Tag: Xi Jinping

  • មហាសេដ្ឋី​​រូប​ណា​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេនៅ​ប្រទេស​ចិន​ ​ក្នុង​ឆ្នាំ 2023​?

    មហាសេដ្ឋី​​រូប​ណា​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេនៅ​ប្រទេស​ចិន​ ​ក្នុង​ឆ្នាំ 2023​?

    ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​កំពូល​ៗ​នៅ​ប្រទេស​ចិន ដែល​គិត​ត្រឹម​ថ្ងៃទី 11 ធ្នូ ឆ្នាំ 2023 របស់​ទស្សនាវដ្ដី​ Forbes មាន​មហា​សេដ្ឋី​បច្ចេក​វិទ្យា​ចំនួន​ 5 រូប និង​ 3 រូប​ក្នុង​វិស័យ​រថយន្ត​។

    នៅក្នុង​ឆ្នាំ 2023 នេះ មហា​សេដ្ឋី​ដែល​ធ្លាប់​ជា​អ្នក​មាន​ជាង​គេ​នៅ​ប្រទេស​ចិន គឺ​លោក Jack Ma បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​ 6 ដោយ​មាន​ទ្រព្យសរុប​ 24.4 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    លោក Ma ដែល​ធ្លាប់​ជា​គ្រូ​បង្រៀនភាសា​អង់គ្លេស បច្ចុប្បន្ន​មាន​អាយុ 58 ឆ្នាំ។ លោក​គឺជា​សហស្ថាបនិក​នៃ​ក្រុម​ហ៊ុន​ Alibaba ដែល​បច្ចុប្បន្ន​គឺជា​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​គ្រប់គ្រង​ផ្សារ​អនឡាញ​ធំជាង​គេ​នៅ​ប្រទេស​ចិន​។

    លោក Ma បាន​លា​ឈប់​ពីតំណែង​នាយក​ប្រតិបត្តិ​របស់​ Alibaba កាល​ពី​ឆ្នាំ 2019​។ ក្រោយ​ការ​រស់​នៅ​ឯ​បរទេស​ប្រហែល​មួយ​ឆ្នាំ លោក​ក៏​ត្រលប់​ទៅកាន់​ប្រទេស​ចិន​ កាល​ពី​ខែ​មីនា 2023​ ក្នុង​ពេល​ Alibaba បង្ហើប​ឱ្យ​ដឹង​អំពី​គម្រោង​បំបែក​ខ្លួន​ជា​ 6 ក្រុម​ហ៊ុន​។ លោក Ma មាន​ភាគ​ហ៊ុន​ចំនួន 3.9% នៅ​ក្នុង​ Alibaba និង​ភាគ​ហ៊ុន​នៅក្នុង​បណ្ដា​ក្រុម​ហ៊ុន​កម្សាន្ត​មួយ​ចំនួន មាន​ដូច​ជា Beijing Enlight Media និង Huayi Brothers​ ជា​ដើម​។

    ក្រុម​ហ៊ុន​ Alibaba បាន​ចាប់​ផ្ដើម​ធ្លាក់​ដុន​ដាប​ បន្ទាប់ពី​លោក Ma បាន​និយាយ​រិះគន់​គោលនយោបាយ​ខ្លះ​របស់​រដ្ឋាភិបាល​ចិន​ ដែល​ដឹក​នាំ​ដោយ​ប្រធានាធិបតី​ Xi Jinping។

    លោក Zhong Shanshan

    ​ចំណែក​មហា​សេដ្ឋី​ដែល​មាន​ទ្រព្យច្រើន​ជាង​គេនៅ​ប្រទេស​ចិន​ ​ប្រចាំ​ឆ្នាំ 2023 គឺ​លោក Zhong Shanshan​។ លោក​គឺជា​ស្ថាបនិក​នៃ​ក្រុម​ហ៊ុន​ផលិត​ទឹក​សុទ្ធ Nongfu Spring​។ លោក Shanshan កើត​ឆ្នាំ 1954 នៅ​ទីក្រុង Hangzhou ខេត្ត​ Zhejiang ប្រទេស​ចិន​ និង​បាន​ឈប់​រៀន​ពេល​មាន​អាយុ 12 ឆ្នាំ​ ព្រោះ​តែ​បញ្ហា​គ្រួសារ​។ ពេញ​មួយ​ទសវត្សរ៍​ក្រោយ​មក លោក​ធ្វើ​ជា​កម្មករសំណង់ និង​សិក្សា​រហូត​ដល់​បាន​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ ក្រោយ​ពី​ប្រឡង​ធ្លាក់​ពីរ​លើក​។

