Tag: Youtube

  • ទីក្រុង​ដែល​ដំឡើង​ប្រព័ន្ធ​បាញ់​ចំហាយ​ទឹក​ក្រៅ​អគារ​ដើម្បី​បញ្ចុះ​កម្ដៅ

    ទីក្រុង​ដែល​ដំឡើង​ប្រព័ន្ធ​បាញ់​ចំហាយ​ទឹក​ក្រៅ​អគារ​ដើម្បី​បញ្ចុះ​កម្ដៅ

    (អា​រ៉ា​ប៊ី​សា​អូឌីត) – ទីក្រុង Mecca ដំឡើង​បង្គោល និង​កង្ហារ​បាញ់​សន្សើម​សិប្បនិម្មិត​នៅលើ​ទី​ខ្ពស់ ខាងក្រៅ​អគារ ដើម្បី​បង្កើន​សំណើម និង​កាត់​បន្ថយកម្ដៅ​ក្នុង​បរិយាកាស​សម្រាប់​ក្រុម​អ្នកធ្វើ​ធម្ម​យាត្រា។

    ដោយសារតែ​អាកាសធាតុ​ក្ដៅ​ខ្លាំង ឆ្នាំនេះ ទីក្រុង Mecca របស់​អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត បាន​ប្រើប្រាស់​មធ្យោបាយ​ថ្មី​ដើម្បី​ទប់ទល់។ អាជ្ញាធរ​ដំឡើង​បង្គោល និង​កង្ហារ​បាញ់​សន្សើម​សិប្បនិម្មិត​នៅលើទី​ខ្ពស់ ខាងក្រៅ​អគារ ដើម្បី​កាត់បន្ថយ​កម្ដៅ​សម្រាប់​ក្រុម​អ្នកធ្វើ​ធម្ម​យាត្រា។

    ប្រព័ន្ធ​បាញ់​ទឹក​សន្សើម​នេះ​ត្រូវបាន​ដំឡើង​នៅតាម​បណ្ដោយ​ផ្លូវ​នានា​ដែល​នៅក្នុង​តំបន់​នៃ​វិហារ​អ៊ីស្លាម​ធំ ដើម្បី​ជួយ​ទល់​ស្កាត់​ផលប៉ះពាល់​ដោយសារ​កម្ដៅ។ កាលពី​ថ្ងៃទី 27 មិថុនា 2023 សីតុណ្ហភាព​របស់​ទីក្រុង​ខាងលើនេះ​បាន​ឡើងដល់ 48 អង្សា​សេ។

    អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត គ្រោង​នឹង​ទទួល​អ្នកធ្វើដំណើរ​ធម្ម​យាត្រា​ប្រហែល 2.6 លាន​នាក់​នៅក្នុង​រដូវ​បុណ្យ​ឆ្នាំនេះ។ នេះ​គឺជា​រដូវ​ធម្ម​យាត្រា​ដំបូង​រាប់​ចាប់​តាំង​ពី​ឆ្នាំ 2019 ដែល​ពុំមាន​ការហាម​ប្រាម​ដោយសារ​កូ​វីដ។

  • ជនជាតិ​ជប៉ុន​មួយរូប អភិវឌ្ឍ​រ៉ូ​បូ​តដៃ​ច្រើន​អាច​ពាក់​លើ​រាងកាយ

    ជនជាតិ​ជប៉ុន​មួយរូប អភិវឌ្ឍ​រ៉ូ​បូ​តដៃ​ច្រើន​អាច​ពាក់​លើ​រាងកាយ

    ក្រុម​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​តូ​ក្យូ បង្កើត​រ៉ូ​បូត​មាន​ដៃ​ច្រើន​អាច​ពាក់​លើ​ខ្នង និង​ជួយ​ធ្វើ​កិច្ច​ការ​របស់​មនុស្ស​។

    ថ្មីៗនេះ ក្រុម​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ Masahiko Inami ប្រចាំ​សាកលវិទ្យាល័យ​តូ​ក្យូ ប្រទេស​ជប៉ុន បាន​អភិវឌ្ឍ​រ៉ូ​បូត​មួយ​ប្រភេទ​ដែលមាន​ដៃ​ច្រើន អាច​បំពាក់​លើ​ខ្នងមនុស្ស។ ដៃ Jizai របស់​រ៉ូ​បូត​នេះ​ត្រូវបាន​បំពាក់​បច្ចេកវិទ្យា​ដែល​អាចឱ្យ​វា​ធ្វើតាម​បំណង​មនុស្ស។

