Tag: Johnson

  • «បើកបររថយន្តអគ្គិសនី​បី​ឆ្នាំ​នៅ​ជនបទ» ជាបទពិសោធន៍​របស់​អតីត​គ្រូបង្រៀន​ម្នាក់​​នៅ​អាម៉េរិក

    «បើកបររថយន្តអគ្គិសនី​បី​ឆ្នាំ​នៅ​ជនបទ» ជាបទពិសោធន៍​របស់​អតីត​គ្រូបង្រៀន​ម្នាក់​​នៅ​អាម៉េរិក

    នៅ​ក្នុង​តំបន់​ជនបទ​ដែល​មាន​ស្ថានីយ​បញ្ចូល​ថាមពល​ថ្ម​មិន​ច្រើន​ លោក Frank Johnson អតីត​គ្រូបង្រៀន​មួយ​រូប​ រស់​នៅ​ក្នុង​តំបន់ Dade រដ្ឋ Missouri សហរដ្ឋ​អាម៉េរិក បាន​ចែក​រំលែក​អំពី​ជីវភាព​ដែល​លោក​បានប្រើ​ប្រាស់​​រថយន្ត​អគ្គិសនី​​តាំង​ពី​ឆ្នាំ 2021​។

    ចំណុចវិជ្ជមាន​របស់រថយន្ត​អគ្គិសនី​

    នៅ​លើ​ទំព័រ Springfield News-Leader លោក Frank Johnson ឱ្យ​ដឹង​ថា រថយន្ត​អគ្គិសនី​របស់​លោក ភាគ​ច្រើន​ត្រូវ​បានបញ្ចូល​ថាមពល​អគ្គិសនី​ក្នុង​ផ្ទះ​​នៅ​ពេល​យប់​ ហើយ​សាក​ថ្ម​ល្បឿន​លឿន​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ គ្រា​ដែល​លោក​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​។ កូន​ស្រី​របស់​លោក ថែម​ទាំង​បើកបររថយន្ត​អគ្គិសនី​ពាស​ពេញ​សហរដ្ឋ​អាម៉េរិក​ ដោយ​ការ​បញ្ចូលថាមពល​អគ្គិសនី​នៅ​តាម​ស្ថានីយ​ចល័ត​។

    ដោយ​សារ​តែ​មាន​បណ្ដាញ​ស្ថានីយ​សាក​ថ្ម​នៅ​តាម​បណ្ដោយ​ផ្លូវ​ល្បឿន​លឿន (160 គីឡូម៉ែត្រ​/ស្ថានីយ) លោក​ Frank Johnson លែង​បារម្ភ​អំពី​រយៈ​ចម្ងាយ​ដែល​រថយន្ត​អគ្គិសនី​របស់លោក​ត្រូវ​ធ្វើ​ដំណើរ​។

    អតីត​គ្រូបង្រៀន​រូប​នេះ ក៏​បាន​ឱ្យ​ដឹង​ថា រថយន្ត​អគ្គិសនី​មាន​ភាព​ធន់ និង​ត្រូវ​ការ​ការ​ថែទាំ​តិច​ជាង​បើ​ធៀប​នឹង​រថយន្ត​ម៉ាស៊ីន​ចំហេះ​ក្នុង​។ លោក​ថា រថយន្ត​អគ្គិសនី​សម​ស្រប​នឹង​ការ​ប្រើ​ប្រាស់​ជា​លក្ខណៈ​​គ្រួសារ​​ អ្នក​ប្រគល់​ទំនិញ ក៏ដូចជា​សិស្ស​សាលា​​នៅ​ជនបទ ដោយ​សារ​តែ​ការ​ចំណាយ​ទៅ​លើ​អគ្គិសនី​ទាប​ជាង​ 5 ដង ធៀប​នឹង​តម្លៃ​សាំង​។

