ជីវភាពរស់នៅរបស់ប្រជាជនកូរ៉េខាងជើងក្រោមការគ្រប់គ្រងរបស់គ្រួសារត្រកូល Kim នៅតែជាអាថ៌កំបាំងដែលពិភពលោកចាប់អារម្មណ៍។ ក្នុងសៀវភៅ “សៀវភៅសស្ដីអំពីសិទ្ធិមនុស្សរបស់កូរ៉េខាងជើងឆ្នាំ2020” របស់វិទ្យាស្ថានបង្រួបបង្រួមកូរ៉េខាងត្បូង (Korea Institute for National) ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី12ឧសភាកន្លងទៅ បានបង្ហាញថា ក្នុងរយៈពេលច្រើនឆ្នាំចុងក្រោយនេះ ករណីកាត់ទោសប្រហារជីវិតនៅកូរ៉េខាងជើងមានការកើនឡើងខ្ពស់ ពិសេសគឺពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ការរក្សាទុក និងចែករំលែកខ្សែភាពយន្តកូរ៉េខាងត្បូង ទន្ទឹមនឹងនេះ ការផ្សព្វផ្សាយសាសនាគ្រិស្ត និងរក្សាទុកគម្ពីរគ្រិស្តសាសនាក៏ត្រូវបានកាត់ទោសប្រហារជីវិតផងដែរ។
រូបភាព៖ យោងតាម “សៀវភៅសស្ដីអំពីសិទ្ធិមនុស្សរបស់កូរ៉េខាងជើងឆ្នាំ2020” ស្ថានភាពនៃការណីប្រហារជីវិតនៅកូរ៉េខាងជើងបង្ហាញថា ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន ការមើលនិងចែករំលែកភាពយន្តទូរទស្សន៍កូរ៉េខាងត្បូង ការផ្សព្វផ្សាយសាសនាគ្រិស្តនិងរក្សាគម្ពីរគ្រិស្តសាសនានៅក្នុងប្រទេសនេះមានការកើនឡើង
យោងតាមសារព័ត៌មាន JoongAng Ilbo របស់រដ្ឋាភិបាលកូរ៉េខាងត្បូង ខ្លឹមសាររបស់សៀវភៅសបានឱ្យដឹងថា ស្ថានភាពប្រជាជននៅកូរ៉េខាងជើងដែលទស្សនានិងចែករំលែកខ្សែភាពយន្តទូរទស្សន៍របស់កូរ៉េខាងត្បូងមានការកើនឡើងច្រើន ធ្វើឱ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងរឹតបន្តឹងការហាម និងការដាក់ទណ្ឌកម្ម។ ពលរដ្ឋម្នាក់ដែលបានរត់ចេញពីប្រទេសកូរ៉េខាងជើងបានសម្រេច បាននិយាយថា កាលពីឆ្នាំ2014 នៅទីលានមួយក្នុងខេត្ត North Hamgyong រដ្ឋអំណាចបានប្រហារជីវិតពលរដ្ឋដែលបានរត់ពន្ធថាសភាពយន្តទូរទស្សន៍កូរ៉េខាងត្បូង និងអ្នកជួញដូរថ្នាំញៀន។ ក្នុងឆ្នាំដដែល រដ្ឋអំណាចខេត្ត Ryanggang ក៏បានប្រហារជីវិតបុរស2នាក់ដោយចោទប្រកាន់ថាបានចែកចាយខ្សែភាពយន្តកូរ៉េខាងត្បូង និងផ្ដល់អាសយដ្ឋានទីតាំងអ្នករកស៊ីផ្លូវភេទ។
