Apple ដាក់​គម្រោង តម្លៃ 1ពាន់​លាន​ដុល្លារ បង្កើត​មជ្ឈមណ្ឌល​ផលិត​ឈី​ប 5G ផ្ទាល់ខ្លួន

បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ ពី​ការិយាល័យ​កណ្ដាល​របស់ Cupertino របស់ Apple កាលពី​សប្ដាហ៍​មុន​បានឱ្យដឹងថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ល្បីល្បាញ​មួយ​នេះ បាន​បញ្ចេញ​ឱ្យដឹង​នូវ​គម្រោង​ថ្មី​មួយទៀត នោះ​គឺ ការចំណាយ 1ពាន់​លាន​ដុល្លារ​ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ផលិត​ឈី​ប 5G ដោយផ្ទាល់​ខ្លួន។

ការប្ដេជ្ញាចិត្ត​នេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា Apple កំពុង​ត្រៀមខ្លួន ដើម្បី​ដើរចេញ​ពី​ម៉ូ​ឌឹ​ម 5G របស់ Qualcomm ដែល​ពួកគេ​ធ្លាប់​សហការគ្នា​ប្រើ​វា​កន្លងមក យកមក​ដាក់​ក្នុង​ផលិតផល Apple ទ្រទ្រង់​សេវា 5G បាន ហើយ​កាន់តែច្បាស់​បន្ថែមទៀត​នោះ គឺ​កាលពី ឆ្នាំ2019 ក្រុមហ៊ុន Apple ថែមទាំង​បាន​ទិញយក​អាជីវកម្ម​ផលិត​ម៉ូ​ឌឹ​ម 5G របស់​ស្មា​ត​ហ្វូ​ន ពី​ក្រុមហ៊ុន intel ទៀតផង។

ទឹកប្រាក់​ដែល Apple បាន​ត្រៀម​ជាង 1ពាន់​លាន​ដុល្លារ​នោះ នឹង​ធ្វើឱ្យ​លេចចេញ​ជា​រូបរាង ក្នុង​រយៈពេល 3ឆ្នាំ​ខាងមុខ ទៅកាន់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ថ្មី របស់​ពួកគេ​នៅ​ទីក្រុង​មុយ​និ​ច ប្រទេស​អាល្លឺម៉ង។

បច្ចុប្បន្ន​ទីតាំង​ចាស់​នៅ​ទីក្រុង​មុយ​និ​ច នៅ​ប្រទេស​អាល្លឺម៉ង​របស់ Apple នៅ​អឺរ៉ុប មាន​វិស្វករ​ជំនាញ 1,500នាក់ ដោយ​បម្រើការ​លើ​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ចាប់ពី​ផ្នែក​បច្ចេកវិទ្យា​ឥត​ខ្សែ រហូតដល់​ប្រព័ន្ធ​កម្មវិធីសំខាន់ៗដទៃទៀត​ផងដែរ តែ​ទាំងអស់នេះ មិនទាន់​រាប់បញ្ចូល​គម្រោង​ថ្មី​ខាងលើ​នោះទេ៕

Advertisement