Tag: Thailand

  • រឿង​ TikToker បន្ថែម​ទង់ជាតិ​ថៃ​ទៅ​ក្នុង​វីដេអូ​ថត​នៅ​អង្គរវត្ត ខាង​ «វៀតណាមកំពុង​មាន​ចំណាត់​ការ»

    រឿង​ TikToker បន្ថែម​ទង់ជាតិ​ថៃ​ទៅ​ក្នុង​វីដេអូ​ថត​នៅ​អង្គរវត្ត ខាង​ «វៀតណាមកំពុង​មាន​ចំណាត់​ការ»

    តំណាង​មន្ទីរ​វប្បធម៌ និង​កីឡានៃ​ទីក្រុង​ហូជីមិញ ​ឱ្យ​ដឹង​ថា បាន​ក្ដាប់​បាន​ព័ត៌មាន និង​កំពុង​សហការ​ជាមួយ​នឹង​ភាគី​ពាក់​ព័ន្ធ​ ដើម្បី​មាន​ចំណាត់ការ​លើ​ TikToker វៀតណាម ហឿ ក្វុកអាញ់ (Hua Quoc Anh) ដែល​បាន​បង្ហោះ​វីដេអូបង្ហាញ​ពី​​ទិដ្ឋភាព​អង្គរបស់​កម្ពុជា​ ប៉ុន្តែ​បន្ថែម​រូប​ភាព​ស្ដេច​ថៃ និង​ទង់ជាតិ​ថៃ​។

    ការ​បញ្ជាក់​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី 16 វិច្ឆិកា 2023 ដោយ​លោក ឡាំ ង៉ូ​ហ្វាំងអាញ់ ប្រធាន​មន្ទីរ​វប្បធម៌ និង​កីឡា នៃ​ទីក្រុង​ហូជីមិញ ជា​ទីដែល​ TikToker ហឿ ក្វុកអាញ់​ រស់​នៅ​។

    ប្រធានមន្ទីររូប​នេះ​ឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​របាយការណ៍​ផ្លូវ​ការ​ មន្ទីរ​វប្បធម៌ និង​កីឡា​របស់​ទីក្រុង​ហូជីមិញ នឹង​សហការ​ ក៏​ដូច​ជា​មាន​មិត​សមស្រប​ចំពោះ​បញ្ហា​ដែល​ពាក់​ព័ន្ធ​។

    ចំណែក​លោក ហ្វាំ ង៉ុក អនុប្រធាន​មន្ទីរ​ខាងលើ​ក៏​បាន​ឱ្យ​ដឹង​ថា ដោយ​សារ​តែ​ការ​រំលោភ​បំពាន​ច្បាប់​របស់ TikToker វៀតណាម ហឿ ក្វុកអាញ់ កើត​ឡើង​នៅ​ខាង​ក្រៅ​ប្រទេស​វៀតណាម ទើប​អាជ្ញាធរ​វៀតណាម​ត្រូវ​ការ​ការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់​ មុន​នឹង​មាន​ចំណាត់​ការ​។

    លោក ង៉ូ ឡាំហ្វាងអាញ់ ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងកីឡាទីក្រុងហូជីមិញ បានឆ្លើយតបអ្នក​សារព័ត៌មានអំពីហេតុការណ៍​ដែលពាក់ព័ន្ធនឹង TikToker ហឿ ក្វុកអាញ់ (Hua Quoc Anh)

    មុន​នោះ នៅលើ​ទំព័រ​ TikTok របស់​ខ្លួន ហឿ ក្វុកអាញ់ បាន​បង្ហោះ​វីដេអូ​មួយ​បង្ហាញ​ពី​​នារីម្នាក់​ស្លៀក​ឈុត​ពណ៌​ផ្កាឈូក កាន់​ដំបង​ ដើរ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា​។ វីដេអូ​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ពី​អ្នក​លេង​បណ្ដាញ​សង្គម ពិសេស​គឺ​ប្រជាជន​កម្ពុជា​ ព្រោះ​ថា​ ក្នុង​វីដេអូ​ដែល​ថត​ទិដ្ឋភាព​អង្គរវត្ត​ បែរ​ជា​ត្រូវ​បាន​បញ្ចូលរូប​ភាព​​ទង់ជាតិ​ថៃ ក៏ដូច​ជា​ស្ដេច​ថៃ និង​សំឡេង​និយាយ​ «Hello Thailand» ជា​បន្ត​បន្ទាប់​។

