Tag: Joseph

  • បច្ចេកវិទ្យា «មើល​ធ្លុះ» ជញ្ជាំង​ដោយ​ប្រើ​ប្រាស់​ WiFi

    បច្ចេកវិទ្យា «មើល​ធ្លុះ» ជញ្ជាំង​ដោយ​ប្រើ​ប្រាស់​ WiFi

    (សហរដ្ឋ​អាម៉េរិក) – អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​នៅ​សាកល​វិទ្យាល័យ California Santa Barbara អភិវឌ្ឍ​វិធី​សាស្ត្រ​ថ្មី​ដែល​អាច​បង្ហាញ​ត្រាប់​តាម​រូប​ភាព​នឹង​ ដែល​នៅ​ពី​ក្រោយ​ជញ្ជាំង​ ដោយ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ WiFi។

    ការធ្វើ​តេស្ត​ «ឆ្លុះ​មើល​» ​វត្ថុ​កំពុង​ផ្លាស់​ទី​​ខាង​ក្រោយ​ជញ្ជាំង​ដោយ​ការ​ប្រើ​ប្រាស់​រលក​សញ្ញា​ WiFi ទទួល​បាន​​លទ្ធផល​ប្រកប​ដោយ​សក្ដានុពល ប៉ុន្តែ​វា​ជួប​ឧបសគ្គ​នៅ​ពេល​ប្រើ​ប្រាស់​ចំពោះ​​វត្ថុ​ដែល​នៅ​នឹង​មួយ​កន្លែង​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ ក្រុម​ស្រាវ​ជ្រាវ​ប្រើ​ប្រាស់​តួអក្សរ​អង់គ្លេស​ធ្វើ​ជា​វត្ថុ​នឹង​។ វិធីសាស្ត្រ​ដែល​មាន​ឈ្មោះ​ថា Wiffract របស់​ពួក​គេ​ ប្រើ​ប្រាស់​រលក​សញ្ញា​របស់​ម៉ាស៊ីន​ផ្សាយ​ និង​ទទួល​ WiFi ដើម្បី​ធ្វើ​ការ​ពិសោធ​។

    Wiffract ត្រូវ​បាន​អភិវឌ្ឍ​ដោយ​យោង​ទៅ​តាម​ទ្រឹស្ដី​ GTD (Geometrical Theory of Diffraction) របស់ Joseph Keller។ វិធី​សាស្ត្រ​របស់​ក្រុម​ស្រាវ​ជ្រាវ​ខាងលើ​អនុញ្ញាត​ឱ្យ​បង្ហាញ​រូប​ភាព​ WiFi របស់​តួអក្សរ​អង់គ្លេស​ដែល​ដាក់​​នៅ​ខាង​ក្រោយ​ជញ្ជាំង​។

    ក្នុងការ​ធ្វើ​តេស្ត ពួក​គេ​ដាក់​តួអក្សរ​ «BELIEVE» នៅ​ខាង​ក្រោយ​ជញ្ជាំង​ដើម្បី​អាន​ដោយ​ WiFi។ លទ្ធផល​ចុង​ក្រោយបាន​​បង្ហាញអក្សរ​នេះ​​យ៉ាង​ច្បាស់​។ «…Wiffract ជួយ​ឱ្យ​អាន​​ធ្លុះ​ជញ្ជាំង​ដោយប្រើ​ប្រាស់​​ WiFi ដំបូង​គេ​បង្អស់​» ក្រុម​ស្រាវជ្រាវ​សន្មត​ដូច្នេះ​។

    ក្រោយ​ពី​ទទួល​បាន​រូប​ថត ក្រុម​អ្នក​ស្រាវ​ជ្រាវ​អាច​ធ្វើ​បច្ចុប្បន្ន​ភាព​រូប​ថត​នេះ​ដោយប្រើ​ប្រាស់​​ឧបករណ៍ចុង​ក្រោយ​។ Wiffract អាច​នឹង​ត្រូវ​បាន​អភិវឌ្ឍ​បន្ថែម និង​ប្រើប្រាស់​ក្នុង​ការ​វិភាគ​ក្រុម​មនុស្ស​ កំណត់​អត្តសញ្ញាណ​របស់​មនុស្ស សុខភាព និង​បរិយាកាស​វៃ​ឆ្លាត​៕

