Tag: Samsung

  • កម្ពុជា ជាប្រទេសមួយក្នុងចំណោម 11ប្រទេស ដែលអាចប្រើកម្មវិធី mySamsung

    កម្ពុជា ជាប្រទេសមួយក្នុងចំណោម 11ប្រទេស ដែលអាចប្រើកម្មវិធី mySamsung

    ក្នុងតំបន់អាស៊ី និងអូសេអានី កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស 11 ដែលអាចប្រើប្រាស់កម្មវិធីថ្មីមួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Samsung សម្រាប់ផ្ដល់ជូនអតិថិជននូវការថែទាំ ការគ្រប់គ្រង និងធ្វើឱ្យផលិតផល Samsung របស់អ្នកកាន់តែល្អប្រសើរជាងមុន។

    តាមការចុះផ្សាយលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Samsung បានឱ្យដឹងថា កម្មវិធី mySamsung អាចប្រើបានក្នុងប្រទេស 11 រួមមាន អូស្ត្រាលី កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ណូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី ថៃ តៃវ៉ាន់ និងវៀតណាម។ កម្មវិធីនេះផ្ដល់នូវលទ្ធភាពទាក់ទងសេវាបម្រើអតិថិជន នៅពេលលោកអ្នកត្រូវការជំនួយ ព្រមទាំងនឹងក្លាយជាមនុស្សដំបូងក្នុងការទទួលបានការ Update ព័ត៌មានអំពីការលក់ផ្ដល់ជូនតម្លៃពិសេស ឬឯកសិទ្ធិពិសេសថ្មីៗ ជាដើម។

    ប្រភពព័ត៌មានបានបន្ថែមទៀតថា កម្មវិធីនេះអាចប្រើបានលើទូរស័ព្ទវៃឆ្លាត Samsung ទាំងអស់ និងថេប្លេតមួយចំនួនដែលប្រើ Android OS 4.3 ឡើងទៅ ហើយមាន 7 ភាសាដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Samsung ទទួលបានអត្ថប្រយោជន៍ពីដៃគូដែលអាចជួយដោះស្រាយបញ្ហាបន្តិចបន្តួចរបស់ផលិតផល Samsung ឬទទួលបាននូវអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសពីសេវាកម្មភោជនីយដ្ឋាន ឬពីទីកន្លែងផ្សេងៗទៀតនៅក្នុងទីក្រុងជាកន្លែងដែលសមាជិករបស់ mySamsung អាចរីករាយជាមួយការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសណាមួយ។

    ក្រៅពីនេះ លោកអ្នកក៏អាចសិក្សាអំពីព័ត៌មានជុំវិញផលិតផល Samsung ដែលជាការច្នៃប្រឌិតថ្មី និងការផ្តល់ជូនពិសេសថ្មីៗ ហើយនៅពេលដែលទូរស័ព្ទមានបញ្ហាដែលតម្រូវឱ្យមានការជួសជុលពីអ្នកបច្ចេកទេស អ្នកអាចប្រើប្រាស់កម្មវិធី mySamsung ដោយគ្រាន់តែចុចលើស្មាតហ្វូន Galaxy របស់អ្នកដែលផ្ទុកនូវកម្មវិធីនេះប៉ុណ្ណោះ។

    ម្យ៉ាងវិញទៀតអ្នកអាចប្រើ «Live Chat» ដើម្បីពិភាក្សាជាមួយផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើងឬគ្រាន់តែចុចលើពាក្យ «Write to us» អ្នកនឹងអាចសរសេរអ៊ីមែលព្រមទាំងភ្ជាប់មកនូវរូបថត (ប្រសិនជាចាំបាច់) នៅពេលអ្នកពន្យល់ពីបញ្ហាដែលអ្នកជួបប្រទះបានទៀតផង៕

