Tag: Space

  • រ៉ុក្កែត SpaceX នឹង​នាំយក​ស្ថានីយ​អវកាស​ឯកជន​ឡើងទៅ​កាន់​គន្លង​​តារាវិថី

    រ៉ុក្កែត SpaceX នឹង​នាំយក​ស្ថានីយ​អវកាស​ឯកជន​ឡើងទៅ​កាន់​គន្លង​​តារាវិថី

    (សហរដ្ឋ​អាម៉េរិក) – ស្ថានីយ​អវកាស​ឯកជន​ដែលមាន​បណ្ដោយ​ប្រហែល 100 ម៉ែត្រ រួមមាន​ម៉ូឌុល​ជាច្រើន និង​ទំនាញផែនដី​សិប្បនិម្មិត នឹងធ្វើ​សកម្មភាព​នៅលើ​គន្លង​គោចរ​ផែនដី នៅ​ពីរ​ឆ្នាំ​ខាងមុខ។

    ក្រុមហ៊ុន Vast Space នៅ California កាលពី​ថ្ងៃទី 10 ឧសភា បានប្រកាស​អំពី​គម្រោង​បាញ់​បង្ហោះ​ស្ថានីយ​អវកាស Haven-1 តាមរយៈ​រ៉ុក្កែត Falcon 9 របស់​ក្រុមហ៊ុន SpaceX យ៉ាងយូរ​ត្រឹម​ខែសីហា 2025។ បន្ទាប់មក បេសកកម្ម Vast-1 នឹង​ដឹក​អ្នក​អវកាស​ឡើងទៅ​ស្ថានីយ Haven-1 និង​នៅ​ទីនោះ​រយៈពេល 30 ថ្ងៃ។ បេសកកម្ម Vast-1 ក៏​នឹង​ត្រូវបាន​បាញ់​បង្ហោះ​នៅលើ​រ៉ុក្កែត Falcon 9 ហើយ​ក្រុម​អវកាស​ចរ​នឹង​ជិះ​ក្នុង​យាន Dragon របស់ SpaceX។

    «ការសហការ​ជាមួយ SpaceX គឺជា​ជំហាន​ដំបូង​នៅក្នុង​គោលដៅ​យូរអង្វែង សំដៅ​រក​ការបាញ់​បង្ហោះ​ស្ថានីយ​អវកាស​បំពាក់​ទំនាញផែនដី​សិប្បនិម្មិត​ធំ​ជាង​មុន​ ទៅ​កាន់​​គន្លង​គោចរ​របស់​ផែនដី និង​ឆ្ងាយ​ជាង​នេះ» Jed McCaleb អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Vast Space បញ្ជាក់​ដូច្នេះ។

    Vast គឺជា​ក្រុមហ៊ុន​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ពីរ​ឆ្នាំមុន។ ក្រុមហ៊ុន​នេះ​មាន​គោលដៅ​គ្រប់គ្រង​ស្ថានីយ​អវកាស​បំពាក់​ទំនាញផែនដី​សិប្បនិម្មិត​ដែលមាន​ម៉ូឌុល​ច្រើន និង​ប្រវែង 100 ម៉ែត្រ ហើយ​បាញ់​បង្ហោះ​ដោយ​រ៉ុក្កែត​របស់ SpaceX។

    បើសិនជា​គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន Haven-1 នឹង​ក្លាយជា​ស្ថានីយ​អវកាស​ឯកជន​មួយ​​ក្នុង​ចំណោម​គម្រោង​នានា​ដែល​កំពុងស្ថិត​ក្នុងការ​អភិវឌ្ឍ។ កន្លងមក មាន​ក្រុមហ៊ុន​ជាច្រើន​ក៏បាន​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ប្រហាក់ប្រហែល​នឹង Haven-1 ក្នុងនោះ​ក៏មាន Axiom Space, Blue Origin, Nanoracks និង Northrop Grumman ផងដែរ៕

  • រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ខ្នាតតូច​អាច​ផ្គត់ផ្គង់​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​មួយ​ពាន់​គ្រួសារ

    រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ខ្នាតតូច​អាច​ផ្គត់ផ្គង់​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​មួយ​ពាន់​គ្រួសារ

    (សហរដ្ឋ​អាម៉េរិក) – ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ ឬ​ហៅថា រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ខ្នាតតូច​របស់​ក្រុមហ៊ុន Radiant Industries អាច​ផ្គត់ផ្គង់​អគ្គិសនី​មួយ​ម៉េ​ហ្កា​វ៉ា​ត់ និង​បំពាក់​បច្ចេកវិទ្យា​ទំនើប​ជាច្រើន​ដើម្បី​ទប់ស្កាត់​បញ្ហា​រលាយ ​ដោយ​សារ​កម្ដៅ​។

    Doug Bernauer អតីត​វិស្វករ​អេ​ឡិច​ត្រូ​និ​ច​អាកាសចរណ៍​របស់ SpaceX កាលពី​ឆ្នាំ 2019 បាន​បង្កើត​ក្រុមហ៊ុន Radiant Industries ដែល​ជំនាញ​ខាង​អភិវឌ្ឍ​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ​ចល័ត​ដែល​អាចដាក់​នៅក្នុង​កុងតឺន័រ។ ក្រុមហ៊ុន​នេះ​មាន​គោលដៅ​អភិវឌ្ឍ​រ៉េ​អា​ក់ទ័រ​នុយ​ក្លេ​អែរ​ខ្នាតតូច​ដែល​អាចដាក់​នៅ​​តំបន់​ដាច់ស្រយាល​បំផុត​របស់​ផែនដី និង​អាច​ផ្គត់ផ្គង់​អគ្គិសនី​មិន​ថា​ក្នុង​វិស័យ​យោធា ឬ​ស៊ីវិល។

    ទំព័រ Interesting Engineering ឱ្យដឹងថា ផែនការ​របស់ Radiant គឺ​ការបង្កើត​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែ​រដែ​លអាច​ផលិត​អគ្គិសនី​មួយ​ម៉េ​ហ្កា​វ៉ា​ត់ គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​មនុស្ស​ប្រហែល 1,000 គ្រួសារ។

    ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ​ចល័ត​របស់ Radiant Industries ​អាចដាក់​នៅក្នុង​កុងតឺន័រ

    យោងតាម​កម្មវិធី​ថ្នាក់ជាតិ​មួយរបស់​សហរដ្ឋ​អាម៉េរិក​ ក្រុម​ហ៊ុន​ Radiant កំពុងធ្វើការ​ជាមួយ​បន្ទប់ពិសោធន៍​ជាតិ Idaho និង Argonne ដើម្បី​កែលំអ​ផលិតផល។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​ក៏​កំពុង​ផ្ដោតលើ​បច្ចេកទេស​របស់​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ និងការ​​សុំច្បាប់​អនុញ្ញាត​សម្រាប់​ការ​រចនា ក៏ដូចជា​កម្មសិទ្ធិបញ្ញា​លើ​បច្ចេកវិទ្យា​នេះ​។

  • (វីដេអូ)-យាន​អវកាស​ចិន​ដែល​កំពុង​ហោះ​ទៅកាន់​ផ្កាយ​ព្រះអង្គារ បាន​កែប្រែ​គន្លង​គោចរ​ជា​លើក​ដំបូង​រួច​ហើយ

    (វីដេអូ)-យាន​អវកាស​ចិន​ដែល​កំពុង​ហោះ​ទៅកាន់​ផ្កាយ​ព្រះអង្គារ បាន​កែប្រែ​គន្លង​គោចរ​ជា​លើក​ដំបូង​រួច​ហើយ

    ក្រោយពី​បាន​ហោះហើរអស់​​រយៈ​ពេល​230​ម៉ោង​ និង​ស្ថិត​នៅ​ចម្ងាយ​​​​3​លាន​គីឡូម៉ែត្រពី​ផែន​ដី​ យាន​អវកាស​ចិន Tianwen-1 ក៏​បាន​កែប្រែ​គន្លង​គោចរ​ជា​លើកដំបូង​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ពិភព​​ព្រះអង្គារ​​។

    Tianwen-1 ដែលជាយានអវកាសហោះទៅកាន់ពិភពព្រះអង្គារដំបូងរបស់ចិន បានទទួលជោគជ័យក្នុងការកែប្រែគន្លងគោចរជាលើកដំបូងកាលពីថ្ងៃទី2សីហា។

