Tag: Taiwan

  • តៃវ៉ាន់​បញ្ជូន​ទ័ព​ទៅកាន់​ប្រជុំ​កោះ​ដែល​កំពុង​ដណ្ដើម​គ្នា​ជាមួយ​ចិន​

    តៃវ៉ាន់​បញ្ជូន​ទ័ព​ទៅកាន់​ប្រជុំ​កោះ​ដែល​កំពុង​ដណ្ដើម​គ្នា​ជាមួយ​ចិន​

    កង​ទ័ព​ម៉ារីន​តៃវ៉ាន់​ បញ្ជូន​ទាហាន​របស់​ខ្លួន​ទៅ​កាន់​ប្រជុំ​កោះ​ Pratas (ឬ​ Dongsha/Tungsha) បន្ទាប់​ពី​មាន​ដំណឹង​ថា​ ទីក្រុង​ប៉េកាំង​ត្រៀម​ធ្វើ​សមយុទ្ធ​នៅក្នុង​តំបន់​។

    កាល​ពី​ថ្ងៃទី​22​មិថុនា​កន្លង​ទៅ​ មន្ត្រី​ម្នាក់​ដែល​ស្ថិត​ក្នុង​កង​កម្លាំង​ការ​ពារ​កោះ​របស់​តៃវ៉ាន់ បាន​ឱ្យ​ដឹង​ថា កង​ទ័ព​ម៉ារីន​របស់​តៃវ៉ាន់​កំពុង​ត្រូវ​បាន​បញ្ជូន​មក​កាន់​ប្រជុំ​កោះ​ Tungsha ក្នុង​រយៈ​ពេល​ខ្លី​ ដើម្បី​ធ្វើ​ការ​ហ្វឹក​ហាត់​។ ប៉ុន្តែ មន្ត្រី​រូប​នេះ​មិន​បាន​បង្ហើប​ឱ្យ​ដឹង​លម្អិត​អំពី​ចំនួន​ទាហាន​ដែល​ត្រូវ​បញ្ជូន​មក​កាន់​ទី​នេះ​ រួម​នឹង​ពេល​វេលា​ច្បាស់​លាស់​នោះ​ទេ​។

    ប្រជុំ​កោះ​ Tungsha ដែល​ស្ថិត​នៅ​​ភាគឦសាន​នៃ​សមុទ្រចិន​ខាង​ត្បូង​ មាន​តួនាទី​ជា​យុទ្ធ​សាស្ត្រ​យ៉ាង​សំខាន់​សម្រាប់​ចិន​ប៉េកាំង​ និង​ចិន​តៃប៉ិ ដោយ​សារ​តែ​ប្រជុំ​កោះ​នេះ​នៅ​ទល់​មុខ​ផ្លូវ​ចេញ​ចូលសមុទ្រ​ប៉ាស៊ីហ្វីក​របស់​កង​ទ័ព​ជើង​ទឹក​ចិន​ដែល​មាន​មូលដ្ឋាន​នៅ​កោះ​ Hainan។ បច្ចុប្បន្ន​ តៃវ៉ាន់​កំពុង​តែ​ដាក់​ពង្រាយ​កង​កម្លាំង​ប៉ូលិស​ជើង​ទឹក​​ដើម្បី​ត្រូត​ពិនិត្យ​ប្រជុំ​កោះ​Tungsha ប៉ុន្តែ ភាគី​ខាង​ទីក្រុង​ប៉េកាំង​ក៏​បាន​និង​កំពុង​អះអាង​ថា នេះគឺជា​ទឹក​ដី​របស់​ខ្លួន​។

    តៃវ៉ាន់​បញ្ជូន​ទ័ព​ទៅកាន់​ប្រជុំ​កោះ​កំពុង​ដណ្ដើម​គ្នា​ជាមួយ​ចិន​
    ​ប្រជុំ​កោះ​នេះ​នៅ​ទល់​មុខ​ផ្លូវ​ចេញ​ចូលសមុទ្រ​ប៉ាស៊ីហ្វីក​របស់​កង​ទ័ព​ជើង​ទឹក​ចិន​ដែល​មាន​មូលដ្ឋាន​នៅ​កោះ​ Hainan