    ចំណាត់​ថ្នាក់​ទីពីរ​ក្នុង​បញ្ជី​នេះ​ គឺ​មហា​សេដ្ឋី Colin Huang អាយុ 43 ឆ្នាំ ដោយ​មានទ្រព្យ​ 49 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ លោក​គឺជា​ស្ថាបនិក​របស់ PDD Holdings ដែល​នៅ​ពីក្រោយ​ផ្សារ​អនឡាញ Pinduoduo។

    ចំណាត់​ថ្នាក់​ទីបី បាន​ទៅ​លើ​ Zhang Yiming អាយុ 40 ឆ្នាំ ជា​ស្ថាបនិក​របស់ ByteDance ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់ TikTok។ លោក Yiming មាន​ទ្រព្យ​ 43.4 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    ចំណាត់​ថ្នាក់​ទីបួន​ បាន​ទៅ​លើ​ Ma Huateng (Pony Ma) អាយុ 51 ឆ្នាំ ​ជា​ប្រធាន​ក្រុម​ហ៊ុន​អ៊ីនធើណិត​ចិន Tencent Holdings។

    ខាង​ក្រោម​នេះ​គឺជា​មហា​សេដ្ឋី​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់មហា​សេដ្ឋី​ 10 រូប​នៅ​ប្រទេស​ ​របស់ Forbes ៖

    5 – William Ding

    • ទ្រព្យ៖ 33.1 ពាន់​លាន​ដុល្លារ​អាម៉េរិក
    • វិស័យ​ជំនួញ​៖ បច្ចេកវិទ្យា

    7 – Robin Zeng

    • ទ្រព្យ​៖ 24.1 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    • វិស័យ​៖ រថយន្ត

    8 – He Xiangjian និង​គ្រួសារ

    • ទ្រព្យ​៖ 21.2 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    • វិស័យ​៖ ផលិតសម្ភារៈ​​ប្រើ​ប្រាស់​ក្នុង​ផ្ទះ

    9 – Wang Chuanfu

    • ទ្រព្យ​៖ 15.1 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    • វិស័យ​៖ រថយន្ត

    10 – Eric Li

    • ទ្រព្យ​៖ 15.1 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    • វិស័យ​៖ រថយន្ត
  • ស៊ី ជីន ភីង និងពាក្យប្រៀនប្រដៅរបស់ម្ដាយ

    ស៊ី ជីន ភីង និងពាក្យប្រៀនប្រដៅរបស់ម្ដាយ

    ទីភ្នាក់ងារព័ត៌មាន CRI និង CMG បានចេញផ្សាយអត្ថបទថ្ងៃអាទិត្យ ទី2 នៃខែឧសភា(ពេលវេលារាប់តាមប្រតិទិនចិន) ជាថ្ងៃមាតាពិភពលោក ដែលត្រូវនឹងថ្ងៃទី10 ខែឧសភា ឆ្នាំ2020 ដោយបាននាំយករឿងរ៉ាវរបស់លោកប្រធានាធិបតីនៃប្រទេសចិន ស៊ី ជីនភីង ជាមួយសេចក្ដីស្រឡាញ់ ចំណងសម្ព័ន្ធភាព និងពាក្យអប់រំប្រៀនប្រដៅរបស់ម្ដាយមកចុះផ្សាយដូចតទៅ…៖

    នៅក្នុងបន្ទប់ធ្វើការរបស់លោកប្រធានាធិបតី នៃប្រទេសចិន ស៊ី ជីនភីង មានដាក់តាំងរូបថតរបស់បិតា-មាតា និងសមាជិកគ្រួសារជាច្រើនរូប…មួយនៅក្នុងចំណោមនោះ គឺជារូបភាពដែលកត់ត្រាពីភាពកក់ក្ដៅ រវាងលោក ស៊ី ជីនភីង ជាមួយនឹងម្ដាយរបស់លោក កាន់ដៃគ្នាដើរលេង ធ្វើឱ្យកើតមានក្ដីរំភើបចិត្តយ៉ាងខ្លាំងដល់អ្នកដែលបានឃើញរូបថតមួយផ្ទាំងនេះ។