អ្នករត់គេចខ្លួនពីកូរ៉េខាងជើងក៏បាននិយាយថា រដ្ឋាភិបាលប្រទេសនេះបានហាមការផ្សព្វផ្សាយសាសនាគ្រិស្តផងដែរ ហើយអ្នកដែលរក្សាទុកគម្ពីរគ្រិស្តសាសនាក៏នឹងត្រូវប្រហារជីវិតជាសាធារណៈ។ ស្ថានភាពសិទ្ធិមនុស្សនៅក្នុងបណ្ដាពន្ធនាគាររបស់កូរ៉េខាងជើង មានលក្ខណៈអាក្រក់ជាងការស្មានទៅទៀត ដោយរដ្ឋអំណាចតែងតែធ្វើការហួសពីច្បាប់ដែលបានកំណត់ ពួកគេប្រហារជីវិតមនុស្សដោយមិនបាច់មានការកាត់ទោស។ ជនជាតិកូរ៉េខាងជើងដែលបានរត់ចោលប្រទេសបានថ្លែងថា កន្លងមក នៅក្នុងជំរំអ្នកទោស Chongori នៅខេត្ត North Hamgyong មានករណីអ្នកទោសវាយតប់គ្នាដែលធ្វើឱ្យអ្នកទោសម្នាក់ស្លាប់ ក្រោយមកអ្នកទោសម្នាក់ដែលបានចូលរួមក្នុងការវាយគ្នានោះក៏ត្រូវបានប្រហារជីវិតដោយការបាញ់សម្លាប់នៅនឹងមុខអ្នកទោសផ្សេងទៀត។
“សៀវភៅសស្ដីអំពីសិទ្ធិមនុស្សរបស់កូរ៉េខាងជើងឆ្នាំ2020” ក៏បានឱ្យដឹងថា បើទោះជាអាជ្ញាធរកូរ៉េខាងជើងតែងតែប្រហារជីវិតជាសាធារណៈ ប៉ុន្តែក្នុងមួយរយៈពេលចុងក្រោយនេះ ក្រុមមេដឹកនាំបានកាត់បន្ថយការបង្ខិតបង្ខំឱ្យពលរដ្ឋមូលដ្ឋានទៅមើលការប្រហារជីវិតរបស់រដ្ឋអំណាច ដូច្នេះ តួលេខនៃអ្នកទៅមើលការប្រហារជីវិតនៅកូរ៉េខាងជើងមានការថយចុះច្រើនជាបន្តបន្ទាប់។
សោកនាដកម្មនៅក្នុងជំរំអ្នកទោស
យោងតាមសារព័ត៌មាន The Asahi Shimbun របស់ជប៉ុន កាលពីឆ្នាំ2018 បានចេញផ្សាយថា ស្ថាប័ននេះបានសម្ភាសជាមួយស្ត្រីជនជាតិកូរ៉េខាងជើងម្នាក់ដែលមានឈ្មោះសម្គាល់ថា Eun-sook ដែលធ្លាប់ត្រូវបានឃុំខ្លួននៅក្នុងជំរំអ្នកទោស Chongori (ឬហៅថាជំរំ Kyo-hwa-so No.12) ក្នុងទីក្រុង Hoeryong ខែត្ត North Hamgyong។

Eun-sook បានឱ្យដឹងថា ជំរំអ្នកទោសខាងលើនេះមានអ្នកទោសភេទប្រុសសរុបប្រហែល2,000នាក់ និងស្រី600នាក់ ដែលភាគច្រើន (60%) ជាអ្នករត់គេចខ្លួនពីប្រទេសកូរ៉េខាងជើង ប៉ុន្តែត្រូវចិនបញ្ជូនត្រឡប់មកស្រុកវិញ ហើយក្រៅពីនេះគឺជាអ្នកទោសគ្រឿងញៀន និងអ្នកទោសលួចមើលខ្សែភាពយន្តកូរ៉េខាងត្បូង។ នៅក្នុងបន្ទប់ឃុំខ្លួន អ្នកទោសមានចំនួនច្រើន គឺច្រើនរហូតដល់ពេលគេង ពួកគេស្ទើរតែមិនអាចរើខ្លួនរួច។
Eun-sook បន្តថា អ្នកទោសក្នុងជំរំនេះបានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ និងស្លាប់ដោយសារតែកង្វះអាហារូបត្ថម្ភ ឬកង្វះអនាម័យ។ នៅទីនេះ អ្នកទោសម្នាក់នឹងទទួលបានអាហារជាម្សៅពោធត្រឹមតែ150ក្រាម និងសម្លប្រៃមួយកូនចានប៉ុណ្ណោះសម្រាប់អាហារមួយពេល។