    សកម្ម​ភាព​ខាង​លើ​របស់​កោះតៃវ៉ាន់ ត្រូវបាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ដំណឹង​ថា កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ (PLA) មាន​គម្រោង​ធ្វើ​សមយុទ្ធ​ទ្រង់​ទ្រាយ​ធំ​​នៅ​ក្នុង​តំបន់​​នា​​​ខែ​សីហា​ខាងមុខ​ ក្នុង​នោះ​ក៏​នឹង​មាន​ឈុត​ឆាក​អនុវត្ត​សេនារីយោ​វាយ​លុក​ដណ្ដើម​ប្រជុំ​កោះ​Tungsha ផងដែរ​។

    ភាព​តាន​តឹង​នៅ​ឆក​សមុទ្រ​តៃវ៉ាន់​ ថ្មី​ៗនេះ​បាន​ឡើង​កម្ដៅ​ខ្លាំង​បន្ទាប់​ពី​ចិន​បាន​បញ្ជូន​យន្ត​ហោះ​ចម្បាំង​ យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក រួម​នឹង​យន្ត​ហោះ​ដឹកជញ្ជូន​​ចូល​ទៅ​ក្បែរ​កោះ​ក្នុង​រយៈ​ពេល​6ខែ​។ ភាគីក្រសួង​ការ​ពារ​ជាតិ​ចិន​ មិន​ទាន់​បាន​បញ្ជាក់​អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​បង្កើន​វត្តមាន​ទ័ព​នៅ​ជុំ​វិញ​កោះ​តៃវ៉ាន់​នៅឡើយ។

    តៃវ៉ាន់​បញ្ជូន​ទ័ព​ទៅកាន់​ប្រជុំ​កោះ​កំពុង​ដណ្ដើម​គ្នា​ជាមួយ​ចិន​
    ទីតាំង​​ប្រជុំ​កោះ​ Pratas (ឬ​ Dongsha/Tungsha) ដែល​កំពុង​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​តៃវ៉ាន់

    ក្រុម​អ្នកវិភាគ​យល់​ថា សកម្ម​ភាព​ហោះ​ហើរ​ទៅកៀក​កោះ​តៃវ៉ាន់​ ហាក់​ដូច​ជា​ការ​ប្រតិកម្ម​របស់​ទីក្រុង​ប៉េកាំង​ ក្រោយ​ពី​ទីក្រុង​វ៉ាស៊ីង​តោន បាន​បញ្ជូន​យន្ត​ហោះ​ដឹក​ជញ្ជូន​ឱ្យ​ហោះ​ទៅ​ដល់​ជាយ​កោះ។​ ទន្ទឹម​នឹង​នេះ ទីក្រុង​ប៉េកាំង​ក៏មាន​បំណង​ព្រមាន​ទៅលើ​ករណី​តៃវ៉ាន់​បាញ់​រ៉ុក​កែត​ចំនួន​2គ្រាប់​កាលពីថ្ងៃទី​11​មិថុនាផងដែរ​។ ការ​បាញ់​សាកល្បង​កាំជ្រួច​របស់​តៃវ៉ាន់​នេះ​ ស្ថិត​នៅក្នុង​កម្មវិធី​អភិវឌ្ឍ​អាវុធ​ដើម្បី​បង្កើន​​សមត្ថ​ភាព​ការ​ពារ​​​កោះ​តៃវ៉ាន់​​នៅ​ចំពោះ​មុខ​ការ​គំរាម​កំហែង​ពី​ចិន​ដី​គោក​៕

    ប្រភព​៖ Focus Taiwan

  • តៃវ៉ាន់​-WHO បន្ត​ផ្លោង​ពាក្យ​សម្ដី​ដាក់​គ្នា​ លើ​បញ្ហា​COVID-19

    តៃវ៉ាន់​-WHO បន្ត​ផ្លោង​ពាក្យ​សម្ដី​ដាក់​គ្នា​ លើ​បញ្ហា​COVID-19

    ភាព​តាន​តឹង​បាន​បន្ត​កើន​ឡើង​ នៅ​ពេល​កោះ​តៃ​វ៉ាន់​ចោទ​ប្រកាន់​ WHO ថា បាន​លេង​ពាក្យ​នៅ​ក្នុង​អ៊ីម៉េល​ដែល​បាន​បង្ក​ភាព​ចម្រូង​ចម្រាស​កាល​ពី​ចុង​ឆ្នាំ​2019 ទាក់​ទិន​នឹង​បញ្ហា​វីរុស​COVID-19។