  • ទូរស័ព្ទ Galaxy S8 Plus ចេញពណ៌ថ្មី តម្លៃក្បែរ 1ពាន់ដុល្លារ

    ទូរស័ព្ទ Galaxy S8 Plus ចេញពណ៌ថ្មី តម្លៃក្បែរ 1ពាន់ដុល្លារ

    តាមគេហទំព័រ Samsung បានឱ្យដឹងថា ខ្លួនកំពុងត្រៀមបង្ហាញស្មាតហ្វូនពណ៌ផ្កាឈូកស្រស់ (Rose Pink) មួយទៀតសម្រាប់ទូរស័ព្ទម៉ូដែល Galaxy S8 Plus នៅខែក្រោយនេះសម្រាប់ទីផ្សារកោះតៃវ៉ាន់ ក្នុងតម្លៃប្រមាណជា 920 ដុល្លារអាមេរិក។

    ពណ៌ថ្មីនេះនឹងមានលក់ក្នុងរយៈពេលកំណត់មួយ តែមិនបានបញ្ជាក់អំពីចំនួនដែល S8 Plus ពណ៌ថ្មីនេះនឹងត្រូវបញ្ចេញលក់លើទីផ្សារនោះទេ។ ក្នុងនោះ Samsung ក៏បានបន្ថែមពណ៌ថ្មីៗទៀតចំពោះម៉ូដែលទាំង 2 ដូចជាពណ៌ Ice Lake Blue, Smoked Purple Grey និង Quickstand Gold ក្នុងទីផ្សារដដែលនេះ។

    ដោយឡែកចំពោះលក្ខណសម្បត្តិរបស់ទូរស័ព្ទ Galaxy S8 Plus ពណ៌ផ្កាឈូកស្រស់នេះ គឺមិនមានអ្វីខុសប្លែកគ្នាពីទូរស័ព្ទពណ៌ផ្សេងដែល Samsung ធ្លាប់ដាក់លក់មកនោះទេ ពោលគឺនៅប្រើអេក្រង់ទំហំ 6.2 អ៊ីញកម្រិត Quad HD 2560×1440 ភិកសេល ជាអេក្រង់ពេញកោង បំពាក់បន្ទះឈីបប្រភេទ Exynos 8895 ប្រើឈីប Exynos 8895 octa-core, កាមេរ៉ាក្រោយទំហំ 12MP និងខាងមុខទំហំ 8MP កម្លាំងថ្ម 3500mAh និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.0 ដដែល៕

  • Samsung បង្ហាញពីភាពជោគជ័យលើការលក់ Galaxy S8 និង S8Plus

    Samsung បង្ហាញពីភាពជោគជ័យលើការលក់ Galaxy S8 និង S8Plus

    ក្រោយចេញលក់ទូរស័ព្ទ Galaxy S8 និង S8Plus ជាផ្លូវការកាលពីដើមខែឧសភារួចមក ក្រុមហ៊ុន Samsung បានប្រកាសពីភាពជោគ​ជ័យ​ថ្មីមួយ ដោយគិតត្រឹមចុងខែមិថុនា ឆ្នាំ2017​​ នេះ ការលក់របស់ទូរស័ព្ទទាំង 2 ម៉ូដែលបានទទួលការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់អ្នកប្រើប្រាស់ជាច្រើនលាននាក់។

    តាមរបាយការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុន Samsung កាលពីពេលថ្មីៗនេះបង្ហាញថា ការលក់ Galaxy S8 និង S8Plus បានកើនឡើងដល់ 5 លានគ្រឿងហើយលើទីផ្សារសកល ត្រឹមតែរយៈពេលជិត 2 ខែមកនេះប៉ុណ្ណោះ។ ក្នុងនោះ បើយោងតាមទីផ្សារភាគហ៊ុន Yuanta នៃប្រទេសកូរ៉េ (តាមរបាយការណ៍ The Korea Herald) ក្រុមហ៊ុនបានរំពឹងទុកថា ការលក់នឹងអាចឈានទៅដល់ 50.4 លានគ្រឿង នៅពេញមួយ​ឆ្នាំ 2017 នេះ។ ប្រភពដដែលបានបន្ដទៀតថា ក្នុងចំណោមទូរស័ព្ទទាំង 2 ស៊េរីនេះ ទូរស័ព្ទ S8Plus មានការគាំទ្រច្រើនជាង S8 ធម្មតា ខណៈស្មាតហ្វូននេះ អាចរកចំណូលពីការលក់បានរហូតដល់ 27.1 លានដុល្លាអាមេរិក ស្មើនឹង 54% នៃការលក់សរុប។

