Tag: Youtube

  • ម្ចាស់​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី Tesla បង្ហាញរ៉ូតបូត​រាង​មនុស្ស​ អាច​ចាប់កាន់គ្រាប់​​ស៊ុត និង​ហាត់​យ៉ូហ្គា

    ម្ចាស់​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី Tesla បង្ហាញរ៉ូតបូត​រាង​មនុស្ស​ អាច​ចាប់កាន់គ្រាប់​​ស៊ុត និង​ហាត់​យ៉ូហ្គា

    Optimus ដែលជារ៉ូបូតរាង​មនុស្ស​ផលិត​ដោយ​ Tesla របស់​មហា​សេដ្ឋី Elon Musk បច្ចុប្បន្ន​អាច​ផ្លាស់​ទី​បាន​យ៉ាង​ស្ទាត់​ជំនាញ​ ខណៈ​បាត​ដៃ​ និង​ម្រាម​ដៃ​អាច​ចាប់​កាន់​​វត្ថុ​ដែល​មាន​ទំហំ​តូច​។

    វីដេអូ​ដែល​មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង​ បាន​ចែក​រំលែក​លើបណ្ដាញ​សង្គម​ X កាល​ពី​ថ្ងៃទី 13 ធ្នូ បង្ហាញ​ថា មនុស្ស​យន្ត Optimus បន្ត​ «វិវតន៍» ឡើង​ទៅ​កាន់​កំណែ​ជំនាន់​ទី​ពីរ ដោយ​មាន​បាត​ដៃ​ដ៏រស់​រវើក អាច​ធ្វើ​កិច្ច​ការ​លំបាក​ៗ​។ Optimus អាច​ប្រើ​ម្រាមដៃ​ចាប់​កាន់​គ្រាប់​ស៊ុត​ ដែល​ជា​​កាយវិការ​លំបាក​មួយ​​ដែល​រ៉ូបូត​មុន​ៗ​សុទ្ធ​តែ​មិន​អាច​ធ្វើ​បាន​។

    ក្រៅ​ពី​នេះ Optimus ក៏​អាច​បង្ហាញ​កាយវិការ​ហាត់​យ៉ូហ្គា​ផងដែរ​។ ក្រុម​ហ៊ុន Tesla ឱ្យ​ដឹង​ថា រ៉ូបូង​នេះ​អាច​បំពេញ​ភារកិច្ច​ទាំង​ឡាយ​ណា​ដែល​ «មិន​មាន​សុវត្ថិភាព ត្រូវ​ធ្វើដដែល​ៗ ឬ​គួរ​ឱ្យ​ធុញ​»៕

  • គម្រោង​ផលិត​អគ្គិសនី​ពីកម្លាំងខ្យល់​នៅ​លើ​ដីគោក​ធំបំផុត​របស់​ប្រទេស​ចិន​

    គម្រោង​ផលិត​អគ្គិសនី​ពីកម្លាំងខ្យល់​នៅ​លើ​ដីគោក​ធំបំផុត​របស់​ប្រទេស​ចិន​

    គម្រោង​ផលិត​អគ្គិសនី​ពីកម្លាំងខ្យល់​នៅ​លើ​ដីគោក​ធំបំផុត​របស់​ប្រទេស​ចិន បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ពេញ​លេញ ​នៅ​តំបន់​សមុទ្រ​ខ្សាច់​ ស្ថិត​ក្នុង​តំបន់​ស្វយ័ត​ម៉ុងហ្គោលី​ខាង​ក្នុង (អ៊ីនណឺរម៉ុងហ្គោលី – Inner Mongolia)។

    យោង​តាម​ក្រុម​ហ៊ុន​អគ្គិសនី​នុយក្លេអែរ​ចិន (CGN) គម្រោង​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់ Hinggan League អានុភាព​ប្រចាំ​ឆ្នាំ​លើស​ពី 10 ពាន់​លាន​គីឡូវ៉ាត់​ម៉ោង (kWh) របស់​ក្រុម​ហ៊ុន​នេះ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​បណ្ដាញ​អគ្គិសនី​កាល​ពី​ថ្ងៃទី 10 ខែ​ធ្នូ​ ឆ្នាំ 2023​។ នេះ​គឺជា​មួយ​ក្នុង​ចំណោម​ស្ថានីយផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​ និង​កម្ដៅ​ព្រះ​អាទិត្យ​ទ្រង់​ទ្រាយ​ធំ​ដំបូង​របស់​ប្រទេស​ចិន​ នៅ​ក្នុង​តំបន់​សមុទ្រ​ខ្សាច់​។

