Tag: Indonesia

  • TikTok ឈប់​លក់​ទំនិញ​អនឡាញ​នៅ​ឥណ្ឌូណេស៊ី បន្ទាប់​ពី​រដ្ឋ​បាន​ហាម​ឃាត់

    TikTok ឈប់​លក់​ទំនិញ​អនឡាញ​នៅ​ឥណ្ឌូណេស៊ី បន្ទាប់​ពី​រដ្ឋ​បាន​ហាម​ឃាត់

    TikTok ​សម្រេច​ចិត្ត​ឈប់​លក់​ទំនិញ​តាម​អនឡាញ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ក្រោយ​ពី​រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ប្រកាស​ហាម​ឃាត់​ ដើម្បី​ការ​ពារ​អាជីវកម្ម​​ខ្នាត​តូច​។

    កាល​ពី​ថ្ងៃទី 03 តុលា 2023 TikTok ដែល​ជា​បណ្ដាញ​សង្គម​របស់​ក្រុម​ហ៊ុន​ចិន ByteDance បាន​ប្រកាស​ថា​ នឹង​បញ្ឈប់​សកម្មភាព​ពាណិជ្ជកម្ម​នៅ​លើ​ឧបករណ៍​​ទិញ​ដូរ​ទំនិញ​របស់​ខ្លួន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​ ចាប់​ពី​ថ្ងៃទី 04 តុលា 2023 នេះ​។

    ការ​សម្រេច​ចិត្ត​ខាង​លើ​របស់បណ្ដាញ​សង្គម​ចិន​ TikTok ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​​បាន​ប្រកាស​ហាម​ឃាត់​សកម្មភាព​លក់​ទំនិញ​ផ្ទាល់​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​នានា​ ដើម្បី​ការ​ពារ​អាជីវកម្ម​​ខ្នាត​តូច​របស់​​ខ្លួន​។

    ក្នុង​ប្រកាស​ថ្មី​បំផុត​របស់​ខ្លួន TikTok Indonesia សង្កត់​ធ្ងន់​ថា អាទិភាព​ដំបូង​គេ​គឺ​ការគោរព​ច្បាប់ និង​ការ​សម្រេច​របស់​ប្រទេស​ដែល​ TikTok កំពុង​ធ្វើសកម្មភាព​។ ក្នុង​នោះ​ ពួក​គេ​នឹង​ឈប់​ធ្វើពាណិជ្ជកម្ម​អនឡាញ​នៅលើ​ឧបករណ៍​លក់​ដូរ​ទំនិញ TikTok Shop Inodnesia។

    ក៏ប៉ុន្តែ​ TikTok ក៏​យល់​ថា បទបញ្ជា​ខាង​លើ​របស់រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ នឹង​ប៉ះពាល់​ដល់​អាជីវករ​រាប់​លាន​នាក់​ដែល​ប្រើ​ប្រាស់​ TikTok Shop ក្នុង​​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​​នេះផងដែរ​។

    រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី Zulkifli Hasan ឱ្យ​ដឹង​ថា បណ្ដា​ក្រុម​ហ៊ុន​ដែល​មិន​គោរព​តាម​បទបញ្ជា​ហាម​លក់​ទំនិញ​លើ​បណ្ដាញ​សង្គម​ នឹង​ត្រូវ​បាន​ព្រមាន​។ បើ​សិន​នៅ​តែ​រំលោភ​បំពាន​ជា​ថ្មី ពួក​គេ​នឹង​ត្រូវ​បាន​ដក​ហូត​អាជ្ញាប័ណ្ណ​អាជីវកម្ម​នៅ​ឥណ្ឌូណេស៊ី​។

