Tag: Islam

  • ក្រុម​ប្រដាប់អាវុធ​រដ្ឋ​អ៊ីស្លាម (IS) ​បញ្ជាក់ថា មេបញ្ជាការ​កំពូល​ត្រូវបាន​គេ​សម្លាប់

    ក្រុម​ប្រដាប់អាវុធ​រដ្ឋ​អ៊ីស្លាម (IS) ​បញ្ជាក់ថា មេបញ្ជាការ​កំពូល​ត្រូវបាន​គេ​សម្លាប់

    ក្រុម​ភេរវ​ករ​រដ្ឋ​អ៊ីស្លាម (IS) បានទទួល​ស្គាល់​ការស្លាប់​របស់​មេដឹកនាំ​កំពូល Abu Hussein al-Husseini al-Qurashi ហើយក៏​ប្រកាសថា បាន​ជ្រើសតាំង​មេដឹកនាំ​ថ្មី​រួចហើយ។

    នៅក្នុង​សារ​ជា​សំឡេង​​មិនមាន​ថ្ងៃខែ​ដែល​ត្រូវបាន​បង្ហោះ​លើ Telegram កាលពី​ថ្ងៃទី 03 សីហា អ្នកនាំពាក្យ​របស់​ក្រុម​ប្រដាប់អាវុធ​ដែល​ហៅ​ខ្លួនឯង​ថា អង្គការ​រដ្ឋ​អ៊ីស្លាម (Islamic State) បាន​និយាយថា Qurashi ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ការប្រយុទ្ធ​​គ្នា​ជាមួយនឹង Hayat Tahrir al-Sham (HTS) ដែលជា​ក្រុម​អ៊ីស្លាម​មួយ​ក្រុម​ផ្សេង​ទៀត​ កំពុងកាន់​អំណាច​នៅ​មូលដ្ឋាន​របស់​ក្រុមប្រឆាំង​នៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី។

    «មេដឹកនាំ Qurashi ត្រូវបាន​គេ​សម្លាប់​នៅពេល HTS ព្យាយាម​ចាប់ខ្លួន​លោក​ជា​ចំណាប់ខ្មាំង។ លោក​បាន​ប្រយុទ្ធ​តតាំង​នឹង​ពួកវា​រហូតដល់​បាត់បង់​ជីវិត​ដោយសារតែ​របួស» អ្នកនាំពាក្យ​របស់ IS ឱ្យដឹង​ដូច្នេះ និង​បាន​ចោទថា HTS បានបង្ហាញ​ទីតាំង​ប្រាប់​ក្រុម​ស៊ើបការណ៍​សម្ងាត់​តួ​ក​គី។

    Abu al-Hussein al-Husseini al-Qurashi 

    យោងតាម​អ្នកនាំពាក្យ​ខាងលើ Abu Hafs al-Hashimi al-Qurashi ត្រូវបានតែងតាំង​ជំនួស Qurashi ប៉ុន្តែ​មិនបាន​បង្ហើប​ឱ្យដឹង​ព័ត៌មាន​លើសពីនេះ។

    នេះ​ទំនងជា​សេចក្ដីប្រកាស​ផ្លូវការ​ដំបូង​របស់ IS ស្ដីពី​ការស្លាប់​របស់ Qurashi រាប់​ចាប់តាំងពី​តួ​ក​គី​ប្រកាស​កាល​ពី​ខែមេសា​ថា កងកម្លាំង​ស៊ើបការណ៍​សម្ងាត់​របស់​តួ​ក​គី​បានសម្លាប់​មេដឹកនាំ​រូបនេះ​នៅ​ប្រទេស​ស៊ី​រី។

    Abu Hussein al-Husseini al-Qurashi ​បាន​ឡើងកាន់​អំណាច​កាលពី​ខែវិច្ឆិកា 2022 បន្ទាប់ពី​មេដឹកនាំ​មុន​ត្រូវបាន​សម្លាប់​នៅ​ស៊ី​រី។

    IS ធ្លាប់​គ្រប់គ្រង​តំបន់​ដ៏​ធំ​នៅ​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ ដែលមាន​ប្រជាជន​ប្រហែល 10 លាន ហើយក៏​បានប្រកាស​បង្កើត​ប្រទេស​អ៊ីស្លាម​​ដាច់​ដោយឡែក។ ក៏ប៉ុន្តែ ក្រុម​ជ្រុលនិយម​នេះ​បាន​រង​ការបរាជ័យ​ជា​បន្តបន្ទាប់​នៅ​ចំពោះមុខ​យុទ្ធនាការ​យោធារៀងៗខ្លួន​របស់​សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ដោយ​អាម៉េរិក និង​កងទ័ព​ស៊ី​រី​ដែល​គាំទ្រ​ដោយ​រុស្ស៊ី។