    ដោយ​ប្រើប្រាស់​ម៉ូទ័រ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​ និង​មាន​អានុភាព​រួម​ 3 លាន​គីឡូវ៉ាត់​ អគ្គិសនី​ដែល​ផលិត​ដោយ​ស្ថានីយ​ខាង​លើ​នេះ​ អាច​ជួយ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ធ្យូង​ថ្ម​បាន​ប្រហែល 2.96 លាន​តោន​ និង​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​ឌីអុកស៊ីតប្រហែល​ 8.02 លាន​តោន​ ជា​រៀង​រាល់​ឆ្នាំ​៕

  • ផ្លូវ​ល្បឿន​លឿន​ប្រវែងជិត 280 គីឡូម៉ែត្រ រត់​ឆ្លង​កាត់​សមុទ្រ​ខ្សាច់​ធំ​បំផុត​នៅប្រទេស​ចិន

    ផ្លូវ​ល្បឿន​លឿន​ប្រវែងជិត 280 គីឡូម៉ែត្រ រត់​ឆ្លង​កាត់​សមុទ្រ​ខ្សាច់​ធំ​បំផុត​នៅប្រទេស​ចិន

    ផ្លូវ​ល្បឿន​លឿន Tukun ជួយ​តភ្ជាប់​ទីក្រុង​ពីរ​នៅ​ក្នុង​តំបន់​ស៊ីនជាំង និង​កាត់​បន្ថយ​ពេល​វេលា​ធ្វើ​ដំណើរ​ពី​ជាង​ 6 ម៉ោង មក​នៅ​ត្រឹម​ប្រហែល​ 3 ម៉ោង​។

    ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​ដែល​រត់​ឆ្លង​កាត់ Taklamakan ដែល​ជា​សមុទ្រ​ខ្សាច់​ធំ​បំផុត​នៅ​ប្រទេស​ចិន​ និង​ស្ថិត​ក្នុង​តំបន់​ស្វយ័ត​ស៊ីន​ជាំង របស់​ប្រទេស​ចិន ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​កាល​ពី​ថ្ងៃទី 01 ធ្នូ 2023​។

    ផ្លូវ​ល្បឿន​លឿន Tukun ដែល​តភ្ជាប់​ទីក្រុង​ពីរ​គឺ Tumushuke និង Kunyu នៅ​ក្នុង​តំបន់​ស៊ីនជាំង មាន​ប្រវែង​សរុប 276 គីឡូម៉ែត្រ​។ នេះ​គឺជា​ផ្លូវ​ល្បឿន​លឿង​ទីបួន​ដែល​រត់​ឆ្លង​កាត់​ Taklamakan ដែលជា​សមុទ្រ​ខ្សាច់​ធំជាង​គេ​លំដាប់​ទី​ពីរ​របស់​ពិភពលោក​។

    នៅ​ពេល​ដាក់​ឱ្យ​ដំណើរ​ការ ផ្លូវ​ល្បឿន​លឿន​ថ្មី​នេះ​​នឹង​ជួយ​កាត់​បន្ថយ​ពេល​វេលា​ធ្វើ​ដំណើរ​រវាង​ទីក្រុង​ Tumushuke និង Kunyu ពី​​ជាង​ 6 ម៉ោង ចុះ​មក​នៅ​ត្រឹម​ប្រហែល​ 3 ម៉ោង​។

    «មុន​នេះ​ យើង​ត្រូវ​ធ្វើដំណើរ​វាង​វង់ប្រហែល 600 គីឡូម៉ែត្រ​។ ប៉ុន្តែ​ផ្លូវ​ថ្មី​នេះ ជួយ​កាត់បន្ថយ​ចម្ងាយ​ផ្លូវបាន​​ប្រហែល 300 គីឡូម៉ែត្រ​» អ្នក​ដំណើរ​ម្នាក់​ឈ្មោះ Shi Chengshan ឱ្យ​ដឹង​ដូច្នេះ​។

    ​ស្ពាន​មួយ​ខ្សែ​ដែល​មាន​ឈ្មោះ​ថា Yerqiang ក៏​ត្រូវ​បាន​សាងសង់​ឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ ដើម្បី​ជួយ​ការ​ពារ​សត្វ​ព្រៃ​៕