ឆ្នាំ2012 របាយការណ៍របស់គណៈកម្មធិការសិទ្ធិមនុស្សកូរ៉េខាងជើង (Committee for Human Rights in North Korea) ដែលជាអង្គការសិទ្ធិមនុស្សមួយរបស់សហរដ្ឋអាមេរិកក៏បានដកស្រង់សម្ដីពលរដ្ឋម្នាក់ដែលបានរត់រួចពីទឹកដីកូរ៉េខាងជើង ដែលធ្លាប់ត្រូវឃុំខ្លួននៅជំរំអ្នកទោស Kyo-hwa-so No.12 បានឱ្យដឹងថា អ្នកទោសប្រហែល800នាក់បានស្លាប់នៅក្នុងជំរំ ក្នុងអំឡូង8ខែដែលគាត់ត្រូវជាប់ឃុំនៅទីនោះ។
ពន្ធនាគារគួរឱ្យខ្លាចនៅកូរ៉េខាងជើង
យោងតាម BBC កាលពីឆ្នាំ2012 អ្នកផ្សព្វផ្សាយសាសនាម្នាក់ឈ្មោះ Kenneth Bae ត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួន ព្រោះតែត្រូវបានគេចាត់ទុកថាជាសត្រូវរបស់ប្រទេសជាតិ។ Kenneth Bae គឺជាជនជាតិកូរ៉េខាងត្បូង ប៉ុន្តែមានសញ្ជាតិអាមេរិកាំង។ គាត់បានទៅកាន់កូរ៉េខាងជើងជាច្រើនលើក ហើយនៅពេលត្រូវបានចាប់ខ្លួន គេរកឃើញឧបករណ៍មួយដែលមានផ្ទុកព័ត៌មានស្ដីអំពីសាសនាគ្រិស្ត។ ដោយសារតែភ័ស្តុតាងនេះហើយ ទើបលោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល15ឆ្នាំ។
Kenneth Bae បានសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់លោកថា ក្នុងខែដំបូងនៃការជាប់ពន្ធនាគារ លោកក៏ត្រូវមន្ត្រីពន្ធនាគារហៅទៅសួរនាំតាំងពីម៉ោង8ព្រឹកដល់ម៉ោង10 ឬ11យប់ ហើយក្រោយមកក៏បានបង្ខំឱ្យលោកសរសេរពាក្យសុំទោសរាប់សិបទំព័រ។ ចុងក្រោយក៏បានបញ្ជូនលោកទៅកាន់ជំរំពលកម្ម ដែលនៅក្នុងជំរំនេះ អ្នកទោសត្រូវក្រោកពីម៉ោង6ព្រឹក បន្ទាប់មកត្រូវធ្វើការងារធ្ងន់ធ្ងរគ្រប់យ៉ាង។ ក្នុង1សប្ដាហ៍ អ្នកទោសត្រូវជញ្ជូនថ្ម និងរករ៉ែធ្យូងថ្មចាប់ពីម៉ោង8ព្រឹកដល់ម៉ោង6ល្ងាច។ លោក Kenneth Bae បន្តថា ក្នុងរយៈពេល735ថ្ងៃនៃការទទួលទោសដោយពលកម្ម រាងកាយរបស់លោកត្រូវស្រកទម្ងន់ប្រហែល27គីឡូក្រាម ហើយសុខភាពក៏ទ្រុឌទ្រោម ដែលសព្វថ្ងៃលោកត្រូវទៅពេទ្យជាញឹកញាប់។ ក្រៅពីរងផលវិបាកផ្នែករាងកាយ លោក Kenneth Bae ក៏បានរងផលវិបាកផ្នែកសតិអារម្មណ៍ផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស



ដែលនៅក្នុងខណៈពេលនោះ ក្រៅពីគ្រប់ទីភ្នាក់ងារព័ត៌មានទូទាំងពិភពលោក បានតាមសម្លឹងមើលទៅលើ លោកដូណាល់ ត្រាំ និងលោក គីម ជុង អ៊ុន គ្រប់ឥរិយាបថហើយនោះ ក៏នៅមានស្ប៉តឡៃត៍ មួយទៀត បានហ្វូខឹស ទៅរកស្ត្រីជនជាតិកូរ៉េខាងជើងម្នាក់ឈ្មោះ គីម យ៉ូ ចង (Kim Yo Jong) ដែលជាប្អូនស្រីរួមខ្សែលោហិតរបស់ប្រមុខដឹកនាំកូរ៉េខាងជើងក្នុងឋានៈជា លេខាផ្ទាល់ អ្នកដើរតាមជាប់ពីក្រោយបងប្រុស ប្រៀបដូចជាស្រមោលរបស់បងប្រុសខ្លួនដូច្នោះដែរ។