    ក្រោយមក នៅ​ថ្ងៃ​ទី 12 វិច្ឆិកា អាជ្ញាធរជាតិ​​អប្សរា ក៏​ប្រកាស​ថា វីដេអូ​ដែល​បាន​និយាយ​ខាងលើ​នេះ​គឺ​ប៉ះពាល់​ដល់​វប្បធម៌ និង​បេតិកភណ្ឌ​របស់​កម្ពុជា​។

    ក្រោយ​ពី​ត្រូវ​បាន​មហាជន​រិះគន់ខ្លាំង​ក្លានៅ​លើបណ្ដាញ​សង្គម ជនជាតិ​វៀតណាម ហឿ ក្វុកអាញ់ ក៏​បាន​បង្ហោះ​វីដេអូ​សូមអភ័យ​ទោស​កាល​ពី​ព្រឹក​ថ្ងៃទី 14 វិច្ឆិកា។

    ជនបង្ក​ភាព​ហេតុ ហឿ ក្វុកអាញ់ (Hứa Quốc Anh)

    បន្ទាប់​មក TikToker រូប​នេះ​ក៏​បាន​លុប​វីដេអូ​នេះ​លើ​ Facebook, TikTok។ ទំព័រ TikTok របស់​ជន​នេះ​​ដែល​មានអ្នក​តាម​ដាន​ជាង 700,000 នាក់​ក៏​ត្រូវ​បាន​បិទ​ ក្រោយ​ពី​មាន​បញ្ហា​នេះ​។ ក៏ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កំហឹង​របស់​មហា​ជន ពិសេស​គឺ​ជនជាតិ​ខ្មែរ​ នៅ​តែ​មិន​អាច​រសាយ​។

    នេះ​មិន​មែនជា​លើក​ដំបូង​ឡើយ​ដែល​ TikToker ម្នាក់​នេះ​ បង្ក​ឱ្យ​មាន​ការ​រិះគន់​លើបណ្ដាញ​សង្គម​។ កន្លង​មក ជន​នេះ​ក៏​ធ្លាប់បានបញ្ចេញ​មតិ​ខុស​ឆ្គង​ទាក់​ទង​នឹង​រឿង​សាសនា វប្បធម៌​របស់​ជនជាតិមួយ​ចំនួន​ផងដែរ​៕

  • នាយករដ្ឋមន្ត្រី​ថៃ​ស្នើឱ្យ​ពលរដ្ឋ​នៅក្នុង​ផ្ទះ ក្នុង​គ្រា​ករណី​វិជ្ជមាន​នឹង Covid-19 កំពុង​កើនឡើង​យ៉ាងខ្ពស់

    នាយករដ្ឋមន្ត្រី​ថៃ​ស្នើឱ្យ​ពលរដ្ឋ​នៅក្នុង​ផ្ទះ ក្នុង​គ្រា​ករណី​វិជ្ជមាន​នឹង Covid-19 កំពុង​កើនឡើង​យ៉ាងខ្ពស់

    នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​របស់ខ្លួន​នៅក្នុង​ផ្ទះ​ដើម្បី​ទប់ស្កាត់ «រលក​ធំ​បំផុត» នៃ​ការឆ្លង​រាលដាល​របស់​វីរុស Covid-19 បន្ទាប់ពី​ក្រុមមន្ត្រី​បញ្ជាក់​អំពី​ការកើនឡើង​ខ្ពស់​នៃ​ករណី​ឆ្លង​ថ្មី​ដល់​ទៅ 745 នាក់​ក្នុងថ្ងៃនេះ។