    លោក Seungho Choi នាយកគ្រប់គ្រងនៃ Samsung សាខាកម្ពុជា បានឱ្យដឹងបន្ថែមថា សម្ទុះនៃការលក់ទូរស័ព្ទ Galaxy S8 និង S8 Plus មានកម្រិតខ្លាំងនៅតាមខេត្តធំៗក្នុងព្រះរាជាណាចក្រកម្ពុជា លើសពីអ្វីដែលក្រុមហ៊ុនបានរំពឹងទុក។ ភាពខ្លាំងនៃការសម្ពោធទូរស័ព្ទ Galaxy S8 គឺការជឿទុកចិត្តពីអ្នកប្រើប្រាស់ខ្មែរជាច្រើនឆ្នាំមកហើយ។

    ទូរស័ព្ទ Galaxy S8 និង S8 Plus ជាទូរស័ព្ទដំបូងគេដែលត្រូវបានរចនាទ្បើងដោយបំពាក់នូវអេក្រង់ដ៏ធំភ្លឺច្បាស់ល្អ។ គែម​សងខាងនៃទូរស័ព្ទធ្វើពីលោហៈសុទ្ធ និងបំពាក់នូវ Infinity Display ដែលធ្វើឱ្យមានរូបរាងស្អាត និងមានភាពរលោងងា​យ​ស្រួលចាប់កាន់ ដែលវាជាដំណោះស្រាយដ៏វិសេសវិសាលមួយដោយបំពាក់នូវប៊ូតុងដែលបង្កប់ក្នុងអេក្រង់៕

  • ទូរទស្សន៍ QLED TV របស់ Samsung ដណ្តើមទីផ្សារអឺរ៉ុបបាន 40%

    ទូរទស្សន៍ QLED TV របស់ Samsung ដណ្តើមទីផ្សារអឺរ៉ុបបាន 40%

    ក្រោយបើកសម្ពោធលក់ក្នុងទីផ្សារអឺរ៉ុបកាលពីខែមិនា ឆ្នាំ2017 ទូរទស្សន៍ស៊េរី QLED TV Q9 របស់ក្រុមហ៊ុន Samsung បាន​ស៊ីដាច់​ចំណែកទីផ្សារបានចំនួន 40% ដោយមានចំនួនការលក់ប្រចាំ​សប្តាហ៍​ កើនឡើងលើស 4 ដងនៅដើមខែឧសភា បើប្រៀបធៀប​នឹង​សប្តាហ៍មុនៗកាលពីចាប់ផ្តើមដាក់លក់។