    ការធ្វើខ្លួនជាគំរូដ៏ល្អ និងការស្ដាប់ពាក្យប្រៀនប្រដៅរបស់ម្ដាយ គឺជាសិរីមង្គលជីវិតសម្រាប់លោកស៊ី ជីនភីង មករហូត។

    លោកប្រធានាធិបតី ស៊ី ជីនភីង បានរៀបរាប់ថា កាលពីអំឡុងពេលដែលលោកទើបតែមានអាយុ 5-6ឆ្នាំ អ្នកម្ដាយបានស្ពាយលោក ទៅទិញសៀវភៅរូបភាពសម្រាប់និទានរឿងខ្នាតតូច របស់ យេវ ហ្វ៊ើយ ឬង៉ាក់ ហ៊ុយ នៅឯតូបលក់សៀវភៅស៊ីនហួ។ អ្នកម្ដាយ បានអានរឿងនិទានពាក់ព័ន្ធនឹងអ្នកម្ដាយរបស់វីរបុរស យេវ ហ្វ៊ើយ ដែលបានឆ្លាក់តួអក្សរ 4ពាក្យថា “មានបេះដូងស្រឡាញ់ជាតិ” នៅចំកណ្ដាលខ្នងរបស់យេវ ហ្វ៊ើយ ដើម្បីឱ្យគេក្លាយជាមនុស្សស្មោះត្រង់ មានភក្ដីភាព ដឹងគុណដឹងទោស និងលះបង់ដើម្បីប្រទេសជាតិ។

    អក្សរ 4តួនេះ ប្រៀបដូចជាគ្រាប់ពូជដែលកប់ជ្រៅនៅក្នុងបេះដូងរបស់លោកស៊ី ជីនភីង ប្រធានាធិបតីចិន ដែលធ្វើឱ្យលោកចងចាំរហូតដល់សព្វថ្ងៃនេះ និងក្លាយជាពាក្យសច្ចាប្រណិធានជីវិត។

    ស៊ី ជីន ភីង និងពាក្យប្រៀនប្រដៅរបស់ម្ដាយ
    ឪពុក​ម្ដាយ​ និង​បងប្អូន​របស់​លោក​ស៊ី ជីន ភីង​ (1975. /CCTV)

    នៅក្នុងគ្រួសាររបស់លោកស៊ី ជីនភីង មានរបៀបវិន័យដែលប្រៀនប្រដៅកូនយ៉ាងម៉ឺងម៉ាត់ និងការគ្រប់គ្រងផ្ទៃក្នុងផ្ទះដោយក្ដីសន្សំសំចៃ និងឧស្សាហ៍ព្យាយាម។ បង្ហាត់បង្រៀនកូនចៅ ដោយប្រពៃណីដ៏ល្អផូរផង់របស់ក្រុមគ្រួសារ ដោយម្ដាយត្រូវមើលថែទាំកូន និងថែមទាំងត្រូវធ្វើការងាររបស់ខ្លួនឱ្យបានល្អទៀតផង។ ទោះជាលំបាក ឬហត់នឿយយ៉ាងណា ក៏នឹងនៅតែប្រកាន់ខ្ជាប់លើការងារជាចម្បង និងពេលមានក្ដីលំបាក ក៏នឹងចាត់ការដោយខ្លួនឯង។

    លោកស៊ី ជីន ភីង ផ្ដល់ភាពសំខាន់ចំពោះក្រុមគ្រួសារ និងមានចំណងសម្ព័ន្ធភាពជាមួយសមាជិកក្នុងគ្រួសារខ្លាំងណាស់ តែដោយសារតែលោកជាមន្ត្រីថ្នាក់ខ្ពស់ ទើបច្រើនតែមិនអាចត្រឡប់មកផ្ទះនៅជាមួយក្រុមគ្រួសារក្នុងថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យបាន។

