យាន​គ្មាន​មនុស្ស​បើក​របស់ NASA ចុះ​ដល់​ដី​ពិភព​ផ្កាយ​ព្រះ​អង្គា​រហើយ ត្រៀម​បង្ហោះ​កូន​យន្តហោះ​លើកដំបូង​នៅថ្ងៃនេះ

ក្រុមការងារ​អវកាស NASA បាន​ចុះផ្សាយ​អំពី​បេសកកម្ម​ជំហាន​បន្ទាប់​របស់​ពួកគេ គឺ​ត្រូវ​បញ្ជា​ដ្រូ​ន ឬ ឧទ្ធម្ភាគចក្រ ឈ្មោះថា Ingenuity ឱ្យ​វា​ដំណើការ​ជា​លើកដំបូង​បង្អស់​នៅលើ​ពិភព​ផ្កាយ​ព្រះ​អង្គារ នៅថ្ងៃនេះ​តែម្ដង។

បេសកកម្ម​ចុងក្រោយបង្អស់​របស់ NASA លើក​នេះ ត្រូវ​ចំណាយពេល​អស់​ជាង 7ខែ ទើបបាន​ចុះចត​ដោយ​ជោគជ័យ ជាមួយនឹង​យាន​គ្មាន​មនុស្ស​បើក ឈ្មោះថា Perseverance នៅ​ផ្ទៃ​ពិភព​ក្រហម ដែល​ដំណើការ​របស់​វា ស្មុគស្មាញ​ខ្លាំង និង​ថែមទាំង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ទៀតផង។

ក្រៅពី​តួ​យាន​ដូច​កូន​ឡាន​ទូរបញ្ជា បានធ្វើ​ការរុករក និង​ខួង​ដី​ពិភព​ផ្កាយ​ព្រះ​អង្គារ​រួចហើយ NASA ក៏បាន​បង្កប់​កូន​យន្តហោះ​មួយ​ផងដែរ ដើម្បី​បង្ហោះ​សិក្សា​បន្ថែម​ឱ្យ​កាន់តែ​ស៊ីជម្រៅ។ តម្លៃ​នៃ​ការផលិត​កូន​ដ្រូ​ន​តូច​នេះ គឺ​ចំណាយ​អស់​ជាង 85លាន​ដុល្លារ​ឯណោះ។

បើ​មាន​អ្នក​ចាប់អារម្មណ៍ អាច​ចូលទៅ​យូ​ធូប​ផ្លូវការ​របស់ NASA [ដូច​បង្ហាញ​នៅ​ខាងក្រោម] រួច​ចុច​លើ​ពាក្យ Set remember ដើម្បីឱ្យ​យូ​ធូប​លោត​ប្រាប់ ពេល​ចាប់ផ្តើម​បង្ហោះ​ផ្សាយ​ផ្ទាល់៕

Advertisement