ទាំងអស់នេះ “គីម យ៉ូ ចង” គឺជាប្អូនស្រីពៅ ដែលមានម្ដាយរួមគ្នាជាមួយលោក “គីម ជុង អ៊ុន” ដែលម្ដាយរបស់ពួកគេទាំង 2នាក់ គឺជាជនជាតិកូរ៉េខាងជើង ដែលជាប់ខ្សែស្រឡាយជប៉ុន និងរហូតមកដល់ពេលបច្ចុប្បន្ននេះ គ្មាននរណាម្នាក់បានដឹងពីអាយុពិតប្រាកដរបស់ គីម យ៉ូ ចង ឡើយ ដែលគេបានត្រឹមតែប៉ាន់ស្មានថា ប្រហែលជាខ្ទង់ជាង 30ឆ្នាំ។
ភាគច្រើន នាងច្រើនតែធ្វើជារបាំងត្រួតពិនិត្យដំបូងគេ មុននឹងចូលទៅដល់លោក គីម ជុង អ៊ុន។ នាងធ្វើគ្រប់យ៉ាង ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្រុស សូម្បីតែការឈរកាន់ចាន់គោះកន្ទុយបារីឱ្យបងប្រុសទៀតផង។ គេនាំគ្នានិយាយថា ដែលនាងត្រូវធ្វើដល់ថ្នាក់នោះ ព្រោះតែខ្លាច DNA របស់បងប្រុសត្រូវរបូតធ្លាយចេញទៅដល់ដៃខ្មាំង។
“គីម យ៉ូ ចង” តែងតែទទួលបានការជឿទុកចិត្តឱ្យដំណើរការរឿងសំខាន់ៗ ជាពិសេស រឿងដែលពាក់ព័ន្ធនឹងសម្ព័ន្ធភាពជាមួយប្រទេសកូរ៉េខាងត្បូង នាងហាក់ដូចជាមានតួនាទីក្នុងរឿងនេះច្រើន មិនថាតែក្នុងការរួមដៃគ្នារៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា ក្នុងឆ្នាំ2018 រួមទាំងការប្រជុំកំពូលកាលពីឆ្នាំ2019 ទៀតផង។
សម្រាប់មុខតំណែងតួនាទីរបស់នាង នាពេលបច្ចុប្បន្នវិញ គឺអគ្គនាយិកាស្ថាប័នទំនាក់ទំនងផ្សព្វផ្សាយ ដែលមានតួនាទីចម្បងគឺ ការសាងនិមិត្តសញ្ញាល្អៗដល់បងប្រុសរបស់នាង គឺលោក គីម ជុង អ៊ុន ឱ្យមើលទៅឃើញស្អាត មានអំណាចនៅចំពោះមុខមនុស្សទូទាំងពិភពលោក។ ក្រៅពីនេះ នាងនៅបានទទួលការតែងតាំងឱ្យធ្វើជាសមាជិកម្នាក់ក្នុងក្រុម ប៉ូលីតបូរ៉ូ ដែលគេអាចនិយាយបានថា នាងគឺជាស្ត្រីដែលមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងប្រទេសកូរ៉េខាងជើង បន្ទាប់ពីបងប្រុសរបស់នាង។
យ៉ាងណាក៏ដោយ មានរបាយការណ៍មិនផ្លូវការជាច្រើនបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំសាមញ្ញរបស់គណៈកម្មាធិការបក្សពលករ ដែលរៀបចំឡើងនៅក្នុងទីក្រុងព្យុងយ៉ាង កាលពីចុងឆ្នាំកន្លងទៅ(2019) ពួកគេ បានសម្រេចចិត្តក្នុងការរៀបចំការផ្ទេរអំណាចទាំងអស់ទៅឱ្យស្ត្រីម្នាក់នេះ(គីម យ៉ូ ចង) ដោយសារតែពេលនេះ “គីម ជុង អ៊ុន” ហាក់ដូចជាមិនអាចក្ដោបក្ដាប់អំណាចតទៅទៀតបានឡើយ ដោយសារតែបញ្ហាសុខភាព ហើយចាប់តាំងពីនោះមក សេចក្ដីសម្រេច និងបទបញ្ជាផ្សេងៗ ជាច្រើនរបស់បក្ស ក៏ជាការចុះហត្ថលេខារបស់ គីម យ៉ូ ចង ទាំងអស់ដែរ។