    លោក Frank បាន​ផ្ដល់​ជា​យោបល់​ថា សម្រាប់​អ្នក​ដែល​ត្រូវ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ជា​ញឹក​ញាប់ គួរ​តែ​ជិះ​រថយន្ត​ឈ្នួល បើ​សិន​មិន​ទាន់​ចង់​បោះ​បង់រថយន្ត​សាំង​។

    លោក Frank Johnson អតីតគ្រូបង្រៀនមួយរូប រស់នៅក្នុងតំបន់ Dade រដ្ឋ Missouri សហរដ្ឋអាម៉េរិក

    ចំណុច​អវិជ្ជមាន​របស់​រថយន្ត​អគ្គិសនី​

    យោង​តាម​លោក Frank ចំណុច​អវិជ្ជមានមួយចំនួន​​របស់​រថយន្ត​អគ្គិសនី​ រួម​មាន​ រថយន្តថ្មីរបស់លោក ដំបូង​ឡើយ​សាក​ថ្ម​មួយ​ពេញ​ជិត​បាន​ 490 គីឡូម៉ែត្រ ប៉ុន្តែ​បី​ឆ្នាំ​ក្រោយ​មក សាកថ្ម​ម្ដង​​ជិះ​បាន​ 467 គីឡូម៉ែត្រ​។ រថយន្ត​អគ្គិសនី​ក៏​មាន​អាគុយផ្ទុក​អគ្គិសនី​ដូច​រថយន្ត​សាំង ដូច្នេះ​វា​ត្រូវ​ការ​ផ្លាស់​ប្ដូរ​ក្រោយ​រយៈ​ពេល​ពី 5 ទៅ 7 ឆ្នាំ​។

    ថាមពល​ថ្ម​របស់​រថយន្ត​អគ្គិសនី​នឹង​ឆាប់​អស់នៅ​ពេល​អាកាសធាតុចុះ​​ត្រជាក់ ដូច​ជាពេល​​មេឃ​​ភ្លៀង ឬធ្លាក់​ព្រឹល​ជា​ដើម បើធៀប​នឹង​រដូវ​ក្ដៅ​។

    ប្រភេទ​រថយន្ត​អគ្គិសនី​

    រថយន្ត​ដែល​ធ្វើ​ដំណើរ​ដោយ​អគ្គិសនី​ បច្ចុប្បន្ន​មាន​បី​ប្រភេទ​ធំៗ​ រួម​មាន រថយន្ត​អគ្គិសនី​សុទ្ធ (BEVs), រថយន្ត​កូន​កាត់​សាំង​-អគ្គិសនី​ថ្ម​ធំ (Plug-In Hybrid / PHEV) និង​​រថយន្ត​កូន​កាត់​សាំង​-អគ្គិសនី​ថ្ម​តូច​ (Hybrid / HEV)។

    រថយន្ត​អគ្គិសនី​សុទ្ធ​ (BEVs) គឺជា​រថយន្ត​ដែល​ប្រើ​ប្រាស់តែ​​អគ្គិសនី​ពី​ថ្ម​ដ៏​ធំ​របស់​វា​។ ថ្ម​របស់​រថយន្ត​នេះ​អាច​បញ្ចូល​អគ្គិសនី​នៅ​តាម​ផ្ទះ ឬ​តាម​ស្ថានីយ​នានា​។

    រថយន្ត​អគ្គិសនី​កូន​កាត់​សាំង​-អគ្គិសនី​ថ្ម​ធំ (Plug-In Hybrid / PHEV)​ គឺ​ជា​ប្រភេទ​រថយន្ត​ដែល​​ប្រើប្រាស់ថាមពលចេញពីម៉ូទ័រអាគុយដ៏ធំរបស់វាទាំងស្រុង ដើម្បីធ្វើដំណើរនៅលើគ្រប់ស្ថានភាពផ្លូវ និងល្បឿន។