    មានរឿងរៀបរាប់ថា ក្នុងអំឡុងពេលចូលឆ្នាំចិនក្នុងឆ្នាំ2000 អ្នកស្រី ឈី ស៊ីន ដែលជាម្ដាយ បានទូរស័ព្ទនិយាយគ្នាជាមួយលោកស៊ី ជីនភីង ដែលនៅពេលនោះមានតំណែងជាអភិបាលមណ្ឌល ហ៊្វូចៀន ដោយបានសួរសុខទុក្ខ និងដាស់តឿនកូនប្រុសថា “ការធ្វើការងារឱ្យល្អ គឺជាការសម្ដែងក្ដីកតញ្ញូដ៏ធំធេងបំផុតចំពោះឪពុកម្ដាយ ហើយក៏ជាការទទួលខុសត្រូវចំពោះក្រុមគ្រួសារ និងខ្លួនឯងដែរ ដែលអាចហៅបានថា វាជារឿងតែមួយ”

    ច្រើនឆ្នាំកន្លងមកនេះ លោក ស៊ី ជីនភីង ក៏នៅតែចងចាំពាក្យប្រៀនប្រដៅ និងពាក្យដាស់តឿនរបស់ម្ដាយ ហើយរូបថតរបស់លោកស៊ី ជីនភីង ជាមួយម្ដាយ កាន់ដៃគ្នាដើរលេងក្នុងសួនច្បារ នៅតែស្ថិតនៅក្នុងបន្ទប់ធ្វើការរបស់លោកជានិច្ច មិនថាមុខតំណែង និងតួនាទីផ្លាស់ប្ដូរយ៉ាងណាក៏ដោយ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ប្រទេស​ចិនប្រកាស​ព្រឹក​នេះ​ថា បានរកឃើញ​អ្នក​ឆ្លង​ COVID-19 តែ​1នាក់​គត់ ខណៈ​ពិភព​លោក​មាន​អ្នក​ឆ្លង​សរុប​​ជាង​182,400​នាក់

    ប្រទេស​ចិនប្រកាស​ព្រឹក​នេះ​ថា បានរកឃើញ​អ្នក​ឆ្លង​ COVID-19 តែ​1នាក់​គត់ ខណៈ​ពិភព​លោក​មាន​អ្នក​ឆ្លង​សរុប​​ជាង​182,400​នាក់

    ប្រទេស​ចិន ថ្ងៃ​នេះ​បាន​ប្រកាស​ថា បានរក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ថ្មី​ចំនួន 21​ករណី​ ក្នុង​នោះ​មាន​ 20ករណី គឺជា​អ្នក​មក​ពី​បរទេស​ និង​ម្នាក់​ទៀត​នៅ​ក្នុង​ទីក្រុង​ Wuhan។

    គណៈកម្មការ​សុខាភិបាល​ជាតិ​របស់​ប្រទេស​ចិន ថ្ងៃ​នេះ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ឱ្យ​ដឹង​ថា បណ្ដា​ករណី​ឆ្លង​រោគ​ថ្មី គឺ​មាន​ប្រភព​ពី​បរទេស​ រួម​មាន​ 9ករណី​ត្រូវ​បាន​រក​ឃើញ​នៅ​ឯ​ទីក្រុង​ប៉េកាំង 3ករណី​នៅ​សៀង​ហៃ និង​3ករណី​នៅ​ក្វាង​តុង។ ចំណែក ខេត្ត​ហ្សេជាំង សានដុង ក្វាងស៊ី យូនណាន និងខេត្ត​សាអានស៊ី ក៏​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ថ្មី​ចំនួន​1ករណី​ដូច​គ្នា​។

    អ្នក​ជំងឺ​​ថ្មី​តែ​ម្នាក់​គត់​ដែល​​បាន​ឆ្លង​រោគ​នៅ​ក្នុង​ប្រទេស​ និង​ទើប​តែ​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ម្សិល​មិញ គឺ​មាន​ទីលំនៅ​ក្នុង​ទីក្រុង​ Wuhan ខេត្ត Hubei ដែល​ជាទីកំណើត​ និង​ជា​​សម្បុក​មេរោគ​ធំ​បំផុត​របស់​ COVID-19 នៅ​ប្រទេស​ចិន។