    សាស្ត្រាចារ្យ Inami ឱ្យដឹងថា សក្ដានុពលរ​បស់ដៃ​យន្ត​នេះ​ត្រូវបាន​ទន្ទឹងរង់ចាំ​ខ្លាំង ព្រោះ​វា​អាច​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ការស្វែងរក និង​ជួយសង្គ្រោះ​នាពេល​អនាគត។

  • យន្តហោះ​ដឹក​អ្នកដំណើរ​ល្បឿន​លឿន​ជាង​សំឡេង Overture អាច​ហោះ​បាន​ជាង 2,000 គីឡូម៉ែត្រ/ម៉ោង

    យន្តហោះ​ដឹក​អ្នកដំណើរ​ល្បឿន​លឿន​ជាង​សំឡេង Overture អាច​ហោះ​បាន​ជាង 2,000 គីឡូម៉ែត្រ/ម៉ោង

    យន្តហោះ Overture របស់​ក្រុមហ៊ុន​អាម៉េរិក Boom Supersonic បំពាក់​ម៉ាស៊ីន​ដែលមាន​កម្លាំង​រុញច្រាន 16 តោន គ្រោង​នឹង​អាច​ដឹក​អ្នកដំណើរ​បាន​ពី 65 ទៅ 80 នាក់។

    នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​អាកាសចរណ៍​ Paris Air Show ចាប់ពី​ថ្ងៃទី 19 ដល់ 25 មិថុនា នៅ​ទីក្រុង​ប៉ារីស ក្រុមហ៊ុន Boom Supersonic បានប្រកាស​កិច្ចព្រមព្រៀង​ជា​បន្តបន្ទាប់​ជាមួយនឹង​អ្នកផ្គត់ផ្គង់ថ្មីៗ និង​បង្ហើប​ឱ្យដឹងខ្លះៗអំពី​គម្រោង​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង Overture និង​ម៉ាស៊ីន Symphony។ នេះ​បើតាម​ទំព័រ New Atlas។

    បណ្ដា​ដៃគូថ្មីៗរបស់ Boom Supersonic រួមមាន​ដូចជា ក្រុមហ៊ុន​អ៊ីតាលី Leonardo, ក្រុមហ៊ុន​អេ​ស្ប៉ា​ញ Aernnova និង Aciturri ជាដើម។ ក្រៅពីនេះ Boom Supersonic ក៏​ប្រកាស​ព័ត៌មាន​ស្ដីពី​ប្រព័ន្ធ​ហោះហើរ បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និ​ច ឧបករណ៍​ចុះចត ក៏ដូចជា​ម៉ាស៊ីន​សម្រាប់​យន្តហោះ​នេះ​ផងដែរ។

    ក្នុងនោះ ឥន្ធនៈ SAF (SAF-Sustainable aviation fuels) ក៏​នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​យន្តហោះ Overture។ SAF គឺជា​ឥន្ធនៈ​អាកាសចរណ៍​ដែល​ត្រូវបាន​កំណត់ថា អាច​កកើត​ឡើងវិញ​បាន។

    តាម​គម្រោង Overture នឹង​អាច​ដឹក​អ្នកដំណើរ​បាន​ចាប់ពី 65 ដល់ 80 នាក់ និង​អាច​ហោះ​ក្នុង​ល្បឿន​កម្រិត Mach 1.7 (លឿន​ជាង​សំឡេង 1.7 ដង) ឬ​ប្រហែល​នឹង 2,100 គីឡូម៉ែត្រ/ម៉ោង ពេល​ហោះ​លើ​សមុទ្រ។ Overture អាច​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ចាប់ពី​ឆ្នាំ 2029៕