    ការប្រើប្រាស់នូវថាមពលដែលចេញពីម៉ូទ័រថ្មអាគុយនឹងបន្តររហូតដល់ថាមពលថ្មអាគុយនោះស្ថិតនៅកម្រិត​មួយដ៏ទាបបំផុត ទើបវាធ្វើការផ្លាស់ប្តូរទៅយកថាមពលដែលចេញពីម៉ាស៊ីនសាំងដើម្បីធ្វើការជំនួសវិញ។ អ្វីដែលជាផ្នែកមួយដ៏អស្ចារ្យរបស់រថយន្ត Plug-In Hybrid (PHEV) ដែលពុំមាននៅក្នុងរថយន្ត Hybrid (HEV) នោះគឺ ការបំពេញថាមពលថ្មឲ្យបានពេញវិញយ៉ាងរហ័ស តាមរយៈការបញ្ចូលថ្មពីប្រភពអគ្គីសនីតាមផ្ទះ ដែលវាមានលក្ខណៈដូចទៅនឹងការបញ្ចូលថ្មទូរស័ព្ទដៃរបស់យើងដែរ។

    ​​រថយន្ត​កូន​កាត់​សាំង​-អគ្គិសនី​ថ្ម​តូច​ (Hybrid / HEV) គឺជាប្រភេទរថយន្តដែលប្រើប្រាស់កំលាំងថាមពលពីម៉ូទ័រថ្មអាគុយនៅពេលដែលរថយន្តនេះរត់នៅក្នុងរយៈល្បឿនយឺត។ នៅពេលដែលអ្នកបើកបរចង់បង្កើនល្បឿន រថយន្តនេះត្រូវការបន្ថែមថាមពល តាមរយៈការទាញយកថាមពលពីម៉ាស៊ីនដែលប្រើប្រាស់សាំង។ ការបង្កើនល្បឿននៃការបើកបរនេះនឹងធ្វើឲ្យរថយន្តផ្លាស់ប្តូរពីការប្រើប្រាស់ថាមពលថ្មអាគុយ ទៅប្រើប្រាស់ថាមពលពីម៉ាស៊ីនសាំងវិញ។ លើសពីនេះប្រសិនបើរថយន្តត្រូវការថាមពលច្រើនក្នុងពេលបើកបរ ដូចជាការបើកបរឡើងទីទួល ទាំងម៉ូទ័រថ្មអាគុយ និងម៉ាស៊ីនសាំងនឹងត្រូវបានប្រើប្រាស់ ដើម្បីឱ្យ​មានថាមពលគ្រប់គ្រាន់សំរាប់ស្ថានភាពផ្លូវបែបនេះ។

  • អាម៉េរិក​នឹង «​រុករក​រ៉ែ​លើ​​ឋាន​ព្រះ​ចន្ទ​» នៅ​ទសវត្សរ៍​ក្រោយ

    អាម៉េរិក​នឹង «​រុករក​រ៉ែ​លើ​​ឋាន​ព្រះ​ចន្ទ​» នៅ​ទសវត្សរ៍​ក្រោយ

    អុកស៊ីសែន និង​ទឹក នឹង​ជា​គោលដៅ​ដំបូង និង​ចម្បង​បំផុត​របស់​ស្ថានីយ​រុករក​រ៉ែ​សាកល្បង របស់​សហរដ្ឋ​អាម៉េរិក​ ក្នុងការ​​​រុក​រក​រ៉ែ​លើ​ឋាន​ព្រះ​ចន្ទ​។

    ទីភ្នាក់ងារ​អវកាស​អាម៉េរិក ណា​សា (NASA) មាន​ផែនការ​ចាប់ផ្ដើម​រុករក​រ៉ែ​នៅលើ​ឋាន​ព្រះ​ចន្ទ ចាប់ពី​ទសវត្សរ៍​ក្រោយ។ នេះ​បើតាម​ព័ត៌មាន​ដែល​បញ្ចេញ​ដោយ​អ្នកវិទ្យាសាស្ត្រ​រ៉ុក្កែត​របស់​ណា​សា។