  • ចិន​កំពុង​ដំណើរ​ការ​សាកល្បង​ស្ថានីយអគ្គិសនី​ព្រះ​អាទិត្យ​អវកាស

    ចិន​កំពុង​ដំណើរ​ការ​សាកល្បង​ស្ថានីយអគ្គិសនី​ព្រះ​អាទិត្យ​អវកាស

    (ប្រទេស​ចិន) – គំរូ​ដំបូង​របស់ SSPS ដែល​ជា​ប្រព័ន្ធ​ទាញ​យក​ និង​ប្រើប្រាស់​អគ្គិសនី​ពីព្រះ​អាទិត្យនៅ​ទី​អវកាស​ ដើម្បី​បាញ់​បញ្ជូន​មក​កាន់​ផែនដី និង​បញ្ចូល​ថាមពលឱ្យ​​ផ្កាយ​រណប ត្រូវបាន​ស្ថាបនា​រួច​រាល់ និង​កំពុង​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​។

    ប្រទេស​ចិន​កំពុង​តែ​អភិវឌ្ឍ​ស្ថានីយ​អគ្គិសនី​ព្រះអាទិត្យ​អវកាស (SSPS – Space Solar Power System) ដែល​មាន​សមត្ថភាព​បាញ់បញ្ជូន​អគ្គិសនី​ចុះ​មក​កាន់​ផែនដី និង​បញ្ចូល​អគ្គិសនី​ឱ្យ​ផ្កាយរណប​នៅ​លើ​គន្លង​តារា​វិថី​ផែនដី​។ ស្ថានីយ​គំរូរបស់ SSPS ត្រូវ​បាន​ស្ថាបនា​រួច​រាល់ និង​កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​នៅ​ទីក្រុងស៊ីអាន (Xi An) នៃ​ខេត្តសានស៊ី (Shaanxi)។

    គម្រោង​អភិវឌ្ឍ​ SSPS ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា Zhu Ri ដែល​មាន​ន័យ​ថា «ដេញតាម​ព្រះ​អាទិត្យ»​ ចាប់​ផ្ដើម​ដំណើរ​ការ​តាំង​ពី​ 6 ឆ្នាំ​មុន​។ ស្ថានីយ​គំរូ​ដំបូង​នេះ​រួម​មាន គ្រោង​ដែក​កម្ពស់ 75 ម៉ែត្រ និង​មាន​ចាន​ដែក​បំពាក់​ផ្ទាំ​សូឡា​ដ៏ធំ​មួយ​នៅ​ខាងលើ​ ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ធ្វើ​តេស្ត​ប្រព័ន្ធ​ផលិត​អគ្គិសនី​ពេញ​លេញ​មួយ​នៅ​ទីអវកាស​ និង​បាញ់​បញ្ជូន​មក​កាន់​ផែនដី​ ដើម្បី​បំប្លែង​ និងផ្គត់ផ្គង់តាម​​តម្រូវ​ការ​។

    SSPS នឹង​បញ្ជាក់​អំពី​លទ្ធភាព និង​សក្ដានុពល​​នៃ​ដំណើរ​ការ​ទាំង​ស្រុង តាំង​ពី​ការ​បំប្លែង​ពន្លឺ​ឱ្យ​​ទៅ​ជា​អគ្គិសនី ការ​បំប្លែង​អគ្គិសនី​ឱ្យ​ទៅ​ជា​​រលកកម្ដៅ​មីក្រូវ៉េវ ការ​បាញ់​បញ្ជូន​រលក​មីក្រូវ៉េវ និងការ​​បំប្លែង​រលកកម្ដៅ​មីក្រូវ៉េវ​​ឱ្យ​ទៅ​ជា​អគ្គិសនី​ចរន្ត​ជាប់​។ នេះ​គឺជា​ប្រព័ន្ធ​ដំបូង​ដែល​ស្ថិត​ក្នុង​ប្រភេទ​នេះ​នៅ​លើ​ពិភពលោក​ ដែល​បាន​ឆ្លង​កាត់​ការ​សាកល្បង​បែប​នេះ​។

    «យើង​សម្រេច​បាន​ការ​សាកល្បង​គំរូ​ដំបូង​នៅ​លើ​ផែនដី» លោក Duan Baoyan ប្រធាន​គម្រោង​ Zhu Ri ​មក​ពី​បណ្ឌិត្យ​សភា​បច្ចេក​ទេស​ចិន​ ឱ្យ​ដឹង​ដូច្នេះ។ លោក​ Baoyan បន្ត​ថា កាល​ពី​ថ្ងៃទី 05 មិថុនា 2022 ប្រព័ន្ធ​នេះ​បាន​ឆ្លង​ផុត​ការ​ត្រួត​ពិនិត្យ​របស់​ក្រុម​ប្រឹក្សា​ជំនាញ​មួយរួច​ទៅ​ហើយ​៕