    “ប្រភព​ព័ត៌មាន​នានា​នៅថ្ងៃ​នេះ​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​​9​ករណី​រលាក​សួត​ចម្លែក​ត្រូវ​បាន​រាយការណ៍​នៅ​ទីក្រុង​ Wuhan” មេដឹកនាំ​ស្ថាប័ន​សុខាភិបាល​តៃវ៉ាន់​ Chen Shih-chung នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ទីក្រុង​តៃប៉ិ នា​ថ្ងៃ​នេះ បាន​អាន​សារ​ក្នុង​អ៊ីម៉េលមួយ​ដែល​តៃវ៉ាន់​បាន​ផ្ញើ​ទៅ​កាន់​អង្គ​ការ​សុខ​ភាព​ពិភពលោក​​(WHO) កាល​ពី​ថ្ងៃតី​31​ធ្នូ ឆ្នាំ​2019។

    លោក​ Chen Shih-chung បន្ត​អាន​សារ​ខាង​លើ​ “បណ្ដា​ស្ថាប័ន​សុខាភិបាល​នៅ​ទីក្រុង​ Wuhan បាន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​ថា 9ករណី​នេះ​ត្រូវ​បាន​ជឿ​ថា​មិន​មែនជា​ SARS(ជំងឺ​ផ្លូវ​ដង្ហើមម្យ៉ាង)នោះ​ទេ​ ប៉ុន្តែ កំពុង​ពិនិត្យ​ទៅ​លើ​សំណាក​វត្ថុ​វិភាគទាំង​នេះ ហើយ​អ្នក​ជំងឺ​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​។ ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​ក្នុង​ការ​ស្ដាប់ បើ​សិន​អស់​លោក​មាន​ព័ត៌​មាន​ទាក់​ទិន​ ចែក​រំលែក​មក​យើង​ខ្ញុំ​”។

    មេដឹកនាំ​ស្ថាប័ន​សុខាភិបាល​តៃវ៉ាន់​ Chen Shih-chung
    មេដឹកនាំ​ស្ថាប័ន​សុខាភិបាល​តៃវ៉ាន់​ Chen Shih-chung

    ខ្លឹមសារ​នៃ​អ៊ីម៉េល​ត្រូវ​បាន​ភាគីតៃវ៉ាន់​ប្រកាស​បន្ទាប់​ពី​ WHO ថ្ងៃ​នេះ​បាន​ឱ្យ​ដឹង​ថា​ អ៊ីម៉េល​ដែល​ WHO ​បាន​ទទួល​ពីតៃវ៉ាន់ មិន​បាន​និយាយ​ដល់​បញ្ហា​វីរុស​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នោះ​ទេ​។ កាល​ពី​ខែ​មុន​ កោះតៃវ៉ាន់​បាន​និយាយ​ថា ពួក​គេ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​ WHO ទៅ​នឹង​អ៊ីម៉េល​ដែល​បាន​ផ្ញើ​កាល​ពី​ថ្ងៃទី​31​ ខែ​ធ្នូ ឆ្នាំ​2019​ ទាក់​ទិន​នឹង​អាសន្ន​រោគ​នៅ​ទីក្រុង​ Wuhan ក្នុង​នោះ​មាន​សំណួរ​ដែល​សួរ​អំពី​ថា​តើ​វីរុស​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ដែរ​ ឬ​អត់​ផងដែរ។

    WHO ឱ្យ​ដឹង​ថា “យើង​សួរ​ពួកគេ​ថា តើ​ពួក​គេ​បញ្ជូន​ព័ត៌មាន​នោះ​មក​កាន់​យើង​ខ្ញុំ​ដោយ​របៀប​ណា​ បើ​យើង​ខ្ញុំ​ទទួល​បាន​តែ​អ៊ីម៉េល​មួយ​ដែល​មិន​បាន​និយាយ​ដល់​បញ្ហា​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ ប៉ុន្តែពួក​គេ​មិន​បាន​ឆ្លើយ​តប”។