    មុននោះ រដ្ឋមន្ត្រី​ខាងលើ​យល់​ថា ពាណិជ្ជកម្ម​អនឡាញ​ត្រូវ​ការ​បែង​ចែក​ឱ្យ​ដាច់​ពី​បណ្ដាញ​សង្គម​។ បណ្ដាញ​សង្គម​អាច​ផ្សព្វផ្សាយ​ផលិត​ផល​ ប៉ុន្តែ​មិន​ត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​លក់​ដូរ​ផលិត​ផល​​នៅ​លើ​ថ្នាល​បច្ចេក​វិទ្យា​របស់​ពួក​គេ​។ លោក Hasan សង្កត់​ធ្ងន់​ថា បទបញ្ជា​ថ្មី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​ការ​ពារ​សហគ្រាស អាជីវកម្ម​ខ្នាត​មធ្យម និង​តូច​។

    យោង​តាម​ទិន្នន័យ​របស់ TikTok ប្រទេស​ឥណ្ឌូណេស៊ី​ដែល​មាន​អ្នក​ប្រើ​ប្រាស់​ 125 លាន​នាក់​ គឺជា​ទីផ្សារ​ធំជាង​គេ​លំដាប់ទីពីរ​ក្នុង​ពិភពលោក​របស់​ TikTok បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក​។​ ប៉ុន្តែ​ ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ មាន​មតិ​កាន់​តែ​ច្រើន​ដែល​​អំពាវនាវ​ឱ្យ​រដ្ឋ​គ្រប់​គ្រង​បណ្ដាញ​សង្គម​ និង​ពាណិជ្ជកម្ម​អនឡាញ​ ពេល​ដែល​អ្នក​លក់​តាម​បែប​បុរាណ​យល់​ឃើញ​ថា ការ​លក់​ទំនិញ​ក្នុង​តម្លៃ​ទាប​ខ្លាំង​នៅ​លើ TikTok Shop និង​បណ្ដាញ​សង្គម​នានា ​កំពុង​គំរាម​កំហែង​ដល់​ «ឆ្នាំង​បាយ» របស់​ពួក​គេ​៕

  • ឥណ្ឌូណេស៊ី​ចំណាយ​ជាង 380 លាន​ដុល្លារ​អាម៉េរិក ទិញ​ឧបករណ៍​ការ​ពារ​ជាតិ​ 13 គ្រឿង

    ឥណ្ឌូណេស៊ី​ចំណាយ​ជាង 380 លាន​ដុល្លារ​អាម៉េរិក ទិញ​ឧបករណ៍​ការ​ពារ​ជាតិ​ 13 គ្រឿង

    កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​រ៉ា​ដា GM-403 ចំនួន 13 គ្រឿង ត្រូវបាន​ក្រុម​ហ៊ុន​ឥណ្ឌូណេស៊ី និង​បារាំង ចុះហត្ថលេខា​កាលពី​ថ្ងៃទី 20 មេសា 2022 ក្រោម​វត្តមាន​របស់​ប្រធានាធិបតី និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូណេស៊ី។

    យោងតាម​ព័ត៌មាន​ពី​ឥណ្ឌូណេស៊ី រដ្ឋាភិបាល​នៅ​ហ្សា​ការ​តា បាន​បញ្ជា​ទិញ​ប្រព័ន្ធ​រ៉ា​ដា​បញ្ជា​បាញ់​ស្កាត់​ពី​ដី (GCI) GM-403 ដែល​ផលិត​ដោយ​ក្រុមហ៊ុន Thales របស់​បារាំង​ ចំនួន 13 គ្រឿង ក្នុងតម្លៃ 354 លាន​អឺរ៉ូ (ប្រហែល​នឹង 386.23 លាន​ដុល្លារ​អាម៉េរិក)។

    កាលពី​ថ្ងៃទី 28 មិថុនា 2023 លោក Edwin Adrian Sumantha ប្រធានការិយាល័យ​ទំនាក់ទំនង​សាធារណៈ​របស់​ក្រសួងការពារជាតិ​ឥណ្ឌូណេស៊ី បាន​និយាយថា ប្រព័ន្ធ​រ៉ា​ដា GCI មានតម្លៃ​ប្រហែល 30 លាន​ដុល្លារ​អាម៉េរិក​/គ្រឿង។

    កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​រ៉ា​ដា GM-403 ចំនួន 13 គ្រឿង ត្រូវបាន​ក្រុម​ហ៊ុន​ Thales និង​ក្រុមហ៊ុន​ឧស្សាហកម្ម​ការពារជាតិ PT Len Industri Indonesia ចុះហត្ថលេខា​កាលពី​ថ្ងៃទី 20 មេសា 2022 ក្រោម​វត្តមាន​របស់​ប្រធានាធិបតី និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូណេស៊ី។​

    ការប្រគល់ និង​ទទួល​ទំនិញ​ខាងលើ​នឹង​ត្រូវបាន​អនុវត្ត​ក្នុងអំឡុង 48 ខែ រាប់​ចាប់ពីពេល​​កិច្ចព្រមព្រៀង​មាន​សុពលភាព។

    ប្រព័ន្ធ​រ៉ា​ដា GCI GM-403 ដែល​មាន​រង្វង់​ប្រតិបត្តិកា​រ 450 គីឡូម៉ែត្រ នឹង​ដើរតួនាទី​ជា​អ្នក​នាំ​ផ្លូវ​សម្រាប់​យន្តហោះ​ចម្បាំង​ស្ទាក់​វាយ និង​យន្តហោះ​ប្រមាញ់​នាវាមុជទឹក​របស់​កង​ទ័ព​ឥណ្ឌូណេស៊ី ក្នុងការ​ប្រយុទ្ធ។

    កិច្ចព្រមព្រៀង​ខាងលើ​ក៏​រាប់បញ្ចូល​ទាំង​ផែនការ​ផ្ទេរ​បច្ចេកវិទ្យា​សម្រាប់​ប្រព័ន្ធ​រ៉ា​ដា​យោធា និង​ស៊ីវិល ការថែទាំ ក៏ដូចជាការ​​អភិវឌ្ឍ​សម្រាប់​ការធ្វើ​សម​កាល​កម្ម​ប្រព័ន្ធ​រ៉ា​ដា​ជាតិ​របស់​ឥណ្ឌូណេស៊ី​ផងដែរ៕

  • ឥស្លាម​សាសនិក​រាប់​រយ​នាក់​នៅ​ឥណ្ឌូនេស៊ី​ ប្រជ្រៀត​គ្នា​អង្គុយ​បួង​សួង​កណ្ដាល​COVID-19 ដោយ​មិន​បាន​ពាក់​ម៉ាស់

    ឥស្លាម​សាសនិក​រាប់​រយ​នាក់​នៅ​ឥណ្ឌូនេស៊ី​ ប្រជ្រៀត​គ្នា​អង្គុយ​បួង​សួង​កណ្ដាល​COVID-19 ដោយ​មិន​បាន​ពាក់​ម៉ាស់

    ឥស្លាម​សាសនិក​រាប់​រយ​នាក់​ បាន​អង្គុយ​ប្រជ្រៀត​​គ្នា​​នៅក្នុង​ពិធីបុណ្យ​​បួង​សូង​ Ramadan នៅ​ឯវិហារ​ Baiturrahman នៃ​ប្រទេស​ឥណ្ឌា​នេស៊ី​ បើ​ទោះ​ជា​មាន​ការ​ព្រួយ​បារម្ភ​អំពី​វីរុស​COVID-19យ៉ាង​ណា​ក៏ដោយ​។

    សាសនិក​ទាំង​នេះ​បាន​នាំ​គ្នា​លាង​សម្អាត​ដៃ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​មេរោគ​កូរ៉ូណា​នៅ​មុន​ពេល​ចាប់​ផ្ដើម​បួង​សួង​​នៅ​ឯវិហារ Baiturrahman Grand ក្នុង​ទីក្រុង​ Banda Aceh នៃ​ខេត្ត​ Aceh កាល​ពី​ទី​28​មេសា​។ ពួកគេ​បាន​ពាក់​ម៉ាស់​គ្រប់​គ្នាក្នុង​ពេល​ធ្វើ​ដំណើរ​មក​កាន់​វិហារ​ ក៏ប៉ុន្តែ នៅ​​ពេល​សូត្រ​ធម៌​បួង​សួង​ ពួកគេ​បែរ​ជា​ដោះ​ម៉ាស់​ចេញ​ទាំង​អស់​គ្នា​ទៅ​វិញ​។