    រដ្ឋាភិបាល​ថៃ ថ្ងៃនេះ​បានប្រកាសថា ខេត្ត​ក្រុង​ចំនួន 28 រួមមាន​ទាំង​រាជធានី​បាងកក​ផងដែរ គឺជា​តំបន់​ដែល​កំពុងមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង Covid-19 ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ធ្វើការ​ក្នុងផ្ទះ ចៀសវាង​ការជួប​ជុំគ្នា ឬ​ចាក​ចេញពី​ខេត្ត​របស់ខ្លួន​ក្នុង​គ្រា​ដែលមាន​ការផ្ទុះ​ឆ្លង​រាលដាល​ខ្លាំង ក្រោយ​ការរកឃើញ​ករណី​ឆ្លង​នៅក្នុង​ផ្សារ​ត្រី​ក្បែរ​ទីក្រុង​បាងកក​កាលពីពេលថ្មីៗនេះ។

    នាយករដ្ឋមន្ត្រី​ថៃ លោក Prayuth Chan-ocha បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា៖ «យើង​មិន​ចង់​បិទទ្វារ​ប្រទេស​ទាំងមូល​នោះទេ ព្រោះ​យើង​ដឹង​ច្បាស់​អំពី​បញ្ហា ដូច្នេះ​តើ​គ្រប់គ្នា​អាច​បិទទ្វារ​ដោយ​ខ្លួនឯង​បានទេ?។ ប្រការនេះ​អាស្រ័យ​លើ​អ្នក​គ្រប់គ្នា ហើយ​បើសិនជា​មិន​ចង់​ឆ្លង​វីរុស គ្រប់គ្នា​គ្រាន់តែ​នៅផ្ទះ​ក្នុង​រយៈពេល​ពី 14-15 ថ្ងៃ។ បើសិន​អ្នក​គិត​ដូច្នេះ នោះ​គ្រប់យ៉ាង​នឹងមាន​សុវត្ថិភាព ហើយ​ងាយស្រួល​ក្នុងការ​គ្រប់គ្រង»។

    សម្រាប់​ថ្ងៃនេះ ប្រទេស​ថៃ​មាន​អ្នកស្លាប់​ថ្មី​ចំនួន 1 ករណី និង​បាន​រកឃើញ​ករណី​វិជ្ជមាន​ថ្មី​ចំនួន 745 នាក់ ដែល​នេះ​គឺជា​កម្រិត​ខ្ពស់បំផុត​រាប់​ចាប់ពី​ថ្ងៃ​ដែល​ប្រទេស​នេះ​រកឃើញ​ករណី​ដំបូង។ គិត​ត្រឹម​ថ្ងៃនេះ ប្រទេស​ថៃ​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 8,439 នាក់ និង​អ្នកស្លាប់​សរុប​ចំនួន 65 នាក់។ យ៉ាងនេះ​ក្ដី ប្រទេស​ថៃ​នៅតែ​ស្ថិត​ក្នុងចំណោម​បណ្ដា​ប្រទេស​ដែលមាន​ករណី​ឆ្លង​ទាប​ជាងគេ​នៅ​អាស៊ី។

    ករណី​ឆ្លង​ថ្មី​ភាគច្រើន​គឺ​ជាប់ទាក់ទង​នឹង​ក្រុម​ពលរដ្ឋ​បរទេស​ដែល​ចាប់ផ្ដើម​ឆ្លង​រាលដាល​នៅ​ខេត្ត Samut Sakhon នៅ​ភាគ​និរតី​ក្រុង​បាងកក និង​បាន​រាលដាល​ទៅកាន់​ខេត្ត​នានា​ជាង​ពាក់កណ្ដាល​របស់​ប្រទេស​នេះ។ រដ្ឋាភិបាល​ថៃ​បានចេញ​បញ្ជា​ឱ្យ​ហាង​នានា និង​អ្នកលក់​អាហារ​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​ចាប់ពី​ម៉ោង 19 យប់ ដល់​ម៉ោង 6 ព្រឹក​ថ្ងៃ​បន្ទាប់ ដោយ​ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី 5 ខែមករា ដើម្បី​ទប់ទល់​នឹង​ការឆ្លង​វីរុស។