  • កំពូលភ្នំ​ទឹកកក​អាយុកាល​រាប់ពាន់​ឆ្នាំនៅ​អឺរ៉ុប​​បាក់​រលំ

    កំពូលភ្នំ​ទឹកកក​អាយុកាល​រាប់ពាន់​ឆ្នាំនៅ​អឺរ៉ុប​​បាក់​រលំ

    (ស្វ៊ី​ស) – មួយផ្នែក​នៃ​កំពូលភ្នំ Fluchthorn ដែល​ស្ថិតក្នុង​ជួរ​ភ្នំ Silvretta Alps បាន​បាក់​រលំ​កាលពី​ថ្ងៃទី 11 មិថុនា បណ្ដាលឱ្យ​ថ្ម​ជាង 100,000 ម៉ែត្រគូប ​ធ្លាក់​ទៅលើ​ជ្រលង​ភ្នំ​នៅ​ខាងក្រោម។

    ហេតុការណ៍​បាក់រលំ​​នេះ​កើតឡើង​បន្ទាប់ពី​ប្រទេស​ស្វ៊ី​សបាន​រង​អាកាសធាតុ​ក្ដៅ​ខ្លាំង​ក្នុង​មួយរយៈ​ពេល​យូរ។ នេះ​អាច​បណ្ដាលមកពី​ស្រទាប់ដី​ដែលមាន​ទឹកកក​ស្ថិតនៅ​រាប់ពាន់​ឆ្នាំ​កន្លង ត្រូវ​រលាយ។ សហគមន៍​អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា ករណី​ដូចគ្នានេះ​នឹង​អាច​កើត​ឡើងជា​បន្តទៀត​នៅពេល​អាកាសធាតុ​ត្រជាក់​ប្រែជា​ក្ដៅ ធ្វើឱ្យ​ស្រទាប់ដី​មាន​ទឹកកកក្រាស់ៗតាំងពី​បុរាណ ត្រូវ​រលាយ។ នេះ​បើតាម Live Science ចុះផ្សាយ​កាលពី​ថ្ងៃទី 26 មី​ថុ​នា 2023។

    សមត្ថកិច្ច​ឱ្យដឹង ពុំមាន​អ្នករងរបួស ឬ​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ ប៉ុន្តែ កំពូលភ្នំ​​ខ្ពស់​ជាងគេ​របស់ Fluchthorn បាន​បាត់បង់​កំពស់​ប្រហែល 100 ម៉ែត្រ។ ករណី​បាក់រលំ​​នេះ​កើតឡើង​នៅ​ផ្នែក​ខាងលិច នៅក្នុង​ជ្រលង​ភ្នំ Futschol។ កំពូល​នៅ​កណ្ដាល​ដែលមាន​កម្ពស់ 3,397 ម៉ែត្រ បច្ចុប្បន្ន​គឺ​ខ្ពស់​ជាងគេ​បំផុត​របស់ Fluchthorn ដែល​នេះ​មានន័យថា កំពូលភ្នំ​នេះ​ទាប​ជាង​មុន​ប្រហែល 19 ម៉ែត្រ។

    កំពូលភ្នំ​ស្ទើរតែ​ទាំងអស់​ដែលមាន​កម្ពស់​លើសពី 2,500 ម៉ែត្រ​នៅ​ជួរ​ភ្នំ Alps សុទ្ធតែ​គ្របដណ្ដប់ និង​ចាក់​ចូល​ជ្រៅ​ក្នុង​កន្លែង​ចន្លោះ​រវាង​ផ្ទាំង​ថ្មធំៗ ដោយ​ស្រទាប់ដី​កក​អាយុកាល​រាប់ពាន់​ឆ្នាំ ជួយ​ផ្សារភ្ជាប់​ផ្ទាំង​ថ្ម​ទាំងនេះ។ បើ​មិនមាន​ស្រទាប់ដី​កក​ទាំងនេះ​ទេ ជញ្ជាំង​ភ្នំ​អាច​បាត់បង់​លំនឹង នាំឱ្យ​បាក់រលំ​ដូច​ករណី​ខាងលើ។

  • បណ្ដុំ​រោងចក្រ​សូ​ឡា-វា​រី​អគ្គិសនី​ធំជាងគេ​លើ​លោក ចាប់ផ្ដើម​ដំណើរការ​ក្នុងដំណាក់កាល​ថ្មី

    បណ្ដុំ​រោងចក្រ​សូ​ឡា-វា​រី​អគ្គិសនី​ធំជាងគេ​លើ​លោក ចាប់ផ្ដើម​ដំណើរការ​ក្នុងដំណាក់កាល​ថ្មី

