យ៉ាងណាក៏ដោយ ព័ត៌មានដំបូងបានជួយឱ្យភាគហ៊ុនរបស់ក្លឹប Man United ហក់ឡើងខ្ពស់ ប៉ុន្តែក៏ធ្លាក់ចុះមកវិញនៅពេលមានដំណឹងថា ព័ត៌មានដំបូងមិនទាន់ច្បាស់ការណ៍។
មកដល់បច្ចុប្បន្ន មិនទាន់មានព័ត៌មាន ឬសេចក្ដីបញ្ជាក់ជាផ្លូវការណាមួយពី Avram, Joel Glazer ឬ Raine Group (ធនាគារអាម៉េរិកដែលជាតំណាងរបស់ម្ចាស់ក្លឹប Man United សម្រាប់ការទិញដូរក្លឹបនេះ) នៅឡើយ ទាក់ទងនឹងស្ថានការណ៍ក្នុងរឿងទិញដូរក្លឹបបាល់ទាត់មួយនេះ៕
យោងតាមសារព័ត៌មានរបស់កាតា Sheikh Jassim បានទទួលជោគជ័យក្នុងការប្រជែងទិញក្លឹបបាល់ទាត់អង់គ្លេស Manchester United។
ក្នុងមួយរយៈពេលកន្លង Qatari Sheikh Jassim bin Hamad al-Thani បានប្រកួតប្រជែងជាមួយនឹង Sir Jim Ratcliffe ដើម្បីទិញយកបីសាចក្រហម Man Utd។
សម្រាប់ Ineos (ក្រុមហ៊ុនវិនិយោគអង់គ្លេស) ការដែល Jim Ratcliffe ចង់ទិញភាគហ៊ុន 60% របស់ Man United គឺនៅតែអនុញ្ញាតឱ្យគ្រួសារត្រកូល Glazer បន្តដើរតួជាអ្នកគ្រប់គ្រងនៅ Old Trafford។ ប៉ុន្តែ បើតាមសារព័ត៌មាន Al-Watan ដែលជាកម្មសិទ្ធិរបស់ឪពុកលោក Sheikh Jassim ករណីទិញដូរក្លឹប Man United គឺបានជោគជ័យទៅហើយ។
បន្ទាប់ពីដណ្ដើមបានពានរង្វាន់ជើងឯក English Premier League និងជ័យជម្នះក្នុងវគ្គផ្ដាច់ព្រ័ត្រនៅ FA Cup 2023 ក្លឹប Manchester City កំពុងស្ថិតនៅចំពោះមុខឱកាសធំដែលអាចនាំទៅរកការលើកពានទាំងបីក្នុងប្រវត្តិសាស្ត្រនារដូវកាលនេះ។ ការប្រកួតផ្ដាច់ព្រ័ត្រជាមួយនឹង Inter Milan នៅពានរង្វាន់ Champions League នាថ្ងៃទី 11 មិថុនាខាងមុខ នឹងជារនាំងចុងក្រោយដែលកូនសិស្ស និងគ្រូបង្វឹក Pep Guardiola របស់ Man City ត្រូវឆ្លងឱ្យផុត ដើម្បីក្លាយជាម្ចាស់ជើងឯកបីពាន់រង្វាន់ក្នុងមួយរដូវកាល។
ថ្មីៗនេះ អង្គការ Brand Finance បានប្រកាសបញ្ជីឈ្មោះស្ដីពីបណ្ដាក្លឹបបាល់ទាត់ដែលមានតម្លៃខ្ពស់ជាងគេលើពិភពលោក ក្នុងនោះ Man City ស្ថិតនៅលើកំពូលតារាងចំណាត់ថ្នាក់ ដោយសារប្រាក់ចំណូលកើន នាំឱ្យតម្លៃយីហោក៏កើនបន្ថែម 13% ជួយឱ្យតម្លៃសរុបរបស់ក្លឹបនេះលោតឡើងដល់ 1.51 ពាន់លានអឺរ៉ូក្នុងឆ្នាំ 2023។
តារាងចំណាត់ថ្នាក់របស់ Brand Finance
ចំណែកក្លឹបដែលមានតម្លៃខ្ពស់ជាងគេលំដាប់ទីពីរលើពិភពលោក បានទៅលើ Real Madrid ព្រោះតែតម្លៃយីហោបានធ្លាក់អស់ 4% មកនៅត្រឹម 1.46 ពាន់លានអឺរ៉ូ។