    ការលក់​គ្រឿង​ស្រវឹង​នៅក្នុង​ហាង និង​បារ ក៏ដូចជា​ទីតាំង​កម្សាន្ត​នានា​នៅក្នុង​បណ្ដា​ខេត្ត​ដែលមាន​ហានិភ័យ​ខ្ពស់​ក៏ត្រូវ​បិទទ្វារ​បណ្ដោះអាសន្ន។ អភិបាលខេត្ត-ក្រុង​នានា ទទួលបាន​សិទ្ធិ​ក្នុង​ការចេញ​បទបញ្ជា​ដោយឡែក​ដើម្បី​ចូលរួម​ទប់ស្កាត់ Covid-19។

    ចំណែក​សាលារៀន និង​មជ្ឈមណ្ឌល​អប់រំ​នៅ​ទូទាំងប្រទេស ក៏ត្រូវ​បិទទ្វារ ផ្អាក​ដំណើរការ​រយៈពេល​ពេញ​មួយខែ​ផងដែរ៕

    ប្រភព៖ Reuters

  • ប្រទេសថៃ ចែកប្រាក់​ជិត​1.5​ពាន់​លាន​ដុល្លារ​ជូន​ពលរដ្ឋ​ដែលរងផលប៉ះពាល់ពីCOVID-19

    ប្រទេសថៃ ចែកប្រាក់​ជិត​1.5​ពាន់​លាន​ដុល្លារ​ជូន​ពលរដ្ឋ​ដែលរងផលប៉ះពាល់ពីCOVID-19

    ពលរដ្ឋដែលចូលរួមក្នុងកម្មវិធីទទួលប្រាក់នេះនឹងត្រូវធ្វើកិច្ចសន្យាថា នឹងចាយយ៉ាងតិច100បាត និងមិនឱ្យលើសពី250បាតក្នុង1ថ្ងៃ និងជារៀងរាល់ថ្ងៃ នៅតាមបណ្ដាហាងដែលបានសហការជាមួយរាជរដ្ឋាភិបាល រហូតដល់អស់ខ្ទង់ប្រាក់3,000បាត សម្រាប់ពលរដ្ឋម្នាក់។

    រាជរដ្ឋាភិបាលថៃ ថ្មីៗនេះបានឱ្យដឹងថា នឹងចំណាយប្រាក់45ពាន់លានបាត ស្មើនឹង1.44ពាន់លានដុល្លារអាម៉េរិក សម្រាប់កម្មវិធីផ្ដល់ប្រាក់សុទ្ធជូនដល់ពលរដ្ឋដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្រោយរលកCOVID-19។ ពលរដ្ឋដែលរងផលប៉ះពាល់ពីCOVID-19 ប្រមាណជា15លាននាក់ នឹងទទួលបានប្រាក់ជំនួយ3,000បាត (95.80ដុល្លារអាម៉េរិក) សម្រាប់មនុស្សម្នាក់ៗ។ យោងតាមក្រុមសេដ្ឋវិទូ រដ្ឋាភិបាលថៃត្រូវបានគេជឿថានឹងបញ្ចេញកញ្ចប់ថវិកាប្រមាណ90ពាន់លានបាត (2,873,976,120ដុល្លារ) ដើម្បីជួយជំរុញឱ្យមានការចាយវាយក្នុងស្រុកឡើងវិញ។