    រោងចក្រ​ផលិត​អគ្គិសនី​ដោយ​ថាមពលព្រះអាទិត្យ Kela នៅក្នុង​ខេត្ត Sichuan ប្រទេស​ចិន​បានចាប់ផ្ដើម​ដំណើរការ​កាលពី​ថ្ងៃទី 25 មិថុនា 2023 ជួយ​ឱ្យបំពេញ​បណ្ដុំ​រោងចក្រ​សូ​ឡា-វា​រី​អគ្គិសនី​ធំជាងគេ​លើ​លោក។

    រោងចក្រ​ផលិត​អគ្គិសនី​ដោយ​ផ្ទាំង​សូ​ឡា Kela ខាងលើនេះ ត្រូវបាន​សាងសង់​នៅលើ​កម្ពស់ 4,600 ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ នៅ​តំបន់​ស្វយ័ត​ទី​បេ Garzê ក្នុង​ខេត្ត Sichuan ប្រទេស​ចិន។ ដំណាក់កាល​ដំបូង​របស់​រោងចក្រ​នេះ មាន​កម្លាំង 1 លាន​គីឡូវ៉ាត់។

    ដោយមាន​ផ្ទៃក្រឡា​ប្រហែល 16 គីឡូម៉ែត្រ​កា​រ៉ា រោងចក្រ​រោងចក្រ Kela នឹង​ផលិត​អគ្គិសនី​បាន​ប្រហែល 2 ពាន់​លាន​គីឡូវ៉ាត់​ជា​រៀងរាល់ឆ្នាំ អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាជន​ប្រហែល 700 គ្រួសារ។

    រោងចក្រវារីអគ្គិសនី Lianghekou នៅលើទន្លេ Yalong Jiang

    ដោយសារតែ​អគ្គិសនី​ផលិត​ដោយ​រោងចក្រ Kela នឹងត្រូវ​ត​ភ្ជាប់​ជាមួយនឹង​រោងចក្រ​វា​រី​អគ្គិសនី Lianghekou នៅលើ​ទន្លេ Yalong Jiang ដែល​ដាក់ឱ្យ​ដំណើរការ​កាលពី​ខែមីនា 2023 បរិមាណ​អគ្គិសនី​សរុប​របស់​បណ្ដុំ​រោងចក្រ​សូ​ឡា-វា​រី​អគ្គិសនី​នេះ​នឹង​ឡើងដល់ 3 លាន​គីឡូវ៉ាត់។

    ក្រោយពី​ដំណើរការ​ពេញលេញ បណ្ដុំ​រោងចក្រ​ខាងលើ​អាច​ផលិត​អគ្គិសនី​ប្រចាំឆ្នាំ​បាន​ប្រហែល 300 ពាន់​លាន​គីឡូវ៉ាត់ម៉ោង នឹង​អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាជន 100 គ្រួសារ៕

  • ​ទួ​រ​ប៊ី​ន​ខ្យល់​សមុទ្រ​ធំជាងគេ​បង្អស់​លើ​ពិភពលោក ​ចាប់ផ្ដើម​ដំឡើងនៅ​ Fujian

    ​ទួ​រ​ប៊ី​ន​ខ្យល់​សមុទ្រ​ធំជាងគេ​បង្អស់​លើ​ពិភពលោក ​ចាប់ផ្ដើម​ដំឡើងនៅ​ Fujian

    ទួ​រ​ប៊ី​ន​ខ្យល់​សមុទ្រ​កម្លាំង 16 ម៉េ​ហ្កា​វ៉ា​ត់ ដែល​ត្រូវ​បាន​ក្រុម​វិ​ស្វាករ​ចិនចាប់ផ្ដើម​ដំឡើង​នៅ​លំហ​សមុទ្រ​ខេត្ត Fujian អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​គ្រួសារចំនួន 36,000 គ្រួ​ ជា​រៀងរាល់ឆ្នាំ។

    សកម្មភាព​ដំឡើង​ទួ​រ​ប៊ី​ន​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​សមុទ្រ បានចាប់ផ្ដើម​ឡើង​នៅក្នុង​ខេត្ត Fujian ភាគ​អាគ្នេយ៍​ប្រទេស​ចិន។ នេះ​បើតាម CGTN ចុះផ្សាយ​កាលពី​ថ្ងៃទី 25 មិថុនា។

    ទួ​រ​ប៊ី​ន​ដែលមាន​កម្លាំង 16 ម៉េ​ហ្គា​វ៉ា​ត់​នេះ មាន​កម្ពស់ 146 ម៉ែត្រ គិតពី​ផ្ទៃ​ទឹកសមុទ្រ​ដល់​ចំណុចកណ្ដាល​របស់​រ៉ូ​ទ័​រ (rotor)។ កម្ពស់​នេះ​ប្រហាក់ប្រហែល​នឹង​អគារ 50 ជាន់។ ទួ​រ​ប៊ី​ន​ដែល​សហការ​ផលិត​ដោយ​ក្រុមហ៊ុន CTGC និង​ក្រុមហ៊ុន Goldwind ក៏មាន​ស្លាប​កង្ហារ​ដែលមាន​អង្កត់​ផ្ច​ត​ប្រវែង 252 ម៉ែត្រ វែង​ជាងគេ​លើ​ពិភពលោក។

    នៅពេល​មាន​ខ្យល់​ខ្លាំង ទួ​រ​ប៊ី​ន​នេះ​អាច​ផលិត​អគ្គិសនី​បាន 34.2 គីឡូវ៉ាត់ម៉ោង បន្ទាប់ពី​កង្ហារ​វិល​បាន​មួយ​ជុំ និង​​អាច​ផ្គត់ផ្គង់​តម្រូវការ​របស់​គ្រួសារ​ចំនួន 36,000 គ្រួ ហើយ​ជួយ​សំចៃ​ធ្យូងថ្ម​បាន 22,000 តោន ក៏ដូចជា​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​បាន 54,000 តោន/ឆ្នាំ៕

  • ចង្រិត​ក្រហមកំពុង​បំភ័យ​ប្រជាជន​នៅ​​ទីក្រុង​របស់​សហរដ្ឋ​អាម៉េរិក​

    ចង្រិត​ក្រហមកំពុង​បំភ័យ​ប្រជាជន​នៅ​​ទីក្រុង​របស់​សហរដ្ឋ​អាម៉េរិក​

    ចង្រិត Mormon ដែល​ស៊ីសាច់​គ្នាឯង​ កំពុង «សម្រុក» ចូល​ទីក្រុង Elko របស់​រដ្ឋ Nevada ក្នុង​ទ្រង់ទ្រាយ​ធំ បាន និង​កំពុង​ពង្រាយ​ខ្លួន​ពេញ​ដងផ្លូវ​ល្បឿន​លឿន វាលស្មៅ និង «ឡោមព័ទ្ធ» ទីលំនៅ​របស់​ប្រជាជន។

    ទីក្រុង Elko របស់​រដ្ឋ Nevada ប្រឈមមុខ​នឹង​ទិដ្ឋភាព​ដូច​ទៅនឹង​ភាពយន្ត​រន្ធត់ នៅពេល​ហ្វូង​ចង្រិត​ក្រហម​ដូច​ឈាម​កំពុង​ចូលមក​កាន់កាប់​ស្ទើរ​គ្រប់​ច្រកល្ហក។ ចង្រិត Mormon មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ដោយផ្ទាល់ ប៉ុន្តែ​វត្តមាន​របស់​ពួកវា​ធ្វើឱ្យ​ប្រជាជនមាន​ការព្រួយបារម្ភ។ នេះ​បើតាម Interesting Engineering ចុះផ្សាយ​នៅ​ថ្ងៃទី 26 មិថុនា​នេះ។

    ចង្រិត Mormon មានឈ្មោះ​ក្នុង​វិទ្យាសាស្ត្រ​ថា Anabrus simplex។ វា​គឺជា​សត្វល្អិត​គ្មាន​ស្លាប​ដែលមាន​ប្រភព​នៅ​ពាក់កណ្ដាល​ភាគ​ខាងជើង​របស់​អាម៉េរិក​ខាងជើង។

