កាលពីថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2022 ក្រុមហ៊ុន Ford Motor Company បានប្រកាសចេញជាផ្លូវការនៃរថយន្ត Ford Ranger Raptor ជំនាន់ទី 2 របស់ខ្លួនដែលរថយន្តនេះនឹងក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកចូលចិត្តបើកបរផ្លូវដែលមានឧបសគ្គ (Off-Road Performance) ។ Ford Ranger Raptor មួយនេះគឺជាត្រកូលចុងក្រោយនៃ Ford Ranger ជំនាន់ថ្មី (Next-Gen Ranger) ដែលមានភាពឆ្លាតវៃ និងធន់រឹងមាំជាងដែលនឹងក្លាយជាកំពូលរថយន្ត Pickup ក្នុងត្រកូល Ranger។

រូបរាងផ្នែកខាងក្រៅដ៏ទាក់ទាញ ជាមួយនឹងប៉ាណាអក្សរ FORD ធំចំកណ្តាលបង្ហាញពីអំណាច និងអនុភាព ចង្កៀងប្រភេទ Matrix LED យ៉ាន់កង់អាលុយមីញ៉ូមបែបស្ព័រទំហំ 17 អ៊ីញ និងសំបកកង់ Off-Road ម៉ាក BFGoodrich។

ផ្នែកខាងក្នុងត្រូវបានយកពណ៍ក្រហមមករំលេចជាថ្នេរដេរ កៅអីបែបស្ព័រស្រដៀងទៅនឹងរថយន្តស្ព័រ កុងទ័រឌីជីថលថ្មីស្រឡាងទំហំ 12.4 អ៊ីញ អេក្រង់ Touchscreen ទំហំ 12 អ៊ីញ ប្រើប្រាស់ប្រព័ន្ធប្រត្តិបត្តិការ SYNC 4A ជំនាន់ថ្មី និងឧបករណ៍បំពងសម្លេងម៉ាក B&O ដែលកាលពីមុនមានបំពាក់តែនៅលើ Ford F-150 Raptor តែប៉ុណ្ណោះ។

ចំណុចដែលផ្លាស់ប្តូរធំបំផុតនោះគឺជម្រើសម៉ាស៊ីននៃរថយន្ត ជាលើកដំបូងដែលក្រុមហ៊ុន Ford បានបំពាក់ម៉ាស៊ីន Twin-Turbo 3.0L EcoBoost V6 ដែលជាប្រភេទម៉ាស៊ីនសាំងជំនាន់ថ្មី ដែលអាចផលិតកម្លាំងសេះរហូតដល់ទៅ 392HP និងកម្លាំងរមួលដល់ទៅ 583Nm និងជម្រើសមួយទៀតនោះគឺ ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo ជំនាន់ថ្មី។

ជាមួយនឹងប្រអប់លេខអេឡិចត្រូនិច 10 វគ្គអូតូជំនាន់ថ្មីដែលអាចប្រើប្រាស់បានទាំងលេខអូតូ និងលេខដៃដែលបង្កើតឡើងយ៉ាងពិសេសសម្រាប់ Ranger ជំនាន់ថ្មី (Next-Gen Ranger) ដំណើរការរួមគ្នាជាមួយនឹងម៉ាស៊ីនជំនាន់ថ្មីធ្វើឲ្យរថយន្ត Ford Ranger Raptor ជំនាន់ថ្មីនេះអាចជំនះបានគ្រប់ស្ថានភាពផ្លូវដូចជា៖ ផ្លូវគ្រួស ភក់ ផុក និងផ្លូវខ្សាច់។ល។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ អាចជ្រើសរើស Mode នៃការដំណើរការម៉ាស៊ីនបានផងដែរ នេះប្រៀបបានទៅនឹងរថយន្តស្ព័រយ៉ាងអញ្ចឹង។ អ្នកបើកបរអាចជ្រើសរើស Mode ឬជម្រើសនៃសម្លេងម៉ាស៊ីននៅលើចង្កូតផ្ទាល់តែម្តងរួមមាន៖
- សម្លេងស្ងាត់ (Quiet): កាត់បន្ថយសម្លេងរំខានពីម៉ាស៊ីន ល្អសម្រាប់ពេលបើកបររថយន្តនៅកន្លែងស្ងប់ស្ងាត់ការពារសម្លេងរំខានដល់អ្នកដទៃ
- សម្លេងធម្មតា (Normal): បញ្ចេញសម្លេងធម្មតាពីម៉ាស៊ីន ដែលស័ក្តិសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ
- សម្លេងបែបស្ព័រ (Sport): បញ្ចេញសម្លេងលឺខ្លាំងពីម៉ាស៊ីន ដែលអាចប្រើប្រាស់ពេលបើកបរល្បឿនលឿន ឬបើកបរបែបស្ព័រ
- សម្លេងបែបស្ព័រខ្លាំង (Baja): សម្រាប់ Mode មួយនេះវិញវានឹងបញ្ចេញសម្លេងខ្លាំងពីម៉ាស៊ីន ដែលធ្វើឲ្យការបើកបរកាន់តែមានអំណាច និងថាមពល ដែលសម្រាប់ Mode មួយនេះគឺអាចប្រើប្រាស់បានតែជាមួយនឹងការបើកបរលើផ្លូវមានឧបសគ្គតែប៉ុណ្ណោះ។

