Tag: Moon

  • ត្រៀម​ខ្លួន​គយគន់​ព្រះ​ចន្ទ​ពេញ​វង់​ធំបំផុត​​លើក​ចុង​ក្រោយបង្អស់​​ក្នុង​​ឆ្នាំ​2020​ នាសប្ដាហ៍​នេះ​ រួម​នឹង​ទេពច្យុត​ដ៏ស្រស់​ស្អាត

    ត្រៀម​ខ្លួន​គយគន់​ព្រះ​ចន្ទ​ពេញ​វង់​ធំបំផុត​​លើក​ចុង​ក្រោយបង្អស់​​ក្នុង​​ឆ្នាំ​2020​ នាសប្ដាហ៍​នេះ​ រួម​នឹង​ទេពច្យុត​ដ៏ស្រស់​ស្អាត

    នេះ​គឺជា​ឱកាស​ល្អ​ចុងក្រោយ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​សង្កេត​មេឃា​ ព្រោះ​ថា​ពួក​គេ​នឹង​អាច​គយគន់​​ព្រះ​ចន្ទ​ដែលមាន​ទំហំ​ធំ​ជាងគេ និង​ភ្លឺ​ជាង​គេ​​​ក្នុង​ឆ្នាំ​2020​។

    យោងតាម​ទីភ្នាក់​ងារ​អវកាស​សហរដ្ឋ​អាមេរិក NASA មហា​ព្រះ​ចន្ទ​ ឬ​ព្រះចន្ទពេញ​វង់​​ធំ​ជាង​គេ​សម្រាប់​​ឆ្នាំ​2020​ នឹង​កើត​ឡើង​នៅ​ក្នុង​ថ្ងៃ​ទី​7​ឧសភា​ខាង​មុខ​។ នៅក្នុង​យប់​នៃ​ថ្ងៃ​នោះ ព្រះចន្ទ​នឹង​ពេញ​វង់​ ហើយ​មា​ន​ទំហំ​ធំ​ជាង​ធម្មតា​នៅ​វេលា​ម៉ោង​17​និង​45​នាទី​ ថ្ងៃទី​7​ ខែ​ឧសភា​។ នេះ​គឺជា​មហា​ព្រះ​ចន្ទ​លើក​ទី​3 ហើយ​ក៏ជា​ព្រះ​ចន្ទ​ធំជាង​គេ​​លើក​ចុង​ក្រោយ​បង្អស់​សម្រាប់​ឆ្នាំ​2020​។ ព្រះចន្ទ​ពេញ​វង់​លើក​នេះ ​ត្រូវ​បាន​គេ​ហៅ​ថា​ “បុប្ផា​ចន្ទ”។

    ទីភ្នាក់​ងារ​អវកាស​ NASA បាន​បកស្រាយ​ថា មូលហេតុ​ដែល​ត្រូវ​គេ​ហៅ​ថា​ “បុប្ផា​ចន្ទ” គឺ​ហៅ​ទៅ​តាម​​ក្រុម​កុលសម្ព័ន្ធជនជាតិដើមភាគតិច​​នៅ​ក្នុង​តំបន់​​ភាគឦសាន​នៃ​សហរដ្ឋ​អាមេរិក​ ព្រោះ​ថា “នេះក៏​ជា​ពេល​ដែល​ដើម​ផ្កាយ​ទាំង​ឡាយ​នៅ​ក្នុង​តំបន់​នោះ​ចេញ​ផ្កាយ​គ្រប់​ទីកន្លែង​។ ក្រៅ​ពីនេះ ព្រះចន្ទ​ពេញ​វង់នា​ថ្ងៃទី​7ឧសភា​ខាង​មុខក៏ត្រូវ​បាន​គេ​ហៅ​ថា ព្រះ​ចន្ទដាំ​ពោត ឬ​ព្រះ​ចន្ទ​ទឹក​ដោះ​ផងដែរ​”។

    បាតុភូត​ “មហាព្រះចន្ទ​”​ នេះ ​កើត​ឡើង​ដោយ​សារ​តែ​ការ​ផ្លាស់​ទី​របស់​ព្រះ​ចន្ទ​ដែល​គោចរ​ជុំវិញ​ផែនដី។ នៅ​ពេល​គោចរ​មក​ជិត​​​​ផែន​ដី​​ ក្នុង​រយៈ​ចម្ងាយ​ប្រមាណ​ជា​360,000​គម ​មនុស្ស​នៅ​លើ​ផែន​ដី​ក៏​មើល​ឃើញ​ព្រះ​ចន្ទ​ធំជាង​ និង​ភ្លឺ​ជាង​ធម្មតា​។