  • អឺរ៉ុប​បន្ថែម​ប្រាក់ 3.5 ពាន់​លាន​អឺរ៉ូ សម្រាប់​​​​ជួយ​​ដល់​អ៊ុយ​ក្រែ​ន

    អឺរ៉ុប​បន្ថែម​ប្រាក់ 3.5 ពាន់​លាន​អឺរ៉ូ សម្រាប់​​​​ជួយ​​ដល់​អ៊ុយ​ក្រែ​ន

    បណ្ដា​ប្រទេស​សមាជិក​របស់​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី 26 មិថុនា បាន​ឯកភាពគ្នា​បង្កើន​ទំហំ​នៃ​កញ្ចប់​ថវិកា​សម្រាប់​ជួយ​ដល់​ផ្នែក​យោធា​របស់​អ៊ុយ​ក្រែ​ន។

    ខ្ទង់​ប្រាក់​បន្ថែម​ដែល​ត្រូវបាន​សហភាព​អឺរ៉ុប (EU) សម្រេច​ថា​នឹង​ផ្ដល់ឱ្យ​អ៊ុយ​ក្រែ​ន​គឺ 3.5 ពាន់​លាន​អឺរ៉ូ (ប្រហែល​នឹង 3.8 ពាន់​លាន​ដុល្លារ​អាម៉េរិក)។ ខ្ទង់​ប្រាក់​នេះ​នាំឱ្យ​កញ្ចប់​ជំនួយ​ផ្នែក​យោធា​របស់​អឺរ៉ុប​សម្រាប់​អ៊ុយ​ក្រែ​ន កើនឡើង​ដល់​ជាង 12 ពាន់​លាន​អឺរ៉ូ រាប់​ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង។

    ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​ផ្នែក​សន្តិសុខ និង​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុប លោក Joseph Borrell យល់ថា ការសម្រេចចិត្ត​ថ្មី​របស់​បណ្ដា​ប្រទេស​ជា​សមាជិក EU បញ្ជាក់ថា សហភាព​នេះ​នៅតែមាន​កញ្ចប់​ថវិកា​គ្រប់គ្រាន់​សម្រាប់​ជួយ​ដល់​ផ្នែក​យោធា​របស់​ដៃគូ​សហការ​៕

  • ក្រុមហ៊ុន​គ្រប់គ្រង​នាវាមុជទឹក Titan ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់​ក្រោយ​ករណី​ស្លាប់​មនុស្ស​ប្រាំ​នាក់

    ក្រុមហ៊ុន​គ្រប់គ្រង​នាវាមុជទឹក Titan ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់​ក្រោយ​ករណី​ស្លាប់​មនុស្ស​ប្រាំ​នាក់

    OceanGate ដែល​ក្រុមហ៊ុន​គ្រប់គ្រង​នាវាមុជទឹក Titan អាច​ត្រូវ​ប្រឈមមុខ​នឹង​រឿងក្ដី​ប្ដឹងផ្ដល់​ពី​គ្រួសារ​ជនរងគ្រោះ បើទោះជា​ក្រុម​អ្នកទេសច​ណ៍​នេះ​បាន​ចុះហត្ថលេខា​លើកលែងក៏ដោយ។

    កាលពី​ថ្ងៃទី 22 មិថុនា សមត្ថកិច្ច​សហរដ្ឋ​អាម៉េរិក​ និង​ក្រុមហ៊ុន OceanGate បាន​បញ្ជាក់ថា មនុស្ស​ប្រាំ​នាក់​ដែល​ស្ថិតក្នុង​នាវាមុជទឹក Titan បានទទួល​មរណភាព​ទាំងអស់ ក្រោយពី​ក្រុម​សង្គ្រោះបាន​រកឃើញ​បំណែក​នានា​របស់ Titan។

    អ្នក​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ រួមមាន Stockton Rush អាយុ 61 ឆ្នាំ ជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់ OceanGate, មហាសេដ្ឋី​អង់គ្លេស Hamish Harding អាយុ 58 ឆ្នាំ, Shahzada Dawood អាយុ 48 ឆ្នាំ ជា​អ្នកជំនួញ​ដើមកំណើត​ប៉ា​គី​ស្ថាន និង​កូនប្រុស Suleman អាយុ 19 ឆ្នាំ ដែល​សុទ្ធតែជា​ពលរដ្ឋ​អង់គ្លេស រួម​នឹង​ពលរដ្ឋ​បារាំង​មួយរូប​ទៀត​ គឺ​​អ្នកវិទ្យាសាស្ត្រ​ខាង​សមុទ្រ Paul-Henri Nargeolet អាយុ 77 ឆ្នាំ។

    បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា សាកសព​ជនរងគ្រោះ​ខាងលើ​នឹង​អាច​ត្រូវបាន​ស្រង់​មកលើ​គោក​បានដែរ ឬ​យ៉ាងណា​នៅឡើយ។ ប៉ុន្តែ ក្រុម​សមត្ថកិច្ច​នៅតែ​បន្ត​ស្វែងរក​វត្ថុតាង​នានា​​ដើម្បី​បញ្ជាក់​​បន្ថែម​ឱ្យ​កាន់តែច្បាស់​។

    ជនរងគ្រោះ​ក្នុង​ករណី​នាវាមុជ​ទឹក Titan

    មុនពេល​ឡើងក​ប៉ាល់ និង​ចូល​នាវា Titan ដើម្បី​ចុះទៅ​ទស្សនា​សាកសព​កប៉ាល់ Titanic ដែល​នៅ​បាត​សមុទ្រ​ជម្រៅ​ជិត 4,000 ម៉ែត្រ អតិថិជន​ទាំងអស់​សុទ្ធតែ​​ត្រូវ​តម្រូវឱ្យ​ចុះហត្ថលេខា​លើកលែង​ការទទួលខុសត្រូវ​លើ​អាយុជីវិត​សម្រាប់ OceanGate។ ក៏ប៉ុន្តែ ចំពោះ​គ្រួសារ​ជនរងគ្រោះ គ្រប់យ៉ាង​នឹងមិន​បញ្ចប់​ត្រឹម​នេះឡើយ។ ក្រុមអ្នកវិភាគ​និយាយថា សាច់ញាតិ​របស់​ជនរ​ង​គ្រោះ​នៅតែ​អាច​ប្ដឹង​ក្រុមហ៊ុន​នេះ សូម្បីតែ​នៅពេល​ជនរងគ្រោះ​បាន​ចុះហត្ថលេខា​រួចរាល់​ក៏ដោយ។

    ទោះជា​យ៉ាងណាក៏ដោយ មុនពេល​រកឃើញ​មូលហេតុ​ពិតប្រាកដ​នៃ​ហេតុការណ៍​គ្រោះថ្នាក់​នេះ គេ​នៅតែ​មិនទាន់​កំណត់​បាន​ថា ករណីនេះ​ត្រូវ​ផាត់​ចោល​កិច្ចសន្យា ឬ​អត់។ នេះ​បើតាម Joseph Low មេធាវី​មួយរូប​នៅ​រដ្ឋ California សហរដ្ឋ​អាម៉េរិក។

    មកដល់​បច្ចុប្បន្ន មិនទាន់មាន​ប្រភព​ណាមួយ​និយាយ​ច្បាស់​អំពីរឿង​ថា​ តើ​​​គ្រួសារ​ជនរងគ្រោះ​​មាន​បំណង​ប្ដឹង​ក្រុម​ហ៊ុន OceanGate ឬ​អត់​នៅឡើយ៕

  • ត្បូង​ពេជ្រ​មិនទាន់​ច្នៃ​ដែល​ធំជាងគេ​បង្អស់​លើ​ពិភពលោក

    ត្បូង​ពេជ្រ​មិនទាន់​ច្នៃ​ដែល​ធំជាងគេ​បង្អស់​លើ​ពិភពលោក

    ពេជ្រ​មិនទាន់​ច្នៃ​​មាន​ទំហំ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ ដែល​​មាន​ឈ្មោះថា Cullinan ត្រូវបាន​រកឃើញ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​ក្នុង​ឆ្នាំ 1905។