    គិត​មក​ដល់​ពេល​នេះ ប្រទេស​ចិន​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​ COVID-19 សរុប 81,050​​នាក់ ក្នុង​នោះ​មាន​​ 3,230​នាក់​បាន​បាត់​បង់ជីវិត​។ ដោយ​ឡែក​ នៅ​ទូទាំង​ពិភពលោក​វិញ បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​សរុប 182,406​នាក់ ក្នុង​នោះ​មាន 7,154​នាក់​ បាន​បាត់​បង់ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • 16វិធានការជោគជ័យរបស់ចិន ប្រយុទ្ធ​នឹង COVID-19 ឆ្លងផុតអំឡុងពេលគ្រោះថ្នាក់ ឆ្ពោះទៅថ្ងៃដែលឆ្លងផុតវិបត្តិ

    16វិធានការជោគជ័យរបស់ចិន ប្រយុទ្ធ​នឹង COVID-19 ឆ្លងផុតអំឡុងពេលគ្រោះថ្នាក់ ឆ្ពោះទៅថ្ងៃដែលឆ្លងផុតវិបត្តិ

    បើកវិធានការ 16យ៉ាងរបស់រដ្ឋបាលចិនៈ តឹងរ៉ឹង ម៉ឺងម៉ាត់ សាងសង់មន្ទីរពេទ្យ ចែកម៉ាស់អនាម័យការពារ ហ្វ្រ៊ី ប្រយុទ្ធនឹងវីរុស COVID-19 រហូតឆ្លងផុតដំណាក់កាលគ្រោះថ្នាក់ ឆ្ពោះទៅរកថ្ងៃដែលឆ្លងផុតវិបត្តិជាស្ថាពរ និងស្ថានការណ៍ល្អប្រសើរឡើង។

    ហ្វ៊ែនផេច “អាយចុង” បានផូស្តអត្ថបទរៀបរាប់អំពីវិធានការគ្រប់គ្រង និងការពារការឆ្លងរាលដាលវីរុសកូរ៉ូណា​ប្រភេទថ្មី2019 ឬ COVID-19 របស់រដ្ឋបាលចិន រហូតធ្វើឱ្យខណៈពេលនេះ ស្ថានការណ៍នៅក្នុងប្រទេស ចិនល្អប្រសើរឡើងជាបន្តបន្ទាប់ ដោយវិធានការទាំង 16ចំណុចនោះ គឺ៖

    1. រដ្ឋបាលចិនចេញវិធានការឱ្យប្រជាជនអាចលុបចោលសំបុត្រធ្វើដំណើរ-គម្រោងធ្វើដំណើរដែលបម្រុងនឹងចាកចេញពីវូហាន និងការធ្វើដំណើរដែលបម្រុងនឹងចូលមកកាន់វូហាន។

    2. រដ្ឋបាលចិន ចេញថ្លៃរក្សាព្យាបាលឱ្យគ្រប់យ៉ាង សម្រាប់អ្នកឆ្លងមេរោគកំណាចនេះ។

    3. អាជ្ញាធរវូហាន សុំការសហការពីស្ថាប័នសិក្សាអប់រំឯកជន “បិទថ្នាក់រៀន” និងបន្ថែមគោលការណ៍សងប្រាក់ ឬបង្រៀនសង ដោយសារតែលុបចោលថ្នាក់រៀនជាបណ្ដោះអាសន្នក្នុងអំឡុងពេលមេរោគរាតត្បាត។

    4. បំពាក់គ្រឿងវាស់សីតុណ្ហភាពរបស់រាងកាយតាមស្ថានីយនានា។

    5. អង្គភាពគ្រប់គ្រងការចរាចរណ៍ក្នងទីក្រុងវូហាន ចេញច្បាប់ “ពិនិត្យឆែកឆេរគ្រប់រថយន្តទាំងអស់ ថាតើមានសត្វ-វត្ថុមានជីវិតនៅក្នុងរថយន្តឬទេ? ដើម្បីការពារការចម្លងមេរោគពីសត្វមានជីវិត ដូចដែលបានសន្និដ្ឋានថា ប្រភពដើមនៃការឆ្លងរាលដាលក្នុងគ្រានោះ បណ្ដាលមកពីសត្វព្រៃ និងសត្វសមុទ្រទាំងសាច់ និងទាំងនៅរស់ ក្នុងទីផ្សារលក់ដុំអាហារសមុទ្រក្នុងទីក្រុងវូហាន”។