    លោក Yoon Lee អនុប្រធានជាន់ខ្ពស់អាជីវកម្មផ្នែក Visual Display របស់ក្រុមហ៊ុន Samsung អេឡិចត្រូនិក បានឱ្យដឹងថា ទូរទស្សន៍ប្រភេទ QLED TV មិនត្រឹមតែផ្តល់នូវរូបភាពគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងជាទូរទស្សន៍ដែលឆ្លុះបញ្ចាំង​ពីបែបប​ទ​ជីវិត​ទាន់​សម័យ តាមរយៈការរចនា និងមុខងារទំនើបរបស់វា។ លោកបន្ដថា ជាមួយនឹងមុខងារសម្បូរបែប ការរចនាដ៏ទាក់ទាញនេះទស្សនាវដ្តីតិចណូឡូជីរបស់​អាល្លឺម៉ង់​បានដាក់ពិន្ទុឱ្យទូរទស្សន៍នេះរហូតដល់ទៅ 920 ពិន្ទុ ខណៈពិន្ទុខ្ពស់បំផុតមានត្រឹម 1,005 ប៉ុណ្ណោះ។ នេះមានន័យថាSamsung បានទទួលរង្វាន់ពីភាពឥតខ្ចោះ 3 ផ្ទួនៗគ្នា ដែលធ្វើឱ្យទូរទស្សន៍ Samsung QLED ក្លាយជាទូរទស្សន៍​តែ​មួយ​​គត់ដែល​ទទួល​បាន​ភាព​អស្ចារ្យលើលក្ខខណ្ឌវាយតម្លៃទាំង 3 គឺ៖ ការបញ្ជាក់គុណភាព ភាពច្នៃប្រឌិតថ្មី និងភាពលេចធ្លោ។

    ជាមួយ​នឹងយុទ្ធសាស្រ្តដ៏រលូននៃផលិតផលទូរទស្សន៍ប្រភេទ QLED TV ឆ្នាំនេះ ភាគហ៊ុន​ទីផ្សារ​ក្រុមហ៊ុន Samsungឈរយ៉ាង​រឹងមាំឈា​ន​មុ​ខ​គេនៅក្នុងទីផ្សារអាមេរិក និងអឺរ៉ុប ហើយសម្រាប់ទីផ្សារប្រទេសចិនវិញ រយៈពេល 10 សប្ដាហ៍​ដំបូង ភាគហ៊ុនទីផ្សារ​របស់​ទូរទស្សន៍ Samsung Quantum Dot បានកើនឡើងរហូតដល់ 2.4%៕

  • មានអីតែឯង…Samsung ក៏មានដែរ!

    មានអីតែឯង…Samsung ក៏មានដែរ!

    មួយខែចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបានចាប់ផ្ដើមបង្អួតគ្នានូវកុំព្យូទ័រស៊េរីថ្មីៗ ដោយមានបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃទាំងឡាយ ដែលអាចបម្រើសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់ ហើយក្រុមហ៊ុន Samsung ក៏មានមួយគ្រឿងនឹងគេដែរ ក្រោយពីទំនេរដៃពីរឿងស្មាតហ្វូន។

    ក្នុងព្រឹត្តិការណ៍ពិព័រណ៍ Computex នៅកោះតៃវ៉ាន់ Samsung បានដាក់បង្ហាញនូវម៉ូដែលកុំព្យូទ័រយួរដៃថ្មីមួយដែលមានឈ្មោះថា Notebook 9 Pro ដោយមានលក្ខណៈពិសេសត្រង់មានការភ្ជាប់ប៊ិច S Pen មកជាមួយដែលអាចគូសវាស និងធ្វើកិច្ចការមួយចំនួនទៀតស្រដៀងទូរស័ព្ទត្រកូល Note ដែរ។ មិនតែប៉ុណ្ណោះ Notebook 9 Pro ក៏អាចបត់អេក្រង់បាន 360 ដឺក្រេជាមួយនឹងអេក្រង់ប្រភេទ Touch Screen អាចប៉ះបញ្ជាដោយផ្ទាល់ ឬប្រើប៊ិច S Pen បញ្ជាក៏បានដែរ។ ចំពោះប៊ិច S-Pen អាចទទួលកម្លាំងសង្កត់បានដល់ទៅ 4000 កម្រិត ហើយថែមទាំងបំពាក់ Software ឈ្មោះ Samsung’s Air Command សម្រាប់គូររូប និងកត់ត្រាទៀតផង។ ចំពោះតម្លៃវិញ ក្រុមហ៊ុន Samsung នៅមិនទាន់បញ្ជាក់ប្រាប់នៅឡើយ។