    លោក Gerald Sanders ដែល​កំពុងធ្វើការ​នៅឯ​មជ្ឈមណ្ឌល​អវកាស Johnson របស់​ណា​សា កាលពី​ថ្ងៃទី 28 មិថុនា 2023 ឱ្យដឹងថា បេសកកម្ម​រុករក​រ៉ែ​នេះ​នឹង​ត្រូវបាន​អនុវត្តភ្លាមៗ បន្ទាប់ពី​ណា​សា​នាំយក​ប្រព័ន្ធ​ខួង​រក និង​ទាញយក​រ៉ែ​សាកល្បង ​ឡើងទៅ​ដល់​ឋាន​ព្រះ​ចន្ទ។

    អុកស៊ីសែន និង​ទឹក នឹង​ជា​គោលដៅ​ដំបូង និង​ចម្បង​គេ​របស់​ស្ថានីយ​រុករក​រ៉ែ​សាកល្បង​នៅលើ​ឋាន​ព្រះ​ចន្ទ ព្រោះ​វា​ជួយ​គាំទ្រ​ដល់​ជីវិត​របស់​មនុស្ស។ ក្រោយមក រ៉ែ​ដទៃ​ដូចជា ដែក និង​ដី​កម្រ​ជាដើម អាច​ត្រូវបាន​គិតគូរ ពេល​សកម្មភាព​រុករ​ក​ត្រូវបាន​ពង្រីក​បន្ថែម។

    ណា​សា​គណនា​ឃើញថា ព្រះ​ចន្ទ​មាន​ធនធាន​រ៉ែ​ដែលមាន​តម្លៃ​រាប់សិប​ទ្រី​លាន​ដុល្លារ។ បច្ចុប្បន្ន មិនមែន​មានតែ​សហរដ្ឋ​អាម៉េរិក​នោះទេ ដែលមាន​បំណង​រុករក​រ៉ែ​លើ​ឋាន​ព្រះ​ចន្ទ ប្រទេស​ដទៃ​ក៏មាន​មហិច្ឆតា​ដូចគ្នានេះដែរ ក្នុងនោះ​មានដូចជា អូស្ត្រាលី។ល។

  • ស្ថានភាព​សាកសព​កប៉ាល់ Titanic នៅ​បាទ​មហាសមុទ្រ​នាបច្ចុប្បន្ន

    ស្ថានភាព​សាកសព​កប៉ាល់ Titanic នៅ​បាទ​មហាសមុទ្រ​នាបច្ចុប្បន្ន

    ដោយសារតែ​លំហូរ​ទឹកសមុទ្រ ភាព​ប្រៃ​របស់​ទឹកសមុទ្រ និង​បាក់តេរី​ស៊ី​លោហធាតុ សាកសព​កប៉ាល់ Titanic កំពុង​ត្រូវបាន​រំលាយ​យ៉ាង​ឆាប់រហ័ស ហើយ​អាច​បាត់​ខ្លួន​នៅ​ប៉ុន្មាន​សិប​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។

    ព្រឹក​ព្រលឹម​ថ្ងៃទី 15 មេសា ឆ្នាំ 1912 កប៉ាល់ RMS Titanic លិច​ចូលក្នុង​ទឹកសមុទ្រ​ជម្រៅ​ជាង 3,657 ម៉ែត្រ បណ្ដាលឱ្យ​មនុស្ស 1,517 នាក់​ត្រូវ​បាត់បង់​ជីវិត បន្ទាប់ពី​បុក​ចំ​ភ្នំ​ទឹកកក​កំពុង​អណ្ដែត​ក្នុង​ចម្ងាយ​ប្រហែល 643 គីឡូម៉ែត្រ​ពី​ដែនដី Newfoundland ក្នុងពេលដែល​កប៉ាល់​នេះ​កំពុងធ្វើដំណើរ​ជា​លើកដំបូង​ទៅកាន់ New York។