    យោងតាម​ទំ​ពី IFL Science ត្បូង Cullinan គឺជា​ពេជ្រ​មិន​ទាន់​ច្នៃ​មួយ​ដុំ​ដែលមាន​ទម្ងន់ 3,106 កា​រ៉ា​ត និង​មាន​ទំហំ 10.1 x 6.35 x 5.9 សង់ទីម៉ែត្រ។ ទម្ងន់​នេះ​ស្មើនឹង 621 ក្រាម និង​ធំ​ប៉ុន​បាល់បោះ​មួយ​គ្រាប់ ឬ​សត្វ​ឃ្មុំ 7,692 ក្បាល។

    កាលពី​ឆ្នាំ 1905 Frederick Wells អ្នកគ្រប់គ្រង​អណ្ដូងរ៉ែ Premier នៅ Pretoria ប្រទេស​អាហ្វ្រិក​ខាងត្បូង បានឃើញ​ពន្លឺ​ចាំង​ចេញពី​វត្ថុ​អ្វីមួយ​នៅជាប់​នឹង​ជញ្ជាំង​ផ្នែក​ខាងលើ នៅពេល​ស្ថិតក្នុង​ដី​ជម្រៅ 5.5 ម៉ែត្រ។ Wells យកបាន​ត្បូង​ពេជ្រ​នេះ ហើយ​ប្រគល់ជូន​លោក Thomas Cullinan ដែលជា​ម្ចាស់​អណ្ដូងរ៉ែ នៅក្នុង​ថ្ងៃ​ដដែល។ ប៉ុន្តែ រហូតដល់​ឆ្នាំ 1907 ទើប​ត្បូង​នេះ​មាន​អ្នកទិញ។ អាជ្ញាធរខេត្ត Transvaal បាន​ទិញ​ត្បូង​ពេជ្រ​នេះ​ដើម្បី​ធ្វើជា​តង្វាយ​សម្រាប់​ថ្វាយ​ស្ដេច Edward ទី 7 របស់​ចក្រភព​អង់គ្លេស។ ដោយសារតែ​បារម្ភ​អំពី​សុវត្ថិភាព​តាមផ្លូវ​ដឹកជញ្ជូន​ពី​ទ្វីបអាហ្វ្រិក​ទៅកាន់​ទីក្រុង​ឡុង​ដ៍របស់​អង់គ្លេស​ ស្ដេច Edward បានដាក់​ត្បូង​ពេជ្រ​ក្លែងក្លាយ​នៅលើ​កប៉ាល់ ដោយមាន​អ្នកយាម​ការពារ​ច្រើន​នាក់ ក្នុង​បំណង​បង្វែរ​ចំណាប់អារម្មណ៍ ខណៈដែល​ពេជ្រ Cullinan ពិតប្រាកដ​ត្រូវបាន​ផ្ញើ​ទៅកាន់​អង់គ្លេស​ដោយ​ដាក់​ក្នុង​ប្រអប់​សាមញ្ញ។

    ដោយសារតែ Cullinan មាន​ទំហំ​ធំ​ពេក ស្ដេច Edward ក៏​ប្រគល់​ការ​ងារ​កែច្នៃ​​ទៅឱ្យ Joseph Asscher ដែលជា​ប្រធាន​ក្រុមហ៊ុន Asscher Diamond នៅ Amsterdam ។ Asscher និង​ក្រុមការងារ​បាន​ចំណាយពេល​ពិនិត្យ និង​កាត់​​ជា​ដុំ​អស់​រយៈពេល 14 ខែ ក្នុងនោះ​ពួកគេ​ត្រូវធ្វើ​ការ​ជាង​ដប់​ម៉ោង/ថ្ងៃ ហើយ​ពេលខ្លះ Asscher ក៏ត្រូវ​ដួលសន្លប់​ព្រោះតែ​អស់កម្លាំង និង​ព្រួយបារម្ភ។ ចុងក្រោយ ពេជ្រ Cullinan ក៏ត្រូវ​បាន​កាត់​ជា 9 ដុំធំៗ និង​ត្រូវ​បាន​ដាក់​ឈ្មោះ​ពី Cullinan I ដល់ Cullinan IX និង​ដុំតូចៗជិត 100 ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​អាម៉េរិក។