    លក្ខណៈសម្បត្តិ
    – អេក្រង់ទំហំ 13.3 អ៊ីញ និង 15 អ៊ីញ បំពាក់ CPU Intel Core i7
    – RAM ទំហំ 8 GB (13.3 អ៊ីញ) និង RAM ទំហំ 16 GB (អេក្រង់ទំហំ 15 អ៊ីញ) ជាមួយបន្ទះឈីបក្រាហ្វិក AMD Radeon 450
    – មេម៉ូរីក្នុងម៉ាស៊ីនទំហំ 256 GB ប្រភេទ SSD
    – រន្ធដោត USB-C, USB-A ចំនួន 2 រន្ធ, រន្ធដោត HDMI, រន្ធ Micro SD
    – ប្រព័ន្ធប្រតិបត្តិការ Windows 10 Hello៕

  • បុគ្គលិកក្រុមហ៊ុន Samsung ស្ម័គ្រចិត្តបរិច្ចាគឈាមជួយសម្រួលដល់ការខ្វះខាតឈាម

    បុគ្គលិកក្រុមហ៊ុន Samsung ស្ម័គ្រចិត្តបរិច្ចាគឈាមជួយសម្រួលដល់ការខ្វះខាតឈាម

    បុគ្គលិកមកពីក្រុមហ៊ុន Samsung ថៃ សាខាកម្ពុជា បានរួមគ្នាម្តងទៀតដើម្បីបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC) ដែលរៀបចំឡើងកាលពីថ្ងៃទី19 ខែឧសភា ឆ្នាំ2017 ដែលវាជាផ្នែកមួយនៃកម្មវិធី Samsung Love & Care របស់ក្រុមហ៊ុនដែលតែងតែផ្តល់នូវក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជាតាមរយៈសកម្មភាពមនុស្សធម៌នានា។

    លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុន Samsung ថៃអេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនតែងយកចិត្តទុកដាក់ក្នុងកិច្ចការមនុស្សធម៌ក្នុងសង្គម បន្ថែមពីលើការជំរុញឱ្យផ្នែកបច្ចេកវិទ្យាផលិតផល និងការច្នៃប្រឌិត ហើយយើងសង្ឃឹមថា នឹងអាចធ្វើឱ្យជីវិតមនុស្សកាន់តែប្រសើរឡើង។

    លោកបន្តថា Samsung ជឿជាក់ថាការកសាងសង្គមប្រកបដោយភាពទទួលខុសត្រូវ និងការយកចិត្តទុកដាក់គឺចាប់ផ្តើមចេញពីខ្លួនយើងម្នាក់ៗ ដូច្នេះហើយបានជាក្រុមហ៊ុនធ្វើការបរិច្ចាគឈាមនេះជារៀងរាល់ឆ្នាំ ហើយយើងបានធ្វើវាពីចេញពីក្រឪបេះដូងរបស់យើង។

    ជាចុងក្រោយនេះ ក្រុមហ៊ុនក៏សូមសំណូមពរឱ្យសាធារណជន និងប្រិយមិត្តអ្នកអានទាំងអស់ ដែលគិតថាខ្លួនមានសុខភាពល្អគ្រប់គ្រាន់ដើម្បីផ្តល់ឈាមសម្រាប់អ្នកដែលត្រូវការជាបន្ទាន់ សូមទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលជាតិផ្តល់ឈាមតាមរយៈទូរស័ព្ទលេខ 092 99 8000៕

  • តើ Note 7 ត្រៀមដាក់លក់ជាថ្មីនោះ ជាទូរស័ព្ទចាស់ដែលប្រមូលចូល ឬជារបស់ផលិតថ្មី?

    តើ Note 7 ត្រៀមដាក់លក់ជាថ្មីនោះ ជាទូរស័ព្ទចាស់ដែលប្រមូលចូល ឬជារបស់ផលិតថ្មី?