    6. បញ្ជាបិទទីក្រុងវូហាន និងទីក្រុងផ្សេងៗក្នុងមណ្ឌលហ៊ូពេយ ដើម្បីបង្ខាំង និងបញ្ឈប់ការសាយភាយមេរោគវីរុស។

    7. រដ្ឋបាលចិនប្រកាសបញ្ជាឱ្យក្រុមហ៊ុនទេសចរណ៍បញ្ឈប់ការលក់កញ្ចប់ទេសចរណ៍ សំបុត្រយន្តហោះ និងការកក់សណ្ឋាគារ។

    8. អាជ្ញាធរទីក្រុងវូហានចេញប្រកាសឱ្យអង្គភាពដែលពាក់ព័ន្ធចុះទៅតាមទីប្រជុំជន ដើម្បីឱ្យប្រាប់ឱ្យឱសថស្ថាននៅក្នុងទីក្រុងវូហានបើកបម្រើសេវាកម្ម(លក់ថ្នាំ)តាមធម្មតា ដើម្បីឱ្យប្រជាជនអាចរកទិញថ្នាំ និងឧបករណ៍ការពារថែទាំខ្លួនបាន និងមិនឱ្យដំឡើងថ្លៃ។

    9. អំឡុងពេលដែលឆ្លងរាលដាលខ្លាំង រដ្ឋបាលចិនបានកែសម្រួលការរាប់ និងវិនិច្ឆ័យអ្នកឆ្លងមេរោគបែបថ្មីសម្រាប់មណ្ឌលហ៊ូពេយ និងតំបន់ដែលឆ្លងរាលដាលខ្លាំង ដោយសម្រួលពី “អ្នកគួរឱ្យសង្ស័យ” ដែលមានអាការបង្ហាញខាងរោគសញ្ញា ទៅជា “អ្នកឆ្លងមេរោគ” តែម្ដង ដើម្បីឱ្យគ្រូពេទ្យវិនិច្ឆ័យ និងព្យាបាលបានកាន់តែងាយស្រួលឡើង មិនខកខានិងន កាត់បន្ថយភាពប្រថុយប្រថានក្នុងការចម្លងមេរោគ។

    10. ដាក់ចេញវិធានការចែកលុយរង្វាន់ឱ្យ មានតាំងពី 500យន់ រហូតដល់ 10,000យន់ នៅពេលមករាយការណ៍ជូនអាជ្ញាធរថា ខ្លួនមានអាការគួរឱ្យសង្ស័យថាឆ្លងមេរោគ និងបើសិនជាពិនិត្យឃើញថា ឆ្លងមេរោគមែន ក៏បានទទួលលុយភ្លាមៗតែម្ដង។

    11. ពង្រីកថ្ងៃឈប់ចូលឆ្នាំចិន ឱ្យក្រុមហ៊ុនឈប់សម្រាកបន្ថែម 1សប្ដាហ៍ទៀត និងច្រើនជាងនោះនៅក្នុងតំបន់ហ៊ូពេយ ដើម្បីកាត់បន្ថយការចម្លងមេរោគ និងការឆ្លងមេរោគ ហើយក្រុមហ៊ុនជាច្រើនមានគោលការណ៍ឱ្យបុគ្គលិកធ្វើការនៅផ្ទះ។

    12. រដ្ឋបាលចិន និងរដ្ឋបាលក្នុងតំបន់ទីក្រុងនានា បានដាក់ចេញវិធានការផ្សេងៗ ដើម្បីជួយឱ្យនៅក្នុងប្រទេសចិនមានម៉ាស់អនាម័យការពារប្រើប្រាស់គ្រប់គ្រាន់ក្នុងអំឡុងពេលឆ្លងរាលដាលខ្លាំង ដូចជា ចែកម៉ាស់អនាម័យហ្រ្វ៊ី ចែកចាយទៅតាមចំណុចផ្សេងៗ ដោយត្រូវចុះបញ្ជីតាមរយៈ WeChat និងទៅទទួលយកនៅតាមឱសថស្ថានដែលបានបញ្ជាក់ឈ្មោះ។