    ជាធម្មតា ក្នុង​មួយឆ្នាំ ចង្រិត​ញី​នឹង​បង្កើតកូន​បាន​មួយ​លើក។ ក្រោយមក ពួកវា​ប្រមូល​ផ្ដុំគ្នា ផ្លាស់​ទី និង​ស៊ី​ដំណាំ​នៅតាម​ផ្លូវ​ពេលធ្វើ​ដំណើរ។ ក៏ប៉ុន្តែ ឆ្នាំនេះ ពួកវា​នាំគ្នា​ចូលមកក្នុង​ទីប្រជុំជន និង​ទីក្រុង រួមមាន Elko ជាដើម បង្កឱ្យមាន​ការព្រួយបារម្ភ​ពី​ប្រជាជន។ ក្រុម​អ្នកជំនាញ​វាយតម្លៃថា ចង្រិត​រាប់លាន​ក្បាល​ចូលមក​កាន់​ទីក្រុង Elko នៅ​រដូវក្ដៅ​នេះ។

    បើទោះជា​មិន​គំរាមកំហែង​ដល់​មនុស្ស ប៉ុន្តែ​ចង្រិត Mormon មាន​ក្លិន​អាក្រក់ និង​ជា​សត្វល្អិត​ដែល​អាច​ស៊ីសាច់​គ្នាឯង។ នៅពេល​ចង្រិត​ណាមួយ​ត្រូវ​ឡាន​កិន ពួក​ដែល​នៅក្បែរនោះ​តែង​លោត​ចូលមក​ដណ្ដើម​គ្នា​ស៊ី បង្កើតបានជា​ទិដ្ឋភាព​មួយ​ដ៏​គួរឱ្យខ្លាច។

    វត្តមាន​ក្នុង​ទ្រង់ទ្រាយ​ធំ​របស់​ចង្រិត​នេះ នាំឱ្យ​ម​ន្ទីរ​ពេទ្យ និង​កន្លែង​អាជីវកម្ម​នានា​ត្រូវបញ្ជូន​មនុស្ស​ទៅ​ចាត់ការ បើ​ទោះ​មិនសូវ​ទទួលបាន​លទ្ធផល​ល្អ៕

  • កប៉ាល់​ទេសចរណ៍​ធំជាងគេ​បង្អស់​លើ​ពិភពលោក ជិត​ដំណើរ​ការ​ជា​ផ្លូវ​ការ

    កប៉ាល់​ទេសចរណ៍​ធំជាងគេ​បង្អស់​លើ​ពិភពលោក ជិត​ដំណើរ​ការ​ជា​ផ្លូវ​ការ

    (ហ្វាំ​ង​ឡង់) – កប៉ាល់ The Icon of the Seas ដែលមាន​បណ្ដោយ 365 ម៉ែត្រ និង​អាចដាក់​ទេសចរ​បាន​ជាង​ 7,000 នាក់ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​បង្ហើយ​កិច្ច​ការ​ចុង​ក្រោយ​បង្អស់​ មុន​ពេល​​​ចេញ​ដំណើរ​​ជើង​ដំបូង​នៅ​ខែមករា 2024។

    ដោយមាន​បណ្ដោយ​ពី​ក្បាល​ដល់​កន្ទុយ​ស្មើនឹង​ប្រវែង​របស់​ទីលាន​បាល់ទាត់​ចំនួន 3.5 ទីលានបូក​ចូល​គ្នា​ The Icon of the Seas ​​នឹង​ក្លាយជា​កប៉ាល់​ទេសចរណ៍​ធំជាងគេ​បំផុត​លើ​ពិភពលោក។

    កប៉ាល់​ទេសចរណ៍​ខាងលើ​ដែល​ត្រូវបាន​បញ្ជា​ទិញ​ដោយ​ក្រុមហ៊ុន Royal Caribbean ត្រូវបាន​ដាក់ឈ្មោះថា The Icon of the Seas។ កប៉ាល់​នេះ​នឹង​ប្រើប្រាស់​ម៉ាស៊ីន​ដំណើរការ​ដោយ​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) និង​បំពាក់​បច្ចេកវិទ្យាថ្មីៗ ដែល​ជួយ​ឱ្យ​វា​ក្លាយជា​កប៉ាល់​ទំនើប​បំផុត​មួយ​នៅ​លើ​ពិភពលោក។ នេះ​បើតាម Tim Meyer នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​សាងសង់​កប៉ាល់ Meyer Turku។

    The Icon of the Seas អាចដាក់​អ្នកដំណើរ​បាន 7,600 នាក់ ច្រើនជាង​ឆ្ងាយ​បើ​ធៀប​នឹង​ជាង 1,500 នាក់​របស់​កប៉ាល់​ទេសចរណ៍ខ្នាត​យក្ស​ Titanic ដែល​បាន​លិច​កាលពី​ឆ្នាំ 1912 (111 ឆ្នាំមុន)។