  • ស្ពាន​ឆ្លង​សមុទ្រ​ដែល​មាន​គម្លាត​សសរវែង​ជាង​គេ​បំផុត​នៅ​ប្រទេស​ចិន​

    ស្ពាន​ឆ្លង​សមុទ្រ​ដែល​មាន​គម្លាត​សសរវែង​ជាង​គេ​បំផុត​នៅ​ប្រទេស​ចិន​

    ប្រទេស​ចិន​បាន​បោះមួយ​ជំហាន​ធំ​ក្នុង​ការ​សាងសង់​ Shuangyumen ដែលជា​ស្ពាន​មាន​គម្លាត​រវាង​សសរ​ចម្បង​វែង​រហូត​ដល់ 18.78 គីឡូម៉ែត្រ​ តភ្ជាប់​កោះ​ចំនួន​ពីរ​នៅ​ក្នុង​ខេត្ត​ Zhejiang។

    បច្ចុប្បន្ន ស្ពាន Shuangyumen ស្ថិត​ក្នុង​ដំណាក់កាល​សាងសង់​បង្គោល​ចម្បង​នៅ​លើ​សមុទ្រ​។ ស្ពាន​នេះ​តភ្ជាប់​ពី​កោះ Liuheng និងកោះ Fodu របស់​ទីក្រុង​ Chu San នៃ​ខេត្ត Zhejiang ភាគខាង​កើត​ប្រទេស​ចិន​។

    សំណង់​នេះ​មាន​គម្លាត​រវាង​សសរ​ចម្បង​រហូត​ដល់ 18.78 គីឡូម៉ែត្រ ហើយ​​គ្រោង​នឹង​ស្ថាបនា​រួច​រាល់​នៅ​ឆ្នាំ 2027​ ខណៈ​ដែល​គ្រឹះ​ត្រូវ​បាន​សាងសង់រួច​រាល់​កាល​ពី​ថ្ងៃទី 19 វិច្ឆិកា 2023​។

    ក្រោយ​ពី​ត្រូវ​បាន​ស្ថាបនា​រួច​រាល់​ជា​ស្ថាពរ និង​​ដាក់​ឱ្យ​ប្រើ​ប្រាស់ ស្ពាន​នេះ​នឹង​ជួយ​បង្កើន​ការ​តភ្ជាប់​ទៅ​ខាង​ក្រៅ​របស់​បណ្ដា​កោះនៅ​ Chu San។

  • យន្តហោះ​ដែល​អាច​បត់​ទៅជា​យាន​ជំនិះ​កង់​បី​ មាន​ល្បឿន​ពី 200 ដល់ជាង​ 300 គីឡូម៉ែត្រ​/ម៉ោង

    យន្តហោះ​ដែល​អាច​បត់​ទៅជា​យាន​ជំនិះ​កង់​បី​ មាន​ល្បឿន​ពី 200 ដល់ជាង​ 300 គីឡូម៉ែត្រ​/ម៉ោង

    (សហរដ្ឋ​អាម៉េរិក) – យានជំនិះ Switchblade អាច​ធ្វើដំណើរ​ក្នុងល្បឿន 200 គីឡូម៉ែត្រ​/ម៉ោង​ពេល​បត់​ជា​ត្រីចក្រយានយន្ត​បរលើ​ដង​ផ្លូវ​លើ​ដី និង​ 322 គីឡូម៉ែត្រ​/ម៉ោង​ ពេល​ហោះ​លើ​អាកាស​។

    យាន Switchblade របស់​ក្រុម​ហ៊ុន​ Samson Sky បាន​ហោះ​ហើរ​ជា​ផ្លូវ​ការ​​​លើក​ដំបូង​ ​បន្ទាប់​ពី​ទទួល​បាន​ការ​អនុញ្ញាត​កាលពី​មួយ​ឆ្នាំ​មុន​ ពី​អគ្គនាយករដ្ឋាន​អាកាសចរណ៍​អាម៉េរិក (FAA) និង​ 14 ឆ្នាំ​ក្រោយ​ពី​បង្ហាញ​ខ្លួន​ជា​លើក​ទីមួយ។ នេះ​បើ​តាម​សារព័ត៌មាន Sun ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 11 វិច្ឆិកា។

    យានជំនិះ​នេះ​អាច​ប្រែពី​ត្រីចក្រយានយន្ត​មក​ជា​យន្តហោះ ដោយ​គ្រាន់​តែ​ចុច​លើ​គ្រាប់​ចុច​មួយ​គ្រាប់​។ យាន Switchblade អាច​បើក​បរ​ក្នុង​​ល្បឿន 200 គីឡូម៉ែត្រ​/ម៉ោង​ពេល​ស្ថិត​ក្នុង​រូប​រាង​​​ជា​ត្រីចក្រយានយន្ត​បរលើ​ដង​ផ្លូវ​លើ​ដី និង​ 322 គីឡូម៉ែត្រ​/ម៉ោង​ ពេល​ប្រែ​ខ្លួន​ជា​យន្ត​ហោះ​ ហោះ​លើ​អាកាស​។

    នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្នុង​ខណ្ឌ​ Grant របស់​ទីក្រុង Moses Lake នៃរដ្ឋ Washington យាន Switchblade បាន​ហោះ​ឡើង​នៅក្នុង​ជើង​ហោះ​ហើរ​ដំបូង​ កម្ពស់ 150 ម៉ែត្រ និង​ហោះ​ជុំវិញគោលដៅ​ចំនួន 6 នាទី មុន​នឹង​ចុះ​ចត​លើដី​។

    ក្រុម​ហ៊ុន Samson Sky ឱ្យ​ដឹង​ថា បាន​ទទួល​ការ​បញ្ជាទិញ​សម្រាប់ Switchblade ពី 57 ប្រទេស​រួច​ហើយ​ នៅ​ក្នុង​តម្លៃ​ 170,000 ដុល្លារ​អាម៉េរិក​/គ្រឿង​។ យាន​ដែល​មាន​កៅអីពីរ​នេះ​អាចហោះ​ដល់​កម្ពស់​ 400 ម៉ែត្រ។ ដោយ​ប្រើប្រព័ន្ធ​អគ្គិសនី​កូន​កាត់​ Switchblade អាច​ធ្វើ​ដំណើរ​បាន​ 805 គីឡូម៉ែត្រ ពេល​ចាក់​ឥន្ធនៈ​មួយ​ពេញ 125 លីត្រ​។

    យោង​តាម New Atlas យន្តហោះ​កូន​កាត់​យាន​ជំនិះ​កង់​បី​ Switchblade នេះ មិន​មែនជា​យាន​ជំនិះ​ដែល​អាច​ហោះ​ឡើង​ និង​ចុះ​ចត​ដោយ​ឈរត្រង់​នោះ​ទេ​ ប៉ុន្តែ​វា​ត្រូវ​ការ​​ផ្លូវ​រត់​ដែល​មាន​ប្រវែង 335 ម៉ែត្រ​។

    Samson Sky ឱ្យ​ដឹង​ថា ទិន្នន័យ​ដែល​បាន​ពី​ជើង​ហោះ​ហើរ​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​​កំណត់​យក​បច្ចេក​ទេស​ក្នុង​ការ​ផលិត​ និង​អភិវឌ្ឍ​គំរូ​ដំបូង​មួយចំនួន​៕

  • អ្នក​អវកាសចិន​​ត្រលប់មក​កាន់​ផែនដី​ ក្រោយ​ពី​នៅ​លើស្ថានីយអវកាស​​បាន​ប្រាំខែ

    អ្នក​អវកាសចិន​​ត្រលប់មក​កាន់​ផែនដី​ ក្រោយ​ពី​នៅ​លើស្ថានីយអវកាស​​បាន​ប្រាំខែ

    (ប្រទេស​ចិន) -អវកាសចរ​ 3 រូប​នៃ​បេសកកម្ម​ Shenzhou 16 ត្រលប់មក​កាន់​ផែនដី​វិញ​ដោយ​សុវត្ថិភាព​កាល​ពី​ព្រឹក​មិញ​ បន្ទាប់​ពី​បាន​រស់​នៅ​ និង​ធ្វើ​ការ​រយៈ​ពេល​ 5 ខែ​នៅ​លើ​ស្ថានីយ​អវកាស​ Tiangong។

    យោង​តាម​ការ​ប្រកាស​របស់​ទីភ្នាក់​ងារ​អវកាស​មាន​មនុស្ស​បើកបរ​ចិន (CMSA) ក្រុម​អ្នក​អវកាស​ដែល​រួមមាន Jing Haipeng, Zhu Yangzhu និង Gui Haichao បាន​ចុះ​ចត​ដោយ​កាប៊ីនឆ្លង​កាត់បរិយាកាស​​​របស់​យាន​អវកាស Shenzhou 16 នៅលើ​ទីលាន​ចុះ​ចត Dongfeng កាល​ពី​វេលាម៉ោង 7 និង 10 នាទី ថ្ងៃទី 31 តុលា (ម៉ោង​នៅ​កម្ពុជា)។