    Cullinan គឺជា​ត្បូងពេជ្រ​ធំ​ជាង​គេ​បង្អស់​លើ​ពិភពលោក

    ត្បូង​ពេជ្រ​មួយ​គ្រាប់​​ធំជាងគេ​ក្នុងចំណោម​នោះ ដែល​ត្រូវបាន​ដាក់ឈ្មោះ​ឱ្យ​ថា Cullinan I ឬ​ហៅថា តារា​ទ្វីបអាហ្វ្រិក មាន​ទម្ងន់ 530.2 កា​រ៉ា​ត។ ពេជ្រធំៗទាំង 9 គ្រាប់​នេះ​សុទ្ធតែជា​កម្មសិទ្ធិ​របស់​រាជវង្ស​អង់គ្លេស ហើយ​ភាគច្រើន​ត្រូវបាន​ប្រើប្រាស់​ដើម្បី​តុបតែង​មកុដ និង​គ្រឿងអលង្ការ​នានា។

    គ្រាប់ពេជ្រ​ដែល​ធំជាងគេ​លំដាប់​ទី​ពី​រលើ​ពិភពលោក​បន្ទាប់ពី Cullinan គឺ Excelsior។ Excelsior ​ត្រូវបាន​រកឃើញ​ដោយ​កម្មករ​នៅ​អណ្ដូងរ៉ែ Jagersfontein ក្នុង​​ប្រទេស​អាហ្វ្រិក​ខាងត្បូង កាលពី​ឆ្នាំ 1893។ អណ្ដូងរ៉ែ Jagersfontein ជា​កន្លែង​ដែល​បាន​រកឃើញ​ដុំ​ពេជ្រ​ចំនួន​ពីរ​ក្នុង​ចំ​ណោ​យ​ដុំ​ពេជ្រ​ទាំង​ដប់​ដែល​មាន​ទំហំ​​ធំជាងគេ​លើ​ពិភពលោក៕

  • ភ្ញាក់​ដឹងខ្លួន​ឡើង ស្រាប់តែ Covid-19 រាលដាល​ពេញ​ពិភពលោក ខណៈ​ខ្លួនឯង​អត់​ដឹងអី​សោះ

    ភ្ញាក់​ដឹងខ្លួន​ឡើង ស្រាប់តែ Covid-19 រាលដាល​ពេញ​ពិភពលោក ខណៈ​ខ្លួនឯង​អត់​ដឹងអី​សោះ

    Joseph Flavill អាយុ 19 ឆ្នាំ មិនបាន​ដឹង​អ្វី​សោះ​អំពី Covid-19 ដែល​បាន និង​កំពុង​រាតត្បាត​ពេញ​ពិភព​លោក នៅពេល​បានដឹងខ្លួន​ឡើងវិញ​ក្រោយ​ការ​សន្លប់​រយៈពេល 10 ខែ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បើទោះជា​កំលោះ​រូបនេះ​បាន​ឆ្លង​វីរុស​ពីរលើក​មកហើយ​ក៏ដោយ។

    កំលោះ Joseph Flavill ត្រូវបាន​រថយន្តបុក​ពេ​ញ្មួ​យ​ទំហឹង​ពេល​កំពុង​ដើរ​នៅក្នុង​ទីរួមស្រុក Burton upon Trent ក្នុង​តំបន់ Staffordshire ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃទី 1 មីនា ឆ្នាំ 2020 ពោលគឺ 3 សប្ដាហ៍​មុនពេល​អង់គ្លេស​ដាក់​បំរាម​គោចរ​ទូទាំងប្រទេស​លើកដំបូង។ កំលោះ​នេះ​ធ្លាក់​ក្នុង​សភាព​បាត់បង់​ស្មារតី​អស់​ជាច្រើន​ខែ​ព្រោះ​ត្រូវរបួស​ដល់​ខួរក្បាល ប៉ុន្តែថ្មីៗនេះ Joseph ចាប់ផ្ដើម​ដឹងខ្លួន និង​មានប្រតិកម្ម។

    «ក្មួយ​ខ្ញុំ​មិនដឹង​អ្វី​ទាំងអស់​អំពី​រោគរាតត្បាត​នៅពេល​វា​ត្រូវ​សន្លប់​ជាង 10 ខែ​មកនេះ។ ពេលនេះ វា​ចាប់ផ្ដើម​ដឹងខ្លួន​ឡើងវិញ​ហើយ ប៉ុន្តែ​ខ្ញុំ​មិនដឹងថា វា​ដឹង​អ្វីខ្លះ​នោះទេ» Sally Flavill Smith ដែលជា​ម្ដាយមីង​របស់ Joseph រៀបរាប់។ «ខ្ញុំ​មិន​ប្រាកដថា Joseph យល់​នូវ​អ្វីដែល​យើង​កំពុងតែ​ឆ្លងកាត់​ដែរ ឬ​យ៉ាងណា»។