    ក្រោយ​ហេតុការណ៍​លិច​នេះ កប៉ាល់ Titanic ក៏​ស្ថិត​នៅនឹងកន្លែង​អស់​រយៈពេល​ជាង 70 ឆ្នាំ មុនពេល​ត្រូវបាន​ទ័ពជើងទឹក​អាម៉េរិក​ប្រទះឃើញ​នៅក្នុង​បេសកកម្ម​សម្ងាត់​មួយ​ក្នុង​សង្គ្រាមត្រជាក់ នៅ​ថ្ងៃទី 01 កញ្ញា 1985។ បន្ទាប់មក នាវាមុជទឹក​គ្មាន និង​មាន​មនុស្ស​បើកបរ​រាប់សិប​គ្រឿង បាន​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic ក្នុងនោះ​មាន​ទាំង​ក្រុម​ស្រាវជ្រាវ​ផងដែរ។ នេះ​បើតាម​ទំព័រ Business Insider។

    មកដល់ពេលនេះ សាកសព​កប៉ាល់ Titanic បាន​បាត់បង់​រូបរាង​ដើម​ទាំងស្រុង ហាក់​នៅសល់តែ​គ្រោងឆ្អឹង។ យោងតាម​អ្នកវិទ្យាសាស្ត្រ Lori Johnson មូលហេតុ​ដែលនាំឱ្យ​សាកសព Titanic ត្រូវបាន​រំលាយ​យ៉ាង​លឿន​ដូច្នេះ ​គឺ​ដោយសារ​មាន​បាក់តេរី​ស៊ី​ដែក​ដែលមាន​ឈ្មោះថា Halomonas titanicae។

    Henrietta Mann អ្នកវិទ្យាសាស្ត្រ​ដែល​បាន​រកឃើញ​បាក់តេរី​ខាងលើ​កាលពី​ឆ្នាំ 2010 បានឱ្យដឹងថា សាកសព​កប៉ាល់ Titanic នឹងមាន​វត្តមាន​ត្រឹមតែ 30 ឆ្នាំ​ទៀត​ប៉ុ​ណ្នោះ មុនពេល​បាត់​ខ្លួន។ កប៉ាល់​នេះ​បាន​ស្ថិតនៅក្នុង​សមុទ្រ​អស់ 107 ឆ្នាំ​មកហើយ។

  • Cristiano Ronaldo ដណ្ដើមបាន​តំណែង «ស្ដេច​រកប្រាក់» របស់ Lionel Messi

    Cristiano Ronaldo ដណ្ដើមបាន​តំណែង «ស្ដេច​រកប្រាក់» របស់ Lionel Messi

    Cristiano Ronaldo នាំមុខគេ​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​ស្ដីពី​កីឡាករ​ដែល​រកប្រាក់​បាន​ច្រើនជាងគេ​លើ​ពិភពលោក​ សម្រាប់​ឆ្នាំ​សារពើពន្ធ​ 2022-2023​។

    យោងតាម​ទំព័រ Forbes កំពូល​តារាបាល់ទាត់ Ronaldo រកបាន 136 លាន​ដុល្លារ​អាម៉េរិក នៅក្នុង​ឆ្នាំសារពើពន្ធ 2022-2023។ ខ្សែប្រយុទ្ធ​របស់​ព័រទុយហ្កាល់​រូបនេះ កំពុង​នាំមុខគេ​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​ជា​លើកដំបូង រាប់​ចាប់ពី​ឆ្នាំ 2017 និង​ជា​លើក​ទី​បី​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន​។ 136 លាន​ដុល្លារ​អាម៉េរិក ក៏​ជា​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កីឡាករ​បាល់ទាត់​មួយរូប។

    ខ្ទង់​ប្រាក់​ប្រហែល 46 លាន​ដុល្លារ​នៅក្នុង​ប្រាក់ចំណូល​សរុប​របស់ Ronaldo គឺ​បានមកពី​ក្លឹប​ដែល​គាត់​លេង​ឱ្យ គឺ Man Utd និង Al Nassr។ 90 លាន​ដុល្លារ​ទៀត​គឺ​បានមកពី​វិស័យ​នានា​ដែល​នៅក្រៅ​វាលស្មៅ ក្នុងនោះ​មាន​ទាំង​ការផ្សាយពាណិជ្ជកម្ម និង​ជំនួញ។ នៅក្នុង​ប្រវត្តិសាស្ត្រ មាន​កីឡាករ​តែ​បីនាក់​ប៉ុណ្ណោះ​ដែលមាន​ប្រាក់ចំណូល​ក្រៅ​វាលស្មៅ​ច្រើនជាង 90 លាន​ដុល្លារ នោះ​គឺ Roger Federer, Tiger Woods និង Conor McGregor ។