    ព្រះ​ចន្ទ​ពេញ​វង់​ តែ​ងតែ​កើត​ឡើង​រៀង​រាល់​មួយ​ខែ​​ម្ដង ប៉ុន្តែ​បាតុភូត​ “មហា​ព្រះ​ចន្ទ​” វិញ គឺ​កើត​ឡើង​តែ​ប៉ុន្មាន​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​។

    ត្រៀម​ខ្លួន​គយគន់​ព្រះ​ចន្ទ​ពេញ​វង់​ធំបំផុត​​លើក​ចុង​ក្រោយបង្អស់​​ក្នុង​​ឆ្នាំ​2020​ នាសប្ដាហ៍​នេះ​
    ទេព​ច្យុត​​គឺជាស្នាមពន្លឺដ៏​ស្រស់ស្អាតដែល​កើតឡើងពីចំហេះនៃអាចម៍ផ្កាយ ឬធូលីរបស់​ផ្កាយដុះកន្ទុយ ខណៈ​ពេល​ដែល​​វា​​​ធ្លាក់​ចូល​ក្នុងបរិយា​កាស​​នៃ​ភព​ផែន​ដី

    ក្នុង​អំឡុង​ពេល​ដែល​មាន​បាតុភូត​មហាព្រះ​ចន្ទ អ្នក​ស្នេហា​វិស័យ​តារា​សាស្ត្រ​ក៏អាច​ទស្សនា​​ទេពច្យុត (ទេព​ច្យុត​​គឺជាស្នាមពន្លឺដ៏​ស្រស់ស្អាតដែល​កើតឡើងពីចំហេះនៃអាចម៍ផ្កាយ ឬធូលីរបស់​ផ្កាយដុះកន្ទុយ ខណៈ​ពេល​ដែល​​វា​​​ធ្លាក់​ចូល​ក្នុងបរិយា​កាស​​នៃ​ភព​ផែន​ដី​) 2​ក្រុម​ផងដែរ​ គឺ​ក្រុម​ទេពច្យុត​ Eta-Aquariids និងក្រុមទេព​ច្យុត​​ Eta-Lyrids។ ប៉ុន្តែ​ NASA បាន​ឱ្យ​ដឹ​ង​ថា ពន្លឺ​របស់​មហា​ព្រះ​ចន្ទ អាច​ឧបសគ្គ​នៃ​ការ​គយ​គន់​សម្រស់​ទេព​ច្យុត​ក្នុង​ខែ​នេះ​។

    មុន​នេះ ប្រជា​ជន​​ក្នុង​តំបន់​ជា​ច្រើ​នក្នុង​ពិភពលោក បាន​មាន​ឱកាស​ទស្សនា​បាតុភូត​ព្រះចន្ទ​ធំ​បំផុត​ក្នុង​ឆ្នាំ​2020​ ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា “​ព្រះចន្ទផ្កា​ឈូក​” ដែល​​កើត​ឡើង​កាល​ពី​ថ្ងៃទី​8​មេសាកន្លង​​ទៅ​។

    មូលហេតុដែល​​ព្រះចន្ទពេញ​វង់​​ក្នុង​ខែ​មេសា​ត្រូវ​បាន​គេ​ហៅ​ថា​ “ព្រះចន្ទ​ផ្កា​ឈូក”​ គឺហៅ​ទៅ​តាម​​ឈ្មោះ​​របស់​​ផ្កា​​មួយ​ប្រភេទ​ដែល​មាន​ពណ៌​ផ្កាឈូក​ ​និង​​​មាន​ឈ្មោះថា phlox ដែល​ភាគ​ច្រើន​ដុះ​នៅ​អាមេរិក​ខាង​ជើង​នា​រដូវ​ផ្កា​រីក​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • អាមេរិកាំង​បញ្ចេញ​ផែន​ទី​ភូមិ​សាស្ត្រ​ពេញ​លេញ​​នៃ​ឋាន​ព្រះ​ចន្ទ

    អាមេរិកាំង​បញ្ចេញ​ផែន​ទី​ភូមិ​សាស្ត្រ​ពេញ​លេញ​​នៃ​ឋាន​ព្រះ​ចន្ទ

    ជាលើក​ដំបូង​ហើយ​ដែល​ផ្ទៃ​ដី​​​ទាំង​មូល​របស់​ព្រះចន្ទ​ត្រូវ​បានគូរ​ឡើង​វិញ​ដោយ​មជ្ឈមណ្ឌល​តារា​សាស្ត្រ​នៃ​ទីភ្នាក់​ងារ​​​អង្កេត​ភូមិសាស្ត្រសហរដ្ឋអាមេរិក USGS (United States Geological Survey)។

    ផែន​ទី​ថ្មី​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​បូក​ផ្សំ​គ្នា​រវាង​ផែន​ទី​ភូមិ​សាស្ត្រ​ចំនួន​6​ផ្សេង​ទៀត​នៃ​កម្មវិធី​ Apollo និង​ទិន្ន​ន័យ​ដែល​បាន​មក​ពី​ផ្កាយ​រណប​នានា​ក្នុង​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​អំពី​រចនា​សម្ព័ន្ធ​ផ្ទៃ​ខាងលើ​យ៉ាង​ច្បាស់​របស់​ឋាន​​ព្រះ​ចន្ទ​ ជាមួយ​នឹង​ភាព​លម្អិត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

    ចំពោះ​សហគមន៍​អ្នក​វិទ្យា​សាស្ត្រ​ ផែន​ទី​នេះ​គឺជា​ឯក​សារ​​ដែល​កាត់​ថ្លៃ​មិន​បាន ​សម្រាប់​បេសកកម្ម​នៅ​លើ​ព្រះ​ចន្ទ​នា​ពេល​អនាគត​ ដែល​ជួយ​ដល់​ការ​សិក្សា​ស្រាវ​ជ្រាវ​ប្រវត្តិ​4.5​ពាន់​លាន​ឆ្នាំ​របស់​ភព​រណប​ធម្មជាតិ​តែ​មួយ​គត់​ដែល​​គោចរ​ជុំ​វិញ​ភព​ផែន​ដី​មួយនេះ​។

    Corey Fortezzo មក​ពី​ USGS ដែល​ជា​ប្រធាននៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​​នេះ​បាន​ឱ្យ​ដឹង​ថា “ផែន​ទី​នេះ​គឺជា​ចំណុច​កំពូល​នៃ​គម្រោង​ដែល​អូស​បន្លាយ​រាប់​ទសវត្សរ៍​។ វា​ផ្ដល់​ព័ត៌មាន​សំខាន់​ៗ​សម្រាប់​ការ​ស្រាវ​ជ្រាវ​​ផ្នែក​​វិទ្យា​សាស្ត្រ​ថ្មីៗ​ផ្សេង​ទៀត​”។

    ដើម្បី​អាចបង្កើត​បាន​ផែន​ទី​ភូមិ​សាស្ត្រ​ទូទាំង​ឋាន​ព្រះចន្ទ ទីភ្នាក់​ងារ​ USGS​ បាន​សហការ​ជាមួយ​ NASA និង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ភព និង​ព្រះចន្ទ​(LPI) របស់​សហរដ្ឋ​អាមេរិក​ រួ​ម​នឹង​ទីភ្នាក់​ងារ​រុក​រក​អវកាស​ជប៉ុន​(JAXA)។ អ្នក​វិទ្យា​សាស្ត្រ​បាន​ប្រើ​ប្រាស់​កាមេរ៉ា​ភូមិ​សាស្ត្រ​ពី​យាន​អវកាស​ SELENE របស់​ជប៉ុន​ ដើម្បី​ប្រមូល​ទិន្នន័យ​នៅ​តំបន់​អេក្វាទ័រ និង​ប្រើ​ប្រាស់​ម៉ាស៊ីន​ឡាហ្សែរ​វាស់​កម្ពស់​នៅ​លើ​​យាន​អវកាស​​ Lunar Reconnaissance Orbiter របស់​ NASA ដើម្បី​បន្ថែម​ផែន​ទី​ភូមិ​សាស្ត្រ​នៅ​ប៉ូល​ខាង​ជើង​ និង​ខាង​ត្បូង​។

    “ព្រះចន្ទ​តែង​មាន​កម្លាំង​ទាក់​ទាញ​យ៉ាង​ខ្លាំង​សម្រាប់​មនុស្ស​ ហើយ​យើង​ក៏តែង​តែ​រង់​ចាំ​ថ្ងៃ​មួយ​ដែល​អាច​វិល​ត្រឡប់​ទៅកាន់​ទី​នោះ​។ ពិត​ជា​អស្ចារ្យ​ណាស់​នៅ​ពេល​បាន​ឃើញ USGS បង្កើត​បាន​ប្រភព​ធន​ធាន​ដែល​អាច​ជួយ​ឱ្យ​ NASA រៀប​គម្រោង​សម្រាប់​បេសកកម្ម​នាពេល​អនាគត​” នេះ​បើ​តាម​សម្ដី​របស់ Jim Reilly ដែល​ជា​​ប្រធាន​ទីភ្នាក់​ងារ​ USGS និង​ជា​អតីត​អវកាស​ចរ​របស់​ NASA៕

    https://www.youtube.com/watch?v=lTKbXpIqGtY

    ប្រភព៖ សារ​ព័ត៌មាន​បរទេស