    Umar ​ជា​អ្នក​កាន់​សាសនា​ឥស្លាម​ម្នាក់​ដែល​​បាន​មក​ចូល​រួមពិធី​បុណ្យ​នេះ​និយាយ​ថា “ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​មិន​បាន​ធ្វើ​អ្វី​មួយ​ពេញ​លេញ​ បើ​សិន​មិន​បាន​មក​បួង​សួង​នៅ​វិហារ​នេះ​”។ Umar ​ថា គាត់​សម្រេច​ចិត្ត​មក​ចូលរួម​បួង​សួង​នឹង​គេ​ដែរ ប៉ុន្តែ​គាត់​ថា គាត់​ត្រូវ​តែ​ពាក់​ម៉ាស់​ដើម្បី​គោរព​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​។

    ទិដ្ឋ​ភាព​នេះ​ផ្ទុយ​ស្រឡះ​ពី​ពិធី​បុណ្យ​ Ramadan កាល​ពី​ពេល​កន្លង​មក ដោយ​សារ​វិហារ​នៅ​ Banda Acehនេះ កាល​ពី​ឆ្នាំ​មុន​ៗ​គឺ​មាន​សាសនិក​រាប់​ពាន់​នាក់​ចូល​មក​បួង​សួង​ ហើយ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​នៅ​ខាង​ក្រៅ​វិហារ​។ ចំណែក​ឆ្នាំ​នេះ​ មាន​សាសនិក​មក​ចូល​រួម​ប្រហែល​ត្រឹម​400​នាក់​ប៉ុណ្ណោះ​។ ពួក​គេ​មិន​ប្រជ្រៀត​គ្នា​ ប៉ុន្តែ​ក៏​មិន​បាន​រក្សា​គំលាត​ពី​គ្នា​ទៅ​តាម​វិធាន​ទប់​ស្កាត់ COVID-19 ​របស់​រដ្ឋាភិបាល​នោះ​ដែរ​។

    ក្រសួង​កិច្ច​ការសាសន​របស់​ឥណ្ឌូនេស៊ី បាន​ចេញ​សេចក្ដី​ណែនាំ​ឱ្យ​ពលរដ្ឋ​ធ្វើ​ការ​បួង​សួង​នៅ​ឯផ្ទះ ទន្ទឹម​នឹង​ការ​ណែនាំ​ឱ្យ​ធ្វើ​ការ​ពី​ចម្ងាយ​។ ក្រុម​ប្រឹក្សា​ Ulema ដែល​ស្ថាប័ន​ជាតិ​គ្រប់​គ្រង​ឥស្លាម​សាសនា​​របស់​ប្រទេស​នេះ ក៏​បាន​ហាម​មិន​ឱ្យ​ក្រុម​សាសនិក​ប្រមូល​ផ្ដុំ​គ្នា​​ដើម្បី​បួង​សួង​នៅ​តំបន់​ដែល​មានវត្តមាន​របស់ COVID-19 នោះ​ឡើយ​។ ក៏ប៉ុន្តែ បម្រាម​នេះ​ហាក់​មិន​មាន​ប្រសិទ្ធ​ភាព​។

    ឥណ្ឌូនេស៊ី​គឺជា​សម្បុក​មេរោគ​កូរ៉ូណា​COVID-19 ធំជាង​គេ​លំដាប់​ទី​2​នៅ​អាស៊ី​អាគ្នេយ៍​ ប៉ុន្តែប្រទេស​នេះ​​មាន​អត្រា​ស្លាប់​ដោយ​សារ​វីរុស​នេះ​ខ្ពស់​ជាង​គេ​បង្អស់​។ ឥណ្ឌូនេស៊ី​ មាន​អ្ន​ក​ជំងឺ​ COVID-19 សរុប​ជាង​9,500​នាក់​ ក្នុង​នោះ​មាន​775​នាក់​បាន​ស្លាប់​។ ទីក្រុង​Jakarta មាន​អ្នក​ស្លាប់​ដល់​ទៅ​ជាង​370​​នាក់​ ក្នុង​ចំណោម​អ្នកជំងឺ​​ជាង​4,000​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! វេជ្ជបណ្ឌិត​ឥណ្ឌូនេស៊ី ពាក់​អាវ​ភ្លៀង​ជំនួស​ឈុត​ការ​ពារ​វីរុស