បណ្ដាក្លឹបរបស់អេស្ប៉ាញ បន្តរីកចម្រើនខ្លាំងក្នុងឆ្នាំនេះ ក្នុងនោះ Barcelona ជាប់លេខបី, Atletico Madrid លេខ 12, Sevilla លេខ 25, Real Betis លេខ 34, Villareal លេខ 36 និង Real Sociedad លេខ 37។
Man United ជាប់លេខបួន ដោយមានតម្លៃ 1.4 ពាន់លានអឺរ៉ូ និងនៅពីលើ Liverpool ដែលមានតម្លៃ 1.4 ពាន់លានអឺរ៉ូដូច ប៉ុន្តែ Man United កើន 9% ខណៈ Liverpool កើនតែ 7%។ Arsenal ជាប់ចំណាត់ថ្នាក់លេខដប់ ខណៈ PSG ក៏មានឈ្មោះក្នុង Top 50៕
Sheikh Jassim bin Hamad al-Thani ចង់លុបបំបាត់គោលការណ៍ដែលរារាំងកីឡាករទទួលបានប្រាក់បៀវត្សខ្ពស់ជាង បើធៀបនឹងមិត្តរួមក្រុមដទៃដែល Manchester United កំពុងអនុវត្ត។
ទំព័រ Sun Sport ថ្មីៗនេះបានរាយការណ៍ថា ម្ចាស់ថ្មីដ៏មានសក្ដានុពលរបស់ Man United នឹងលុបចោលការកំណត់ស្ដីពីប្រាក់បៀវត្សក្នុងសម័យរបស់គ្រូបង្វឹក Erik ten Hag ដែលបង្កើតឡើងដើម្បីកាត់បន្ថយការចំណាយរបស់ក្លឹប បន្ទាប់ពីការចាក់ចេញរបស់ Cristiano Ronaldo កាលពីចុងឆ្នាំមុន។
យោងតាមអ្វីដែលគេហៅថា «គោលការណ៍ Ronaldo» ក្លឹប Man United បានកំណត់ប្រាក់បៀវត្សអតិបរមាប្រចាំសប្ដាហ៍ត្រឹម 200,000 ផោនអង់គ្លេស ហើយនឹងមិនផ្ដល់ប្រាក់បៀវត្សលើសពីនេះដល់កីឡាករណាទាំងអស់។ គោលការណ៍នេះត្រូវបានដាក់ឈ្មោះមិនផ្លូវការទៅតាមឈ្មោះរបស់ Ronaldo ព្រោះតែកំពូលតារាបាល់ទាត់ព័រទុយហ្កាល់រូបនេះ ធ្លាប់ទទួលបានប្រាក់បៀវត្ស 385,000 ផោន/សប្ដាហ៍ នៅក្នុងការធ្វើការឱ្យក្លឹបនេះលើកទីពីរ មុនពេលទំនាក់ទំនងរវៀង CR7 និង Man United ត្រូវបញ្ចប់ក្នុងភាពចម្រូងចម្រាស។
ការសម្រេចចិត្តរបស់ម្ចាស់ថ្មី ជំរុញឱ្យបីសាចក្រហមអាចទាក់ទាញបណ្ដាកីឡាករលំដាប់ពិភពលោក មកចូលរួមជាមួយគ្រួសារ Old Trafford ក្នុងនោះមាន Neymar របស់ក្លឹប PSG ជាដើម។ ការលុបចោល «គោលការណ៍ Ronaldo» ក៏អាចជួយឱ្យ Man United រក្សាកំពូលកីឡាករដែលមានបច្ចុប្បន្ន មានដូចជា Marcus Rashford ជាដើម ដែលកំពុងរារែកក្នុងការចុះកិច្ចព្រមព្រៀងថ្មី ព្រោះតែប្រាក់បៀវត្សដែលត្រូវបានលើកឡើងដោយភាគីក្លឹប។
Sheikh Jassim អ្នកវិនិយោគមកពីកាតា បានធ្វើការប្រឹងប្រែងដើម្បីដណ្ដើមបានសិទ្ធិធ្វើជាម្ចាស់របស់ Man United ពីគ្រួសារ Glazer។ មុនពេលម្ចាស់ថ្មីមកកាន់ Old Trafford ក្រុម Man United នឹងត្រូវបញ្ចប់រដូវកាល Premier League 2022/2023 ដោយការប្រកួតនៅលើទីលានរបស់ខ្លួន ជាមួយនឹង Fulham និងប៉ះ Manchester City ក្នុងវគ្គផ្ដាច់ព្រ័ត្រ FA Cup នៅសប្ដាហ៍ក្រោយ៕
ក្លិបបិសាចក្រហម Manchester United នឹងត្រូវបង្កើនសំណើដេញថ្លៃរបស់ខ្លួនក្នុងទឹកប្រាក់ 75លានអឺរ៉ូ (ស្មើនឹង85លានដុល្លារអាមេរិក) ទៅឲ្យក្លិប Real Madrid ដើម្បីទិញខ្សែប្រយុទ្ធ Alvaro Morata ខណៈដែលលោក Jose Mourinho បោះជំហានឆ្ពោះទៅកាន់ការស្វែងរកអ្នកជំនួសខ្សែប្រយុទ្ធ Zlatan Ibrahimovic នៅរដូវកាលក្រោយ។
ការចរចាផ្សេងៗជាមួយនឹង Real បានដំណើរការអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ខណៈដែល Man United បានទទួលរងការច្រានចោលនូវសំណើរបស់ខ្លួនពីរលើកមកហើយ ពោលគឺក្នុងទឹកប្រាក់ 60លានអឺរ៉ូ និង 70លានអឺរ៉ូជាបន្តបន្ទាប់កាលពីដើមខែមិថុនា ខណៈដែលក្រុមម្ចាស់ជើងឯក Champions League បានដាក់តម្លៃខ្លួនលើ Morata ក្នុងទឹកប្រាក់ច្រើនជាង90លានអឺរ៉ូ។
ក្រោយពីចាត់ទុកខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះ ជាកីឡាករទិញចូលជាសក្តានុពល ដើម្បីបើកចំហទ្វារឲ្យ Wayne Rooney ចាកចេញដើម្បីទៅចូលរួមជាមួយនឹងក្លិប Everton លោក Mourinho ត្រូវបានគេយល់ឃើញថា បានខកចិត្តដោយសារតែការមិនសូវបានទិញចូលកីឡាករថ្មី ក្រោយពី Man Utd បានបំពេញការផ្ទេរតែជាមួយខ្សែការពារ Victor Lindelof ម្នាក់គត់ពីក្លិប Benfica ក្នុងតម្លៃខ្លួន30លានផោន។
Man United នឹងត្រូវធ្វើដំណើរដើម្បីធ្វើការប្រកួតមុនបើករដូវកាលរបស់ពួកគេនៅលើទឹកដីអាមេរិក នាថ្ងៃអាទិត្យនេះ ហើយលោក Mourinho សញ្ជាតិព័រទុយហ្គាល់ ពោរពេញដោយការជឿជាក់ថា ការផ្ទេរ Morata អាចត្រូវបានបំពេញឲ្យទាន់ពេលរូបគេអាចចូលរួមជាមួយនឹងមិត្តរួមក្រុមថ្មីរបស់គេបាន៕ ប្រភពពី៖ The Guardian
ខ្សែបម្រើការពារ Nemanja Matic របស់ក្លិបតោខៀវ Chelsea នឹងត្រូវធ្វើការត្រួតពិនិត្យសុខភាពជាមួយនឹងក្លិបបិសាចក្រហម Manchester United ក្នុងរយៈពេល48ម៉ោងទៀត។
កាសែត The Sun បានចេញផ្សាយកាលពីថ្ងៃចន្ទថា ខ្សែបម្រើរូបនេះនឹងត្រូវចូលរួមជាមួយនឹង Man United ក្នុងតម្លៃខ្លួន40លានផោន (ស្មើនឹង50.88លានដុល្លារអាមេរិក) ជាតម្លៃខ្លួនដែលក្លិប Chelsea និង Man United បានព្រមព្រៀងគ្នា។ ដោយឡែកគេហទំព័រ The Guardian បានចេញផ្សាយថា ការផ្ទេរនេះនឹងត្រូវបំពេញនៅប៉ុន្មានថ្ងៃខាងមុខទៀត ខណៈដែល Matic បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរបស់គេរួចស្រេចហើយទៅលើកុងត្រាមួយដែលផ្តល់ចំណូល155,000ផោនក្នុងមួយសប្តាហ៍ដល់រូបគេ បើទោះបីការស្លាប់របស់លោក Felix Mourinho ដែលជាឪពុករបស់លោកគ្រូបង្វឹក Jose Mourinho អាចនឹងពន្យារពេលដល់ដំណើរការនេះក៏ដោយ។
អ្នកចាត់ការទូទៅរូបនេះកំពុងតែស្ថិតក្នុងប្រទេសព័រទុយហ្គាល់ ដើម្បីរៀបចំពិធីបុណ្យសព ប៉ុន្តែ Matic ត្រូវបានរំពឹងទុកថា នឹងចុះហត្ថលេខានៅមុនពេលក្រុម Man United ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់ដំណើរប្រកួតមុនបើករដូវកាលនាថ្ងៃទី9 ខែកក្កដា ខាងមុខនេះ។ Matic បានចូលរួមជាថ្មីជាមួយនឹងក្លិប Chelsea កាលពីឆ្នាំ2014 ក្នុងតម្លៃខ្លួន21លានផោនពីក្លិប Benfica ក្នុងពេលដែលលោក Mourinho នៅដឹកនាំក្នុងក្លិបតោខៀវមួយនេះនៅឡើយ ខណៈដែលរូបគេបានក្លាយជាសមាជិកដ៏សំខាន់ក្នុងពេលដែល Chelsea បានឈ្នះពាន Premier League កាលពីរដូវកាលមុន។ ប៉ុន្តែដំបូងឡើយ ការចូលរួមរបស់ Matic ជាមួយនឹងក្រុមម្ចាស់ជើងឯកអង់គ្លេសមួយនេះ មិនបានទទួលជោគជ័យឡើយ ក្រោយពីរូបគេបានផ្ទេរមកពីក្លិបស្លូវ៉ាគី Kosice កាលពីឆ្នាំ2009 មុននឹងផ្ទេរទៅកាន់ព័រទុយហ្គាល់ក្នុងឆ្នាំ2011។ ជាមួយនឹងក្លិប Chelsea រូបគេបានបង្ហាញខ្លួន121លើក និងបានស៊ុតបាល់បញ្ចូលទី4គ្រាប់៕ ប្រភពពី៖ Independent
ក្រុមបិសាចក្រហម Manchester United បានទម្លាក់ក្រុម Celta Vigo ដើម្បីកក់កៅអីរបស់ពួកគេទៅកាន់ក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើទាំងព្រលឹងចុងសក់ ១-១ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពេញជ័យជម្នះទាំងពីរជើងនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ២-១។
Man United ហាក់ដូចជាត្រូវឈានទៅវគ្គផ្តាច់ព្រ័ត្រដោយងាយស្រួលទៅហើយនាកីឡដ្ឋាន Old Trafford នៅពេលដែលខ្សែបម្រើ Marouane Fellaini បានតែតបាល់បំប៉ោងសំណាញ់ទីនៅដើមតង់ទី១ ដើម្បីជួយឲ្យពួកគេមានគ្រាប់បាល់នាំមុខមុន ក្រោមការបញ្ជូនបាល់យ៉ាងល្អរបស់ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford។ ប៉ុន្តែ ក្រុមរបស់លោក Jose Mourinho បានរងនូវការវាយបកវិញ និងបានជួបការភិតភ័យ ក្រោយពីកីឡាករ Facundo Roncaglia បានរកគ្រាប់បាល់តាមស្មើសម្រាប់ក្រុមភ្ញៀនៅនាទី ទី៨៤ ដើម្បីកាត់បន្ថយលទ្ធផលទាំងពីរជើងមកត្រឹម ២-១។
នៅរយៈពេលប៉ុន្មាននាទីចុងក្រោយ ក្រុម Celta ស្ទើរតែបានបំពេញការវាយបកដ៏មិននឹកស្មានដល់ទៅហើយ ប៉ុន្តែ Man United បានជួបសំណាងដើម្បីឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Ajax Amsterdam ក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត នាថ្ងៃទី២៤ ខែឧសភា។ ក្រុមយក្សរបស់ហូឡង់ Ajax បានឈ្នះកៅអីរបស់ពួកគេទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រ បើទោះបីចាញ់ក្រុម Lyon ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២របស់ពួកគេក៏ដោយ។
លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Man United បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «យើងបានរងនូវសម្ពាធរហូតដល់បញ្ចប់ការប្រកួត ហើយវាជាការប្រកួតមានលក្ខណៈបើកចំហរ រហូតដល់នាទីចុងក្រោយ។ ក្រោយពីការប្រកួត១៤លើក យើងឈានទៅវគ្គផ្តាច់ព្រ័ត្រ។ ប្រសិនបើយើងឈ្នះពាន Europa League ខ្ញុំកាន់តែមានការរីករាយជាងនេះទៅទៀត។ វានឹងក្លាយជាពានដ៏អស្ចារ្យ»៕:
ក្រុម Manchester United បានដាក់សម្ពាធទៅលើក្រុម Liverpool រួចជាស្រេច ខណៈដែល ប្រយុទ្ធ Anthony Martial បានឆ្លើយតបយ៉ាងវិជ្ជមានចំពោះការរិះគន់របស់លោក Jose Mourinho តាមរយៈការស៊ុតបាល់បញ្ចូលទី១គ្រាប់ និងជួយឲ្យខ្សែប្រយុទ្ធ Wayne Rooney រកបានគ្រាប់បាល់ទី២ដើម្បីផ្តួលក្រុម Burnley ២-០ និងដើម្បីជួយឲ្យក្រុមខ្លួនឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៥ ដោយដេញតាមពីក្រោយក្រុម Manchester City មួយពិន្ទុ។ ហេតុនេះ ក្រុម Liverpool កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការអវត្តមានក្នុងក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ ខណៈដែលពួកគេនាំមុខត្រឹមតែ២ពិន្ទុប៉ុណ្ណោះពីលើក្រុម Man United ដែលនៅសល់២ប្រកួតនៅក្នុងដៃរបស់ពួកគេ។
ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Klopp បានដាក់ចេញនូវការអំពាវនាវដល់អ្នកគាំទ្រ និងកីឡាកររបស់លោក មិនឲ្យបោះបង់ក្តីសង្ឃឹមទៅលើការប្រជែងយកកៅអីក្នុងក្របខ័ណ្ឌ Champions League។ លោក Klopp បានប្រាប់សារព័ត៌មាន BBC ថា៖ «វាពិតជាលទ្ធផលដ៏ខកចិត្ត។ គ្រប់គ្នាគិតថា Champions League បានធ្លាក់ចេញពីដៃរបស់ពួកគេ ប៉ុន្តែ យើងមានរយៈពេល១ខែទៀត ក្នុងការធ្វើឲ្យមានភាពវិជ្ជមានឡើងវិញ»៕