    លោក Chen បាន​ច្រាន​ចោល​ការ​ប្រកាស​របស់ WHO ដោយ​​លោក​និយាយ​ថា អ្នកជំនាញ​ផ្នែក​សុខាភិបាល​ណា​ក៏ដឹង​អំពី​ករណី​ដែល​ត្រូវ​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​នោះ​ដែរ។ លោក​បន្ត​ថា WHO កំពុង​តែ​លេង​ពាក្យ​សម្ដី។ “បើ​សិន​ជា​ត្រូវ​បាន​ព្យាបាល​ដោយ​ដាក់​ឱ្យ​នៅ​ដោយ​ឡែកមិន​មែនជា​ការ​ព្រមាន​ តើ​វា​ជា​អ្វី​?”។

    តៃវ៉ាន់ ធ្លាប់​ជា​អ្នក​សង្កេត​ការណ៍​របស់​ WHO ប៉ុន្តែ តាំងពី​លោក​ស្រី Tsai Ing-wen ឡើង​ដឹក​នាំ​កោះ​តៃវ៉ាន់​ចាប់​ពី​ឆ្នាំ​2016 តៃវ៉ាន់​បាន​បាត់​បង់​តួនាទី​ជា​អ្នក​សង្កេត​ការ​នេះ​ ដោយ​សារ​មាន​ការ​ជំទាស់​ពី​ប្រទេស​ចិន​។

    ប្រទេស​ចិន​តែង​ចាត់​ទុក​តៃវ៉ាន់​ជា​ដែន​ដី​មួយ​ផ្នែក​របស់​ខ្លួន​ និង​អះអាង​ថា កោះនេះ​មិន​មាន​សិទ្ធិ​ចូល​រួម​ក្នុង​ស្ថាប័ន​អន្តរជាតិ​ណា​មួយ​នោះ​ឡើយ​។ តៃវ៉ាន់​យល់​ថា ​ប្រការ​នេះ​ហើយ ដែល​​បាន​ដក​ហូត​ឱកាស​បញ្ជូន​សារ​ទាន់​ពេល​ដើម្បី​ទប់​ស្កាត់​វីរុស ហើយ​តៃវ៉ាន់​ក៏បាន​ចោទ​ប្រកាន់​ WHO ថា មិន​បាន​អើ​ពើ​ដល់​ការ​ព្រមាន​ពី​ដំបូង​របស់​កោះ​តៃវ៉ាន់​នៅក្នុង​បញ្ហា​COVID-19។

    លោក​ស្រី Tsai Ing-wen ឡើង​ដឹក​នាំ​កោះ​តៃវ៉ាន់​ចាប់​ពី​ឆ្នាំ​2016
    លោក​ស្រី Tsai Ing-wen ឡើង​ដឹក​នាំ​កោះ​តៃវ៉ាន់​ចាប់​ពី​ឆ្នាំ​2016

    កាល​ពី​ថ្ងៃទី​12មករា WHO បាន​ឱ្យ​ដឹង​ថា មិន​មាន​ភ័ស្តុ​តាង​ច្បាស់​លាស់​អំពី​ការ​ដែល​ថា​វីរុស​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​។ ថ្ងៃទី 20មករា ប្រទេស​ចិន​បញ្ជាក់​ថា វីរុស​នេះអាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​។ ប៉ុន្តែ តៃវ៉ាន់​សង្ស័យ​លើ​ព័ត៌មាន​ពី​ប្រទេស​ចិន ហើយ​បាន​ធ្វើ​ការ​ចម្រាញ់​ជ្រើស​រើស​អ្នក​ដែល​មក​ពី​ទីក្រុង​ Wuhan ចាប់​ពី​ថ្ងៃទី​31​ធ្នូ2019។ តៃវ៉ាន់​ក៏បាន​ធ្វើ​សកម្ម​ភាព​បន្ទាន់​ចាប់​ពី​ថ្ងៃទី​2មករា​ ដែល​ប្រការ​នេះត្រូវ​បាន​អ្នក​ជំនាញ​វាយ​តម្លៃ​ថា បាន​ជួយ​ឱ្យ​តៃវ៉ាន់​គ្រប់​គ្រង​ការ​ឆ្លង​រាល​ដាល​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។