    ផែនទីប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់

    តាំងពី​បាន​បាត់បង់​មូលដ្ឋាន​ចុងក្រោយ​នៅ​តំបន់​សមុទ្រ​ខ្សាច់​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​កាលពី​ខែមីនា 2019 ខ្មាន់កាំភ្លើង​របស់ IS បាន​ដកថយ​ទៅ​លាក់ខ្លួន​ក្នុង​សមុទ្រ​ខ្សាច់ និង​លប​វាយប្រហារ​ម្ដងម្កាល​លើ​កម្លាំង​របស់​ជនជាតិ​ឃើ​ដ ក៏ដូចជា​អាជ្ញាធរ​ស៊ី​រី។

    ក្រុមមន្ត្រី​អាម៉េរិក​ឱ្យដឹងថា ក្រុម​ជ្រុលនិយម​ដែល​រួមមាន​ខ្មាន់កាំភ្លើង​រាប់ពាន់នាក់​នៅ​ទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា អាស៊ី​កណ្ដាល និង​តំបន់​ជាច្រើន​ផ្សេងទៀត នៅតែ​ជាការ​គំរាមកំហែង​ចំពោះ​​ពិភពលោក៕

  • ​តួ​ក​គី​ប្រកាស​ព័ត៌មាន​លម្អិត​​ថ្មី​បំផុត​ស្ដី​ពី​យុទ្ធនាការ​កម្ចាត់​មេដឹកនាំ​កំពូល​របស់ «រដ្ឋ​អ៊ីស្លាម (IS)»

    ​តួ​ក​គី​ប្រកាស​ព័ត៌មាន​លម្អិត​​ថ្មី​បំផុត​ស្ដី​ពី​យុទ្ធនាការ​កម្ចាត់​មេដឹកនាំ​កំពូល​របស់ «រដ្ឋ​អ៊ីស្លាម (IS)»

    ប្រទេស​តួ​ក​គី​បានប្រកាស​អំពី​យុទ្ធនាការ​បួន​ម៉ោង​នៅ​ប្រទេស​ស៊ី​រី ដើម្បី​កំណត់​ទីតាំង និង​កម្ចាត់​មេបញ្ជាការ​កំពូល​បច្ចុប្បន្ន​របស់​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម (Islamic State)។

    បណ្ដា​ផ្សព្វផ្សាយ​របស់​រដ្ឋ​តួ​ក​គី កាលពី​ថ្ងៃទី 01 ឧសភា បាន​បញ្ចេញ​រូបថត​ថ្មី​បំផុត​ស្ដីពី​ផ្ទះ​ដ៏​រឹងមាំ​ស្ថិតនៅ​កណ្ដាល​វាលស្រែ​នៃ​ខេត្ត Afrin ប្រទេស​ស៊ី​រី ជាទី​ដែល​កម្លាំង​ពិសេស​របស់​តួ​ក​គី​បានធ្វើការ​វាយប្រហារ​ក​ម្ចា​ត់​មេបញ្ជាការ​កំពូល​របស់​ក្រុម​ភេរវករ​រដ្ឋ​អ៊ីស្លាម (Islamic State) Abu al-Hussein al-Husseini al-Qurashi។

    ទីភ្នាក់ងារសារព័ត៌មាន Anadolu បានឱ្យដឹងថា ក្រោយពី​បានកំណត់​ទីតាំង​ផ្ទះ​នេះ ដែល​​ជា​កន្លែង​ស្នាក់នៅ​របស់ Qurashi ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់​របស់​តួ​ក​គី (MIT) ក៏បាន​ធ្វើ​យុទ្ធនាការ​រយៈពេល​បួន​ម៉ោង​ក្នុង​ថ្ងៃទី 29 មេសា ដើម្បី​ឡោមព័ទ្ធ​មេ​ភេរ​វករ។