    ក្រុម​អ្នក​អវកាស​ Shenzhou 16 ត្រូវ​បាន​បាញ់​បង្ហោះ​ឡើង​ទៅកាន់​ស្ថានីយ​អវកាស​ Tiangong ដោយ​រ៉ុក្កែត​ Long March 2F កាល​ពី​ខែ​ឧសភា 2023​។ ពួក​គេ​បាន​បំពេញ​ការ​ងារ​រយៈ​ពេល​ 5 ខែ​នៅ​លើស្ថានីយ​នេះ​។ ចំណែក ក្រុម​ Shenzhou 17 នឹង​ធ្វើ​ការ​រយៈ​ពេល 6 ខែ​នៅ​លើ​ស្ថានីយ Tiangong​ ។

    ស្ថានីយ​អវកាស​ចិន Tiangong ដែល​មាន​ទំហំ​ស្មើ​នឹង 20% នៃ​ទំហំ​របស់​ស្ថានីយ​អវកាស​អន្តរជាតិ​ (ISS) ត្រូវ​បាន​ស្ថាបនា​រួច​រាល់​កាល​ពី​ចុង​ឆ្នាំ 2022 ។ ប្រទេស​ចិន​គ្រោង​នឹង​រក្សា​ស្ថានីយអវកាស​ដែល​មាន​មនុស្ស​ធ្វើ​ការ​នេះ ក្នុង​រយៈពេល​យ៉ាង​តិច​មួយ​ទសវត្សរ៍​។ ពួក​គេ​ក៏​មាន​គម្រោង​ពង្រីក​ទំហំ​របស់ស្ថានីយ​រាង​អក្សរ T នេះ​ផងដែរ ដែល​បច្ចុប្បន្ន​មាន​ម៉ូឌុលសរុប​​ចំនួន​បី​៕

  • ណាសា​ធ្វើ​តេស្ត​​ដ្រូនអវកាសខ្នាត​ធំសម្រាប់​ព្រះ​ចន្ទ​របស់​ភព​សៅរ៍

    ណាសា​ធ្វើ​តេស្ត​​ដ្រូនអវកាសខ្នាត​ធំសម្រាប់​ព្រះ​ចន្ទ​របស់​ភព​សៅរ៍

    Dragonfly ដែល​ជា​ដ្រូន​គំរូ​ដើម​ខ្នាត​ធំ​ ប៉ុនកូន​​រថយន្ត​ ហើយ​គ្រោង​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ព្រះ​ចន្ទ​ធំបំផុត​របស់​ភព​សៅរ៍​ ទើបតែ​​ត្រូវ​បាន​ធ្វើ​តេស្ត​ក្នុង​បន្ទប់​ខ្យល់​។

    កន្លង​មក​ ណាសា​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​ ហួស​ពី​គោលដៅ​នៃ​បេសក​កម្ម​ដំបូង​ នៅ​ពេល​ឧទ្ធម្ភាគចក្រ​ Ingenuity ហោះ​ហើរ​បាន​ 63 លើក​នៅ​លើ​ភព​អង្គារ​។ ណាសា​យល់​ដឹង​បាន​ច្រើន​ពី​ឧទ្ធម្ភាគ​ចក្រ​ដំបូង​នេះ​ និង​ត្រៀម​អនុវត្ត​ចំពោះ​យាន​ធំ​ជាង​នេះ​នៅ​លើ​ទីតាន (Titan) ដែល​ជា​ព្រះ​ចន្ទ​ធំ​ជាង​គេ​របស់​ភព​សៅរ៍​។ នេះ​បើ​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 24 តុលា 2023​។

    ដ្រូន Dragonfly ប្រើ​ប្រាស់​ស្លាប​កង្ហារ​ចំនួន 8 និង​មាន​ទំហំ​ប៉ុន​កូន​ឡាន​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ​ Johns Hopkins រដ្ឋ Maryland សហរដ្ឋ​អាម៉េរិក បាន​ធ្វើ​តេស្ត​ទៅ​លើ​ដ្រូន​គំរូ​ដើម​ដែល​មាន​ទំហំ​ស្មើ​នឹង​ពាក់​កណ្ដាល​ទំហំ​ផ្លូវ​ការ​ និង​បាន​ចែក​រំលែក​លើ​អ៊ីនធើណិត​។

