កម្ពុជា ចុះឈ្មោះ​ប្រកួត Pub-G និង Mobile Legend ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ចុងឆ្នាំ​នេះ

កម្ពុជា បានសម្រេច​ថា នឹងចូលរួម​ក្នុង​វិញ្ញាសា ៣ (PUBG Mobile-Team, PUBG Mobile-Individual និង Mobile Legends) នៃ​ប្រភេទ​កីឡា​អេឡិចត្រូនិក 2ប្រភេទ គឺ Pub-G និង Mobile Legend ក្នុងការ​ប្រកួតប្រជែង​នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ចុង​ឆ្នាំនេះ នៅ​ប្រទេស​វៀតណាម។

ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា សម្រាប់​ប្រភេទ​កីឡា​អេឡិចត្រូនិក ឬ E-Sports នេះ កម្ពុជា​បាន​បញ្ចូល​ក្នុង​កីឡា​ទាំង 32ប្រភេទ ដែល​ត្រូវ​បញ្ជូនទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​រួចហើយ នៅឡើយ​តែ​វិញ្ញាសា​ថ្មី​នេះ​ប៉ុណ្ណោះ ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជំ​រុញឱ្យ​សហព័ន្ធ ព​ន្លឿ​ន​ធ្វើ​ការងារ​បច្ចេកទេស ដើម្បី​កំណត់​វិញ្ញាសា និង​ចុះឈ្មោះ​ការប្រកួត​ផ្លូវការ ស្របពេល​កីឡា E-Sports វៀតណាម​បានដាក់​វិញ្ញាសា​ចំនួន8 រួមមាន​វិញ្ញាសា Arena Of Valor, PUBG Mobile-Team, PUBG Mobile-Individual, Free Fire, League of Legends, FIFA Online, Cross Fire និង​វិញ្ញាសា Mobile Legends។

ទោះជា​កម្ពុជា​មិនសូវ​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ប្រភេទ​កីឡា​អេឡិចត្រូនិក និង​វិញ្ញាសា​នេះ​ក្តី ក៏ប៉ុន្តែ​វិញ្ញាសា​ទាំងនោះ គឺ​កម្ពុជា​មានសង្ឃឹម​ខ្ពស់​ក្នុងការ​ស្វែងរក​មេដាយ​ជូន​ជាតិ ដោយសារតែ​កម្ពុជា ធ្លាប់មាន​ការប្រកួតប្រជែង​ជ្រើសរើស​ជើងឯក​វិញ្ញាសា​ទាំងអស់នេះ​រួចមកហើយ ទាំង​ក្នុងស្រុក និង​អន្តរជាតិ ដែល​ធ្លាប់​ទាំង​បាន​នាំ​មេដាយ​មក​កម្ពុជា​ជាច្រើន​ទៀតផង៕

Advertisement