រឿង​ TikToker បន្ថែម​ទង់ជាតិ​ថៃ​ទៅ​ក្នុង​វីដេអូ​ថត​នៅ​អង្គរវត្ត ខាង​ «វៀតណាមកំពុង​មាន​ចំណាត់​ការ»

តំណាង​មន្ទីរ​វប្បធម៌ និង​កីឡានៃ​ទីក្រុង​ហូជីមិញ ​ឱ្យ​ដឹង​ថា បាន​ក្ដាប់​បាន​ព័ត៌មាន និង​កំពុង​សហការ​ជាមួយ​នឹង​ភាគី​ពាក់​ព័ន្ធ​ ដើម្បី​មាន​ចំណាត់ការ​លើ​ TikToker វៀតណាម ហឿ ក្វុកអាញ់ (Hua Quoc Anh) ដែល​បាន​បង្ហោះ​វីដេអូបង្ហាញ​ពី​​ទិដ្ឋភាព​អង្គរបស់​កម្ពុជា​ ប៉ុន្តែ​បន្ថែម​រូប​ភាព​ស្ដេច​ថៃ និង​ទង់ជាតិ​ថៃ​។

ការ​បញ្ជាក់​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី 16 វិច្ឆិកា 2023 ដោយ​លោក ឡាំ ង៉ូ​ហ្វាំងអាញ់ ប្រធាន​មន្ទីរ​វប្បធម៌ និង​កីឡា នៃ​ទីក្រុង​ហូជីមិញ ជា​ទីដែល​ TikToker ហឿ ក្វុកអាញ់​ រស់​នៅ​។

ប្រធានមន្ទីររូប​នេះ​ឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​របាយការណ៍​ផ្លូវ​ការ​ មន្ទីរ​វប្បធម៌ និង​កីឡា​របស់​ទីក្រុង​ហូជីមិញ នឹង​សហការ​ ក៏​ដូច​ជា​មាន​មិត​សមស្រប​ចំពោះ​បញ្ហា​ដែល​ពាក់​ព័ន្ធ​។

ចំណែក​លោក ហ្វាំ ង៉ុក អនុប្រធាន​មន្ទីរ​ខាងលើ​ក៏​បាន​ឱ្យ​ដឹង​ថា ដោយ​សារ​តែ​ការ​រំលោភ​បំពាន​ច្បាប់​របស់ TikToker វៀតណាម ហឿ ក្វុកអាញ់ កើត​ឡើង​នៅ​ខាង​ក្រៅ​ប្រទេស​វៀតណាម ទើប​អាជ្ញាធរ​វៀតណាម​ត្រូវ​ការ​ការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់​ មុន​នឹង​មាន​ចំណាត់​ការ​។

លោក ង៉ូ ឡាំហ្វាងអាញ់ ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងកីឡាទីក្រុងហូជីមិញ បានឆ្លើយតបអ្នក​សារព័ត៌មានអំពីហេតុការណ៍​ដែលពាក់ព័ន្ធនឹង TikToker ហឿ ក្វុកអាញ់ (Hua Quoc Anh)

មុន​នោះ នៅលើ​ទំព័រ​ TikTok របស់​ខ្លួន ហឿ ក្វុកអាញ់ បាន​បង្ហោះ​វីដេអូ​មួយ​បង្ហាញ​ពី​​នារីម្នាក់​ស្លៀក​ឈុត​ពណ៌​ផ្កាឈូក កាន់​ដំបង​ ដើរ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា​។ វីដេអូ​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ពី​អ្នក​លេង​បណ្ដាញ​សង្គម ពិសេស​គឺ​ប្រជាជន​កម្ពុជា​ ព្រោះ​ថា​ ក្នុង​វីដេអូ​ដែល​ថត​ទិដ្ឋភាព​អង្គរវត្ត​ បែរ​ជា​ត្រូវ​បាន​បញ្ចូលរូប​ភាព​​ទង់ជាតិ​ថៃ ក៏ដូច​ជា​ស្ដេច​ថៃ និង​សំឡេង​និយាយ​ «Hello Thailand» ជា​បន្ត​បន្ទាប់​។

ក្រោយមក នៅ​ថ្ងៃ​ទី 12 វិច្ឆិកា អាជ្ញាធរជាតិ​​អប្សរា ក៏​ប្រកាស​ថា វីដេអូ​ដែល​បាន​និយាយ​ខាងលើ​នេះ​គឺ​ប៉ះពាល់​ដល់​វប្បធម៌ និង​បេតិកភណ្ឌ​របស់​កម្ពុជា​។

ក្រោយ​ពី​ត្រូវ​បាន​មហាជន​រិះគន់ខ្លាំង​ក្លានៅ​លើបណ្ដាញ​សង្គម ជនជាតិ​វៀតណាម ហឿ ក្វុកអាញ់ ក៏​បាន​បង្ហោះ​វីដេអូ​សូមអភ័យ​ទោស​កាល​ពី​ព្រឹក​ថ្ងៃទី 14 វិច្ឆិកា។

ជនបង្ក​ភាព​ហេតុ ហឿ ក្វុកអាញ់ (Hứa Quốc Anh)

បន្ទាប់​មក TikToker រូប​នេះ​ក៏​បាន​លុប​វីដេអូ​នេះ​លើ​ Facebook, TikTok។ ទំព័រ TikTok របស់​ជន​នេះ​​ដែល​មានអ្នក​តាម​ដាន​ជាង 700,000 នាក់​ក៏​ត្រូវ​បាន​បិទ​ ក្រោយ​ពី​មាន​បញ្ហា​នេះ​។ ក៏ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កំហឹង​របស់​មហា​ជន ពិសេស​គឺ​ជនជាតិ​ខ្មែរ​ នៅ​តែ​មិន​អាច​រសាយ​។

នេះ​មិន​មែនជា​លើក​ដំបូង​ឡើយ​ដែល​ TikToker ម្នាក់​នេះ​ បង្ក​ឱ្យ​មាន​ការ​រិះគន់​លើបណ្ដាញ​សង្គម​។ កន្លង​មក ជន​នេះ​ក៏​ធ្លាប់បានបញ្ចេញ​មតិ​ខុស​ឆ្គង​ទាក់​ទង​នឹង​រឿង​សាសនា វប្បធម៌​របស់​ជនជាតិមួយ​ចំនួន​ផងដែរ​៕

Advertisement