    អនុប្រធានឧត្តមក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃប្រទេសថៃ (ONESDC) លោក Danucha Pichayanan បានឱ្យដឹងថា គម្រោងខាងលើនេះរបស់ក្រសួងហិរញ្ញវត្ថុថៃ ទទួលបានការអនុម័តរួចរាល់ហើយ។ កម្មវិធីនេះបានចែងថា ពលរដ្ឋម្នាក់ៗដែលមានឈ្មោះនៅក្នុងបញ្ជីគោលនយោបាយនេះនឹងទទួលបានប្រាក់3,000បាតដើម្បីប្រើប្រាស់។ ពលរដ្ឋដែលយល់ព្រមចូលរួមក្នុងកម្មវិធីនេះ នឹងតម្រូវឱ្យចុះឈ្មោះ និងទទួលប្រាក់តាមរយៈកម្មវិធីកាបូបលុយអេឡិកត្រូនិកនៅលើទូរស័ព្ទដៃ។ តាមគម្រោង ផែនការនេះនឹងត្រូវផ្ដើមអនុវត្តចាប់ពីខែតុលារហូតដល់ដំណាច់ឆ្នាំ2020។

    ទោះជាបែបនេះក្ដី ពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីទទួលប្រាក់នេះនឹងត្រូវធ្វើកិច្ចសន្យាថា នឹងចាយយ៉ាងតិច100បាត និងមិនឱ្យលើសពី250បាតក្នុង1ថ្ងៃ និងជារៀងរាល់ថ្ងៃ នៅតាមបណ្ដាហាងដែលបានសហការជាមួយរាជរដ្ឋាភិបាល ហើយទីក្រុងបាងកកនឹងជួយចេញថ្លៃចំនួន50% រហូតដល់អស់ខ្ទង់ប្រាក់3,000បាតសម្រាប់មនុស្សម្នាក់។

    ដើម្បីអាចចូលរួមកម្មវិធីនេះបាន ពលរដ្ឋត្រូវតែមានអាយុចាប់ពី18ឆ្នាំឡើងទៅ ចំណែកបណ្ដាហាងដែលត្រូវចុះឈ្មោះ ក៏ត្រូវបានតម្រូវឱ្យចូលរួមកម្មវិធីមួយចំនួនរបស់រដ្ឋាភិបាល ដូចជា “Taste, Shop Spend” ឬ “We Travel Together” ជាដើម។ ហាង ឬភោជនីយដ្ឋានដែលចូលរួមក្នុងកម្មវិធីនេះ មានចំនួនប្រមាណ70,000កន្លែង នៅទូទាំងប្រទេស។

    លោក Danucha បញ្ជាក់ថា បណ្ដាហាងតូចៗ និងក្រុមហ៊ុនទើបបង្កើតថ្មី ឬហាងនៅក្បែរផ្លូវ នឹងត្រូវបានផ្ដល់អាទិភាពក្នុងការចូលរួមកម្មវិធីនេះ។ រដ្ឋាភិបាលថៃសង្ឃឹមថា កម្មវិធីនេះនឹងអាចជួយដល់ហាង និងក្រុមហ៊ុនតូចៗជាង80,000 នៅប្រទេសនេះ ដើម្បី “ហែលឆ្លង” វិបត្តិសេដ្ឋកិច្ច បន្ទាប់ពីរលកCOVID-19។ ទន្ទឹមនឹងនេះ កម្មវិធីខាងលើក៏ត្រូវបានគេវាយតម្លៃថា នឹងជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិបាន0.25% បន្ថែមទៀតផងដែរ៕

    ប្រភព៖ Bangkok Herald

  • COVID-19! ប្រទេសថៃ​ពន្យារ​សុពល​ភាព​នៃ​ការប្រកាស​អាសន្នទូទាំង​ប្រទេស​ ដើម្បី​បន្ត​ទប់​ស្កាត់​វីរុស​កូរ៉ូណា

    COVID-19! ប្រទេសថៃ​ពន្យារ​សុពល​ភាព​នៃ​ការប្រកាស​អាសន្នទូទាំង​ប្រទេស​ ដើម្បី​បន្ត​ទប់​ស្កាត់​វីរុស​កូរ៉ូណា