    ដូចដែលប្រិយមិត្តបានដឹងហើយថា ទូរស័ព្ទ Galaxy Note 7 ត្រូវបានក្រុមហ៊ុន Samsung ធ្វើការប្រមូលចូលវិញទាំងអស់ ដើម្បីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ក្រោយកើតហេតុការណ៍អាក្រក់ក្នុងអំឡុងពេលសាកថ្ម។ យ៉ាងណាមិញ ស្មាតហ្វូនមួយនេះ បានលេចឮដំណឹងមកថា នឹងមានវត្តមានលើទីផ្សារជាថ្មីម្ដងទៀត ក្រោយពីមានការសម្រួលលក្ខណៈបច្ចេកទេស ដែលរួមមានថាមពលថ្ម និងទម្លាក់តម្លៃឱ្យទាបជាងមុន។ តែអ្វីដែលជាចម្ងល់នោះគឺ តើទូរស័ព្ទ Note 7 ដែលត្រៀមដាក់លក់ជាថ្មីហ្នឹង ជាទូរស័ព្ទដែលប្រមូលចូលវិញនោះ ឬជាទូរស័ព្ទផលិតថ្មី?

    ទាក់ទងនឹងរឿងនេះដែរ លោក ជា សុជាតិ នាយកគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុន Thai Samsung Electronics ប្រចាំប្រទេសកម្ពុជា បានទទួលស្គាល់ថា រឿងការបង្ហាញខ្លួនម្ដងទៀតរបស់ Note 7 វាជាការពិត ប៉ុន្តែអាចមិនមែនក្នុងទីផ្សារកម្ពុជាទេ ព្រោះគិតត្រឹមខែឧសភា ឆ្នាំ 2017 នេះ មិនទាន់មានដំណឹងណាមួយស្តីពីការវិលត្រឡប់របស់ Note 7 មកទីផ្សារស្រុកខ្មែរវិញនៅឡើយទេ។ ក្នុងនោះលោកបានបញ្ជាក់ថា ការប្រមូលស្មាតហ្វូននេះចូលវិញ ត្រូវបានក្រុមហ៊ុនយកទៅធ្វើការពិនិត្យមើល ដើម្បីកំណត់ពីមូលហេតុ ហើយចុងក្រោយ គឺ Samsung នឹងយកទូរស័ព្ទទាំងនោះទៅកម្ទេចចោលទាំងអស់។

    លោកថា៖ «ខ្ញុំគិតថា គេកម្ទេចចោល របស់ដែលគេផលិតហើយខុសត្រូវតែកម្ទេចចោល បើវត្ថុធាតុដើមយើងអាចកែច្នៃវាឡើងវិញបាន តែម៉ាស៊ីនវិញ បើចេញមកហើយមានបញ្ហា យើងត្រូវតែកម្ទេចវាចោល គឺមិនមែនយកម៉ាស៊ីនដែលមានបញ្ហានោះមកជួសជុល ហើយយកមកលក់វិញនោះទេ»។

    បន្ថែមពីនេះ មានព័ត៌មានថ្មីមួយទៀតពី Note 7 ដែលត្រូវបានគេចុះផ្សាយថា វានឹងត្រូវប្តូរឈ្មោះទៅជា Galaxy Note FE ដែលមកពីពាក្យ “Fandom Edition” ជាមួយនឹងការកែខៃត្រង់គុណភាពថ្ម ហើយ Note FE នឹងមានលក់ក្នុងតម្លៃ ប្រហែល 1/3 នៃតម្លៃ Note 7 ដើម ចាប់ពីចុងខែមិថុនា នេះទៅ។

    ទូរស័ព្ទប្រមាណ 300,000 គ្រឿងនឹងត្រូវផលិត និងចែកចាយលក់ ខណៈដែល Samsung កំពុងមានទំនុកចិត្តទៅលើប្រជាប្រិយភាពនៃកំពូលថេប្លេតរបស់ខ្លួន ហើយលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនផលិតថ្មីនេះនឹងរក្សាទុកនៅដដែល ខុសតែទំហំថ្មដែលត្រូវទម្លាក់មកនៅត្រឹមតែ 3200mAh វិញប៉ុណ្ណោះ៕

  • ឃើញមាន Galaxy Note 7 ចេញលក់ម្ដងទៀតនៅក្រៅប្រទេស ចុះកម្ពុជា?