    Ronaldo បានបញ្ចប់​កិច្ចសន្យា​ជាមួយ Man Utd កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា 2022 និង​បាន​ចុះកិច្ចសន្យា​ជាមួយ Al Nassr ចាប់ពី​ខែមករា 2023។ យោងតាម​បណ្ដាញ​ផ្សព្វផ្សាយ ក្លឹប Al Nassr ផ្ដល់ប្រាក់​ចំណូល​ប្រហែល 200 លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ ដល់ CR7។ ដូច្នេះ ស្ថិតិ​របស់ Forbes ស្ដីពី​ប្រាក់ចំណូល​របស់ Ronaldo ទំនងជា​នឹង​កើនឡើង​ខ្ពស់​ចាប់ពី​ឆ្នាំក្រោយ។

    Cristiano Ronaldo

    លំដាប់​លេខ​ពីរ​នៅក្នុង​តា​រាង​ចំណាត់ថ្នាក់​នេះ គឺ​បាន​ទៅលើ Lionel Messi។ ចំណាត់ថ្នាក់​របស់ Messi បាន​ធ្លាក់ចុះ​មួយ​កាំ​បើ​ធៀប​នឹង​ឆ្នាំ​កន្លង ប៉ុន្តែ​គាត់​នៅតែមាន​ប្រាក់ចំណូល 130 លាន​ដុល្លារ​អាម៉េរិក។ ប្រាក់ចំណូល​នៅក្នុង និង​ក្រៅ​វាលស្មៅ​របស់​កំពូល​តារា​បាល់ទាត់​អា​ហ្ស​ង់​ទីន​រូបនេះ​គឺ​ស្មើគ្នា។

    ចំណាត់ថ្នាក់​លេខ​បី​បាន​ទៅលើ Kylian Mbappe ដោយ​រកបាន 120 លាន​ដុល្លារ​អាម៉េរិក។ ក្នុងនោះ 100 លាន​ដុល្លារ​បាន​ពី​ក្លឹប​បាល់ទាត់។

    Kylian Mbappe (ស្ដាំ) និង Lionel Messi

    កំពូល​កីឡាករ​បាល់បោះ LeBron James ឈរ​លំដាប់​លេខ​បួន ដោយ​រកបាន 119.5 លាន​ដុល្លារ ខណៈ​កំពូល​អ្នក​ប្រដាល់ Canelo Alvarez រកបាន 110 លាន​ដុល្លារ ត្រូវ​ឈរ​លេខ​ប្រាំ។

    បន្ទាប់មកទៀត​គឺ កីឡាករ​វាយកូនគោល Dustin Johnson (107 លាន), កីឡាករ​វាយកូនគោល Phil Mickelson (106 លាន), តារា​បាល់បោះ Stephen Curry (100.4 លាន), កីឡាករ​វាយ​កូន​បាល់ (tennis) Roger Federer (95.1 លាន) និង​ទី​ដប់​គឺ​តារា​បាល់បោះ Kevin Durant (89.1 លាន)៕

  • ​COVID-19! នាយ​ករដ្ឋ​មន្ត្រី​អង់គ្លេស​រៀប​រាប់​អំពី​ “48​ម៉ោងដែល​លោក​​ប្រឈម​នឹង​ការ​ស្លាប់ដោយ​សារ​កូរ៉ូណា”

