Zlatan យល់ព្រម​បន្ត​កុងត្រា 1រដូវ​កាល​ទៀត នៅ AC Milan

Zlatan Ibrahimovic បានប្រកាស​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា រូបគេ បាន​បន្ត​កុងត្រា​ថ្មី​ជាមួយនឹង​ក្លិប AC Milan របស់គេ រយៈពេល 1រដូវ​កាល​បន្តទៀត ខណៈដែល​កុងត្រា​ចាស់​របស់គេ​គ្រោង​នឹង​ផុត​នៅ​ចុងខែ​មិថុនា រដូវ​កាល​នេះឯង។

ក្នុង​ការបន្ត​កុងត្រា​ថ្មី​នេះ គឺ​រូបគេ​នឹង​ពេញវ័យ 40ឆ្នាំ​គត់ នៅ​ខែមិថុនា​ខាងមុខ​នេះដែរ ដែល​មានន័យថា​គេ​បាន​បន្ត​កុងត្រា​ថ្មី ជាមួយ​ក្លិប​មួយ​នេះ ក្នុង​វ័យ 40ឆ្នាំ ដែលជា​វ័យ​មិនសូវមាន​កីឡាករ​ណា អាច​បន្ត​អាជីព​នេះ​បានឡើយ នៅក្នុង​ក្លិប​ដ៏​ល្បី​លំដាប់​ពិភពលោក​បែបនេះ។

ទោះជា​វ័យ​រាង​ជ្រេ​បន្តិច​មែន តែ Ibrahimovic បានបង្ហាញ​ទម្រង់​លេង នៅតែ​ល្អ ដោយ​រកបាន 17គ្រាប់ ក្នុងការ​បង្ហាញខ្លួន 25ប្រកួត គិត​គ្រប់​កម្មវិធី​នៅ​រដូវ​កាល​នេះ។ គេ​ទើបតែ​សាង​កំណត់ត្រា​ខ្លួនឯង ដោយ​រកបាន 500គ្រាប់​ក្នុង​អាជីព កាលពី​ខែ កុម្ភៈ​កន្លងទៅ៕

Advertisement