    MIT បាន​បំផ្ទុះ​ជញ្ជាំង​ជុំវិញ​ផ្ទះ មុននឹង​សម្រុកចូល​តាម​ច្រកទ្វារ​ខាងក្រោយ និង​តាម​បង្អួច។ រូបភាព​ដែល​ត្រូវបាន​បញ្ចេញ​បង្ហាញថា មួយផ្នែក​របស់​ផ្ទះ​ពីរ​ជាន់​នេះ​បាន​ខូចខាត​ច្រើន។

    មេបញ្ជាការ​កំពូល​របស់​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម (Islamic State) Abu al-Hussein al-Husseini al-Qurashi

    Qurashi បាន​ចុច​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅពេល​ដឹងថា ខ្លួន​ជិត​ត្រូវបាន​​គេ​​ចាប់​។ ក្នុងការ​វាយលុក​នេះ ភាគី​ខាង​តួ​ក​គី​ពុំមាន​អ្នកស្លាប់ ឬ​រងរបួស​នោះទេ។

    ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan កាលពី​ថ្ងៃទី 30 មេសា បានប្រកាសថា កម្លាំង​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​នេះ​បាន​កម្ចាត់ Qurashi នៅក្នុង​យុទ្ធនាការ​មួយ​នៅ​ប្រទេស​ស៊ី​រី។

    Qurashi គឺជា​មេបញ្ជាការ​កំពូល​ទី​បួន​របស់ IS ដែល​ត្រូវបានតែងតាំង​កាលពី​ខែវិច្ឆិកា 2022 បន្ទាប់ពី​ការស្លាប់​របស់​មេដឹកនាំ​កំពូល Abu al-Hassan al-Hashemi al-Quraishi។ Qurashi បាន​ចូល​ក្រុម IS ក្នុង​ឆ្នាំ 2013 និង​បានទទួល​ការតែងតាំង​ជា​បន្តបន្ទាប់​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ក្រុម​ភេរ​វករ។

    ផ្ទះរបស់​មេភេរវករ រដ្ឋអ៊ីស្លាម (Islamic State) Abu al-Hussein al-Husseini al-Qurashi

    តួ​ក​គី​បាន​បញ្ជូន​ទ័ព​ទៅកាន់​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​តាំងពី​ឆ្នាំ 2020 និង​គ្រប់គ្រង​តំបន់​ដ៏​ធំ​មួយ​ដោយមាន​ការជួយ​គាំទ្រ​ពី​បណ្ដា​ក្រុម​បះបោរ​នៅ​ប្រទេស​ស៊ី​រី៕

  • ឥស្លាម​សាសនិក​រាប់​រយ​នាក់​នៅ​ឥណ្ឌូនេស៊ី​ ប្រជ្រៀត​គ្នា​អង្គុយ​បួង​សួង​កណ្ដាល​COVID-19 ដោយ​មិន​បាន​ពាក់​ម៉ាស់

    ឥស្លាម​សាសនិក​រាប់​រយ​នាក់​នៅ​ឥណ្ឌូនេស៊ី​ ប្រជ្រៀត​គ្នា​អង្គុយ​បួង​សួង​កណ្ដាល​COVID-19 ដោយ​មិន​បាន​ពាក់​ម៉ាស់

    ឥស្លាម​សាសនិក​រាប់​រយ​នាក់​ បាន​អង្គុយ​ប្រជ្រៀត​​គ្នា​​នៅក្នុង​ពិធីបុណ្យ​​បួង​សូង​ Ramadan នៅ​ឯវិហារ​ Baiturrahman នៃ​ប្រទេស​ឥណ្ឌា​នេស៊ី​ បើ​ទោះ​ជា​មាន​ការ​ព្រួយ​បារម្ភ​អំពី​វីរុស​COVID-19យ៉ាង​ណា​ក៏ដោយ​។

    សាសនិក​ទាំង​នេះ​បាន​នាំ​គ្នា​លាង​សម្អាត​ដៃ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​មេរោគ​កូរ៉ូណា​នៅ​មុន​ពេល​ចាប់​ផ្ដើម​បួង​សួង​​នៅ​ឯវិហារ Baiturrahman Grand ក្នុង​ទីក្រុង​ Banda Aceh នៃ​ខេត្ត​ Aceh កាល​ពី​ទី​28​មេសា​។ ពួកគេ​បាន​ពាក់​ម៉ាស់​គ្រប់​គ្នាក្នុង​ពេល​ធ្វើ​ដំណើរ​មក​កាន់​វិហារ​ ក៏ប៉ុន្តែ នៅ​​ពេល​សូត្រ​ធម៌​បួង​សួង​ ពួកគេ​បែរ​ជា​ដោះ​ម៉ាស់​ចេញ​ទាំង​អស់​គ្នា​ទៅ​វិញ​។