    តៃវ៉ាន់​បច្ចុប្បន្ន មាន​អ្នក​ជំងឺ​ COVID-19 ជិត​390​នាក់​ ក្នុង​នោះ​មាន​6នាក់​បាន​បាត់បង់ជីវិត​៕

    ប្រភព៖ Reuters

  • កោះតៃវ៉ាន់ ហាម​ជន​បរទេស​ចូល​ទឹក​ដី ខណៈ​ទូទាំង​ពិភព​លោក មាន​អ្នក​ឆ្លង​ COVID-19 ជិត 200,000​នាក់ និង​អ្នក​ស្លាប់​ចំនួន…

    កោះតៃវ៉ាន់ ហាម​ជន​បរទេស​ចូល​ទឹក​ដី ខណៈ​ទូទាំង​ពិភព​លោក មាន​អ្នក​ឆ្លង​ COVID-19 ជិត 200,000​នាក់ និង​អ្នក​ស្លាប់​ចំនួន…

    កោះតៃវ៉ាន់ បាន​ប្រកាស​ហាម​មិន​ឱ្យ​ផ្ដល់​ទិដ្ឋាការ​ចំពោះ​ជនបរទេស​ រាប់​ចាប់​ពី​ថ្ងៃ​ស្អែក​តទៅ ខណៈ​ដែល​ជន​បរទេស​ដែល​បានមក​កាន់​តៃវ៉ាន់​ ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ផ្ទុក​មេរោគ​ COVID-19 កាន់​តែ​ច្រើន​ឡើង​ៗ​។

    សេចក្ដី​ប្រកាស​កន្លង​មក​របស់​កោះតៃវ៉ាន់ បាន​ឱ្យ​ដឹង​ថា អ្នក​ដែល​បាន​ចូល​មក​កោះ​នេះ​ ត្រូវ​តែ​បង្ខាំង​ខ្លួន​ដាច់​ដោយ​ឡែក​រយៈ​ពេល​14ថ្ងៃ​។

    មេដឹក​នាំ​ក្រសួង​ការ​បរទេស​តៃវ៉ាន់ Joseph Wu ក្រោយ​មក​ទៀត​ ក៏បាន​ប្រកាស​សា​ជា​ថ្មី​ថា តៃវ៉ាន់​នឹង​ចាប់​ផ្ដើម​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ចំពោះ​ជនបរទេស​ទូទៅ លើក​លែង​តែ​អ្នក​ដែល​មាន​លិខិត​បញ្ជាក់​ថា ជា​អ្នក​រស់​នៅ​តៃវ៉ាន់​ពីមុន​មក​ និង​អ្នក​ការ​ទូត រួម​នឹង​អ្នកជំនួញ​ដែល​មាន​លិខិត​បញ្ជាក់​ពិសេស​ពី​តៃវ៉ាន់​។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន 160​ នៅ​ទូទាំង​ពិភពលោក​ ធ្វើ​ឱ្យ​មនុស្ស​ចំនួនជិត 200,000​នាក់ បាន​កើត​រោគ​ និង​ជិត 8,000​នាក់​បាន​ស្លាប់​។ កោះតៃវ៉ាន់ មក​ដល់​ពេល​នេះ មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ COVID-19 ត្រឹម​តែ​1ករណី​ប៉ុណ្ណោះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ជនជាតិតៃវ៉ាន់ 56នាក់បានស្លាប់ ដោយសារមេរោគផ្ដាសាយបក្សី