    ការធ្វើដំណើរ​ជើង​ដំបូង​របស់កប៉ាល់ The Icon of the Seas នឹងមាន​រយៈពេល 7 យប់ ដោយ​ចាប់​ផ្ដើមចេញពី Miami របស់​សហរដ្ឋ​អាម៉េរិក​ នៅក្នុង​ខែមករា 2024៕

  • គ្រូបង្វឹក Mourinho ត្រូវបាន​ពិន័យ​ធ្ងន់ធ្ងរ ព្រោះតែ​ជេរ​​អាជ្ញាកណ្ដាល បន្ទាប់ពី​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League

    គ្រូបង្វឹក Mourinho ត្រូវបាន​ពិន័យ​ធ្ងន់ធ្ងរ ព្រោះតែ​ជេរ​​អាជ្ញាកណ្ដាល បន្ទាប់ពី​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League

    គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់ Roma (អ៊ីតាលី) លោក Jose Mourinho បានទទួល​ពិន័យ​ជា​ផ្លូវការ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) ដោយសារតែ​បង្ហាញ​ទង្វើ​ជេរប្រមាថ​អាជ្ញាកណ្ដាល បន្ទាប់ពី​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ពានរង្វាន់ Europa League 2022-2023។

    ក្លឹប​បាល់ទាត់ AS Roma បាន​ចាញ់ Sevilla (អេស្ប៉ាញ) នៅក្នុង​ការប្រកួត​ទាត់​ប៉េ​ណាំង​ទី ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League 2022-2023 ធ្វើឱ្យ​គ្រូបង្វឹក Jose Mourinho ផ្ទុះ​ការខឹង​នៅក្រោយ​ការប្រកួត។ គ្រូបង្វឹក​ជនជាតិ​ព័រទុយហ្កាល់​រូបនេះ បាន​រង់ចាំ​អាជ្ញាកណ្ដាល​​នៅ​ចំណត់​ឡាន ហើយ​បាន​ជេរប្រមាថលោក Anthony Taylor​។ លោក Mourinho ក៏​និយាយ​បញ្ឆិតបញ្ឆៀង​ក្នុងន័យ​ថា អាជ្ញាកណ្ដាល Anthony Taylor ​​កាន់ជើង​ខាង​អេ​ស្ប៉ា​ញ។

    ពេលនោះ អ្នកគាំទ្រ​របស់​ក្រុម Roma ក៏បាន​ស្រែក​ចំអក​ឱ្យ​អាជ្ញាកណ្ដាល Taylor ហើយ​ថែមទាំង​គប់​កៅអី​សំដៅ​អាជ្ញាកណ្ដាល នៅពេល​គាត់ និង​គ្រួសារ​ព្យាយាម​ចាកចេញ​ពី​ហុង​គ្រី​ត្រលប់​ទៅផ្ទះ។

    គ្រូបង្វឹក Mourinho ជេរប្រមាថ​គ្រូបង្វឹក Taylor នៅ​ចំណត់​ឡាន

    ថ្មីៗនេះ សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប បានសម្រេច​ចិត្ត​ពិន័យ​លើ​គ្រូបង្វឹក Mourinho ដោយ​មិនឱ្យ​ដឹកនាំ​​បួន​ប្រកួត​នៅ​អឺរ៉ុប ខណៈដែល Roma ឈរ​លំដាប់​ទី 6 នៅ Serie A កាលពី​រដូវ​កាល​មុន ហើយ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ចូល​ប្រកួត​នៅ Europa League។

    ក្រៅពីនេះ ក្លឹប Roma ក៏ត្រូវ UEFA ពិន័យ​។ ពួកគេ​ត្រូវបាន​ហាម​លក់​សំបុត្រ​នៅឯ​ទីលាន​ដទៃ​ក្នុងការ​ប្រកួត​បន្ទាប់​នៅ​អឺរ៉ុប និង​ពិន័យ​ជា​ប្រាក់ 5,000 អឺរ៉ូ​ផងដែរ ហើយ​ពួកគេ​ក៏​ត្រូវបាន​តម្រូវឱ្យ​ទាក់ទង​ទៅកាន់​សហព័ន្ធ​បាល់ទាត់​ហុង​គ្រី​ដើម្បី​ដោះស្រាយ​ការខូចខាត​ដែល​អ្នកគាំទ្រ​របស់ Roma បានធ្វើ​ឡើង៕