    រាជាណាចក្រថៃ​ នឹង​អូសបន្លាយ​​សុពល​ភាព​នៃបទ​បញ្ជា​​ដាក់​ប្រទេស​ឱ្យ​ស្ថិត​ក្នុង​​ស្ថាន​ភាព​ប្រកាស​អាសន្ន​​​ដើម្បី​ទប់​ទល់​នឹង​វីរុស​COVID-19 រហូត​ដល់​ចុង​ខែឧសភា​ បើ​ទោះ​ជា​ស្ថាន​ភាព​នៃ​រោគ​រាតត្បាត​នេះ​បង្ហាញ​ភាព​វិជ្ជ​មាន​យ៉ាង​ណា​ក៏ដោយ​។

    អ្នកនាំពាក្យ​របស់​រាជ​រដ្ឋាភិបាល​ថៃ ថ្ងៃ​នេះ​ប្រកាស​ថា ការ​ប្រកាស​អំពីស្ថាន​ភាព​អាសន្ន​ដើម្បី​ប្រឆាំង​នឹង​ COVID-19 ដែលត្រូវ​បាន​ដាក់​ចេញ​ចាប់​ពីថ្ងៃទី​26​មីនានោះ នឹង​ត្រូវ​បាន​ពន្យារ​សុពល​ភាព​ដល់​ចុង​ខែ​ឧសភា​។ ក៏ប៉ុន្តែ អ្នកនាំពាក្យ​រូប​នេះ​បាន​ឱ្យ​ដឹង​ថា នឹង​មាន​ការ​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​ខ្លះ​ចំពោះ​អាជីវ​កម្ម​ និង​សកម្ម​ភាព​សាធារណៈ​មួយ​ចំនួន​ ខណៈ​ដែល​ករណី​ឆ្លង​វីរុស​ថ្មី​មានសញ្ញា​ថយចុះ​ច្រើន​។

    ប្រទេស​ថៃ ក្នុងថ្ងៃ​នេះ​ក៏​បាន​រាយការណ៍​ថា មានករណី​ឆ្លង​វីរុស​ COVID-19ថ្មីចំនួន​9​នាក់​បន្ថែម​ទៀត​។ បច្ចុប្បន្ន ចំនួន​អ្នកជំងឺ​សរុប​នៅ​ក្នុង​ប្រទេស​នេះ​គឺ​2,931​នាក់ ក្នុងនោះ​មាន​52​នាក់​បាន​ស្លាប់ និង​2,609​នាក់​បាន​ជា​សះស្បើយ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • មន្ត្រី​អន្តោប្រវេសន៍​2​រូប​នៅ​អាកាស​យានដ្ឋាន ដែល​បាន​ឆ្លង​​ COVID-19 ប្រហែល​ជា​បាន​ចម្លង​មេរោគ​នេះ​ ទៅ​ឱ្យ​​អ្នក​ដំណើរ​ជា​ច្រើន​ មុន​ពេល​ពួកគេ​ត្រូវ​ធ្វើ​តេស្ត​រក​មេរោគ

    មន្ត្រី​អន្តោប្រវេសន៍​2​រូប​នៅ​អាកាស​យានដ្ឋាន ដែល​បាន​ឆ្លង​​ COVID-19 ប្រហែល​ជា​បាន​ចម្លង​មេរោគ​នេះ​ ទៅ​ឱ្យ​​អ្នក​ដំណើរ​ជា​ច្រើន​ មុន​ពេល​ពួកគេ​ត្រូវ​ធ្វើ​តេស្ត​រក​មេរោគ

    បុគ្គលិក​ផ្នែក​អន្តោ​ប្រវេសន៍​ថៃ​2រូប​នៅ​ព្រលាន​យន្ត​ហោះ​សុវណ្ណ​ភូមិ ក្នុង​ទីក្រុង​បាងកក ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា ដែល​ករណី​នេះ​ត្រូវ​បាន​គេ​ជឿ​ថា មាន​អ្នក​ដំណើរ​ជា​ច្រើន​ត្រូវ​ឆ្លង​រោគ​កូរ៉ូណា​ពី​មន្ត្រី​ទាំង​នេះ​មិន​ខាន​។