    យាន Tianwen-1 បានកែប្រែគន្លងគោចរក្រោយពីម៉ាស៊ីន 3,000 N របស់​វា​ ដំណើរការក្នុងរយៈពេល20វិនាទី។ ក្នុងអំឡុងពេលនោះ Tianwen-1 បានហោះហើរអស់រយៈពេល230ម៉ោងនៅក្នុងទីអវកាស និងមានចម្ងាយពីផែនដីប្រមាណជា3លានគីឡូម៉ែត្រ។

    ការកែប្រែគន្លងគោចរនេះគឺក្នុងបំណងធានាឱ្យយានអវកាសអាច​ហោះ​សំដៅ​​ទៅកាន់​ផ្កាយព្រះអង្គារ ទៅ​តាម​គន្លង​ដ៏ត្រឹម​ត្រូវ​ដែល​បាន​កំណត់​ទុក​។

    តាមផែនការ យានអវកាស Tianwen-1 របស់ចិននេះ នឹងទៅដល់គោលដៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ2021ខាងមុខ។

    ប្រភព៖ CGTN

  • ផ្កាយ​មួយ​ដួង​កំពុង​ “ស៊ីសាច់​” មិត្ត​រួម​ដំណើររបស់​វា​ ​ក្នុង​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​នៃ​កាឡាក់ស៊ី​មួយ​ដែល​នៅ​ក្បែរ ​Milky Ways

    ផ្កាយ​មួយ​ដួង​កំពុង​ “ស៊ីសាច់​” មិត្ត​រួម​ដំណើររបស់​វា​ ​ក្នុង​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​នៃ​កាឡាក់ស៊ី​មួយ​ដែល​នៅ​ក្បែរ ​Milky Ways

    អ្នក​វិទ្យា​សាស្ត្រ​បាន​ប្រើ​ប្រាស់​កម្មវិធី​កុំព្យូទ័រ​ដើម្បី​ធ្វើការ​វិភាគ​ទៅ​លើ​ដំណើារ​វិវឌ្ឍ​ន៍​របស់​ផ្កាយ​ភ្លោះ​នេះ ហើយ​បាន​រក​ឃើញ​ថា ផ្កាយ​ដែល​មាន​ទំហំ​ធំជាង​គេ​ បាន​ស្រូប​យកវត្ថុ​ធាតុ​ពី​ផ្កាយ​តូច​ជាង​​ដែល​កំពុងគោចរ​ជុំវិញ​វា​ នៅ​ក្នុង​រយៈ​ចម្ងាយ​ខ្លី​។

    ក្រុម​តារា​វិទូ​នៅ​​មជ្ឈ​មណ្ឌល​​រុក​រក​រលក​ទំនាញ​ ARC Centre of Excellence for Gravitational Wave Discovery (OzGrav) របស់​ក្រុម​ប្រឹក្សា​ស្រាវ​ជ្រាវ​អូស្ត្រាលី​ សហការ​ជាមួយ​មន្ទីរ​ស្រាវ​ជ្រាវ​ Max Planck របស់​អាល្លឺម៉ង់ សាកលវិទ្យា​ល័យ​ Monash របស់​អូស្ត្រាលី និង​សាកល​វិទ្យា​ល័យ Birmingham នៃ​ប្រទេស​អង់គ្លេស​​ បាន​ធ្វើ​ការ​ស្វែង​យល់​អំពី​ប្រភព​នៃ​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ Be X-ray ដែល​ត្រូវ​បាន​រកឃើញ​នៅ​ក្នុងកាឡាក់ស៊ី​​ Small Magellanic Cloud ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កាឡាក់ស៊ី​ Milky Ways របស់មនុស្ស​​យើង​។

    កាឡាក់ស៊ី​​ Small Magellanic Cloud ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កាឡាក់ស៊ី​ Milky Ways របស់មនុស្ស​​យើង
    កាឡាក់ស៊ី​​ Small Magellanic Cloud ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កាឡាក់ស៊ី​ Milky Ways របស់មនុស្ស​​យើង

    ប្រព័ន្ធ​ផ្កាយ​ភ្លោះ Be X-ray គឺជា​ប្រព័ន្ធ​ផ្កាយ​មួយ​ ដែល​រួម​មាន​ផ្កាយ​នឺត្រុង​មួយ​ដែល​គោចរ​យ៉ាង​លឿន​ជុំវិញ​ផ្កាយ​មួយទៀត​ដែល​មាន​ទំហំ​ធំជាង​វា​។ ល្បឿន​នៃ​ការ​គោចរ​របស់​ផ្កាយ​នឺត្រុង​តូច បាន​ធ្វើ​ឱ្យ​ផ្កាយ​ធំ​ បង្កើត​បាន​ជា​កង​អវកាស​ដ៏​ធំ​មួយ​ដែល​ពេញ​ទៅ​ដោយ​វត្ថុ​ធាតុ​ផ្សេង​ៗ។ បន្ទាប់​មក ផ្កាយ​នឺត្រុង​ក៏បាន​បញ្ចេញ​កាំរស្មី​ X ដែល​ក្រុម​តារាវិទូ​អាចសង្កេត​ឃើញ និង​​វាស់​វែង​បាន​។

    បណ្ឌិត​ Serena Vinciguerra ប្រធាន​ក្រុម​ស្រាវ​ជ្រាវ​នៅ​ OzGrav បាន​ប្រើ​ប្រាស់​កម្មវិធីកុំព្យូទ័រ​​ COMPAS ដើម្បី​ក្លែង​បង្កើត​​បរិយាកាស​ដែល​ដូច​ទៅ​នឹង​កាឡាក់ស៊ី​​ Small Magellanic Cloud។ តាម​រយៈ​ការ​ប្រៀប​ធៀប​ចំណុច​ពិសេស​របស់គន្លង​គោចរ​របស់​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ Be X-ray ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​កុំព្យូទ័រ ជាមួយ​នឹង​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ពិត​នៅ​ក្នុង​អវកាស​ដែល​ត្រូវ​បាន​សង្កេត​ឃើញ ក្រុម​តារាវិទូ​អាច​ស្វែង​យល់​អំពី​ដំណើ​ការ​នៃ​ការ​វិវឌ្ឍ​ន៍​របស់​ផ្កាយ​ទាំង​នេះ​៖

    ដំបូង​ឡើយ​ ផ្កាយ​ទាំង​នេះ​បាន​កកើត​ក្នុង​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ដែល​មាន​គន្លង​គោចរ​រាង​ពង​ក្រពើ​តូច​ចង្អៀត​។ ផ្កាយ​មួយ​ដួង​ដែល​មាន​ទំហំ​ធំ​ជាង​គេ​ មាន​ការ​វិវឌ្ឍន៍​​លឿងជាង​ និង​ប្រែ​ទៅ​ជា​ធំ​ជាង​មុន​យ៉ាងលឿន។ ដោយ​សារ​តែ​នៅ​មិន​សូវ​ឆ្ងាយ​ពី​គ្នា ផ្កាយ​ធំជាង​ ក៏​ស្រូប​យក​វត្ថុ​ធាតុ​ពី​ផ្កាយ​តូច​ជាង​វា​បាន​ច្រើន​។ នៅ​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​វិវឌ្ឍន៍ ផ្កាយ​ធំ​ជាង​គេ​​​អាចនឹង​​​ផ្ទុះ​ឡើង​ក្រោម​ទម្រង់​​ supernova ហើយ​​ប្រែ​ក្លាយ​ជា​​ផ្កាយ​នឺត្រុង​តួច​ ប៉ុន្តែ​ហាប់​ណែន​។​ បើ​សិន​ជា​ផ្កាយ​ទាំង​2​នេះ​នៅ​មាន​ជីវិត​បន្ទាប់​ពី​ការ​ផ្ទុះ​ ពួក​វា​នឹង​បង្កើត​បាន​ជា​ប្រព័ន្ធផ្កាយ​ភ្លោះ​​ Be X-ray ដោយ​មាន​ផ្កាយ​នឺត្រុង​តូច​មួយ​ វិល​ជុំ​វិញ​ផ្កាយ​យក្ស​ធំ​មួយ​ ក្នុង​ល្បឿន​យ៉ាង​លឿន៕

    ប្រភព​៖ Sci Tech Daily