    Dragonfly នឹង​ជា​បេសកកម្ម​ដំបូង​របស់​ណាសា​ ដែល​ឆ្ពោះ​ទៅ​កាន់​ផ្ទៃ​របស់​ «ពិភព​មហា​សមុទ្រ​» មួយ​ផ្សេង​ទៀត ក្រៅ​ពី​ផែនដី​។ ដូច​ទៅ​នឹង​ផែនដី ព្រះ​ចន្ទ​ទីតាន​មាន​ប្រព័ន្ធ​អាកាស​ធាតុ​ ទន្លេ និង​សមុទ្រ​នៅ​លើ​ផ្ទៃ​ ប៉ុន្តែ​ខុស​ត្រង់​ថា ធាតុ​រាវ​ដែល​ហូរ​នៅ​លើ​ទីតាន​មាន​ផ្ទុក​មេតាន​រាវ មិន​មែន​ទឹក​ឡើយ​។ ទោះ​យ៉ាង​នេះ​ក៏​ដោយ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​ជឿ​ថា ព្រះ​ចន្ទ​មួយ​នេះ​អាច​មាន​លាក់​ភាវៈ​រស់​។

    ដ្រូន​ថ្មី​នេះ​នឹង​ស្រាវ​ជ្រាវ​ផ្ទៃ​ខាងលើ​របស់​ព្រះចន្ទ​ទីតាន​ ជា​ទី​ដែល​មនុស្ស​ទើប​បាន​ដឹង​តិច​តួច​បំផុត​នៅ​ឡើយ​។

    តាម​គម្រោង​ Dragonfly នឹង​ត្រូវ​បាន​បាញ់​បង្ហោះ​ទៅ​កាន់​ទីអវកាស​នៅ​ឆ្នាំ 2027​។ បើ​សិន​អ្វី​ៗ​ដំណើរ​ការ​រលូន វា​នឹង​ទៅដល់​ព្រះចន្ទ​ទីតាន​នៅ​ឆ្នាំ ​2034​។

  • រថភ្លើង​ដឹក​ជញ្ជូន Hyperloop ល្បឿន​ជាង 1,200 គីឡូម៉ែត្រ​/ម៉ោង

    រថភ្លើង​ដឹក​ជញ្ជូន Hyperloop ល្បឿន​ជាង 1,200 គីឡូម៉ែត្រ​/ម៉ោង

    (សហរដ្ឋ​អាម៉េរិក) – ប្រព័ន្ធ​ Hyperloop Express Freight អាច​ដឹក​ទំនិញ​ដោយ​ស្វ័យប្រវត្ត​​ក្នុង​ល្បឿន​ 1,223 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​លើកដាក់​ទំនិញ​ក្នុង​ពេលតែ​មួយ​។

    ក្រុម​ហ៊ុន Hyperloop Transportation Technologies (HyperloopTT) កំពុងឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូរថភ្លើង​ល្បឿន​លឿន​ដែល​ស្ទើរ​តែ​មិន​មាន​កម្លាំង​កកិត​ អាច​ជា​បដិវត្តន៍​ក្នុង​វិស័យ​ដឹក​ជញ្ជូន​។ ប្រព័ន្ធ​ថ្មី​បំផុត​ដែល​មាន​ឈ្មោះ​ថា Express Freight ប្រើ​ប្រាស់បំពង់​ផ្លូវទទេ ទូ​រថភ្លើង​អណ្ដែត និង​ទ្វារ​អគ្គិសនី​ជា​ដើម​ដោយ​ស្វ័យ​ប្រវត្ត​ទាំង​ស្រុង​ ដើម្បី​លើក​ដាក់​ទំនិញ​ដំណាល​គ្នា​នៅ​ពេល​ចេញ​ដំណើរ​។ HyperloopTT ឱ្យ​ដឹង​ថា ប្រព័ន្ធ​នេះ​នឹង​អាច​ដឹក​ជញ្ជូន​បាន​លឿន​ សន្សំ​សំចៃ​ប្រាក់ និង​មាន​ស្ថិរភាព​ជាង​បើ​ធៀប​នឹង​ការ​ដឹក​ទំនិញ​តាម​យន្តហោះ ឬ​រថយន្ត​ដឹក​ទំនិញ​។

    ​ប្រព័ន្ធ​នេះ​ត្រូវ​បាន​ HyperloopTT សហការ​អភិវឌ្ឍ​ជាមួយ​នឹង​ក្រុម​ហ៊ុន Tangerine របស់ប្រទេស​អង់គ្លេស​។

    ​ផែនការ​របស់ HyperloopTT គឺ​ការ​បំពាក់​ប្រព័ន្ធ​ Express Freight ខាង​ក្នុង​ហេដ្ឋារចនា​សម្ព័ន្ធ​ដឹក​អ្នក​ដំណើរ​។​ ប្រព័ន្ធ​ដឹក​អ្នក​ដំណើរ​គឺជា​​ទូ​ដែល​មាន​រូប​រាង​ដូច​ដង​ខ្លួន​យន្តហោះ ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ 1,223 គីឡូម៉ែត្រ​/ម៉ោង​ តាម​រយៈ​ប្រព័ន្ធ​ម៉ាញេទិច​ដំណើរ​ការ​នៅ​ក្នុង​ប្រព័ន្ធ​បំពង់​សម្ពាធ​ទាប​។

  • យាន​ជំនិះ​កង់​ពីរ​ទន្ទឹមគ្នា​​ឆ្លាត​វៃ​ ប្រើ​ប្រាស់​អគ្គិសនី និងរក្សា​លំនឹង​ដោយ​ស្វ័យប្រវត្ត

    យាន​ជំនិះ​កង់​ពីរ​ទន្ទឹមគ្នា​​ឆ្លាត​វៃ​ ប្រើ​ប្រាស់​អគ្គិសនី និងរក្សា​លំនឹង​ដោយ​ស្វ័យប្រវត្ត

    SHANE អាច​ដឹក​មនុស្ស​បាន​ប្រាំ​នាក់ និង​អាច​រក្សា​លំនឹង​ដោយ​ស្វ័យ​ប្រវត្ត​នៅ​ពេល​រត់​លើ​ផ្លូវ​ក្នុង​ក្រុង​ ឬ​លើ​ផ្លូវ​ល្បឿន​លឿន​។

    រចនា​រូបរាង​របស់​យាន​ជំនិះ​កង់ពីរ​ទន្ទឹម​គ្នា​ដំបូង​គេ​លើ​ពិភពលោក​មួយ​នេះ ​ត្រូវ​បាន​បង្ហាញ​ដោយ​ Shane Chen ដែល​ជា​អ្នក​បង្កើត​ស្គី hoverboard រក្សា​លំនឹង​ដោយ​ស្វ័យ​ប្រវត្ត​ដ៏​ល្បី​ឈ្មោះ​។ Chen បាន​ដាក់​ឈ្មោះ​ឱ្យ​យាន​ជំនិះ​ថ្មី​នេះ​ថា SHANE និង​អះអាង​ថា នេះ​គឺជា​ «រូប​រាង​ទោចក្រ​យានយន្ត​ពិតៗ និង​មានប្រសិទ្ធភាព​ដើម្បីប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ទីក្រុង និង​តាម​ផ្លូវ​ល្បឿន​លឿន»។ នេះ​បើ​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 18 តុលា 2023​។

    យាន​ជំនិះ​នេះ​មាន​រូប​រាង​មិន​ដូច​យាន​ជំនិះ​ដទៃ​ និង​អាច​ដាក់​មនុស្ស​បាន​ប្រាំ​នាក់​បាន​យ៉ាង​ស្រួល​ ព្រមទាំង​មាន​ទ្វារ​ចេញ​ចូល​ដ៏ធំ​ទូលាយ​នៅ​ខាង​មុខ​ និង​ខាង​ក្រោយ​។

    SHANE ប្រើ​ប្រាស់​កង់​ធំៗ​ចំនួន​ពីរ​ និង​អាច​រក្សា​លំនឹង​របស់​ផ្នែក​ខាង​មុខ​ និង​ខាង​ក្រោយ​ ​តាម​រយៈ​ប្រព័ន្ធ​អង្គញាណ​ (សែនស៊ើរ) ឆ្លាតវៃ និង​ម៉ូទ័រ​នៅ​ត្រង់​គ្រោង​យាន​។ វា​ពុំ​មាន​ចង្កូត ប៉ុន្តែអាច​ប្ដូរ​ទិស​ដៅ​ដោយ​ការ​បង្កើន​ ឬ​បន្ថយ​កម្លាំង​ និង​ល្បឿន​ទៅ​កាន់​កង់​មួយគ្រាប់​​ ឬ​កង់​ទាំង​ពីរគ្រាប់​។

    ទោចក្រយាន​យន្ត​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដើម្បី​អាច​រត់​ទាំង​នៅ​ក្នុង​ក្រុង ទាំង​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ និង​អាច​ធ្វើ​ដំណើរ​ក្នុង​រង្វង់ 160 គីឡូម៉ែត្រ និង​ល្បឿន​ 112 គីឡូម៉ែត្រ​/ម៉ោង​។

    បច្ចុប្បន្ន លោក Shane Chen កំពុង​ធ្វើ​ការ​ជាមួយ​ដៃគូ​នានា​ដើម្បី​ប្រែក្លាយ​រចនា​រូប​រាង​របស់​យាន​នេះ​ឱ្យ​ទៅ​ជា​ការ​ពិត​៕