    Sopon Iamsirithaworn ដែល​ជា​មន្ត្រី​ម្នាក់​មក​ពី​នាយកដ្ឋានប្រយុទ្ធនឹងជំងឺ​របស់​ប្រទេស​ថៃ បាន​ឱ្យ​ដឹង​ថា បុគ្គលិក​ទី2រូប​ដែល​មាន​តួនាទី​គ្រប់​គ្រង​ផ្នែក​អន្តោប្រវេសន៍​នេះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ឱ្យ​ដឹង​ថា បាន​ឆ្លង​មេរោគ​កាល​ពី​ថ្ងៃទី​7មីនា និង​ទី​8មីនា។ មន្ត្រី​ខាង​លើ​បន្ត​ថា បុគ្គលិក​ទាំង​2នាក់​នេះ ប្រហែល​ជា​បាន​ប៉ះពាល់​អ្នក​ដំណើរ​ជា​ច្រើន​រូប មុន​ពេល​ពួកគេ​ត្រូវ​បាន​ពិនិត្យ និង​​រក​ឃើញ​មេរោគ​នេះ​។

    រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​នៃ​ប្រទេស​ថៃ ក្នុង​ថ្ងៃ​នេះ​ក៏បាន​ប្រកាស​ថា​នឹង​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ទៅ​ឱ្យ​ពល​រដ្ឋ​កូរ៉េខាង​ត្បូង អ៊ីតាលី និង​ហុង​កុង​ផងដែរ​។

    ប្រទេស​ថៃ បច្ចុប្បន្ន មាន​អ្នកឆ្លង​​ជំងឺ​កូរ៉ូណា​ចំនួន​59ករណី ក្នុង​នោះ​មាន​អ្នក​ជំងឺ​ម្នាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​ និង​34នាក់​បាន​ជា​សះ​ស្បើយ​។ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ថៃ Thai Airways បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃទី​13មីនា ក្រុម​ហ៊ុន​នេះ​នឹង​ផ្អាក​ជើង​​ហោះ​ហើរ​ទាំង​អស់​ដែល​ហោះ​ទៅ​កាន់​ប្រទេស​អ៊ីតាលី​ ដែល​ជា​តំបន់​មួយ​មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ជាង 10,000នាក់ និង​អ្នក​ស្លាប់​ជាង​600នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • មូលហេតុដែលនាំឱ្យខ្មាន់កាំភ្លើងជាមន្ត្រីយោធា ហ៊ានបាញ់សម្លាប់មនុស្ស24នាក់…

    មូលហេតុដែលនាំឱ្យខ្មាន់កាំភ្លើងជាមន្ត្រីយោធា ហ៊ានបាញ់សម្លាប់មនុស្ស24នាក់…

    មន្ត្រីយោធាថៃម្នាក់ ដែលបានធ្វើការបាញ់រះទៅលើហ្វូងមនុស្ស បណ្ដាលឱ្យមានអ្នកស្លាប់ 24នាក់ នៅក្នុងតំបន់ពាណិជ្ជកម្មមួយនៅក្នុងខេត្ត Nakhon Ratchasima ភាគឦសានប្រទេសថៃនោះ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ បន្ទាប់ពីបានឡោមព័ទ្ធអស់់រយៈពេលប្រហែល 12ម៉ោងរួចមក។

    ការបាញ់ប្រហារដ៏សាហាវនេះ បានកើតឡើងកាលពីយប់ថ្ងៃទី8 ខែកុម្ភៈ ឆ្នាំ2020 ដោយខ្មាន់កាំភ្លើងជាទាហានម្នាក់បម្រើការនៅក្នុងជួរកងទ័ពថៃ។ មុនការបាញ់រះនៅឯទីសាធារណៈនោះ ខ្មាន់កាំភ្លើងម្នាក់នេះបានបាញ់សម្លាប់មនុស្ស 3នាក់រួចទៅហើយនៅក្នុងបន្ទាយទាហានមួយដែលជននេះកំពុងបម្រើការ ក្នុងនោះក៏មានមេបញ្ជាការរបស់ខ្លួនម្នាក់ផងដែរ។