    COVID-19! វេជ្ជបណ្ឌិត​ឥណ្ឌូនេស៊ី ពាក់​អាវ​ភ្លៀង​ជំនួស​ឈុត​ការ​ពារ​វីរុស

    ដោយ​សារ​តែ​មាន​ការ​ខ្វះ​ខាតឧបករណ៍​​វេជ្ជ​សាស្ត្រ​ និង​សម្ភារ​​ការ​ពារ​ការ​ឆ្លង​វីរុស​ ក្រុម​វេជ្ជ​បណ្ឌិត​នៅ​ប្រទេស​ឥណ្ឌូនេស៊ី កំពុង​តែ​ប្រថុយ​ប្រថាន​ជាមួយ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស​COVID-19 ដែល​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​មេរោគ​ដល់​ពួកគេ​​។

    គិត​មក​ដល់​បច្ចុប្បន្ន វេជ្ជ​បណ្ឌិត​ចំនួន​20​រូប​​ហើយ​ដែល​បាន​បាត់​បង់​ជីវិត​ចាប់​តាំង​ពី​COVID-19​ បាន​បង្ហាញ​ខ្លួន​នៅ​ឥណ្ឌូនេស៊ី។ តួលេខ​នៃ​អ្នក​ស្លាប់​ចំនួន​459​នាក់​ក្នុង​ប្រទេស​នេះ ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​​យល់​ថា ជា​តួលេខ​ទាប​បំផុត​ បើ​ធៀប​ជាមួយ​នឹង​ស្ថាន​ភាព​ជាក់​ស្ដែង​។

    មន្ទីរ​ពេទ្យ​នានា​ មិន​មាន​សម្ភារ​ការ​ពារ​សុវត្ថិ​ភាព​គ្រប់​គ្រាន់​ ខណៈ​ម៉ាស៊ីន​ជំនួយ​ដង្ហើមក៏មាន​តម្លៃខ្ពស់ ធ្វើ​ឱ្យ​ក្រុម​វេជ្ជ​បណ្ឌិត​ពិបាល​ក្នុង​ការ​ទប់​ទល់​នឹង​វីរុស​COVID-19នេះ។ ពួកគេ​ក៏ត្រូវ​ពាក់​អាវ​ភ្លៀង​ដែល​មាន​តម្លៃ​ទាប ជំនួស​ឈុត​ការ​ពារ​សុវត្ថិ​ភាព​ដែល​មាន​តម្លៃ​ថ្លៃ និង​កំពុង​ខ្វះខាត​។

    Muhammad Farras Hadyan ដែលជា​វេជ្ជ​បណ្ឌិត​ម្នាក់​នៅ​ទីក្រុង​ Jakarta បាន​ឱ្យ​ដឹង​ថា សម្ភារ​វេជ្ជ​សាស្ត្រ​កំពុង​តែ​អស់​ជា​បណ្ដើរ​ៗ​ហើយ​នៅ​ក្នុង​មន្ទីរពេទ្យ​របស់​លោក​ រហូត​ដល់​មាន​វេជ្ជ​បណ្ឌិត​ខ្លះ​ ត្រូវ​ស្នើ​សុំ​ជំនួយ​ប្រាក់​កាស​ពី​គ្រួ​សារ​របស់​ពួកគេ​ដើម្បី​ទិញឈុត​ការ​ពារ​សុវត្ថិ​ភាព​។

    Handoko Gunawan វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​រោគ​សួត​ វ័យ​79​ឆ្នាំ បាន​នៅជួរ​មុខ​រហូត​ដល់​ថ្ងៃ​មួយ​គាត់​ត្រូវ​បង្ខំ​ចិត្ត​បង្ខាំង​ខ្លួន​ឯង​ដោយ​សារ​សង្ស័យ​ថា បាន​ឆ្លង​វីរុស​កូរ៉ូណា​។

    Handoko Gunawan និយាយ​ថា “ខ្ញុំ​ពិត​ជា​រន្ធត់​ចិត្ត​ខ្លាំង​ណាស់​ ហើយ​ក្រុម​បុគ្គលិក​ពេទ្យ​ផ្សេង​ៗ​ទៀត​ក៏ដូច​គ្នា​។ វេជ្ជ​បណ្ឌិត​ក្មេង​ៗ មាន​ប្ដី​ និង​កូនៗ​នៅ​ឯផ្ទះ ប៉ុន្តែ​ពួកគេ​នៅ​តែ​ប្រឹង​ប្រែង​ប្រឈម​នឹង​បញ្ហា​នេះ​។ មាន​វេជ្ជបណ្ឌិត​តិច​ណាស់​នៅ​ឥណ្ឌូនេស៊ី ហើយ​បើ​ពួកគេ​ស្លាប់ ពួកយើង​នឹង​មាន​វេជ្ជ​បណ្ឌិត​កាន់​តែ​តិច​ដើម្បី​ជួយ​ព្យាបាល​អ្នកជំងឺ​”។

    យោង​តាម​ទិន្ន​ន័យ​របស់​អង្គការ​សុខភាព​ពិភពលោក ប្រទេស​ឥណ្ឌូនេស៊ី មាន​វេជ្ជ​បណ្ឌិត​មិន​ដល់​4​នាក់​ផង​ក្នុង​ចំណោម​មនុស្ស​​10,000​នាក់​។ តួលេខ​នេះ​ ទាប​ខ្លាំង​ណាស់​បើ​ធៀប​នឹង​ចំនួន​40​នាក់​នៅ​អ៊ីតាលី និង​24​នាក់​នៅ​កូរ៉េខាង​ត្បូង​។ សមាគម​វេជ្ជ​បណ្ឌិត​ឥណ្ឌូនេស៊ី​បាន​ព្រមាន​ថា វិបត្តិ​COVID-19នេះ​ អាក្រក់​ជាង​អ្វី​ដែល​បាន​រាយ​ការណ៍​ទៅ​ទៀត​ ចំណែក​ប្រតិ​កម្ម​របស់​រដ្ឋាភិបាល​វិញ ហាក់​មាន​សភាព​ “ទន់​ជ្រាយ​”។

    ស្ថិតិ​ផ្លូវ​ការ​ថ្មី​បំផុត​បាន​ឱ្យ​ដឹង​ថា ឥណ្ឌូនេស៊ី​បាន​រកឃើញ​អ្នកផ្ទុក​វីរុស​ចំនួន​ 5,136​នាក់​ ក្នុង​ចំណោម​​36,000​នាក់​ដែល​បាន​ធ្វើ​តេស្ត​ ខណៈ​ប្រជា​ជន​របស់​ប្រទេស​នេះ មាន​ចំនួន​ដល់​ទៅ​ជាង​260​លាន​នាក់​ (ច្រើន​ជាង​គេ​លំដាប់​ទី​4​ក្នុង​ពិភពលោក)។

    COVID-19! វេជ្ជបណ្ឌិត​ឥណ្ឌូនេស៊ី ពាក់​អាវ​ភ្លៀង​ជំនួស​ឈុត​ការ​ពារ​វីរុស
    COVID-19! វេជ្ជបណ្ឌិត​ឥណ្ឌូនេស៊ី ពាក់​អាវ​ភ្លៀង​ជំនួស​ឈុត​ការ​ពារ​វីរុស

    អ្នក​នាំពាក្យ​របស់​សមាគម​វេជ្ជបណ្ឌិត​ឥណ្ឌូនេស៊ី​បាន​ថ្លែង​ថា “តួលេខ​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​ មិន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ពិត​ប្រាកដ​ស្ដីអំពី​ចំនួន​អ្នក​ឆ្លង​មេរោគ​ក្នុង​ប្រទេស​នេះ​នោះ​ទេ​”។

    តួលេខ​របស់​អាជ្ញាធរ​ទីក្រុង​ Jakarta បាន​បង្ហាញ​ថា មាន​អ្នកស្លាប់​ដោយ​សារ​ការ​​ឆ្លង​មេរោគ​ ឬ​សង្ស័យ​ថា​បាន​ឆ្លង​មេរោគ​COVID-19 ជាង​1,000​នាក់​ ត្រូវ​បាន​បញ្ចុះ​​នៅ​ក្នុង​ទី​បញ្ចុះ​សព​​នៅ​ឯមូលដ្ឋាន​ ដែល​តួលេខ​នេះ ខ្ពស់​ជាង​5​ដង បើ​ធៀប​នឹង​តួលេខ​ដែល​បង្ហាញ​ដោយ​រដ្ឋាភិបាល​។

    ករណី​បញ្ចុះ​សព​នៅក្នុង​ទីក្រុង​ Ban Dung នៃ​ខេត្ត​ Java ដែល​ជាប់​ជាមួយ​នឹង​ទីក្រុង​ Jakarta បាន​កើនទ្វេដង​​ ដោយ​មាន​​ប្រមាណជា​400​នាក់​​ក្នុង​រយៈ​ពេល​តែ​1ខែ​ រាប់​ចាប់​ពី​ COVID-19 បាន​ឆ្លង​រាលដាលក្នុង​ប្រទេស​នេះ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អភិបាលក្រុង Ban Dung លោក​ ​Ridwan Kamil។

    លោក​ ​Ridwan Kamil បន្ត​ថា “នេះ​គឺជា​ស្ថាន​ភាព​ដែល​ដូច​ទៅ​នឹង​ Jakarta។ យើង​មិន​អាច​ប្រាកដ​ថា អ្នកដែល​បាន​ស្លាប់​ទាំង​អស់​នេះ​ គឺ​សុទ្ធ​តែ​បាន​ឆ្លង​វីរុស​COVID-19នោះ​ទេ ប៉ុន្តែ​តួលេខ​នៃ​ករណី​ស្លាប់ គឺ​វា​​ខ្ពស់​ជាង​ធម្មតា”៕

    ប្រភព៖​សារ​ព័ត៌មាន​បរទេស

  • ចេះតែរកនឹកឃើញហ្មង? ប្រទេស​ឥណ្ឌូនេស៊ី ប្រើ “ខ្មោច” ទប់ស្កាត់អ្នកចេញក្រៅផ្ទះ កាពារកូវីដ-19 ឆ្លង​រាល​ដាល​(មានឃ្លីប)

    ចេះតែរកនឹកឃើញហ្មង? ប្រទេស​ឥណ្ឌូនេស៊ី ប្រើ “ខ្មោច” ទប់ស្កាត់អ្នកចេញក្រៅផ្ទះ កាពារកូវីដ-19 ឆ្លង​រាល​ដាល​(មានឃ្លីប)

    ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងនីវយ៉ក ផូស្តិ៍ បានរាយការណ៍ថា បណ្ដុំកោះគើពូ នៅលើកោះជ្វារបស់ប្រទេស​ឥណ្ឌូនេស៊ី បានបញ្ចេញអៃឌៀប្លែកចម្លែកគ្មានអ្នកណាដូច សម្រាប់ចាត់ការពួកស្រុក ដែលល្មើសវិធានការបង្ខាំងខ្លួននៅតែក្នុងផ្ទះ និងរក្សាគម្លាតឆ្ងាយពីគ្នាខាងសង្គម កណ្ដាលការឆ្លងរាលដាលដ៏គួរឱ្យខ្លាចរបស់មេរោគវីរុសកូវីដ-19 ដោយការលែងខ្មោចឆៅ ឱ្យចេញលងបន្លាចក្នុងពេលរាត្រី…តែការពិត វិញ្ញាណខ្មោចទាំងនោះ មិនមែនជារបស់ពិតទេ គ្រាន់តែជាក្រុមអ្នកស្ម័គ្រចិត្ត តុបតែងកាយធ្វើជាវិញ្ញាណខ្មោចតែប៉ុណ្ណោះ។

    កាលពីពេលមុននេះ នៅតាមទីប្រជុំជននានានៅក្នុងទីជនបទក្នុងប្រទេសឥណ្ឌូនេស៊ី បានបញ្ចេញមនុស្សដែលតុបតែងរាងកាយដោយឈុតខ្មោចឆៅ ចេញមកអើតឡឺមៗ លឹបលៗនៅតាមដងផ្លូវ ដោយសង្ឃឹមថា ជំនឿក្នុងរឿងវិញ្ញាណខ្មោចព្រាយបិសាចបែបបុរាណៗមួយនេះ នឹងជួយការពារពួកអ្នកស្រុកឱ្យនៅតែក្នុងផ្ទះ និងមានសុវត្ថិភាពពីការឆ្លងរាលដាលនៃមេរោគវីរុសកូរ៉ូណាប្រភេទថ្មី។

    “យើងត្រូវការបង្កើតភាពខុសប្លែក និងរកឃើញវិធីដែលទទួលបានលទ្ធផលល្អ ព្រោះថា ខ្មោចពួចុង(Pocong- សាកសពមនុស្សដែលត្រូវបានរុំខ្ចប់ដោយក្រណាត់ស មានខ្សែចងជើង និងក្បាល) នេះ វាគួរឱ្យភ័យខ្លាច និងញ័ររន្ធត់ស្មារតីខ្លាំងណាស់ ពេលបានជួបនឹងភ្នែកស្រស់ៗ” អ្នកដឹកនាំក្រុមយុវជនរបស់ទីប្រជុំជនបានរៀបរាប់ឱ្យដឹងទៀតថា ក្រុមរបស់យើង បានរួមសហការជាមួយប៉ូលិសក្នុងការបញ្ចេញគំនិតប្លែកខុសគេមួយនេះ ដើម្បីគាំទ្រវិធានការនៅតែក្នុងផ្ទះ និងរក្សាគម្លាតឆ្ងាយពីគ្នាខាងសង្គម ក្នុងអំឡុងពេលឆ្លងរាលដាលរបស់មេរោគ​កូវីដ-19នេះ។

    ខ្មោចពួចុង តាមរឿងនិទានបានរៀបរាប់ថា បើសិនក្រោយរយៈពេល 40ថ្ងៃបន្ទាប់ពីស្លាប់ហើយ វិញ្ញាណរបស់អ្នកស្លាប់ នៅមិនទាន់បានទៅកាន់សុគតិភពនោះ សាកសពដែលត្រូវបានរុំខ្ចប់ដោយក្រណាត់សនោះ នឹងងើបចេញពីសេចក្ដីស្លាប់ ងើបចេញពីផ្នូរ ដើម្បីមកជម្រះរឿងរ៉ាវផ្សេងៗ ដែលនៅសេសសល់ ដោយប្រើវិធីលោតក្នុងការធ្វើដំណើរ។

    អ្នកស្រុកម្នាក់ បាននិយាយឱ្យដឹងថា តាំងពីមានវិញ្ញាណខ្មោចពួចុងចេញមក ឪពុកម្ដាយ និងក្មេងៗ ក៏លែងហ៊ានចេញពីផ្ទះតែម្ដង ពេលនេះ មនុស្សម្នាក៏លែងចេញមកជួបជុំប្រមូលផ្ដុំគ្នា ឬដើរលេងផ្ដេសផ្ដាស់តាមដងផ្លូវទៀតហើយ ក្រោយពីធ្វើពិធីឡៈម៉ាត នៅពេលល្ងាចចប់។

    បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូនេស៊ី បានអះអាងអំពីចំនួនអ្នកឆ្លងមេរោគ 4,557នាក់ ក្នុងនោះមានអ្នកស្លាប់ 399នាក់ ក្នុងខណៈដែលកំពុងមានក្ដីកង្វល់ថា ចំនួននេះ នឹងកាន់តែកើនឡើងជារឿយៗ៕

    ប្រភព៖ សារព័ត៌មានបរទេស