    ឃើញមាន Galaxy Note 7 ចេញលក់ម្ដងទៀតនៅក្រៅប្រទេស ចុះកម្ពុជា?

    ជិតមួយឆ្នាំហើយដែលស្មាតហ្វូន Galaxy Note 7 របស់ Samsung បានបាត់មុខពីទីផ្សារ ព្រោះតែមូលហេតុផ្ទុះថ្ម ដែលតម្រូវឱ្យក្រុមហ៊ុនប្រកាសប្រមូលចូលវិញទាំងអស់ ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់។

    យ៉ាងណាមិញ ថ្មីៗនេះមានព័ត៌មានលេចឮមកថា ស្មាតហ្វូននេះត្រូវបានក្រុមហ៊ុនដាក់លក់ជាថ្មីម្ដងទៀតហើយនៅតាមទីផ្សារមួយចំនួន ដោយធ្វើការទម្លាក់គុណភាពថ្មឱ្យទាបជាងមុនបន្តិច ហើយក៏លក់ក្នុងតម្លៃធូរថ្លៃជាងមុនដែរ។ ចំពោះកម្ពុជាយើងវិញ នឹងមានសំណាងបានឃើញ និងបានប្រើទូរស័ព្ទនេះម្ដងទៀតឬយ៉ាងណានោះ នៅមិនទាន់ដឹងច្បាស់នៅឡើយ?។

    ទាក់ទងនឹងរឿងនេះដែរ លោក ជា សុជាតិ នាយកគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុន Thai Samsung Electronics ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងកាលពីថ្ងៃបើកសម្ពោធទូរស័ព្ទ Galaxy S8 នេះថា ការបង្ហាញខ្លួន នៅកម្ពុជា ឬអត់របស់ទូរស័ព្ទ Galaxy Note 7 វាអាស្រ័យលើការសម្រេចចិត្តរបស់គណៈគ្រប់គ្រង។ លោកទទួលស្គាល់ថា រឿងការបង្ហាញខ្លួនម្ដងទៀតនេះ តាមអ្វីដែលលោកដឹងគឺ វាអាចជាការពិតទៅតាមហ្នឹងមែន ប៉ុន្តែមិនមែនក្នុងទីផ្សារកម្ពុជាទេ ព្រោះគិតត្រឹមខែឧសភា ឆ្នាំ 2017 គ្មានដំណឹងណាមួយស្តីពីការវិលត្រឡប់របស់ Note 7 មកទីផ្សារស្រុកខ្មែរនៅឡើយទេ។ លោកថា៖ «ខ្ញុំគិតថាព័ត៌មានអាចពិតនៅតាមប្រទេសមួយចំនួន ប៉ុន្តែស្រុកយើងប្រហែលជាអត់ទេ»។

    លោកបន្ថែមថា បើសង្កេតលើផ្នត់គំនិតរបស់អ្នកប្រើប្រាស់ក្នុងស្រុក បើពួកគាត់ប្រើ គឺប្រើរបស់ដែលមានស៊េរីខ្ពស់ មិនអ៊ីចឹងទេ គឺស៊េរីទាបតែម្ដង។ ហេតុដូច្នេះហើយ Note 7 ក្រុមហ៊ុនអាចនៅពិចារណាច្រើនថា តើគួរយកមក ឬកុំតែម្ដង ព្រោះថាវត្តមានរបស់ទូរស័ព្ទ Note 8 ក៏នឹងជិតបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះដែរ៕