លោក Ulf Sebecke ៖ ការទិញ​រថយន្ត​ពី​ទីផ្សារ​ខាងក្រៅ ជាការ​ខ្ជះខ្ជាយ​ថវិកា

នៅ​កម្ពុជា អ្នកប្រើប្រាស់​រថយន្ត​ស្ទើរតែ 90% និយម​ចូលចិត្ត​ទិញ​រថយន្ត​ពី​ទីផ្សារ​ខាងក្រៅ ដែល​មិនមែន​ធ្វើឡើង​តាមរយៈ​ក្រុមហ៊ុន​ស្របច្បាប់​ដែល​ទទួល​សិទ្ធិ​ពី​រោងចក្រ ឬ​ក្រុមហ៊ុន​ដើម​នៅឯ​បរទេស។

ដោយ​មិន​ផ្ដោតលើ​អ្នកទិញ​រថយន្ត​ជជុះ លោក Ulf Sebeckeនាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​រថយន្ដ Jaguar Land Rover ប្រចាំ​កម្ពុជា​បាន​និយាយថា អតិថិជន​ដែល​និយម​ទិញ​រថយន្ត​ថ្មី​ពី​ទីផ្សារ​ខាងក្រៅ​ដែល​គេ​និយម​ហៅថា Gray Market ជាការ​ខ្ជះខ្ជាយ​ថវិកា​លើ​រឿង​ឥតប្រយោជន៍​មួយចំនួន។

នាយក​គ្រប់គ្រង​ទូទៅ​ខាងលើ​បានឱ្យដឹងថា ការទិញ​រថយន្ត​ពី​ក្រុមហ៊ុន​ទទួល​សិទ្ធិផ្ដាច់មុខ និង​ការទិញ​រថយន្ដ​ពី​ទីផ្សារ​ខាងក្រៅ​មាន​ភាពខុស​គ្នាច្រើន។  អ្នកប្រើប្រាស់​ភាគច្រើន​គិត​លើ​តម្លៃ​ជាធំ ប៉ុន្តែ​មិនបាន​គិត​លើ​គុណភាព និង​លក្ខខណ្ឌ​បច្ចេកទេស​នៃ​រថយន្ត​ដែល​ពួកគាត់​កំពុង​ជិះ​នោះទេ។

លោក​បន្ដថា រថយន្ដនីមួយៗគឺ​ត្រូវតែ​តម្រូវ​ទៅតាម​លក្ខខណ្ឌ​របស់​ប្រទេសនីមួយៗ ដូចជា​គុណភាព​ប្រេង អាកាសធាតុ និង​ស្ថានភាព​ផ្លូវ ជាដើម។ ដូច្នេះ ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ត្រឹមត្រូវ​ពី​រោងចក្រ មិន​ត្រឹមតែ​លក់​រថយន្ដ​ទៅតាម​ការស្រឡាញ់​ពេញចិត្ត​របស់​អតិថិជន​នោះទេ តែ​ថែមទាំង​បាន​ធានា​ទាំងស្រុង​ក្នុងការ​ផ្ដល់ជូន​នូវ​រថយន្ដ ដែល​ស្របទៅតាម​លក្ខខណ្ឌ​រប​ស់​ប្រទេស​នោះ​ទៀតផង។

លោក​ថ្លែងថា៖«ពិតណាស់​អតិថិជន​ខាតបង់​ពេលវេលា និង​ថវិកា​ច្រើន ប្រសិនបើ​រថយន្ត​ទាំងនោះ​មាន​បញ្ហា ហើយ​អ្វីដែល​សំខាន់ គឺ​ការជួសជុល​អាច​នឹងមិន​ត្រូវ​លក្ខខណ្ឌ​បច្ចេកទេស​ទៀតផង»