    ប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុដែលនាំឱ្យឈានទៅដល់ការបាញ់ប្រហារខាងលើនេះ អាចបណ្ដាលមកពីជម្លោះរវាងខ្មាន់កាំភ្លើង និងមេបញ្ជាការរបស់ខ្លួន។ មន្ត្រីយោធាម្នាក់ គឺលោក Thanya បានឱ្យដឹងថា ជនដៃដល់ Jakrapanth បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ ក ជាមួយមេបញ្ជាការម្នាក់របស់ខ្លួន គឺលោក Anantharot Krasnae ទាក់ទិននឹងជម្លោះដីធ្លី ហើយក៏បានដកកាំភ្លើងបាញ់សម្លាប់លោកមេបញ្ជាការម្នាក់នោះ រួចបានយកកាំភ្លើងពីជនរងគ្រោះ រត់ចេញទៅក្រៅ បាញ់សម្លាប់មិត្តរួមការងារ 2នាក់ថែមទៀត។

    បន្ទាប់មក ខ្មាន់កាំភ្លើងក៏បានចូលទៅក្នុងឃ្លាំងអាវុធ រួចប្រមូលយកអាវុធជាច្រើនបន្ថែមទៀត ព្រមទាំងបានលួចយករថយន្តពាសដែក 1គ្រឿង និងបានបើកចេញពីបន្ទាយ មុននឹងធ្វើការបាញ់រះទៅលើហ្វូងមនុស្ស និងរថយន្តនគរបាល ពេលមកដល់មជ្ឈមណ្ឌលពាណិជ្ជកម្ម Terminal 21 ក្នុងខេត្តខាងលើ។

    មុនពេលចូលដល់មជ្ឈមណ្ឌលពាណិជ្ជកម្ម Terminal 21 ខ្មាន់កាំភ្លើងឈ្មោះ Jakrapanth នេះ បានបាញ់ទៅលើធុងខ្យល់ជាច្រើនធុង បណ្ដាលឱ្យមានការផ្ទុះឆេះនៅខាងក្រៅផ្សារទំនើប។ នៅក្នុងការបាញ់រះដ៏សាហាវនេះ ជនម្នាក់នេះថែមទាំងបានផ្សាយផ្ទាល់ (live video) នៅលើបណ្ដាញសង្គម និងថតសែលហ្វ៊ីជាមួយកាំភ្លើង 2ដើមដែលខ្លួនកំពុងកាន់ រួមទាំងកន្សែងយ័ន្តការពារខ្លួនដែលចងជាប់នឹងកាំភ្លើង ហើយប្រកាសថា ខ្លួនកំពុង “សងសឹក”។

    “ធ្វើមានធ្វើបាន ដោយសារអំពើពុករលួយ និងកេងប្រវ័ញ្ចអ្នកដទៃ ពួកគេគិតថានឹងអាចយកលុយតាមខ្លួនទៅកាន់ស្ថាននរកមែនទេ!?”។ នេះជាសំណេររបស់ខ្មាន់កាំភ្លើងនៅលើបណ្ដាញសង្គម ដែលមិនដឹងថា សំដៅលើអ្នកណាឡើយ។

    សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ខ្មាន់កាំភ្លើងបានសម្រុកចូលទៅក្នុងផ្សារទំនើបនោះបណ្ដើរ បាញ់រះបណ្ដើរ បណ្ដាលឱ្យមនុស្សម្នាភ័យស្លន់ស្លោ រត់ចែកជើងគ្នាប្រសាច។

    អ្នកនាំពាក្យនៃក្រសួងការពារប្រទេសថៃ លោក ឃុងឈីប តាន់ត្រាវ៉ានិតនិយាយថា តុល្យការបណ្ដោះអាសន្ននៃការបាញ់ប្រហារនោះ គឺមានអ្នកស្លាប់ប្រមាណជា 24នាក់៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស