ស្ថានភាព​សាកសព​កប៉ាល់ Titanic នៅ​បាទ​មហាសមុទ្រ​នាបច្ចុប្បន្ន

ដោយសារតែ​លំហូរ​ទឹកសមុទ្រ ភាព​ប្រៃ​របស់​ទឹកសមុទ្រ និង​បាក់តេរី​ស៊ី​លោហធាតុ សាកសព​កប៉ាល់ Titanic កំពុង​ត្រូវបាន​រំលាយ​យ៉ាង​ឆាប់រហ័ស ហើយ​អាច​បាត់​ខ្លួន​នៅ​ប៉ុន្មាន​សិប​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។

ព្រឹក​ព្រលឹម​ថ្ងៃទី 15 មេសា ឆ្នាំ 1912 កប៉ាល់ RMS Titanic លិច​ចូលក្នុង​ទឹកសមុទ្រ​ជម្រៅ​ជាង 3,657 ម៉ែត្រ បណ្ដាលឱ្យ​មនុស្ស 1,517 នាក់​ត្រូវ​បាត់បង់​ជីវិត បន្ទាប់ពី​បុក​ចំ​ភ្នំ​ទឹកកក​កំពុង​អណ្ដែត​ក្នុង​ចម្ងាយ​ប្រហែល 643 គីឡូម៉ែត្រ​ពី​ដែនដី Newfoundland ក្នុងពេលដែល​កប៉ាល់​នេះ​កំពុងធ្វើដំណើរ​ជា​លើកដំបូង​ទៅកាន់ New York។

ក្រោយ​ហេតុការណ៍​លិច​នេះ កប៉ាល់ Titanic ក៏​ស្ថិត​នៅនឹងកន្លែង​អស់​រយៈពេល​ជាង 70 ឆ្នាំ មុនពេល​ត្រូវបាន​ទ័ពជើងទឹក​អាម៉េរិក​ប្រទះឃើញ​នៅក្នុង​បេសកកម្ម​សម្ងាត់​មួយ​ក្នុង​សង្គ្រាមត្រជាក់ នៅ​ថ្ងៃទី 01 កញ្ញា 1985។ បន្ទាប់មក នាវាមុជទឹក​គ្មាន និង​មាន​មនុស្ស​បើកបរ​រាប់សិប​គ្រឿង បាន​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic ក្នុងនោះ​មាន​ទាំង​ក្រុម​ស្រាវជ្រាវ​ផងដែរ។ នេះ​បើតាម​ទំព័រ Business Insider។

មកដល់ពេលនេះ សាកសព​កប៉ាល់ Titanic បាន​បាត់បង់​រូបរាង​ដើម​ទាំងស្រុង ហាក់​នៅសល់តែ​គ្រោងឆ្អឹង។ យោងតាម​អ្នកវិទ្យាសាស្ត្រ Lori Johnson មូលហេតុ​ដែលនាំឱ្យ​សាកសព Titanic ត្រូវបាន​រំលាយ​យ៉ាង​លឿន​ដូច្នេះ ​គឺ​ដោយសារ​មាន​បាក់តេរី​ស៊ី​ដែក​ដែលមាន​ឈ្មោះថា Halomonas titanicae។

Henrietta Mann អ្នកវិទ្យាសាស្ត្រ​ដែល​បាន​រកឃើញ​បាក់តេរី​ខាងលើ​កាលពី​ឆ្នាំ 2010 បានឱ្យដឹងថា សាកសព​កប៉ាល់ Titanic នឹងមាន​វត្តមាន​ត្រឹមតែ 30 ឆ្នាំ​ទៀត​ប៉ុ​ណ្នោះ មុនពេល​បាត់​ខ្លួន។ កប៉ាល់​នេះ​បាន​ស្ថិតនៅក្នុង​សមុទ្រ​អស់ 107 ឆ្នាំ​មកហើយ។

Advertisement