    ជនជាតិតៃវ៉ាន់ 56នាក់បានស្លាប់ ដោយសារមេរោគផ្ដាសាយបក្សី

    យ៉ាងហោចណាស់ ក៏មានជនជាតិតៃវ៉ាន់ 56នាក់ដែរ ដែលបានបាត់បង់ជីវិតដោយសារបានឆ្លងមេរោគផ្ដាសាយបក្សី H1N1 ក្នុងរយៈពេល 3ខែកន្លងមកនេះ ប៉ុន្តែមិនទាន់មានអ្នកណាម្នាក់ស្លាប់ដោយសារមេរោគកូរ៉ូណានៅឡើយ។

    មន្ត្រីនៃមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះអាសន្នរោគតៃវ៉ាន់ (CDC) កាលពីថ្ងៃទី3 កុម្ភៈ បានឱ្យដឹងថា H1N1 ឬហៅថា មេរោគផ្ដាសាយបក្សី គឺជាប្រភេទវីរុសដែលកើតច្រើនក្នុងរដូវត្រជាក់នៅលើកោះតៃវ៉ាន់ រយៈពេល 3ខែចុងក្រោយនេះ។ កំណត់ត្រារបស់ CDC បានបង្ហាញថា មានអ្នកឆ្លងមេរោគផ្ដាសាយបក្សី H1N1 ចំនួន 771នាក់ ដែលមានអាការធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃទី1តុលា ឆ្នាំកន្លង ក្នុងនោះមានអ្នកជំងឺ 56នាក់បានស្លាប់។

    CDC ក្នុងសប្ដាហ៍នេះ បានផ្អាកការប្រកាសអំពីចំនួនអ្នកស្លាប់ដោយសារមេរោគផ្ដាសាយបក្សី ប៉ុន្តែសារព័ត៌មាន​ក្នុងស្រុកបានឱ្យដឹងថា យ៉ាងហោចណាស់ក៏មានអ្នកស្លាប់បន្ថែមចំនួន 13នាក់ទៀតដែរ ដែលអ្នកជំងឺទាំងនេះ មានអាយុចាប់ពី 47-97ឆ្នាំ ក្នុងនោះមានទាំងលោកយាយអាយុ 80ឆ្នាំផងដែរ។

    វេជ្ជបណ្ឌិត Lin Yung-ching មកពី CDC បានប្រាប់ថា អ្នកដែលបានស្លាប់ ភាគច្រើនដោយសារផលប៉ះពាល់ខ្លាំងទៅលើសួត និងផ្លូវដង្ហើម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន SCMP។

    ជំងឺផ្ដាសាយបក្សីតាមរដូវ គឺជាការគំរាមកំហែងដល់កោះតៃវ៉ាន់ ដែលវាធ្ងន់ធ្ងរជាងមេរោគ Corona (nCoV) ដែលកំពុងរាតត្បាតពិភពលោកទៅទៀត ចាប់ពីខែធ្នូ ឆ្នាំ2019 មកនេះ។ កោះតៃវ៉ាន់ បច្ចុប្បន្ន មានអ្នកផ្ទុកមេរោគ nCoV ចំនួន10នាក់ ប៉ុន្តែមិនទាន់មានអ្នកជំងឺណាម្នាក់បានបាត់បង់ជីវិតនៅឡើយ។

    ពលរដ្ឋ​តៃវ៉ាន់ នៅ​ក្រុង​តៃប៉ី

    គួររំឭកថា កាលពីថ្ងៃទី2កុម្ភៈ ប្រទេសចិនក៏បានប្រកាសអំពីការរកឃើញសម្បុកមេរោគផ្ដាសាយបក្សី H5N1 នៅក្នុងកសិដ្ឋានមួយ នៅក្រុង Shaoyang នៃខេត្ត Hunan ដែលបានធ្វើឱ្យមាន់ 4,500ក្បាលត្រូវងាប់។ H5N1 គឺជាវីរុសផ្ដាសាយបក្សីដែលអាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស ក្នុងនោះមានប្រភេទខ្លះអាចឆ្លងមកមនុស្ស។ មន្ត្រីជំនាញនៅ Shaoyang បានប្រើប្រាស់វិធីទប់ស្កាត់មួយចំនួន ក្នុងនោះបានដុតកម្ទេចមាន់ចំនួន 17,828ក្បាលផងដែរ៕

    ប្រភព៖ សារព័ត៌មានបរទេស