រថយន្ត Ford Ranger Raptor ជំនាន់ថ្មីនេះក៏ត្រូវបានកែប្រែប្រព័ន្ធជើងក្រោមថ្មីទាំងស្រុងដែរ ជាក់ស្តែងសាក់ស៊ីទាំងមូលត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុង មិនត្រឹមតែខុសពីស៊េរីឆ្នាំមុនៗនោះទេ តែថែមទាំងខុសប្លែកពីរថយន្ត Ford Ranger ជំនាន់ថ្មីទៅទៀត។ ជាមួយនឹងគ្រោងរថយន្តថ្មី ឃ្លុបក្រោយថ្មី និងស៊ុមរថយន្តថ្មី និងប្រព័ន្ធជើងក្រោមធន់រឹងមាំជាងមុន ដើម្បីប្រាកដថារថយន្ត Ford Ranger Raptor ជំនាន់ថ្មីពិតជាអាចជំនះបានគ្រប់ឧបសគ្គនៃការបើកបរ។

ចំណុចមួយដែល Ford មិនអាចភ្លេចបាននោះគឺការបំពាក់បូម Fox នៅលើប្រភេទរថយន្ត Raptor សម្រាប់លើកនេះ Ford Ranger Raptor ជំនាន់ថ្មីត្រូវបានបំពាក់ដោយបូម FOX 2.5 inch Live Valve Internal Bypass shock ជំនាន់ថ្មី ដែលមានសមត្ថភាពខ្ពស់ជាងមុនទាំងការបើកបរលើផ្លូវធម្មតាដែលវាជួយសម្រួលឲ្យមានភាពផាសុកភាពជាងមុន និងការបើកបរលើផ្លូវមានឧបសគ្គដែលអាចបើកបរទាំងល្បឿនលឿន ឬយឺតដោយគ្មានបញ្ហា។ មិនតែប៉ុណ្ណោះខែលដែកថែបការពារផ្ទៃផ្នែកខាងក្រោមត្រូវបានបង្កើនទំហំធំជាងមុនស្ទើរទ្វេដងលើសរថយន្ត Ford Ranger ជំនាន់ថ្មី និងត្រូវបានប្រើប្រាស់ដែកថែបពិសេសកម្រាស់ 2.3 មីលីម៉ែត្រមកធ្វើ។ ជាលើកដំបូងដែលរថយន្ត Ford Ranger Raptor ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងប៉ុងថ្មី (Advanced Permanent Four-Wheel Drive System) ជាមួយនឹងប្រព័ន្ធចាប់ប៉ុងរថយន្តទាំងកង់មុខ និងកង់ក្រោយដែលសម្រួលពេលជាប់ផុង (Front and Rear Locking Differentials)
លោក Dave Burn ជាប្រធានគ្រប់គ្រងវិស្វករនៃរថយន្ត Ford Ranger Raptor បានមានប្រសាសន៍ថា៖ “Ranger Raptor បានបំផុសគំនិតចេញពីអ្នកប្រណាំងឡានលើវាលខ្សាច់ ដូច្នេះហើយទើបយើងបានរចនារថយន្ត Off-Road Pickup ជំនាន់ថ្មីមួយដែលលោកអ្នកពុំចាំបាច់យកវាទៅកែច្នៃ (Modify) បន្ថែមនោះទេ”។