    13. រដ្ឋបាលចិន បានសហការជាមួយសារព័ត៌មានក្នុងប្រទេស ផ្ដល់ព័ត៌មានអ្នកជំងឺដែលផ្ទុកមេរោគ រួមទាំងខ្សែផ្លូវធ្វើដំណើររបស់អ្នកជំងឺ ថាតើបានទៅណាមកណាខ្លះ? ធ្វើអ្វីខ្លះ? ជួបអ្នកណាខ្លះ? ដោយប្រាប់យ៉ាងលម្អិត ដូចជាលេខទូរស័ព្ទ លេខបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារ លេខជើងហោះហើរ និងខ្សែរថភ្លើង ជាដើម។

    14. តាំងពីរយៈពេលដំបូងៗនៃការឆ្លងរាលដាលធ្ងន់ធ្ងរនៅចុងខែមករា ក្រសួងហិរញ្ញវត្ថុរបស់ចិន បានអនុម័តថវិកាបន្ទាន់ 4.4ពាន់លានយន់សម្រាប់ការការពារ និងគ្រប់គ្រងការឆ្លងរាលដាលមេរោគវីរុសកូរ៉ូណាប្រភេទថ្មីទូទាំងប្រទេសចិន។ ក្នុងថវិកាចំនួននេះ ជាពិសេសមណ្ឌលហ៊ូពេយ(រួមទាំងវូហាន) ទទួលបានប្រមាណ 500លានយន់។

    15. បញ្ជូនក្រុមគ្រូពេទ្យទូទាំងប្រទេសចិន ទាំងគ្រូពេទ្យស៊ីវិល និងគ្រូពេទ្យយោធា រួមទាំងធនធានមនុស្សខាងវេជ្ជសាស្ត្រផ្សេងៗ ចូលទៅជួយវូហាន និងមណ្ឌលហ៊ូពេយ ទីកន្លែងឆ្លងរាលដាលធ្ងន់ធ្ងរ រួមទាំងសាងសង់មន្ទីរពេទ្យពិសេស 2កន្លែង ដើម្បីទទួលអ្នកជំងឺ COVID-19 រួមទាំងយកអគារហាត់កីឡា អគារតាំងពិព័រណ៍ទំនិញ បន្ទប់ប្រជុំធំៗទូទាំងទីក្រុង មកធ្វើជាមន្ទីរពេទ្យបណ្ដោះអាសន្ន ដើម្បីឱ្យមានគ្រែសម្រាប់អ្នកជំងឺយ៉ាងគ្រប់គ្រាន់។

    16. ទោះជាមានពាក្យចចាមអារ៉ាមជាច្រើននិយាយថា ប្រទេសចិនបានបិទព័ត៌មាន តែបើនរណាបានតាមដានព័ត៌មាន នឹងបានឃើញថា ទាំងខាងផ្នែកកណ្ដាល និងតាមទីក្រុងផ្សេងៗតែងមានការរាយការណ៍ព័ត៌មានអំពីអ្នកឆ្លងមេរោគជារៀងរាល់ថ្ងៃ រួមទាំងការថ្លែងព័ត៌មានរបស់អង្គភាពសាធារណៈសុខាភិបាល និងអ្នកជំនាញការ រួមទាំងអង្គភាពពាក់ព័ន្ធដទៃទៀតផងដែរ។

    សារព័ត៌មានចិនខ្លួនឯង ក៏មានការរាយការណ៍ព័ត៌មានក្នុងន័យវិជ្ជមាន ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ប្រជាជនចិន ក្រៅពីការផ្ដល់ព័ត៌មានការឆ្លងមេរោគផងដែរ ដូចជា ព័ត៌មានស្ដីពីការចេញពីមន្ទីរពេទ្យរបស់អ្នកជាសះស្បើយ ដែលបានអាប់ឌែតរៀងរាល់ថ្ងៃ ជាពិសេសករណីមនុស្សចាស់ និងកុមារដែលបានជាសះស្បើយ…៕

    ប្រភព៖ សារព័ត៌មានបរទេស