  • ម្ចាស់​កំណត់ត្រា Ronaldo ពេញចិត្ត​ពេល​ទាត់​ចូល​ទី​ក្នុង​ការប្រកួត​លើក​ទី 200 ឱ្យ​ព័រទុយហ្កាល់

    ម្ចាស់​កំណត់ត្រា Ronaldo ពេញចិត្ត​ពេល​ទាត់​ចូល​ទី​ក្នុង​ការប្រកួត​លើក​ទី 200 ឱ្យ​ព័រទុយហ្កាល់

    (អៀឡង់) – ខ្សែប្រយុទ្ធ Cristiano Ronaldo ឱ្យដឹងថា លោក​ឆ្លងកាត់​ថ្ងៃ​ប្រកួត​ពិសេស នៅពេល​បាន​ទាត់​ចូល​ទីមួយ​គ្រប់ ជួយ​ឱ្យ​ព័រទុយហ្កាល់​ឈ្នះ​អៀឡង់​នៅក្នុង​វគ្គ​ជម្រុះ​របស់ Euro 2023 ដែលនេះ​ក៏​ជា​ការប្រកួត​លើក​ទី 200 របស់ CR7 សម្រាប់​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​។

    មុនពេល​បាល់​ចាប់ផ្ដើម​រមៀល Ronaldo ត្រូវបាន​ស្ថាប័ន Guinness ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់ថា​ជា​កីឡាករ​ដែល​ទាត់​ឱ្យ​ក្រុម​ជម្រើសជាតិ​បាន​ច្រើន​ប្រកួត​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ។ CR7 បាន​បំបែក​កំណត់ត្រា​ចាស់ 196 ប្រកួត​របស់ Bader Al-Mutawa មក​ពី​ប្រទេស​​កូ​វ៉ែត។ ទស្សនិកជន​នៅឯ​កីឡដ្ឋាន Laugardalsvollur របស់​​អៀឡង់ ក៏​នាំគ្នា​ក្រោកឈរ​ទះដៃ​អបអរសាទរ​​ជូន​ចំពោះ​កីឡាករ​វ័យ 38 ឆ្នាំ​រូបនេះ​ផងដែរ។

    Guinness ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់ថា​ Ronaldo ជា​កីឡាករ​ដែល​ទាត់​ឱ្យ​ក្រុម​ជម្រើសជាតិ​បាន​ច្រើន​ប្រកួត​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្

    ក្នុង​ថ្ងៃ​នោះដែរ ការសប្បាយរីករាយរ​បស់ Ronaldo ក៏​ត្រូវបាន​បំពេញបន្ថែម នៅពេល​គាត់​គឺជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​បាន​ទាត់​ចូល​ទីមួយ​គ្រាប់​នៅ​នាទី​ទី 89 ជួយ​ឱ្យ​ព័រទុយហ្កាល់​ឈ្នះ​អៀឡង់ 1-0 នៅក្នុង​វគ្គ​ជម្រុះ​របស់ Euro 2024 ដែលជា​ការប្រកួត​លើក​ទី 200 របស់ CR7 សម្រាប់​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​។

    Ronaldo ទាត់​ចូល​ទីមួយ​គ្រាប់​នៅ​នាទី​ទី 89 ជួយ​ឱ្យ​ព័រទុយហ្កាល់​ឈ្នះ​អៀឡង់ 1-0 នៅក្នុង​វគ្គ​ជម្រុះ​របស់ Euro 2024

    នៅក្នុង​ការជួបជុំ​បន្ទាប់​របស់​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់ Ronaldo និង​មិត្ត​រួម​ក្រុម​នឹងត្រូវ​ធ្វើជា​ភ្ញៀវ​របស់​ស្លូ​វ៉ា​គី នៅ​ថ្ងៃទី 08 កញ្ញា រួច​ត្រឡប់​ទៅកាន់​ទីលាន​ម្ចាស់ផ្ទះ Algarve ដើម្បី​ទទួល​ក្រុម​លុច​សំបួ​នៅ​បី​ថ្ងៃ​ក្រោយមក៕