    ​COVID-19! នាយ​ករដ្ឋ​មន្ត្រី​អង់គ្លេស​រៀប​រាប់​អំពី​ “48​ម៉ោងដែល​លោក​​ប្រឈម​នឹង​ការ​ស្លាប់ដោយ​សារ​កូរ៉ូណា”

    បន្ទាប់​ពី​បាន​ចេញ​ពី​មន្ទីរពេទ្យ​ នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស លោក​ Boris Johnson បាន​រ៉ាយ​រ៉ាប់​អំពី​​អំឡុង​​ពេល​48​​ម៉ោង​ដែល​លោក​បាន​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ដោយ​សារ​តែ​អាការ​រោគ​ដ៏​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​COVID-19ដែល​លោក​បាន​ឆ្លង​។

    យោង​តាម​សារ​ព័ត៌មាន Telegraph នាយក​រដ្ឋ​មន្ត្រី​ Johnson កាល​ពី​ថ្ងៃទី​12មេសា​កន្លង​ទៅ​ បាន​រៀប​រាប់​ថា “48​ម៉ោង​​ដែល​អ្វី​ៗ​ទាំង​អស់​អាច​ឆ្ពោះ​ទៅ​ទិស​ផ្សេង​”​។ លោក​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​ក៏បាន​ថ្លែង​អំណរ​គុណ​ចំពោះ​បុគ្គលិក​សុខាភិបាល​អង់គ្លេស​ NHS (National Health Service) “ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​ខ្ញុំ ​ជា​ទង្វើ​ដែល​ខ្ញុំ​មិ​ន​មាន​អ្វី​អាច​ប្រកែក​បាន​”។

    លោក​ Johnson ត្រូវ​បា​ន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរពេទ្យ​កាល​ពី​ម្សិល​មិញ​ និង​បាន​ទៅ​កាន់​ភូមិ​គ្រឹះ​ Chequers នៅ​តំបន់​ Buckinghamshire ​ជា​កន្លែង​​ភរិយាកំពុង​មាន​ផ្ទៃ​ពោះ​​​(លោក​ស្រី​ Carrie Symonds)របស់​លោក​ រស់​នៅ​។

    លោក​ Johnson និង​លោក​ស្រី Carrie Symonds មិន​បាន​ជួប​គ្នាអស់​​មួយ​រយៈ​ពេល​ ចាប់​តាំង​ពី​​លោក​ Johnson បាន​ឆ្លង​វីរុស​COVID-19 កាល​ពី​ចុង​ខែ​មុន​។

    មុន​ពេល​ទៅ​កាន់​ Chequers ដើម្បី​សម្រាក​យក​កម្លាំង​ លោក​ Johnson បាន​បង្ហោះ​សារ​ជា​វីដេអូ​មួយ​ រៀប​រាប់​អំពី​កម្រិត​នៃ​ភាព​ធ្ងន់​ធ្ងរ​របស់​ជំងឺ​ដែល​​លោក​បាន​ឆ្លង​ ជា​ពេល​វេលា​ដែល​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ហើយ​លោក​ក៏​បាន​កោត​សរសើរ​ចំពោះ​បុគ្គលិក​សុខាភិបាល​(NHS) ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត និង​ថែទាំ​រូប​លោក​។

    “ថ្ងៃ​នេះ​ខ្ញុំ​បាន​ចេញ​ពី​មន្ទីរពេទ្យ​ បន្ទាប់​ពីទទួល​ការ​ព្យាបាលអស់​​រយៈ​ពេល​​1សប្ដាហ៍​។ នៅ​ទី​នោះ​ ក្រុម​បុគ្គលិក​សុខាភិបាល​បាន​ជួយ​សង្គ្រោះ​ជីវិត​ខ្ញុំ​។ ខ្ញុំ​ពិត​ជា​ពិបាក​រក​ពាក្យ​អ្វី​មកសម្ដែង​​អំពី​ការ​ដែល​ខ្ញុំ​ជំពាក់​​​គុណ​ពួកគេខ្លាំង​ណាស់​​” នាយក​រដ្ឋ​មន្ត្រី​ Johnson ថ្លែង​នៅ​ក្នុង​សារ​ខាង​លើ​។

    លោក​ស្រី​ Carrie Symonds ភរិយា​របស់​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ (រូប​កណ្ដាល)
    លោក​ស្រី​ Carrie Symonds ភរិយា​របស់​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ (រូប​កណ្ដាល)

    នាយក​រដ្ឋមន្ត្រី​អង់គ្លេស​បាន​ឱ្យ​ដឹង​ថា លោក​បាន​មើល​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ “សម្ពាធ​ដែល​បុគ្គលិក​សុខាភិបាល​កំពុង​ជួប​ប្រទះ​” ហើយ​លោក​សង្កត់​ធ្ងន់​ថា NHS នឹង​ទទួល​បាន​ជោគ​ជ័យ​​លើ​វីរុស​COVID-19។ លោក​ប្រាប់​ថា NHS គឺជា​ស្ថាប័ន​ល្អ​បំផុត​នៅ​អង់គ្លេស​។

    ក្នុង​សារ​ខាង​លើ លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ក៏បាន​ថ្លែង​អំណរ​គុណ​ចំពោះ​បុគ្គលិក​សុខាភិបាលមួយ​ចំនួន​​ ដូច​ជា​​ “Jenny មក​ពី​ នូវែលហ្សេឡង់ និង​ Luis មក​ពី​ព័រ​ទុយ​ហ្គាល់​”​ ផងដែរ​។ “ខ្ញុំ​សង្ឃឹមថា ពួក​គេ​នឹង​មិន​ប្រកាន់នោះ​ទេ​​នៅ​ពេល​ខ្ញុំ​រំឭក​ពី​គិលានុបដ្ឋាយិកា​​2រូប​ដែល​នៅ​ក្បែរ​ខ្ញុំ​48​ម៉ោង​ ខណៈ​ដែល​អ្វី​ៗ​អាច​ឆ្ពោះ​ទៅ​ទិស​ផ្សេង​”​។

    “មូលហេតុ​ដែល​រាង​កាយ​របស់​ខ្ញុំ​ ក្នុង​ដំណាក់​កាល​​ចុង​ក្រោយ​ អាច​មាន​សុខ​ភាពល្អ​​ នោះ​គឺ​ដោយ​សារ​ថា ជា​រៀង​រាល់​វិនាទី​ក្នុង​រាត្រី ពួកគេ​សុទ្ធ​តែ​សង្កេតមើល​​ គិត​គូរ យក​ចិត្ត​ទុក​ដាក់ និង​ធ្វើ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​” លោក​ Johnson ថ្លែង​ដូច្នេះ​។ លោក​ក៏​បាន​អរគុណ​ដល់​ក្រុម​វេជ្ជ​បណ្ឌិត​នៅ​មន្ទីរ​ពេទ្យ​ St Thomas ដែល​បាន​ប្រឹងប្រែង​ព្យាបាល​រូប​លោក​។

    នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ក៏បាន​សម្ដែង​ការ​គោរព​ចំពោះ​ការ​លះបង់​របស់​សាធារណ​ជន​ ក្នុង​ពេល​ខិត​ខំ​ធ្វើ​តាម​បទ​បញ្ជា​បម្រាម​គោច​​ដ៏​លំបាក​ ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​អនុវត្ត​កាល​ពី​3​សប្ដាហ៍​មុន​។

    បន្ទាប់​ពី​លោក​ Johnson បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​ លោក​ស្រី​ Carrie Symonds ក៏បាន​ផ្ញើ​សារថ្លែង​អំណរ​គុណ​ដល់​ក្រុម​ការ​ងារ​ NHS ផងដែរ​។

    ការិយាល័យ​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​បាន​ឱ្យ​ដឹង​ថា លោក Johnson នឹង​មិន​ទាន់​វិល​មក​បំពេញ​ភារ​កិច្ចបាន​​ភ្លាមៗ​​​​នោះ​ទេ​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស