របៀប​លាយ​តែ​ទឹកដោះគោ ក្លាយជា​មុខរបរ​ថ្មី​នៅក្នុង​វចនានុក្រម៖ ទំហំ​ទីផ្សារ​តម្លៃ​រាប់​សែន​​លាន​​ដុល្លារ​​អាមេរិក

ជាមួយនឹង​ទីផ្សារ​តែ​ទឹកដោះគោ​ដែលមាន​ទំហំ​រាប់សែន​លាន​ដុល្លារ​អាមេរិក របៀប​លាយ​តែ​ទឹកដោះគោ​បានក្លាយ​ជា​មុខរបរ​ថ្មី​មួយ​នៅក្នុង​វចនានុក្រម​ដែល​និយាយ​អំពី​ប្រភេទ​ការងារ​ក្នុងសង្គម។

មុខរបរ​លាយ​តែ​ទឹកដោះគោ រួម​នឹង​មុខរបរ​ចំនួន 17 ផ្សេងទៀត ដែលមាន​ដូចជា ភ្នាក់ងារ​លក់​រថយន្ត​មួយ​ទឹក, អ្នកជំនាញ​ខាង​លេង​ហ្គេម និង live streamer (ពិធីករ​ដឹកនាំ​ការផ្សាយ​ផ្ទាល់​លើ​អ៊ី​ន​ធើ​ណិ​ត) ជាដើម គឺជា​មុខរបរ​ថ្មី​ដែល​ទើប​ត្រូវបាន​បញ្ចូល​ឈ្មោះ​ទៅក្នុង «វចនានុក្រម​បែងចែក​ប្រភេទ​មុខរបរ​ចិន» នេះ​បើតាម​លទ្ធផល​ស្រាវជ្រាវ​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 23មីនា ដោយ​ក្រសួង​ធនធានមនុស្ស​និង​សន្តិសុខ​សង្គម​ចិន (MOHRSS) រួម​នឹង​នាយកដ្ឋាន​គ្រប់គ្រង​ទីផ្សារ និង​នាយកដ្ឋាន​ស្ថិតិ​ជាតិ។

ទូរទស្សន៍​ជាតិចិន (CCTV) ដកស្រង់​សំដី​របស់​អ្នកជំនាញ​ខាង​លាយ​តែ​ទឹកដោះគោ​ម្នាក់ ឈ្មោះ Huang Peng ឱ្យដឹងថា៖ «បច្ចេកទេស​លាយ​តែ​ទឹកដោះគោ មានការ​លំបាក​នៅត្រង់​ថា អ្នក​លាយ​ត្រូវ​លៃលក​បរិមាណ​របស់​គ្រឿងផ្សំផ្សេងៗគ្នា ដើម្បី​ឆ្លើយតប​នឹង​ចំណូលចិត្ត​របស់​អតិថិជន»។

អតិថិជន​កំពុង​រីក​រាយ​ជាមួយ​ភេសជ្ជ​តែ​ទឹកដោះ​គោ​ដែល​ពួក​គេ​បាន​ទិញ​កាលពី​ឆ្នាំ​2017​ នៅ​ប្រទេស​ចិន​

អ្នកជំនាញ​ខាង​លាយ​តែ​ទឹកដោះគោ​គឺជា​អ្នកបង្កើត​ភេសជ្ជ​ជា​តែ​ទឹកដោះគោ​ដោយ​ការ​លាយ​បញ្ចូល​គ្នា​រវាង​តែ ផ្លែ​ឈើ និង​ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ ទៅតាម​បរិមាណ​កំណត់​ជាក់លាក់​ណាមួយ។ មុខរបរ​ថ្មី​នេះ មិន​ត្រឹម​តែ​បង្កើតឱ្យមាន​ភាពងាយស្រួល​ក្នុងការ​ជ្រើសរើស​បុគ្គលិក​ពី​សំណាក់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ជំរុញ​កំណើត​សេដ្ឋ​កិច្ច​ដែល​ទាក់ទង​នឹង​វិស័យ​តែ ទឹកដោះគោ និង​ផ្លែឈើ ឱ្យ​រីកចម្រើន​ឆាប់រហ័ស​ផងដែរ។ នេះ​បើតាម MOHRSS​។

បច្ចុប្បន្ន ប្រទេស​ចិន​មាន​មនុស្ស​ជាង 340លាន​នាក់ ជា​អតិថិជន​របស់​តែ​ទឹកដោះគោ។ តាម​ការរំពឹងទុក ទំហំ​ទីផ្សារការងារ​ក្នុង​វិស័យ​តែ​ទឹកដោះគោ​នៅ​ប្រទេស​ចិន នឹង​កើនឡើង​លើស 110ពាន់​លាន​យុន (16.86ពាន់​លាន​ដុល្លារ​​អាមេរិក) នៅក្នុង​ឆ្នាំ 2021៕

ប្រភព៖ Global Times
ប្រែ​សម្រួល៖ បុត្រា

Advertisement