ក្រៅពីនេះ នៅមានរបាយការណ៍ពីទីស្នាក់ការផ្នែកព័ត៌មានអន្តរជាតិ បានឱ្យដឹងទៀតដែរថា លោកគីម ជុង អ៊ុន ធ្លាប់បានផ្ដល់បទសម្ភាសថា ប្អូនស្រីរបស់លោក ចាប់អារម្មណ៍ចង់ធ្វើការងារខាងនយោបាយ និងតាមរយៈចរន្តព័ត៌មានដែលបែកធ្លាយចេញមក ធ្វើឱ្យពេលនេះ រូបនាងគឺជាជនទី1 ដែលនឹងក្លាយជាអនាគតមេដឹកនាំរបស់កូរ៉េខាងជើង បន្ទាប់ពីបងប្រុសរបស់នាង ដែលរឿងនេះ គឺជារឿងថ្មីមួយដែលគួរឱ្យតាមដានសង្កេតយ៉ាងខ្លាំង ព្រោះនាងអាចនឹងក្លាយជាស្ត្រីដំបូងគេ ដែលឈានឡើងដល់តំណែងខ្ពស់បំផុតរបស់កូរ៉េខាងជើង ក៏អាចថាបានដែរ!!៕



ប្រភព៖ សារព័ត៌មានបរទេស
កូរ៉េខាងជើងគឺជាប្រទេសអាថ៌កំបាំងបំផុតនៅលើភពផែនដី ដោយពិភពលោកអាចតាមដានព័ត៌មានអំពីមេដឹកនាំប្រទេសនេះតាមរយៈសារព័ត៌មានរបស់រដ្ឋកូរ៉េខាងជើងតែប៉ុណ្ណោះ។
នៅក្បែរនឹងស្ថានីយរថភ្លើងមហាមេដឹកនាំ នៅមានរ៉ាន់វេយ៍(ផ្លូវចុះចត និងហោះឡើងរបស់យន្តហោះ)ខ្នាតតូចមួយ ដែលកាលពីដើមសម្រាប់ប្រើជាមួយយន្តហោះធុនតូច តែមកដល់ពាក់កណ្ដាលឆ្នាំកន្លងទៅ(2019) ទីនោះត្រូវបានកែច្នៃឱ្យក្លាយជាទីលានសម្រាប់ជិះសេះ ជាការងារដែលលោកប្រធានគីម ចូលចិត្តបំផុត។
បន្ទាប់ពីនោះ កាលពីដើមសប្ដាហ៍កន្លងទៅ ក្រុមមន្ត្រីរបស់សហរដ្ឋអាមេរិក បានប្រាប់CNN ថា ពួកគេកំពុងតាមដានសម្រង់ព័ត៌មានដែលរាយការណ៍ថា លោកគីមមានអាការធ្ងន់ធ្ងរក្រោយពីការវះកាត់រួច មុននឹងមន្ត្រីម្នាក់ទៀតបានប្រាប់CNN កាលពីថ្ងៃចន្ទ(ទី20មេសា)ថា ព័ត៌មានអំពីក្ដីកង្វល់ពាក់ព័ន្ធនឹងសុខភាពរបស់មេដឹកនាំកូរ៉េខាងជើងនេះ គួរឱ្យជឿទុកចិត្តបាន។
យ៉ាងណាក៏ដោយ មានភ័ស្តុតាងបញ្ជាក់ច្បាស់អំពីរឿងដែលថា លោកគីម ជុង អ៊ុន អាចនឹងកំពុងតែស្ថិតនៅក្នុងទីក្រុងវ៉នសាន ដោយវេបសាយ “38North” ដែលចាំតាមដានសកម្មភាពនៅក្នុងប្រទេសកូរ៉េខាងជើង បានផ្សព្វផ្សាយរូបភាពផ្កាយរណបដែលបង្ហាញឱ្យឃើញពី ក្បួនរថភ្លើងមួយខ្សែ កំពុងចតនៅក្នុងស្ថានីយពិសេសមួយសម្រាប់តែមនុស្សត្រកូលគីមប៉ុណ្ណោះនៅក្នុងទីក្រុងវ៉នសាន ដោយបានសន្និដ្ឋានថា ក្បួនរថភ្លើងនោះបានមកដល់ទីនោះមុនថ្ងៃទី21មេសា និងបានប្រុងប្រៀបចេញដំណើរនៅថ្ងៃទី23 មេសា។