​ក្លិប PSG កាលពី​រដូវ​កាល​មុន។

ខ្សែបម្រើ​រូបនេះ ដែល​បាន​បង្ហាញខ្លួន​ជា​អន្តរជាតិ​ចំនួន45លើក​សម្រាប់​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ​នោះបាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​មាន​សំណើ​ជាច្រើន​ពី​សំណាក់​ក្លិប​នៅ​អេ​ស្ប៉ា​ញ និង​អ៊ីតាលី។ ប៉ុន្តែ នេះ​គឺជា​ក្លិប​ពោរពេញ​ដោយ​មហិច្ឆតា​មួយ។ វា​មាន​បរិយាកាស​ដ៏​ល្អ​មួយ​នៅទីនេះ»។

កីឡាករ Kieran Gibbs

Gibbs ក៏បាន​ធ្វើការ​ពិភាក្សា​ជាមួយនឹង​ក្លិប Watford និង​ក្លិប​តួ​ក​គី Galatasaray នៅ​រដូវក្តៅ​នេះ​ផងដែរ ស្រប​ពេលដែល Krychowiak បានទទួល​ការចាប់អារម្មណ៍​ពី​សំណាក់​ក្លិប​ជាច្រើន​ក្នុងនោះ​រាប់បញ្ចូល​ទាំង Chelsea និង Juventus ទៀតផង។ Gibbs ដែល​បាន​នៅ​ជាមួយនឹង​ក្លិប Arsenal តាំងពី​វ័យ14ឆ្នាំ​មក​នោះ បាន​ឲ្យ​ដឹងថា៖ «ពួកគេ​បាន​បង្កើត​ឲ្យ​មានការ​ចុះហត្ថលេខា​ដ៏​ល្អ​មួយ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា នេះ​គឺជា​ការផ្ទេរ​ដ៏​ល្អ​មួយ​សម្រាប់​ខ្ញុំ»៕

ប្រភពពី៖ BBC

Advertisement