    Umar ​ជា​អ្នក​កាន់​សាសនា​ឥស្លាម​ម្នាក់​ដែល​​បាន​មក​ចូល​រួមពិធី​បុណ្យ​នេះ​និយាយ​ថា “ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​មិន​បាន​ធ្វើ​អ្វី​មួយ​ពេញ​លេញ​ បើ​សិន​មិន​បាន​មក​បួង​សួង​នៅ​វិហារ​នេះ​”។ Umar ​ថា គាត់​សម្រេច​ចិត្ត​មក​ចូលរួម​បួង​សួង​នឹង​គេ​ដែរ ប៉ុន្តែ​គាត់​ថា គាត់​ត្រូវ​តែ​ពាក់​ម៉ាស់​ដើម្បី​គោរព​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​។

    ទិដ្ឋ​ភាព​នេះ​ផ្ទុយ​ស្រឡះ​ពី​ពិធី​បុណ្យ​ Ramadan កាល​ពី​ពេល​កន្លង​មក ដោយ​សារ​វិហារ​នៅ​ Banda Acehនេះ កាល​ពី​ឆ្នាំ​មុន​ៗ​គឺ​មាន​សាសនិក​រាប់​ពាន់​នាក់​ចូល​មក​បួង​សួង​ ហើយ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​នៅ​ខាង​ក្រៅ​វិហារ​។ ចំណែក​ឆ្នាំ​នេះ​ មាន​សាសនិក​មក​ចូល​រួម​ប្រហែល​ត្រឹម​400​នាក់​ប៉ុណ្ណោះ​។ ពួក​គេ​មិន​ប្រជ្រៀត​គ្នា​ ប៉ុន្តែ​ក៏​មិន​បាន​រក្សា​គំលាត​ពី​គ្នា​ទៅ​តាម​វិធាន​ទប់​ស្កាត់ COVID-19 ​របស់​រដ្ឋាភិបាល​នោះ​ដែរ​។

    ក្រសួង​កិច្ច​ការសាសន​របស់​ឥណ្ឌូនេស៊ី បាន​ចេញ​សេចក្ដី​ណែនាំ​ឱ្យ​ពលរដ្ឋ​ធ្វើ​ការ​បួង​សួង​នៅ​ឯផ្ទះ ទន្ទឹម​នឹង​ការ​ណែនាំ​ឱ្យ​ធ្វើ​ការ​ពី​ចម្ងាយ​។ ក្រុម​ប្រឹក្សា​ Ulema ដែល​ស្ថាប័ន​ជាតិ​គ្រប់​គ្រង​ឥស្លាម​សាសនា​​របស់​ប្រទេស​នេះ ក៏​បាន​ហាម​មិន​ឱ្យ​ក្រុម​សាសនិក​ប្រមូល​ផ្ដុំ​គ្នា​​ដើម្បី​បួង​សួង​នៅ​តំបន់​ដែល​មានវត្តមាន​របស់ COVID-19 នោះ​ឡើយ​។ ក៏ប៉ុន្តែ បម្រាម​នេះ​ហាក់​មិន​មាន​ប្រសិទ្ធ​ភាព​។

    ឥណ្ឌូនេស៊ី​គឺជា​សម្បុក​មេរោគ​កូរ៉ូណា​COVID-19 ធំជាង​គេ​លំដាប់​ទី​2​នៅ​អាស៊ី​អាគ្នេយ៍​ ប៉ុន្តែប្រទេស​នេះ​​មាន​អត្រា​ស្លាប់​ដោយ​សារ​វីរុស​នេះ​ខ្ពស់​ជាង​គេ​បង្អស់​។ ឥណ្ឌូនេស៊ី​ មាន​អ្ន​ក​ជំងឺ​ COVID-19 សរុប​ជាង​9,500​នាក់​ ក្នុង​នោះ​មាន​775​នាក់​បាន​ស្លាប់​។ ទីក្រុង​Jakarta មាន​អ្នក​ស្លាប់​ដល់​ទៅ​ជាង​370​​នាក់​ ក្នុង​ចំណោម​អ្នកជំងឺ​​ជាង​4,000​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស