Tag: Jeff Bezos

  • រកស៊ី​ក្នុង​វិស័យ​ណា​ខ្លះ​​​ដែល​ងាយ​ក្លាយ​ជា​មហា​សេដ្ឋី​បំផុត​?

    រកស៊ី​ក្នុង​វិស័យ​ណា​ខ្លះ​​​ដែល​ងាយ​ក្លាយ​ជា​មហា​សេដ្ឋី​បំផុត​?

    ហិរញ្ញវត្ថុ – វិនិយោគ បង្កើត​មហា​សេដ្ឋី​ជាង​ 420 នាក់​នៅលើពិភពលោក​ ក្នុងនោះ Warren Buffett ដែល​ជា​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Berkshire Hathaway គឺជា​អ្នក​មាន​ជាង​គេ​បង្អស់​។

    ដើម​ខែ​នេះ ទស្សនាវដ្ដី Forbes បាន​ប្រកាស​បញ្ជី​ឈ្មោះ​មហា​សេដ្ឋី​ពិភពលោក​សម្រាប់​ឆ្នាំ2024​។ ឆ្នាំ​នេះ​ ពិភពលោក​​មាន​មហាសេដ្ឋី​សរុប​ចំនួន 2,781នាក់ ច្រើន​ជាង 141នាក់បើ​ធៀប​នឹង​ឆ្នាំ​កន្លង​។ ក្នុងនោះ ទ្រព្យ​របស់​មហាសេដ្ឋី​ទាំង​នេះ​ក៏​មាន​ច្រើន​ជាង​មុន ដោយ​មាន​រហូត​ដល់ 14,200 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ យោង​តាម​ស្ថិតិ​របស់ Forbes មហាសេដ្ឋី​ភាគ​ច្រើន​រក​ស៊ី​ក្នុង​វិស័យ​ចំនួន​10 ដែល​មាន​ដូច​ខាង​ក្រោម​៖

    1/ ហិរញ្ញវត្ថុ-វិនិយោគ

    -ចំនួន​មហា​សេដ្ឋី​៖ 427នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 15%
    -អ្នក​មាន​ជាង​គេ​៖ Warren Buffett (អាម៉េរិក) (133ពាន់​លាន​ដុល្លារ​អាម៉េរិក)

    2/ បច្ចេកវិទ្យា

    -ចំនួន​មហា​សេដ្ឋី​៖ 342​នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 12%
    -អ្នក​មាន​ជាង​គេ​៖ Jeff Bezos (អាម៉េរិក) ( 194ពាន់​លាន​ដុល្លារ​អាម៉េរិក)

    3/ ផលិត

    -ចំនួន​មហា​សេដ្ឋី​៖ 328នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 12%
    -អ្នក​មាន​ជាង​គេ​៖ Reinhold Wuerth (អាល្លឺម៉ង់) (33.6ពាន់​លាន​ដុល្លារ​អាម៉េរិក)

    4/ សម្លៀកបំពាក់-លក់​រាយ

    -ចំនួន​មហា​សេដ្ឋី​៖ 285នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 10%
    -អ្នក​មាន​ជាង​គេ​៖ Bernard Arnault (បារាំង) (233​ពាន់​លាន​ដុល្លារ​អាម៉េរិក)

    5/ អាហារ – ភេសជ្ជៈ

    -ចំនួន​មហា​សេដ្ឋី​៖ 210នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 8%
    -អ្នក​មាន​ជាង​គេ​៖ Zhong Shanshan (ចិនដីគោក) (62.3ពាន់​លាន​ដុល្លារ​អាម៉េរិក)

    6/ ពហុវិស័យ

    -ចំនួន​មហា​សេដ្ឋី​៖ 201នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 7%
    -អ្នក​មាន​ជាង​គេ​៖ Mukesh Ambani (ឥណ្ឌា) (116ពាន់​លាន​ដុល្លារ​អាម៉េរិក)

    7/ សុខាភិបាល

    -ចំនួន​មហា​សេដ្ឋី​៖ 197នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 7%
    -អ្នក​មាន​ជាង​គេ​៖ Dilip Shanghvi (ឥណ្ឌា) (22.6ពាន់​លាន​ដុល្លារ​អាម៉េរិក)

    8/ អចលនាទ្រព្យ

    -ចំនួន​មហា​សេដ្ឋី​៖ 190នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 7%
    -អ្នក​មាន​ជាង​គេ​៖ Lee Shau Kee (ចិនហុងកុង) (27.7ពាន់​លាន​ដុល្លារ​អាម៉េរិក)

    9/ ប្រព័ន្ធផ្សព្វផ្សាយ – កម្សាន្ត

    -ចំនួន​មហា​សេដ្ឋី​៖ 104នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 4%
    -អ្នក​មាន​ជាង​គេ​៖ Rupert Murdoch (អាម៉េរិក​ដើម​កំណើត​អូស្ត្រាលី) (19.5 ពាន់​លាន​ដុល្លារ​អាម៉េរិក)។

    10/ ថាមពល

    -ចំនួន​មហា​សេដ្ឋី​៖ 98នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 4%
    -អ្នក​មាន​ជាង​គេ​៖ Harold Hamm (អាម៉េរិក) (18.5ពាន់​លាន​ដុល្លារ​អាម៉េរិក)។

  • Top 10 អ្នក​មាន​ជាង​គេ​លើ​ពិភពលោក​ក្នុង​ឆ្នាំ 2024

    Top 10 អ្នក​មាន​ជាង​គេ​លើ​ពិភពលោក​ក្នុង​ឆ្នាំ 2024

    Mark Zuckerberg ដែល​ជា​ម្ចាស់​ Meta Platforms បាន​វិល​មក​កាន់​ top 10 នៃ​ក្រុម​មនុស្ស​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លើពិភពលោក ទន្ទឹម​នឹង​បណ្ដា​ឈ្មោះ​ដែល​គេ​ស្គាល់​ច្រើន​ មាន​ដូច​ជា Bernard Arnault និង Elon Musk ជា​ដើម​ បន្ទាប់​ពី​បាត់​មុខ​អស់​ 3 ឆ្នាំ​។

    ទីមួយ​៖ Barnard Arnault

    ទ្រព្យ​៖ 233 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    ប្រភព​ទ្រព្យ​៖ LVMH
    សញ្ជាតិ​៖ បារាំង

    ទីពីរ​៖ Elon Musk

    ទ្រព្យ​៖ 195 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    ប្រភព​ទ្រព្យ​៖ Tesla, SpaceX
    សញ្ជាតិ​៖ អាម៉េរិក

    ទីបី​៖ Jeff Bezos

    ទ្រព្យ​៖ 194 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    ប្រភព​ទ្រព្យ​៖ Amazon
    សញ្ជាតិ​៖ អាម៉េរិក

    ទីបួន​៖ Mark Zuckerberg

    ទ្រព្យ​៖ 177 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    ប្រភព​ទ្រព្យ​៖ Facebook
    សញ្ជាតិ​៖ អាម៉េរិក

    ទី​ប្រាំ៖ Larry Ellison

    ទ្រព្យ​៖ 141 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    ប្រភព​ទ្រព្យ​៖ Oracle
    សញ្ជាតិ​៖ អាម៉េរិក

    ទីប្រាំមួយ​៖ Warren Buffett

    ទ្រព្យ​៖ 133 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    ប្រភព​ទ្រព្យ​៖ Berkshire Hathaway
    សញ្ជាតិ​៖ អាម៉េរិក

    ទី​ប្រាំពីរ៖ Bill Gates

    ទ្រព្យ​៖ 128 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    ប្រភព​ទ្រព្យ​៖ Microsoft
    សញ្ជាតិ​៖ អាម៉េរិក

    ទីប្រាំបី​៖ Steve Ballmer  

    ទ្រព្យ​៖ 121 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    ប្រភព​ទ្រព្យ​៖ Microsoft
    សញ្ជាតិ​៖ អាម៉េរិក

    ទី​ប្រាំបួន៖ Mukesh Ambani

     

    ទ្រព្យ​៖ 116 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    ប្រភព​ទ្រព្យ​៖ ពហុ​ជំនួញ
    សញ្ជាតិ​៖ ឥណ្ឌា

    ទីដប់​៖ Larry Page

    ទ្រព្យ​៖ 114 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    ប្រភព​ទ្រព្យ​៖ Google
    សញ្ជាតិ​៖ អាម៉េរិក

  • ប្រាំពាន់​លាន​នាក់​កំពុង​តែ​ក្រទៅៗ ខណៈអ្នក​មាន​ជាង​គេ​​ប្រាំ​នាក់​កាន់​តែ​មាន​ឡើង

    ប្រាំពាន់​លាន​នាក់​កំពុង​តែ​ក្រទៅៗ ខណៈអ្នក​មាន​ជាង​គេ​​ប្រាំ​នាក់​កាន់​តែ​មាន​ឡើង

    របាយការណ៍​ថ្មី​បំផុត​របស់ Oxfam International បាន​ឱ្យ​ដឹង​ថា មនុស្ស​ប្រមាណ 5 ពាន់​លាន​នាក់​នៅ​លើ​ពិភពលោក​​កំពុង​តែ​ក្រទៅៗ ស្រប​ពេល​ដែលកំពូល​​មហា​សេដ្ឋី​ 5 រូប​​ បែរ​ជា​មានជាង​មុន​ទ្វេ​ដង​ក្នុង​រង្វង់​ 3 ឆ្នាំ​ចុង​ក្រោយ​នេះ។

    អង្គការ​មនុស្ស​ធម៌​ Oxfam International ដែល​ជា​សម្ព័ន្ធ​អន្តរជាតិ​មាន​អង្គការ​ចំនួន 21 ជាសមាជិក និង​ធ្វើសកម្មភាព​នៅ​ក្នុង​ប្រទេស​ជាង 80 កាល​ពី​ថ្ងៃទី 14 មករា 2024 បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដី​ពី​​គម្លាត​​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​។ របាយការណ៍​នេះ​បង្ហាញ​ថា ចាប់​ពី​ឆ្នាំ 2020 ទ្រព្យ​សម្បត្តិ​របស់​កំពូល​មហា​សេដ្ឋី​ 5 រូប​របស់​ពិភពលោក​ បាន​កើន​ 114% ឡើង​ដល់ 869 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    បុគ្គល​ទាំង​ 5 រូប​ខាងលើ​នេះ រួម​មាន​ នាយក​ប្រតិបត្តិ​ Tesla លោក Elon Musk, ម្ចាស់​ LVMH លោក Bernard Arnault, លោក Jeff Bezos ស្ថាបនិក​របស់ Amazon, សហស្ថាបនិក​របស់ Oracle លោក Larry Ellison និង​មហា​សេដ្ឋី Warren Buffett

    Oxfam យល់​ថា បើ​សិន​ទំនោរ​នេះ​ចេះ​តែ​បន្ត​ ពិភពលោក​​អាច​នឹង​មាន​មនុស្ស​ដែល​មាន​ទ្រព្យ​សម្បត្តិ​ខ្ទង់លាន​លាន​ (ទ្រីលាន) ដុល្លារ​អាម៉េរិក​ដំបូង​គេ​ នៅ​ក្នុង​មួយ​ទសវត្សរ៍​ទៀត​។

    ចំណែក​មនុស្ស​ជិត 5 ពាន់​លាន​នាក់​នៅ​លើ​ពិភពលោក​បែរ​ជា​ក្រទៅ​ៗ​ ដោយ​សារ​អតិផរណា សង្គ្រាម និង​ការ​ប្រែ​ប្រួល​អាកាសធាតុ​។ ជាមួយ​នឹង​ល្បឿន​ដូច​បច្ចុប្បន្ន ពិភព​លោក​នឹង​ត្រូវ​ការ​ពេលវេលា​​ជិត 230 ឆ្នាំទៀត ទើប​អាច​លុប​បំបាត់​អស់​ភាព​ក្រី​ក្រ​។ យោង​តាម Oxfam ពលករ​ពិភពលោក​ជិត 800 លាន​នាក់​ ទទួល​បាន​ប្រាក់​ខែ​ក្នុង​អំឡុង​ពីរ​ឆ្នាំ​កន្លង «មិន​អាច​តាម​ទាន់​អតិផរណា»​។

    របាយការណ៍​របស់ Oxfam ត្រូវ​បាន​ធ្វើ​ឡើង​ដោយយោង​ទៅ​តាម​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO), ធនាគារ​ពិភពលោក​ (WB), Wealth-X និង​ Forbes។ ពួក​គេ​ឱ្យ​ដឹង​ថា​ មនុស្ស​ 1% ដែល​មានបំផុត​នៅ​លើ​ពិភពលោក​ បច្ចុប្បន្ន​ក្ដោប​ក្ដាប់​ 43% នៃ​ហិរញ្ញវត្ថុ​ទូទាំង​សកល​លោក​។ នៅ​សហរដ្ឋ​អាម៉េរិក​ អត្រា​នេះ​គឺ 32% ខណៈ​នៅ​អឺរ៉ុប​គឺ 47% និង​អាស៊ី​គឺ 50%​៕

  • ក្រុម​មហាសេដ្ឋី​ដែល​​ពូកែ​រកប្រាក់​ជាងគេ​លើ​ពិភពលោក ក្នុង​ 6 ខែ​ដើម​ឆ្នាំ​ 2023

    ក្រុម​មហាសេដ្ឋី​ដែល​​ពូកែ​រកប្រាក់​ជាងគេ​លើ​ពិភពលោក ក្នុង​ 6 ខែ​ដើម​ឆ្នាំ​ 2023

    នៅ​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla លោក Elon Musk ​រក​បាន​ 96.6 ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈដែល​ម្ចាស់​ក្រុមហ៊ុន Meta លោក Mark Zuckerberg រកបាន 59 ពាន់​លាន​ដុល្លារ។

    នៅក្នុង​រយៈពេល 6 ខែ​ដើមឆ្នាំ 2023 មនុស្ស​ចំនួន 500 នាក់​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​លើ​ពិភពលោក រកបាន​ប្រាក់​សរុប 852 ពាន់​លាន​ដុល្លារ។ បើ​គិត​ជា​មធ្យមភាគ មនុស្ស​ម្នាក់​រកបាន 14 លាន​ដុល្លារ​អាម៉េរិក/ថ្ងៃ។ នេះ​គឺជា​កំណើន​​ពាក់​កណ្ដាល​​ឆ្នាំ​ល្អ​បំផុត​របស់​ពួកគេ រាប់​ចាប់ពី​ចុងឆ្នាំ 2020 ជា​ពេលដែល​សេដ្ឋកិច្ច​ចាប់ផ្ដើម​ងើប​ឡើងវិញ​ក្រោយ​សម័យ​កូ​វីដ។ នេះ​បើតាម​ទិន្នន័យ​របស់ Bloomberg Billionaires Index។

    បណ្ដា​មហាសេដ្ឋីប្រាំ​រូប​​ដែលមាន​ទ្រព្យ​កើនឡើង​រហ័ស​ជាងគេ​លើ​ពិភពលោកនៅ​ 6 ខែ​ដើម​ឆ្នាំ​នេះ​ រួមមាន Elon Musk (96.6 ពាន់​លាន​ដុល្លារ), Mark Zuckerberg (58.9 ពាន់​លាន​ដុល្លារ), Jeff Bezos (47.4 ពាន់​លាន​ដុល្លារ), Larry Ellison (40.8 ពាន់​លាន​ដុល្លារ) និង Bernard Arnault (38.2 ពាន់​លាន​ដុល្លារ)។

    មូលហេតុ​ចម្បង​ដែល​បាន​ជួយ​ឱ្យ​ក្រុម​មហាសេដ្ឋី​ខាងលើ​រកបាន​ប្រាក់​ច្រើន និង​រហ័ស​ជាងគេ គឺ​មកពីផ្សារ​ហ៊ុន​ងើបឡើងវិញ នៅពេល​អ្នកវិនិយោគ​លែង​ខ្វល់​អំពី​ផលប៉ះពាល់​ពី​ការដំឡើង​ការប្រាក់​របស់​បណ្ដា​ធនាគារជាតិ ក៏ដូចជា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​វិបត្តិ​ធនាគារ​នៅ​សហរដ្ឋ​អាម៉េរិក៕

  • យន្តហោះ​អវកាស​របស់ Sierra Space ត្រៀម​ជិត​រួចរាល់​សម្រាប់​បេសកកម្ម​ដំបូង

    យន្តហោះ​អវកាស​របស់ Sierra Space ត្រៀម​ជិត​រួចរាល់​សម្រាប់​បេសកកម្ម​ដំបូង

    (សហរដ្ឋ​អាម៉េរិក) – ក្រុមហ៊ុន Sierra Space បាន​បញ្ឆេះ​ម៉ាស៊ីន​យន្តហោះ​អវកាស Dream Chaser នៅ​​ក្នុង​រោងចក្រ​ដំឡើង បញ្ជាក់ថា យាន​ដែលមាន​រូបរាង​ដូច​ទៅនឹង Space Shuttle បាន​ត្រៀមខ្លួន​ជិត​រួចរាល់​ហើយ​​សម្រាប់​ការបំពេញភារកិច្ច​ដំបូង​នៅក្នុង​គន្លង​គោចរ​ផែនដី។

    យោងតាម Yahoo ក្រុមហ៊ុន Sierra Space នៅ Colorado កាលពី​ថ្ងៃទី 31 ឧសភា 2023 ប្រកាសថា បានទទួល​ជោគជ័យ​ក្នុងការ​បញ្ឆេះ​ដំណើរការ​គ្រឿង​ម៉ាស៊ីន និង​ប្រព័ន្ធ​នានា​របស់​យន្តហោះ​អវកាស Dream Chaser។

    Dream Chaser គឺជា​យន្តហោះ​អវកាស​ដែល​រចនា​ឡើង​ដើម្បី​ហោះហើរ​ក្នុង​គន្លង​តារាវិថី​កម្រិត​ទាប​របស់​ផែនដី នៅក្នុង​បេសកកម្ម​​​ដឹក​អ្នក​អវកាស និង​ទំនិញ​ឡើងទៅ​កាន់​គោលដៅ​នានា មានដូចជា​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ជាដើម។ យាន​នេះ​អាច​ដឹកទំនិញ​បាន 5,443 គីឡូក្រាម។

    ដោយសារតែ​មិនអាច​ហោះ​ឡើង​ដល់ទី​អវកាស​ដោយ​ខ្លួនឯង Dream Chaser ត្រូវការ​រ៉ុក្កែត​ធំ​ដូច Vulcan Centaur របស់ ULA រុញច្រាន​ឡើងទៅ​ដល់​គន្លង​តារាវិថី​កម្រិត​ទាប។ ក៏ប៉ុន្តែ ដូច​ទៅនឹង​យាន Space Shuttle របស់​ណា​សា Dream Chaser អាច​ទម្លាក់ខ្លួន​ចូល​បរិយាកាស​ផែនដី និង​ហោះ​ចុះចត​លើ​ព្រលានយន្តហោះ​នៅលើ​ដី។

    Dream Chaser មាន​បណ្ដោយ​សរុប​ជាង 9 ម៉ែត្រ ខ្លី​ជាង​បួន​ដង​ធៀប​នឹង Space Shuttle។ ក្រុមហ៊ុន Sierra Space កំពុង​ឆ្ពោះទៅកាន់​ការហោះហើរ​ដំបូង​របស់ Dream Chaser នៅ​មជ្ឈមណ្ឌល​អវកាស Kennedy ក្នុង​ឆ្នាំ 2023 នេះ។ ជើងហោះហើរ​នេះ​ស្ថិតក្នុង​កិច្ចព្រមព្រៀង​ជាមួយ​ណា​សា ដើម្បី​ដឹកទំនិញ​ឡើងទៅ​កាន់ ISS។

    សកម្មភាព​ដំឡើង​យន្តហោះ​អវកាស Dream Chaser របស់ Sierra Space

    ក្រៅពីនេះ Sierra Space ក៏មាន​គម្រោង​បាញ់​បង្ហោះ​យាន​ដឹក​មនុស្ស​ទៅកាន់​ស្ថានីយ​អវកាស​ផ្ទាល់ខ្លួន​ដែលមាន​ឈ្មោះថា Orbital Reef នៅក្នុង​គម្រោង​ដែល​សហការ​ជាមួយ Blue Origin របស់​មហាសេដ្ឋី Jeff Bezos ផងដែរ។

    បច្ចុប្បន្ន Sierra Space កំពុង​ត្រៀមខ្លួន​​សម្រាប់​ការ​​នាំ​យាន Dream Chaser ដំបូង​ដែលមាន​ឈ្មោះថា Tenacity ទៅកាន់​មូលដ្ឋាន​ធ្វើតេស្ត Neil Armstrong របស់​ណា​សា នៅ Ohio ដើម្បី​ត្រួតពិនិត្យ មុនពេល​ចាប់ផ្ដើម​ការហោះហើរ​លើក​ទី​មួយ​៕

  • មហាសេដ្ឋី​លំដាប់​ទីមួយ Elon Musk ចំអក​ឱ្យ មហាសេដ្ឋី​លំដាប់​ទី​ពីរ Jeff Bezos ជុំវិញ​រឿងក្ដី​ជាមួយ NASA

    មហាសេដ្ឋី​លំដាប់​ទីមួយ Elon Musk ចំអក​ឱ្យ មហាសេដ្ឋី​លំដាប់​ទី​ពីរ Jeff Bezos ជុំវិញ​រឿងក្ដី​ជាមួយ NASA

    មហាសេដ្ឋី Elon Musk បាន​បង្ហោះ​រូប​ត្លុក​ដើម្បី​ចំអក​ឱ្យ Jeff Bezos បន្ទាប់ពី​ក្រុមហ៊ុន​អវកាស Blue Origin របស់​ម្ចាស់ Amazon បាន​ចាញ់ក្ដី​ជាមួយ NASA។

    តុលាការ​សហរដ្ឋ​អាម៉េរិក កាលពី​ម្សិលមិញ (4 វិច្ឆិកា) បានចេញ​សាលក្រម​ជំទាស់​នឹង​បណ្ដឹង​របស់​ក្រុមហ៊ុន​អវកាស​ឯកជន Blue Origin របស់​មហាសេដ្ឋី Jeff Bezos ដែល​បាន​ប្ដឹង​ទីភ្នាក់ងារ​អវកាស​អាម៉េរិក NASA ថា បានផ្ដល់​កិច្ចសន្យា​ទាក់ទិន​នឹង​យាន​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​ដែលមាន​តម្លៃ 2.9 ពាន់​លាន​ដុល្លារ ឱ្យទៅ​ក្រុមហ៊ុន SpaceX របស់​មហាសេដ្ឋី Elon Musk ដោយ​វិធី «មិន​សម​ហេតុផល»។

    ក្រោយ​ការសម្រេច​របស់​ចៅក្រម​តុលាការ​សហព័ន្ធ​សហរដ្ឋ​អាម៉េរិក Richard Hertling ទីភ្នាក់ងារ​អវកាស ​NASA​ ប្រកាស​ថា​ កិច្ចសហការ​ជាមួយ SpaceX នឹង​ត្រូវបាន​ភ្ជាប់​ឡើងវិញ «កាន់តែ​ឆាប់ កាន់តែ​ល្អ»។

    ភ្លាមនោះ លោក Elon Musk បាន​បង្ហោះ​សារ​នៅលើ Twitter ចំអក​ឱ្យ​លោក Jeff Bezos ដោយ​ប្រើប្រាស់​រូប​ត្លុក​ដែលមាន​ប្រភពពី​ខ្សែភាពយន្ត Judge Dredd ឆ្នាំ 1995 អម​ជាមួយនឹង​ឃ្លា៖ «អ្នក​ត្រូវ​ទទួល​សាលក្រម»។

    «ទំនាស់​អវកាស» របស់​បណ្ដា​មហាសេដ្ឋី​អាម៉េរិក បានចាប់ផ្ដើម​ឡើង​កាលពី​រដូវ​ផ្កា​រីក នៅពេល NASA បាន​ចុះកិច្ចសន្យា​លើ​គម្រោង​យាន​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​ជាមួយ SpaceX ក្នុង​គ្រា​ដែល Blue Origin និង Dynetics ក៏បាន​ចូលរួម​ដេញថ្លៃ​ដើម្បី​បាន​ក្លាយជា​ដៃគូ​សហការ​ជាមួយ NASA ប៉ុន្តែ មិនបាន​សម្រេច ដោយសារតែ​តម្លៃ​ខុសគ្នា​ឆ្ងាយ។

    កាលពី​ខែតុលា នៅពេល Musk យកឈ្នះ Bezos ដោយបាន​ក្លាយជា​មហាសេដ្ឋី​លំដាប់​ទីមួយ​ក្នុង​ពិភពលោក CEO របស់​ក្រុមហ៊ុន Tesla លោក Elon Musk ក៏បាន​ផ្ញើ​រូបភាព​តំណាង​មេដាយប្រាក់​ឱ្យទៅ​លោក Bezos ផងដែរ ដែល​នេះ​មានន័យថា ចំណាត់ថ្នាក់​លេខ​ពីរ​គឺ​សម្រាប់​ម្ចាស់ Amazon៕

  • “អាណាចក្រ​ពាណិជ្ជកម្ម” របស់​មហាសេដ្ឋី Jeff Bezos

    “អាណាចក្រ​ពាណិជ្ជកម្ម” របស់​មហាសេដ្ឋី Jeff Bezos

    នៅពេល Jeff Bezos ចាក​ចេញពី​តំណែង CEO កាលពី​ថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2021 ក្រុមហ៊ុន​យក្ស Amazon ដែល​លោក​បាន​កសាងឡើង កំពុងតែ​រីក​មាឌ​លឿន​ជាងពេលណាៗទាំងអស់។

    ក្នុងអំឡុង 27 ឆ្នាំ លោក Jeff Bezos បានប្រែក្លាយ Amazon ទៅជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក ដែលមាន​អំណាច និង​ឥទ្ធិពល​យ៉ាង​សម្បើម នៅក្នុង​វិស័យ​ជាច្រើន។ ទ្រព្យសម្បត្តិ​របស់ Jeff Bezos និង​ក្រុមហ៊ុន Amazon ក៏បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅថ្មីៗនេះ។

    ក្រៅពី​ការដណ្ដើម​បាន​ជោគជ័យ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន​ឡាយ ក្រុមហ៊ុន Amazon ក៏​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្នុង​វិស័យ​ជាច្រើន​ទៀត ក្នុងនោះ​មានដូចជា​សេវាកម្ម កុំព្យូទ័រ​ពពក (cloud computing) កម្សាន្ត និង​សេវា​ផ្សាយពាណិជ្ជកម្ម។

    ចាប់ពី​ថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2021 ក្រោយពី​បានប្រគល់​តំណាង CEO ឱ្យ Andy Jassy ដើម្បី​ក្លាយជា​ប្រធាន​ក្រុមហ៊ុន មហាសេដ្ឋី Jeff Bezos នឹង​ឈាន​ចូលដល់​ជីវភាព​ថ្មី ហើយ​លោក​នឹង​ចំណាយ​ពេលវេលា​ច្រើនជាង​មុន ទៅលើ​កិច្ចការ​ស្រាវជ្រាវ​អវកាស កិច្ចការ​មនុស្សធម៌ ទិញ​អចលនទ្រព្យ និង​នាវា​ទេសចរណ៍។

    ធ្វើ​ជំនួញ​ក្នុង​វិស័យ​ជាច្រើន

    ក្រុមហ៊ុន​ស្រាវជ្រាវ eMarketer បានឱ្យដឹងថា Amazon គ្រប់គ្រង​ផ្នែក​លក់រាយ​អន​ឡាញ ប្រមាណ 41% ក្នុងចំណោម​ផលិតផល​លក់រាយ​តាម​អន​ឡាញ​សរុប​របស់ សហរដ្ឋអាមេរិក។ ប៉ុន្តែ Amazon ក៏បាន​នាំមុខគេ​ក្នុង​វិស័យ​សេវាកម្ម​កុំព្យូទ័រ​ពពក និង​ជា «មហាអំណាច» មួយ​ក្នុង​វិស័យ​ផ្សាយពាណិជ្ជកម្ម ដែល​ប្រកួតប្រជែង​នឹង Google និង Facebook ផងដែរ។ Amazon ក៏​វាយលុក​ទៅក្នុង​វិស័យ​ផ្ដល់​សេវាកម្ម​អន​ឡាញ និង​ផលិតផល​ឆ្លាត​វៃ។

    ការជ្រើសរើស​បុគ្គលិក

    Amazon បានជ្រើសរើស​បុគ្គលិក​បន្ថែម ជាង 500,000 នាក់ នៅ​ជុំវិញ​ពិភពលោក នា​ឆ្នាំ 2020 ហើយ​ក្នុង​ឆ្នាំ​បន្តបន្ទាប់​ទៀត ក្រុមហ៊ុន​នេះ អាច​យកឈ្នះ Walmart ដើម្បី​ក្លាយជា​អ្នក​ជ្រើសរើស​បុគ្គលិក​ច្រើនជាងគេបង្អស់​នៅ សហរដ្ឋអាមេរិក។

    ដើមឆ្នាំ 2021 នេះ Amazon បានជ្រើសរើស​បុគ្គលិក​បន្ថែម​ជិត 4,000 នាក់​ទៀត។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ មាន​បុគ្គលិក​ការិយាល័យ​ចំនួន​ជាង 130,000នាក់ ក្នុងចំណោម 950,000 នាក់ របស់ខ្លួន ដែល​កំពុងធ្វើការ​នៅ សហរដ្ឋអាមេរិក។

    ជោគជ័យ​នៅ Hollywood

    Amazon បានចាប់ផ្ដើម​ចូលប្រលូក​ក្នុង​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កាលពី​ឆ្នាំ 2010 តាមរយៈ Amazon Studios។ បច្ចុប្បន្ន ពួកគេ​គឺជា​ផលិតកម្ម និង​ជា​អ្នកផ្គត់ផ្គង់​ភាពយន្ត​ដែលមាន​ឈ្មោះ​ល្បីល្បាញ។ ខ្សែភាពយន្ត​របស់ Amazon ដែល​ទទួលបាន​ជោគជ័យ​ច្រើនជាងគេ មានដូចជា រឿង “The Marvelous Mrs. Maisel”, “Manchester by the Sea” និង “Sound of Metal” ជាដើម។

    គម្រោង​វិនិយោគ​ដទៃ

    មហាសេដ្ឋី Bezos មាន​គម្រោង​ហោះ​ទៅកាន់​ទី​អវកាស នៅ​ថ្ងៃទី 20 ខែកក្កដា ខាងមុខ។ លោក ក៏​នឹង​ផ្ដោតទៅលើ​កិច្ចការ​មនុស្សធម៌ អាកាសធាតុ​ច្រើនជាង​មុន​ផងដែរ។ លោក Bezos គឺជា​មហាសេដ្ឋី​លំដាប់​ទីមួយ​ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ​ប្រមាណ 200 ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើតាម Bloomberg Billionaires Index៕

    ប្រភព ៖ WSJ
    ប្រែ​សម្រួល ៖ បុត្រា

  • មហាសេដ្ឋី Jeff Bezos បង្ហើប​ឱ្យដឹង​អំពី​ការកំណត់​គោលដៅ​អនាគត ដែល​មនុស្ស​ភាគច្រើន​ជួប​បរាជ័យ

    មហាសេដ្ឋី Jeff Bezos បង្ហើប​ឱ្យដឹង​អំពី​ការកំណត់​គោលដៅ​អនាគត ដែល​មនុស្ស​ភាគច្រើន​ជួប​បរាជ័យ

    ជាធម្មតា នៅពេល​និយាយ​អំពី​ផែនការ​យូរអង្វែង គ្រប់គ្នា​តែងតែ​កំណត់​គោលដៅ​ក្នុង​រយៈពេល​មធ្យម​ដែល​ប្រកបដោយ​ភាពជាក់លាក់​ណាមួយ រួច​ភ្ជាប់​គំនិត​នានា​ជាមួយគ្នា។ ប៉ុន្តែ បញ្ហា​នៅទីនេះ នោះ​គឺ ផែនការ​នេះ​មាន​លក្ខណ​រឹង និង​តឹងតែង​នៅ​ចំពោះមុខ​ការប្រែប្រួល​រប​ស់​អនាគត ក៏ដូចជា មាន​លក្ខណ​ជាក់លាក់​ពេក ធ្វើឱ្យ​គ្រប់គ្នា​ងាយ​នឹង​បាត់បង់​ភាព​អត់ធ្មត់​នៅពេលអ្វីៗត្រូវ «ដួល​រំលំ»។

    បើទោះជា​ការកំណត់​គោលដៅ​ក្នុង​រយៈពេល 10-20 ឬ 30 ឆ្នាំ មាន​លក្ខណ​មិនសូវ​ជា​ច្បាស់លាស់​បើ​ធៀប​នឹង​រយៈពេល 5 ឆ្នាំ ប៉ុន្តែ វា​ជួយ​ឱ្យ​គ្រប់គ្នា​អាចបង្កើត​យុទ្ធសាស្ត្រ​ប្រកបដោយ​ភាពបត់បែន​ក្នុង​អនាគត ទន្ទឹមនឹងនេះ​ក៏​ជួយ​ឱ្យ​គ្រប់គ្នា​អាច​រក្សាបាន​នូវ​ការអត់ធ្មត់ ភាព​មាំមួន នៅពេល​គម្រោង​ខ្លះ​ត្រូវ​បរាជ័យ។

    នេះ​គឺជា​អ្វីដែល​បានកើត​ឡើង​ចំពោះ​កំពូល​មហាសេដ្ឋី​លំដាប់​លេខ​ពីរ​ក្នុង​លោក និង​ជា​ស្ថាបនិក​របស់ Amazon គឺ​លោក Jeff Bezos នៅក្នុង​ដំណាក់កាលដំបូងៗនៃ​ការដឹកនាំ​ក្រុមហ៊ុន​នេះ។ គ្រប់គ្នា​ចូលចិត្ត​ផ្ដោតទៅលើ​លទ្ធផល​ទៅតាម​ត្រីមាស ដោយ​មិនអាច​មើលឃើញ​បាន​នូវ​ប្រព័ន្ធ​ទាំងមូល​ដែល​ត្រូវការ​ការកសាង​សម្រាប់​អនាគត​រយៈពេល​វែង​រាប់សិប​ឆ្នាំ។

    ការកំណត់​ទិសដៅ​ក្នុង​រយៈពេល 5 ឆ្នាំ គឺ​ពិតជា​ជាក់លាក់ និង​ងាយស្រួល​បញ្ចុះបញ្ចូល​ជាង​សម្រាប់​មនុស្ស​ភាគច្រើន ក៏ប៉ុន្តែ ជោគជ័យ​អាចជា​រឿង​ហេងស៊យ។ ចំពោះ​ក្រុមមនុស្ស​ដែល​កំណត់​គោលដៅ ក៏ដូចជា​ចំណាយ​កម្លាំងកាយ​ចិត្ត និង​ពេលវេលា​ដើម្បី​រៀបចំ​គោលដៅ​សម្រាប់​រយៈពេល​វែង ត្រឹម 20-30 ឆ្នាំ នឹងមិន​ងាយ​បរាជ័យ​នោះទេ។ សូម្បីតែ​នៅពេល​មិនអាច​សម្រេចបាន​តាម​ផែនការ ក៏​កម្លាំងកាយ​ចិត្ត បទពិសោធន៍ និង​ចំណេះដឹង​នៅក្នុង​អំឡុង 30 ឆ្នាំកន្លងមក​របស់​គ្រប់គ្នា ក៏​នឹងត្រូវ​បានទទួល​ស្គាល់​ខ្លះ​ផងដែរ។

    យោងតាម​មហាសេដ្ឋី Jeff Bezos គ្រប់គ្នា​កំពុងតែ​រស់នៅក្នុង​ពិភពលោក​មួយ​ដែល​ពោរពេញ​ដោយ​ការប្ដូរ​ផ្លាស់​ជា​បន្តបន្ទាប់ ហើយ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ប្រកបដោយ​ប្រសិទ្ធភាព នោះ​គ្រប់គ្នា​គួរតែ​ចៀសវាង​ឱ្យបាន​នូវ​លក្ខណ «ត្រង់ រឹង និង​ច្រំ​ដែល» ប៉ុន្តែ ជំនួស​មកវិញ ត្រូវតែ​ប្រកបដោយ​ភាពបត់បែន និង​ធ្វើ​ពិពិធ​កម្ម​ដើម្បី​ឱ្យមាន​ជម្រើស​ច្រើន។

    ថ្វីបើ​អនាគត​យូរអង្វែង ពិតជា​ធ្វើឱ្យ​គ្រប់គ្នា​ពិបាក​ក្នុងការ​ព្យាករ ឬ​ដឹង​ជាមុន​បាន ប៉ុន្តែ ប្រការនេះ​មិនមែន​មានន័យថា គ្រប់គ្នា​មិនអាច​កំណត់​បាន​នូវ​រូបរាង​នៃ​ផ្លូវ​ដែល​ត្រូវ​ដើរទៅ​កាន់​គោលដៅ​របស់ខ្លួន​នោះដែរ៕

    ប្រភព៖ Tipsmake

  • ទ្រព្យរបស់ Elon Musk បានកើនឡើង​លើស​ពី​100ពាន់លានដុល្លារជា​លើក​ដំបូង​ ខណៈ Jeff Bezos កើនលើស200ពាន់លានដុល្លារ

    ទ្រព្យរបស់ Elon Musk បានកើនឡើង​លើស​ពី​100ពាន់លានដុល្លារជា​លើក​ដំបូង​ ខណៈ Jeff Bezos កើនលើស200ពាន់លានដុល្លារ

    ទ្រព្យសម្បត្តិសរុបរបស់ស្ថាបនិក Amazon គឺលោក Jeff Bezos បានកើនដល់ជាង200ពាន់លានដុល្លារកាលពីថ្ងៃពុធកន្លងទៅ ក្រោយពីមូលបត្ររបស់ Amazon បានកើនឡើងដល់ចំណុចខ្ពស់មិនធ្លាប់មានពីមុនមក។ ប្រការនេះក៏បានជួយឱ្យ​អ្នកស្រី MacKenzie ដែលជាអតីតភរិយារបស់លោក Bezos ក្លាយជាស្ត្រីដែលមានទ្រព្យច្រើនជាងគេលំដាប់ទី2ក្នុងពិភពលោក បន្ទាប់ពីម្ចាស់ក្រុមហ៊ុន L’Oreal។

    ក្នុងគ្រានោះដែរ ទ្រព្យសម្បត្តិរបស់លោក Elon Musk ក៏បានកើនឡើងថែមមួយកម្រិតទៀត នាំឱ្យលោកមានឈ្មោះនៅក្នុងក្រុម​ “centibillionaire” ជាក្រុមមនុស្សដែលមានទ្រព្យលើសពី100ពាន់លានដុល្លារ។ មូលបត្រ Tesla ដែលបានកើនឡើងខ្ពស់កាលពីថ្ងៃពុធ ក៏​បាននាំឱ្យទ្រព្យរបស់លោក Musk កើនដល់101ពាន់លានដុល្លារ ដែលនេះជាស្ថិតិរបស់ Bloomberg។

    អ្នកមានជាងគេទាំង​500នាក់នៅទូទាំងពិភពលោក រកបានប្រាក់809ពាន់លានដុល្លារក្នុងឆ្នាំនេះ កើន14% រាប់ចាប់ពីខែមករា បើទោះជា COVID-19 បានធ្វើឱ្យ GDP នៃប្រទេសជាច្រើនត្រូវធ្លាក់ចុះ និងមនុស្សរាប់លាននាក់បានបាត់បង់ការងារ។

    ទ្រព្យរបស់ Elon Musk បានកើនឡើង​លើស​ពី​100ពាន់លានដុល្លារជា​លើក​ដំបូង​ ខណៈ Jeff Bezos កើនលើស200ពាន់លានដុល្លារ
    លោក Jeff Bezos និង​អតីត​ភរិយា​របស់​លោក គឺ​អ្នកស្រី MacKenzie Scott

    លោក Elon Musk អាយុ49ឆ្នាំ បច្ចុប្បន្នគឺជាកំពូល​មហាសេដ្ឋីម្នាក់ក្នុងចំណោម “centibilianaires” 4រូបនៅទូទាំងពិភពលោក។ ទ្រព្យរបស់លោក Musk បានកើនបន្ថែម73.6ពាន់លានដុល្លារក្នុងឆ្នាំ2020នេះ ខណៈលោក Jeff Bezos កើនបន្ថែម87.1ពាន់លានដុល្លារ។ ទ្រព្យសម្បត្តិសរុបរបស់ម្ចាស់ Facebook គឺលោក Mark Zuckerberg ក៏បានកើនឡើងដល់100ពាន់លានដុល្លារកាលពីដើមខែនេះ។ ដោយឡែកក្នុងថ្ងៃពុធកន្លងទៅ លោក Mark ក៏រកបាន8.5ពាន់លានដុល្លារអាមេរិក​។

    ទ្រព្យរបស់ Elon Musk បានកើនឡើង​លើស​ពី​100ពាន់លានដុល្លារជា​លើក​ដំបូង​ ខណៈ Jeff Bezos កើនលើស200ពាន់លានដុល្លារ
    ទ្រព្យរបស់ Elon Musk បានកើនឡើង​លើស​ពី​100ពាន់លានដុល្លារជា​លើក​ដំបូង

    មហាសេដ្ឋីផ្នែកបច្ចេកវិទ្យានៅសហរដ្ឋអាមេរិក មិនមែនជាក្រុមមនុស្សតែមួយគត់​ដែលទទួលបានផលប្រយោជន៍ច្រើននៅដើមឆ្នាំនេះនោះទេ មហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani ក៏បានក្លាយជាជនជាតិអាស៊ីដំបូងគេដែលមានឈ្មោះនៅក្នុងបញ្ជីចំណាត់ថ្នាក់ស្ដីអំពីអ្នកមានជាងគេទាំង5រូបនៅទូទាំងពិភពលោកកាលពីខែមុនផងដែរ​។ លោក Mukesh រកបាន22.5ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងឆ្នាំនេះ ដោយសារតែតម្លៃមូលបត្រនៃក្រុមហ៊ុន Reliance Industries របស់លោក បានកើនឡើងខ្ពស់៕

    ប្រភព៖ Bloomberg

  • ម្ចាស់ Amazon កាន់់តែមានឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើទោះCOVID-19 បានធ្វើឱ្យពិភពលោកជួបវិបត្តិធំ

    ម្ចាស់ Amazon កាន់់តែមានឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើទោះCOVID-19 បានធ្វើឱ្យពិភពលោកជួបវិបត្តិធំ

    Jeff Bezos រកបានប្រាក់ចំនួន 56.7ពាន់លានដុល្លាររាប់ចាប់ពីដើមឆ្នាំ2020នេះ បើទោះជាសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងពិភពលោក កំពុងធ្លាក់ “ជ្រោះជ្រៅ” ជាទីបំផុត គិតចាប់ពីមហាវិបត្តិសេដ្ឋកិច្ច។

    បញ្ចប់ការជួញដូរនៅក្នុងថ្ងៃទី1កក្កដា តម្លៃមូលបត្រ Amazon បានកើន4.4% ដែលនាំឱ្យវាមានតម្លៃ 2,878ដុល្លារ/ហ៊ុន។ ប្រការនេះបានជួយឱ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Jeff Bezos កើនឡើងដល់ 171.6ពាន់លានដុល្លារ។ នេះបើតាម Bloomberg Billionaires Index។

    កន្លងមក ពោលគឺនៅថ្ងៃទី4កញ្ញា2018 ទ្រព្យសម្បត្តិរបស់ម្ចាស់ Amazon លោក Jeff Bezos មានចំនួន 167.7ពាន់លានដុល្លារ។ ក្រោយមក លោកបានបែកបាក់គ្រួសារ និងបានចែកភាគហ៊ុន25% នៃចំនួនមូលបត្រសរុបដែលពួកគេកាន់កាប់រួម ទៅឱ្យភរិយាដែលលោកបានលែងលះ។ ភាគហ៊ុន 25% នេះ មានតម្លៃប្រមាណជា 35.6ពាន់លានដុល្លារអាមេរិក។

    ចាប់ផ្ដើមដើមឆ្នាំ បើទោះជាសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកជួបការលំបាកខ្លាំងបំផុតរាប់ពីមហាវិបត្តិសេដ្ឋកិច្ច ទ្រព្យរបស់លោក Bezos ក៏នៅតែកើន56.7ពាន់លានដុល្លារ។ ក្នុងសប្ដាហ៍នេះ ក្រុមហ៊ុនរបស់លោក ថែមទាំងបានផ្ដល់រង្វាន់លើកទឹកចិត្តចំនួន500លានដុល្លារទៅឱ្យបុគ្គលិកធ្វើការនៅក្នុងវិបត្តិសុខភាពដែលបង្កឡើងដោយ COVID-19 ទៀតផង។ ការរកស៊ីរបស់ Amazon មានដំណើរការល្អនៅពេលដែល COVID-19 បានធ្វើឱ្យអតិថិជនងាកមកទិញទំនិញតាមផ្សារអនឡាញ។

    ម្ចាស់ Amazon កាន់់តែមានឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើទោះCOVID-19 បានធ្វើឱ្យពិភពលោកជួបវិបត្តិធំ
    លោក Elon Musk ក៏រកប្រាក់បាន​25.8ពាន់លានដុល្លារបន្ថែមទៀតដែរ

    នៅក្នុងឆ្នាំនេះ អ្នកដែលមានទ្រព្យកើនឡើងខ្ពស់បំផុត សុទ្ធសឹងតែជាអ្នកជំនួញក្នុងវិស័យបច្ចេកវិទ្យា។ ក្រៅពី Bezos លោក Elon Musk ក៏រកប្រាក់បាន25.8ពាន់លានដុល្លារបន្ថែមទៀតដែរ ខណៈដែល Eric Yuan ដែលជាស្ថាបនិករបស់កម្មវិធី Zoom រកបាន 13.1ពាន់លានដុល្លារបន្ថែមទៀត។

    ផ្ទុយទៅវិញ លោក Amancio Ortega ដែលជាម្ចាស់ក្រុមហ៊ុន Zara បានបាត់បង់ទ្រព្យប្រមាណជា 19.2ពាន់លានដុល្លារ។ នេះគឺជាមហាសេដ្ឋីដែលបានបាត់បង់ទ្រព្យច្រើនជាងគេបង្អស់នៅក្នុងបញ្ជីចំណាត់ថ្នាក់របស់ Bloomberg។ រីឯទ្រព្យសរុបរបស់លោក Warren Buffett ដែលជាអតីតកំពូលអ្នកវិនិយោគផ្នែកអចលនទ្រព្យ ក៏បានបាត់បង់ 19ពាន់លានដុល្លារ ចំណែកមហាសេដ្ឋីផលិតផលប្រណិត លោក Bernard Arnault ក៏បានបាត់បង់ 17.6ពាន់លានដុល្លារផងដែរ។

    ម្ចាស់ Amazon កាន់់តែមានឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើទោះCOVID-19 បានធ្វើឱ្យពិភពលោកជួបវិបត្តិធំ
    លោក Amancio Ortega ដែលជាម្ចាស់ក្រុមហ៊ុន Zara

    បច្ចុប្បន្ន ទ្រព្យសរុបរបស់កំពូលអ្នកមានចំនួន500នាក់នៅទូទាំងពិភពលោក មានប្រមាណជា 5.93លានលានដុល្លារអាមេរិក កើនឡើងបន្តិចបើធៀបជាមួយនឹងចំនួន 5.91លានលានដុល្លារកាលពីដើមឆ្នាំ2020៕

    ប្រភព៖ Bloomberg