លោក​បន្ដទៀតថា រថយន្ត​ដែល​លក់​នៅ​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ស្របច្បាប់ ធានាថា​គ្មាន​បញ្ហា Diesel Particulate Filter (DPF) គ្មាន​បញ្ហា​គុណភាព​ប្រេងឥន្ធនៈ គ្មាន​បញ្ហា​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ ប្រព័ន្ធ​កម្ដៅ​ម៉ាស៊ីន និង​គ្មាន​បញ្ហា AD-BLUE (Additive) ជាដើម។ មួយវិញទៀត ក្រុមហ៊ុន​ក៏មាន​ផ្ដល់ជូន​នូវ​ការត្រួតពិនិត្យ​ស្ថានភាព​រថយន្ដ​ដោយ​ឥតគិតថ្លៃ​តាម​បច្ចេកវិទ្យា​ចុងក្រោយបង្អស់‘eVHC’ និង​ការជួសជុល ដោយ​ប្រើ​ឧបករណ៍​ជំនាញ​សម្រាប់​វិភាគ ថែទាំ និង​ជួសជុល​រថយន្ដ​ចុងក្រោយ​គេ​បង្អស់​ពី​រោងចក្រ​ផ្ទាល់ ជាមួយនឹង​មេជាង​ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល និង​ទទួលស្គាល់​ពី​រោងចក្រ។

ដោយ​រថយន្ត​ទទួល​សិទ្ធិផ្ដាច់មុខ​ពី​រោងចក្រ​ស្របច្បាប់​ត្រូវបាន​សិក្សា​លម្អិត​ទៅលើ​ចំណុច​ខាងលើ​ដែល​ប្រេងឥន្ធនៈ​ជា​រឿង​ត្រូវបាន​គិតគូរ​ជា​ចម្បង​ព្រោះថា ប្រេងឥន្ធនៈ​ដែលមាន​ក្នុង​ទីផ្សារ​កម្ពុជា​ខុសគ្នា​នឹង​ប្រេង​ដែលមាន​ក្នុង​ទីផ្សារ​អឺរ៉ុប។  ប្រេងម៉ាស៊ូត​ដែល​ប្រើ​នៅ​អឺរ៉ុប​មាន​កម្រិត EU6 ខណៈ​ប្រេង​នៅ​កម្ពុ​ជាមាន​កម្រិត​ត្រឹម EU3  នេះ​មានន័យថា ប្រេង​នៅ​ស្រុក​ខ្មែរ​មានគុណ​ភាព​ទាប​ជាង ដែលនាំឱ្យ​ម៉ាស៊ីនរថយន្ត​ទាំងនោះ​ដំណើរ​ការមិន​បានល្អ ឆាប់​ហុយផ្សែង ដែល​ឈានទៅរក​ការរុះរើ​ម៉ាស៊ីនរថយន្ត​ជាក់​ជាមិនខាន។ មួយវិញទៀត នៅពេលដែល​ខាង​រោងចក្រ​រកឃើញ​កំហុសឆ្គង​ណាមួយ ដែល​តម្រូវឱ្យ​ប្រមូល​រថយន្ត​ចូល​វិញ អ្នក​ដែល​ទិញ​ពី​ក្រុមហ៊ុន​មានឱកាស​ខ្ពស់ ខណៈ​អ្នកទិញ​ពី​តាម​ហាង​នៅតែ​បន្ដ​ប្រើ​រថយន្ត​របស់​ពួកគាត់​ទាំង​មាន​បញ្ហា ឬ​ទៅរក​សេវា​ជួលជុល​ខាងក្រៅ ដែល​គ្មាន​ជំនាញ​ត្រឹមត្រូវ ខាតបង់​ទាំង​ពេលវេលា និង​ប្រាក់កាស​ជាដើម។

លោក​ថ្លែងថា៖«រថយន្ត​ជិះ​គង់​នឹងមាន​បញ្ហា ប៉ុន្តែ​អតិថិជន​នឹងមាន​ទំនុកចិត្ត​ខ្ពស់ និង​មិន​ខ្លាច​មាន​បញ្ហា​នៅ​ថ្ងៃក្រោយ​ឡើយ​បន្ទាប់ពី​ទិញ​រថយន្ដ​រួច ព្រោះថា យើង​មានអ្វីៗសព្វគ្រប់ ទាំង​គ្រឿងបន្លាស់ ឧបករណ៍​បម្រើ​ដល់​ការជួសជុលទំនើបៗ និង​អ្នកជំនាញ​ពេញដៃ»។

នៅទីនេះ ក្រុមហ៊ុន​សូម​ធានា​ផ្ដល់នូវ​ផលិតផល​ពិតប្រាកដ 100% ដែល​រចនា និង​ផលិតឡើង​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ទីផ្សារ​ប្រទេស​កម្ពុជា​ដូចជា​អាកាសធាតុ និង​គុណភាព​ប្រេង។ រថយន្ត​របស់​យើង​ត្រូវបាន​នាំចូល​ផ្ដាច់មុខ ការធានា និង​គម្រោង​ផ្ដល់​សេវាកម្ម​ពី​ឧស្សាហករ​ដែល​ផ្តល់ឱ្យ​អតិថិជន​របស់​យើង​មាន​ទំនុក​ចិ​ត្ដ​បំផុត។ ផលិតផល និង​សេវាកម្ម​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅ​បម្រើ​អ្នក និង​ជាមួយនឹង​ជំនាញ​ឯកទេស​ខ្ពស់បំផុត ដែល​បាន​បណ្តុះបណ្តាល និង​បានបញ្ជាក់​ដោយ​អ្នកជំនាញ​មកពី​រោងចក្រ​ដើម​នៅ​ចក្រភព​អង់គ្លេស។

តាម​ការបញ្ជាក់​ពី​ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​លោក​ Peter Brongers កាលពីពេល​កន្លង​ទៅបាន​ឱ្យដឹងថា រថយន្ត​ប្រមាណ 60.000 គ្រឿង ត្រូវបាន​នាំចូល​ក្នុង​មួយឆ្នាំ​ដោយ​ក្រុមហ៊ុន​ចែកចាយ​ក្រៅផ្លូវការ ហើយ​កម្ពុជា​ជា​ប្រទេស​អាស៊ាន​ដែលមាន​ទីផ្សារ​ភាគហ៊ុន​ផ្លូវ​ការដែល​មិនទាន់មាន​ការកែលម្អ និង​ធំជាងគេ។ ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង10មាន 7 ប្រទេស​បាន​ចុះបញ្ជី​ច្បាប់​លើ​បញ្ហា​នេះ​ដោយ​ហាមឃាត់​ការ​នាំចូល​រថយន្ត​ជជុះ​ទាំងនោះ។ ដោយ​មិនមាន​ដែន​កំណត់​លើ​ការ​នាំចូល មី​យ៉ាន់​ម៉ា និង​កម្ពុជា​គឺជា​សមាជិក​ដែល​មិនទាន់​ល្អ​នៃ​អាស៊ាន។

សព្វថ្ងៃ​ការ​ប្រឈម​មួយ​ក្នុងចំណោម​ការ​ប្រឈមសំខាន់ៗ គឺ​ការណែនាំ​អតិថិជន​ឱ្យដឹងពី​ភាពខុសគ្នា​រវាង​រថយន្ត​នាំចូល​ដោយ​ក្រុមហ៊ុន​ស្របច្បាប់ និង​តាម​ហាង​នាំចូល​ក្រៅផ្លូវការ។ យានយន្ត​ដែល​ទ​ទូល​បាន​សិទ្ធិ​ដាក់លក់ ត្រូវបាន​កែសម្រួល​ទៅតាម​ស្ថានភាព​ក្នុងស្រុក និង​ផ្តល់​ផលប្រយោជន៍​ផ្ទាល់​ដល់​អតិថិជន​កម្ពុជា​រយៈពេល​យូរអង្វែង។ យានយន្ត​ដែល​ទទួល​សិ​ទិ្ធ​ដាក់លក់​នេះ ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង ស្របតាម​លក្ខខណ្ឌ​ប្រេងឥន្ធនៈ​កម្ពុជា ការបង្កើត​តួ​រថយន្ត​ត្រូវ​ទៅនឹង​ស្ថានភាព​ផ្លូវ និង​ម៉ាស៊ីនត្រជាក់​មាន​សមត្ថ​ភាព​ខ្ពស់ជាង ត្រូវ​នឹង​អាកាសធាតុ​តំបន់​ត្រូពិច ដែល​ទាំងអស់នេះ​នឹង​នាំមក​នូវ​សុវត្ថិភាព​របស់​អតិថិជន៕

Advertisement