    Sally ឱ្យដឹងថា គ្រួ​សារបាន​ព្យាបាល​ពន្យល់​តាមរយៈ​ការហៅ​ទូរស័ព្ទ​ជា​វីដេអូ​ថា ពួកគេ​មិន​អាចមក​នៅក្បែរ Joseph បាន ដោយសារតែ​បំរាម​គោចរ​ដើម្បី​កាត់បន្ថយ​ការឆ្លង​រាលដាល​នៃ​វីរុស Covid-19។ «ពេល​អា​ក្មួយ​ខ្ញុំ​ដឹងខ្លួន វា​មិនបាន​ដឹងថា ហេតុអ្វី​បានជា​វា​នៅ​ទីនោះ។ ពួកយើង​បាន​ព្យាយាម​និយាយ​បកស្រាយ​តាម​ទូរស័ព្ទ។

    Joseph Flavill ជា​មនុស្ស​ស្វាហាប់​ និង​ចូល​ចិត្ត​​លេង​​កីឡា

    Joseph បានចាប់ផ្ដើម​កម្រើក​ដៃ​ជើង បិទ​បើកភ្នែក និង​ញញឹម នៅពេល​ក្រុមគ្រួសារ និង​មិត្តភក្ដិ​សួរនាំ។ អ្នកស្រី Sally និយាយថា ក្មួយ​របស់គាត់​អាច​ធ្វើតាម​អ្វីដែល​ពួកគេ​បានស្នើ ដូចជា​យកដៃ​ប៉ះ​ត្រចៀក​ឆ្វេង​និង​ស្ដាំ​ង លើកដៃ​ជើង និង​ឆ្លើយថា​យល់ព្រម ឬ​មិន​យល់ព្រម តាមរយៈ​ការ​ធ្មេច និង​បើកភ្នែក។ ស្នាមញញឹម​ដំបូង​របស់ Joseph បានធ្វើឱ្យ​គ្រប់គ្នា​ស្រក់​ទឹកភ្នែក។

    Joseph ក៏​ធ្លាប់បាន​ឆ្លង Covid-19 ចំនួន​ពីរលើក​ក្នុងពេល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​បានជា​សះស្បើយ​ហើយ។ អ្នកស្រី Sharon ម្ដាយ​របស់ Jeseph ធ្លាប់​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ចូលមក​មើល​កូន​ក្នុង​ថ្ងៃ​ខួបកំណើត​លើក​ទី 19 កាលពី​ខែធ្នូ ឆ្នាំ 2020 ប៉ុន្តែ ត្រូវ​រក្សា​គម្លាត និង​ពាក់​ឈុត​ការពារ​វីរុស។

    Sally រៀបរាប់​ប្រាប់ថា៖ «ពេលនោះ Joseph មិនដឹង​អ្វី​ទាំងអស់ ហើយ​ខ្ញុំ​គិតថា ម្ដាយ​របស់​វា​បារម្ភ​ខ្លាំងណាស់ ព្រោះ​មិនដឹងថា កូនប្រុស​របស់គាត់​នៅ​ស្គាល់​គាត់​ដែរ ឬ​អត់។ ម្ដាយ Joseph ត្រូវ​រង់ចាំ​អស់​ជាច្រើន​ខែ​ដើម្បី​បាន​ជួប​កូនប្រុស»។

    មុនពេល​ជួប​គ្រោះថ្នាក់ Joseph គឺជា​កំលោះ​ដ៏​ស្វាហាប់ និង​ចូលចិត្ត​លេង​កីឡា។ ក្នុង​យុទ្ធនាការ​ស្វែងរក​មូល​និ​ធិ​ដើម្បី​ជួយ​ដល់ Joseph ក្រុមគ្រួសារ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ជាង 30,000 ផោន (41,000 ដុល្លារ​អាមេរិក) សម្រាប់​​ការព្យាបាល និង​ថែទាំ​កូនប្រុស​របស់​ពួកគេ៕

    ប្រភព៖ Guardian