សម្រាប់ Mode នៃការបើកបរមានរហូតទៅដល់ 7 ហើយពណ៍នៅលើកុងទ័រ និងប្តូរពណ៍ទៅតាម Mode នៃការបើកបរដែលលោកអ្នកជ្រើសរើសដូចជា៖
- ផ្លូវធម្មតា (Normal) សម្រាប់បើកបរផ្លូវធម្មតា និងការប្រើប្រាស់សន្សំសំចៃប្រេង
- ការបើកបរបែបស្ព័រ (Sport) សម្រាប់ការបើកបរផ្លូវល្បឿនលឿនដែលត្រូវការកម្លាំងខ្លាំង
- ផ្លូវរអិល (Slippery) សម្រាប់ការបើកបរលើផ្លូវរអិល ដែលវាជួយទប់លំនឹងរថយន្តបន្ថែម
- ផ្លូវថ្ម គ្រួស (Rock Crawl) សម្រាប់ការបើកបរលើផ្លូវដែលមានថ្ម មានគ្រួស
- ផ្លូវខ្សាច់ (Sand) សម្រាប់ការបើកបរលើផ្លូវខ្សាច់ និងផ្លូវដែលមានព្រិលក្រាស់
- ផ្លូវភក់ (Mud/Ruts) សម្រាប់ការបើកបរលើផ្លូវដែលមានភក់ ផុកដែលវាជួយទប់លំនឹងរថយន្តបានល្អ
- ផ្លូវឧបសគ្គ (Baja) សម្រាប់ការបើកបរលើផ្លូវដែលមានឧបសគ្គច្រើន និងអាចបើកបរក្នុងល្បឿនលឿន
មុខងារថ្មីមួយដែលទើបតែមានបំពាក់នៅលើរថយន្ត Ford Ranger Raptor ជំនាន់ថ្មីនោះគឺ Trail Control ដែលអនុញ្ញាតឲ្យអ្នកបើកបរកំណត់ល្បឿនថេរមិនលើសពី 32Km/h ក្នុងស្ថានភាពផ្លូវលំបាក និងមានឧបសគ្គដែលវាស្រដៀងទៅនឹងប្រព័ន្ធ Cruise Control ដែរ។ ប្រិយមិត្តយល់យ៉ាងណាដែរចំពោះការប្រកាសចេញនៃរថយន្ត Ford Ranger Raptor ជំនាន់ថ្មីនេះ?





ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ អិម អេ បានចំណាយថវិកាប្រមាណជាង 50ម៉ឺនដុល្លារ សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិតតាមសាលាបច្ចេកទេសនានា ដើម្បីទទួលបានឱកាសមកសិក្សា និងអនុវត្តន៍ផ្ទាល់ ជាមួយអ្នកឯកទេសរបស់យើងនៅតាមបណ្ដាក្រុមហ៊ុននានាដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។
ការវិនិយោគទៅលើវិស័យធនធានមនុស្សដូចដែលបានរៀបរាប់ខាងលើនេះហើយ គឺជាកត្តាជុំរុញឱ្យមានការបង្កើតឡើងនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តFord ដូចថ្ងៃនេះ។ នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តFordនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានធ្វើការឧបត្ថម្ភក្នុងការជួសជុល និងកែលំអររោងជាងទាំងមូល ព្រមទាំងបំពាក់ម៉ាស៊ីនត្រជាក់ សម្ភារបច្ចេកទេសសម្រាប់ជួសជុលរថយន្ត គ្រឿងបរិក្ខារសម្រាប់សិក្សា គ្រឿងតុបតែងលំអរ និងបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនានា សម្រាប់ផ្ដល់ឱកាសដល់សិស្ស និស្សិតសិក្សារៀនសូត្រ ហ្វឹកហាត់ការងារ ដោយអនុវត្ដន៍ផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេស និងគ្រូបង្គោលរបស់ក្រុមហ៊ុន អ អិម អេ តាមរយៈកិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុន អ អិម អេ និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
នៅក្នុងឆ្នាំ2019 ក្រុមហ៊ុន អ អិម អេ បានផ្តល់រថយន្តFord Pickup ចំនួន 1គ្រឿង និងត្រាក់ទ័រ John Deere ចំនួន 1គ្រឿង ជូនដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហើយនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។ ដោយឡែកនៅក្នុងឆ្នាំ2020នេះ ក្រុមហ៊ុន អ អិម អេ ក៏នៅតែបន្តសកម្មភាពនេះដដែល នោះគឺការបន្តប្រគល់រថយន្តFord Pickup ឱ្យបានចំនួន 10គ្រឿងជូនវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលក្នុងនោះ មានការប្រគល់ជូនវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ចំនួន 4គ្រឿង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចំនួន 2គ្រឿង វិទ្យាស្ថានបច្ចេកទេសបាត់ដំបង (BIT) នៅខេត្តបាត់ដំបងចំនួន 2គ្រឿង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ(NPIA) នៅខេត្តសៀមរាបចំនួន2គ្រឿង។
លោក ងន សាំង អគ្គនាយក ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការផ្តល់នូវរថយន្តFord Pickup បន្ថែមចំនួន4គ្រឿង ការផ្តល់គ្រឿងបរិក្ខារ និងសម្ភារបច្ចេកទេសសម្រាប់ជួសជុលរថយន្ត និងការដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យារថយន្តFord នៅក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មក្នុងថ្ងៃនេះ នឹងធ្វើឱ្យមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តFordនេះ ក្លាយទៅជាមជ្ឈមណ្ឌលមួយដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារផ្នែកបច្ចេកទេសយានយន្ត”។
ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “សហរដ្ឋអាម៉េរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញការនាំចេញមកកាន់ទីផ្សារប្រទេសកម្ពុជា ដើម្បីឱ្យមានលំនឹងនៃសេដ្ឋកិច្ច ព្រមទាំងចង់ឱ្យប្រជាជនកម្ពុជាទទួលបានផលិតផល និងសេវាកម្មដែលមានគុណភាពល្អប្រើប្រាស់ ហើយក្នុងនោះដែរក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏បានជួយក្នុងការនាំចូលផលិតផលពីសហរដ្ឋអាម៉េរិកមកកាន់ទីផ្សារប្រទេសកម្ពុជាផងដែរ នោះគឺរថយន្តម៉ាក Ford ដែលមានដើមកំណើតមកពីសហរដ្ឋអាម៉េរិក ដែលជាម៉ាករថយន្តរបស់អាម៉េរិកដែលនាំចូលមកប្រទេសកម្ពុជាច្រើនជាងគេបំផុត។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនFord នៅតែរក្សាស្តង់ដា សុវត្ថិភាព គុណភាព គិតគូរដល់បរិស្ថាន និងមានទំនួលខុសត្រូវក្នុងកិច្ចការសង្គមយ៉ាងខ្ជាប់ខ្ជួន”។
លើសពីនេះទៅទៀត គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តFord របស់ក្រុមហ៊ុន អ អិម អេខេមបូឌានេះ ក៏ទទួលបានការជ្រោមជ្រែងយ៉ាងខ្លាំងពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម។
ឯកឧត្តម ហុង ជឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា៖ “ ខ្ញុំសូមសម្តែងនូវការដឹងគុណ និងកោតសរសើរចំពោះក្រុមហ៊ុន អ អិម អេ ខេមបូឌា និងសហការីទាំងអស់ ចំពោះការខិតខំប្រឹងប្រែង គាំទ្រ និងសហការយ៉ាងជិតស្និទជាមួយវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនាពេលកន្លងមក ដើម្បីធ្វើការអភិវឌ្ឍការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដែលជាកត្តាសំខាន់បំផុតសម្រាប់ធ្វើការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិយើង ហើយខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា នៅតែបន្តភាពជាដៃគូនេះមានលក្ខណជាយុទ្ធសាស្រ្ត និងស៊ីជម្រៅថែមទៀតជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយដល់យុវជនកម្ពុជាឱ្យទទួលបានឱកាសសិក្សាស្របតាមបច្ចេកវិទ្យាទំនើប និងទទួលបានប្រាក់ចំណូលខ្ពស់”។
ក្រៅពីការវិនិយោគទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ក្រុមហ៊ុន អ អិម អេ ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានា ដូចជា ការផ្តល់មួកសុវត្ថិភាព ការសម្អាតទីក្រុង ការដាំកូនឈើ ការសាងសង់សាលារៀន បណ្ណាល័យ អណ្ដូងទឹកស្អាត ការផ្ដល់បង់អង្គុយ និងធុងសំរាមនៅតាមសួនច្បារសាធារណៈ ការបរិច្ចាគឈាម និងការផ្ដល់មូលនិធិគាំពារដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា កម្មវិធី Ford Driving Skills For Life ដែលជាកម្មវិធីបើកវគ្គបណ្តុះបណ្តាលទាក់ទងនឹងការបើកបរ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព។ មិនតែប៉ុណ្ណោះក្រុមហ៊ុន អ អិម អេ ក៏បានផ្តល់អាហារូបករណ៏ដល់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសម្រាប់ធ្វើការហាត់ការនៅប្រទេសបារាំងផលដែរ ហើយចំនួនសិស្ស និស្សិតដែលយើងធ្លាប់បានផ្តល់អាហារូបករណ៍ជូននោះមានចំនូន 125នាក់ក្នុងឆ្នាំ2018 និងកើនឡើងរហូតដល់ 213នាក់ក្នុងឆ្នាំ2019៕











